ប៉ោក ចិន៖ ពេទ្យសាធារណការនៅក្នុងរបបខ្មែរក្រហម

(កំពង់ស្ពឺ)៖ ប៉ោក ចិន កើតក្នុងឆ្នាំ១៩៥១ ភេទប្រុស មានអាយុ ៧០ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ។ ចិន មានទីកន្លែងកំណើតនិងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចិន មានឪពុកឈ្មោះ ប៉ោក អិន, ម្ដាយឈ្មោះ ញិល មេច និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅមុនរបបខ្មែរក្រហម ចិន បាត់បង់បងប្អូនចំនួនបួននាក់។ ចិន មានប្រពន្ធឈ្មោះ រ័ត្ន ភ័ព្វ និងមានកូនចំនួនដប់នាក់ ក្នុងនោះស្រីប្រាំនាក់ និងកូនស្រីម្នាក់ស្លាប់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចិន បានចូលរៀននៅអាយុ ១២ឆ្នាំ នៅសាលាបឋមសិក្សាអង្គស្តុក។ ក្រោយមក ចិន បានបន្តការសិក្សាត្រឹមថ្នាក់ទី៥ (សង្គមរាស្ត្រនិយម)នៅអនុវិទ្យាល័យបរសេដ្ឋ។
នៅឆ្នាំ១៩៧០ ចិន បានឈប់រៀន និងចូលធ្វើជាកងទ័ពស្ម័គ្រចិត្ត តាមការឃោសនារបស់ចលនាខ្មែរក្រហមនៅក្នុងឃុំ។ ក្រោយមក ខ្មែរក្រហមឲ្យគាត់ធ្វើជាពេទ្យកងទ័ពវរ នៅក្នុងស្រុកបរសេដ្ឋ។ នៅឆ្នាំ១៩៧៣ ម្ដាយរបស់ចិន បានស្លាប់ដោយសារជំងឺគ្រុនក្តៅ និងគ្មានការព្យាបាល។
នៅឆ្នាំ១៩៧៣ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ចិន ត្រូវផ្លាស់ទៅធ្វើជាកងទ័ពវិញ។ នៅឆ្នាំ១៩៧៤ ចិន ថាវិហារត្រូវបានខ្មែរក្រហមវាយកម្ទេចយកដែកទៅធ្វើជាឆ្នាំង និងធ្វើត្រង់សេ។
នៅឆ្នាំ១៩៧៥ ចិន ដែលមានអាយុប្រហែល២៥ឆ្នាំ ត្រូវប្រយុទ្ធនៅភ្នំបាសិទ្ធិ, សាលាលេខ៥ ខេត្តកំពង់ឆ្នាំង, បន្ទាយព្រៃខ្មែរ និងខេត្តកោះកុង។ នៅពេលប្រយុទ្ធ ចិន ត្រូវរងរបួស និងត្រលប់មកធ្វើជាពេទ្យនៅស្រង់, ត្រាំខ្នារ, ភ្នំបូរី (ព្យាបាលកងទ័ពពិការ) និងបន្តទៅវត្តជ្រោយ ស្រុកអង្គរបូរី។ នៅរបបខ្មែរក្រហម ចិន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងមានការហូបចុកគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។
នៅខែមេសា ឆ្នាំ១៩៧៨ អង្គការខ្មែរក្រហមបានរៀបចំឲ្យ ចិន រៀបការដោយ ចិន ថាគ្មានការបង្ខំនោះទេ និងរៀបការចំនួនប្រាំពីរគូក្នុងពេលតែមួយ។ បន្ទាប់ពីរៀបការបានមួយថ្ងៃ គឺរស់នៅបែកគ្នារហូតដល់របបខ្មែរក្រហមដួលរលំ។ ប្រពន្ធរបស់ចិន ធ្វើជាពេទ្យក្នុងភូមិ ចំណែក ចិន ធ្វើការជាពេទ្យប្រចាំការនៅខាងសាធារណការ។
នៅរបបខ្មែរក្រហម ចិន ថានៅខេត្តកោះកុង គាត់បានឃើញអ្នកធ្វើការជាមួយ ត្រូវខ្មែរក្រហមបញ្ជាឲ្យទៅជីករណ្ដៅ និងបាត់ខ្លួន។ ចិន បន្តថា មានកងទ័ពដែលជាប់និន្នាការមួយចំនួនទៀត ត្រូវខ្មែរក្រហមបញ្ជូនទៅឃុំឃាំងនៅភ្នំសន្លុង ស្រុក១០៦ ខេត្តតាកែវ។ ចំណែក ចិន ដែលមានជាប់សមាសភាព ត្រូវបញ្ជូនទៅធ្វើជាពេទ្យនៅភ្នំព្រៃក្ដួច។
នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ ចិន បានរត់ទៅរស់នៅក្នុងព្រៃ ដើម្បីគេចពីកងទ័ពវៀតណាម។ ក្រោយមក ចិន បានត្រលប់មកស្រុកកំណើត និងធ្វើជាគ្រូបង្រៀននៅថ្នាក់បឋម។ នៅពេលរំឭកពីរបបខ្មែរក្រហម ចិន ចងចាំពីការអត់ឃ្លាន និងមិនចង់ឲ្យកើតមានឡើងសាជាថ្មីដល់អ្នកជំនាន់ក្រោយនោះទេ៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

