ពីសមាជិកបក្សពលករកម្ពុជា ក្លាយជាអនុលេខាតំបន់៥០៥

មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ បីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ដែលក្នុងនោះមានប្រាំពីររូបមកពីសាខាបក្សក្នុងក្រុងភ្នំពេញ និង១៤រូបមកពីសាខាបក្សនៅតាមជនបទ។ មហាសន្និបាតបានសម្រេចរៀបចំបក្សឡើងវិញ បង្កើតគោលនយោបាយថ្មី និងប្ដូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”[1]។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៤ សារឿន ហៅ កង បានចូលរួមជាសមាជិកបក្សពលករកម្ពុជា។ នៅក្នុងចម្លើយសារភាព សារឿន មិនបានបញ្ជាក់ប្រាប់អំពីថ្ងៃដែលរូបគាត់កាន់តំណែងជាអនុលេខាតំបន់៥០៥ នោះឡើយ។
បាន សារឿន[2] ហៅ កង អាយុ៣៣ឆ្នាំ (១៩៧៨) មានទីកន្លែងកំណើតនៅភូមិអង្រ្គង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅក្នុងរបបខ្មែរក្រហម សារឿន មានតួនាទីជា អនុលេខាតំបន់ ៥០៥ (ក្រចេះ) ដោយពេលនោះត្រូវបានប្រជាជនស្គាល់ភាគច្រើនថាឈ្មោះ កង។ នៅឆ្នាំ១៩៥០ សារឿន មានអាយុប្រាំឆ្នាំ ត្រូវបានឪពុកបញ្ជូនឲ្យទៅរស់នៅជាមួយព្រះចៅអធិការឈ្មោះ សុខ នៅវត្តត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦០ សារឿន រៀននៅសាលាបឋមសិក្សាព្រៃទទឹង និងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៤ គាត់រៀននៅអនុវិទ្យាល័យគន្ធបុប្ផាព្រៃទទឹង។
នៅខែកក្កដា ឆ្នាំ១៩៦៣ សារឿន បានទទួលការអប់រំបដិវត្តន៍ពីឈ្មោះ ថាយ ឈុនលីម ហៅ រាជ។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៤ សារឿន បានចូលធ្វើការងារនៅក្នុងបក្សពលករកម្ពុជា ដោយ ថាយ ឈុនលីម ជាអ្នកឧទ្ទេសនាម និង ឈឿង ជាអ្នកទទួល។ នៅខែឧសភា ឆ្នាំ១៩៦៧ ស៊ឹម សុន ហៅ យ៉ែម ជាទូតប្រចាំប្រទេសកូរ៉េ បានផ្ញើសំបុត្រមួយច្បាប់ឲ្យ សារឿន ធ្វើដំណើរពីខេត្តមណ្ឌលគិរី ទៅខេត្តកំពង់ចាម ដើម្បីប្រជុំ។ ទៅដល់កំពង់ចាម នីរសារបាននាំ សារឿន, សុន និង ចែត្រ ទៅផ្ទះរបស់ កែម ជាឯកអគ្គរដ្ឋទូតប្រចាំប្រទសឡាវ។ ទៅដល់ទីនោះភ្លាម សារឿន បានជួបជាមួយនឹង កុយ ធួន[3] ដែលរង់ចាំអ្នកទាំងបីនៅទីនោះ។ បន្ទាប់ពីប្រជុំចប់ ថ្ងៃបន្ទាប់ សារឿន និងសមាជិក បានអនុវត្តន៍ការងារជាមួយនឹង កុយ ធួន បានរយៈពេលមួយថ្ងៃកន្លះ។ កុយ ធួន បានណែនាំអ្នកទាំងបី នូវខ្លឹមសារប្រឆាំងកុម្មុយនីស្តនៅក្រៅប្រទេស និងក្នុងប្រទេស។ បួនថ្ងៃក្រោយ សារឿន ចេញពីភូមិភាគបូព៌ា[4] ហើយបានឆ្លៀតចូលខេត្តក្រចេះ ដើម្បីជួបជាមួយ សុន ពិភាក្សាពីការងារនៅខេត្តមណ្ឌលគិរី។ បន្ទាប់ពីពិភាក្សារួចរាល់ សារឿន បានត្រលប់ទៅអង្គភាពរបស់គាត់វិញ។ នៅពេលដែល សារឿន ទៅដល់ខេត្តមណ្ឌលគិរីវិញ គាត់ក៏បានយកផែនការការងារដែលពិភាក្សាជាមួយ សុន នៅខេត្តក្រចេះ ទៅពិភាក្សាបន្ថែមជាមួយនឹង យី[5] ខ្លឹមសារផែនការមានដូចជា៖ ទាក់ទងភ្ជាប់ខ្សែសេរីជាមួយ ឈុន, ធុល សារី ហៅពូល, រៀបចំផ្លវព្រៃសម្ងាត់ពីភូមិប៊ូផ្លក ទៅភូមិប៊ូណែងជាបន្ទាន់, ចាត់តាំងឲ្យឈ្មោះ ចាំង ទៅជួប សុន នៅក្រចេះ និងចុងក្រោយណែនាំឲ្យស្គាល់ផ្ទះរបស់ ថូ ដើម្បីងាយស្រួលទាក់ទងសកម្មភាព។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៧០ ខេត្តក្រចេះត្រូវបានរំដោះដោយខ្មែរក្រហម ហើយពេលនោះវៀតណាមក៏ចាប់ផ្ដើមចូលធ្វើសកម្មភាពពាសពេញតំបន់។ នៅពេលនោះ សារឿន, យី និង គួន បំបែកគ្នាជាក្រុមតូចឃោសនាតាមគោលដៅ និងផែនការរបស់អង្គការណែនាំ ប៉ុន្តែសកម្មភាពការឃោសនានោះគឺអ្នកទាំងបីធ្វើផ្ទុយពីផែនការរបស់អង្គការណែនាំ។ ព្រមជាមួយគ្នានោះ អ្នកទាំងបីបានប្រមូលកម្លាំងថ្មីចំនួន៦០នាក់ មានយុវជន-យុវនារី ជនជាតិខ្មែរ ជនជាតិចិន និងក្នុងនោះមានប៉ូលិសចំនួនបួននាក់ដែរ គឺអ្នកទាំងអស់នោះបង្កភាពស្មុគស្មាញដល់អង្គការជាប់ជានិច្ច។ ក្នុងបំណងរបស់ កុយ ធួន គឺចង់កសាងកម្លាំងថ្មីនេះឲ្យទៅជាខ្មែរសេរី ប៉ុន្តែមិនទាន់បានឧទ្ទេសនាមនៅឡើយទេ។ ក្នុងអំឡុងពេលនោះ សារឿន, យី និង គួន ក៏បានសម្រេចឲ្យឈ្មោះ លាង ស៊ីមហន[6] ហៅ រស់ គ្រប់គ្រងកម្លាំងថ្មីទាំងនោះនៅវត្តដា ឃុំដា ស្រុកក្រចេះ និងអប់រំបដិវត្តន៍ដល់កម្លាំងថ្មីនោះតាមធម្មតា។
នៅចុងឆ្នាំ១៩៧១ សុន បានបើកការប្រជុំតូចមួយដែលមានសមាជិកចូលរួមចំនួនបួននាក់ មានដូចជា៖ យី, គួន, ចែត្រ និង សារឿន ក្នុងការប្រជុំនោះ សុន បានលើកឡើយអំពីការកសាងកម្លាំងខ្មែរសេរីនៅក្នុងតំបន់។ សុន បានបញ្ជាក់បន្ថែម គឺត្រូវតែកសាងនរណាដែលនៅជាប់ចលនាបម្រើសកម្មភាពបដិវត្តន៍ និងអ្នកដែលរស់នៅជាប់ជាមួយនឹងខ្សែក្បត់ជារៀងរហូត ដើម្បីបង្កប់នៅក្នុងបក្សតាមដានភារកិច្ចរបស់បដិវត្តន៍។ មូលហេតុដែលជ្រើសរើសយកអ្នកទាំងនោះមក គឺបដិវត្តន៍អាចនឹងមិនមានការសង្ស័យពីសកម្មភាពក្បត់ ព្រោះតែបក្សយល់ថាអ្នកទាំងនោះគឺជាមនុស្សស្មោះត្រង់ជាមួយអង្គការ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៤ សារឿន និង យី ទទួលការណែនាំពី សុន ឲ្យបង្កើនភាពស្និទ្ធស្នាលប្រើមនោសញ្ចេតនា ជាមួយនឹងគណៈទាក់ទងវៀតណាម ដើម្បីឲ្យវៀតណាមជួយនៅក្នុងសកម្មភាពបំផ្លាញបដិវត្តន៍របស់ខ្មែរក្រហមនៅថ្ងៃខាងមុខ។ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហម អនុញ្ញាតឲ្យ សារឿន, យី និង ចែត្រ ទទួលស្វាគមន៍គណៈប្រតិភូបក្សពលករវៀតណាម ដែលដឹកនាំដោយ ហាយ សូរ ជាអនុលេខាបក្សពលករវៀតណាមភាគខាងត្បូង និងមានសមាជិកចំនួនប្រាំមួយនាក់ ដូចជា៖ បា ខាញ់ ជាលេខាខេត្តប៊ិញភឿក, ម៉ើយ សួន ជាសមាជិកសេដ្ឋកិច្ច, សាវ ហាយ និង ឡេង ក្វាងមី ជាគណៈទាក់ទងប្រចាំនៅខេត្តក្រចេះ ព្រមទាំងសមាជិកពីរនាក់ទៀត (មិនចាំឈ្មោះ)។ កិច្ចប្រជុំនៅពេលនោះមានសមាជិកចូលរួមទាំងអស់ចំនួន១០នាក់ ខ្មែរបីនាក់ និងវៀតណាមប្រាំពីរនាក់ និយាយអំពីការផ្លាស់ប្ដូរសេដ្ឋកិច្ចរវាងខ្មែរ-វៀតណាម និងម្យ៉ាងទៀតគឺឲ្យខាងខ្មែររាយការណ៍ពីសកម្មភាពកងទ័ពវៀតណាមដែលចូលមកនៅតំបន់ក្រចេះ។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានហៅ សុន, យី និង សារឿន ទៅទីក្រុងភ្នំពេញធ្វើការងារនៅទីនោះ។ បន្ទាប់ពីអង្គការណែនាំពីការងារក្នុងតំបន់រួចហើយ អង្គការបានប្រកាសដក សុន ចេញពីតំបន់ក្រចេះ ប្ដូរឲ្យទៅធ្វើការងារនៅភ្នំពេញ ហើយចាត់តាំង យី ជាលេខាតំបន់ជំនួស សុន វិញ។ កន្លងមួយថ្ងៃក្រោយពីការប្រកាសរបស់អង្គការ សុន, យី និង សារឿន ត្រលប់ទៅខេត្តក្រចេះវិញ ហើយបានហៅសមាជិករបស់ចលនាខ្មែរសេរីទៅប្រជុំនៅមន្ទីរដ-៣ ស្ថិតនៅឃុំដា ស្រុកក្រចេះ សមាជិកចូលរួមប្រជុំសរុបទាំងអស់ចំនួនប្រាំបួននាក់។ សុន បានលើកឡើងសរសើរពីការខិតខំប្រឹងប្រែងធ្វើសកម្មភាពដោយសម្ងាត់របស់សមាជិកទាំងអស់។ បន្ទាប់មក សុន បានឧទ្ទេសនាម យី ដែលត្រូវបន្តណែនាំខ្សែរបស់ខ្មែរសេរីធ្វើសកម្មភាពប្រឆាំងបដិវត្តន៍ និងផ្ដាំឲ្យកសាងកម្លាំងខ្មែរសេរីបន្ថែមទៀត ហើយសកម្មភាពបំផ្លាញផ្សេងៗត្រូវធ្វើឲ្យសមស្រប និងសម្ងាត់បំផុត ជៀសវាងការបែកការណ៍ លេចឮព័ត៌មានដល់អង្គការ។
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥ នៅមន្ទីរតំបន់៥០៥ ម៉ី បានទៅជួបជាមួយនឹង យី ជាលេខាតំបន់ ហើយអ្នកទាំងពីរបន្តទៅជួបជាមួយនឹង គួន និង សារឿន។ ទាំងបួននាក់ បានអង្គុយនិយាយគ្នាពីមាគ៌ារបស់បក្សដែលដាក់មកឲ្យវាយប្រហារខ្សែក្បត់ ដូច្នេះហើយ យី ក៏បានស្នើឲ្យ ម៉ី ខិតខំកសាងកម្លាំងបន្ថែមនៅភូមិខ្ញែង និងភូមិស្រែធំ ស្រុកច្បារ ខេត្តមណ្ឌលគិរី។ នៅខែកញ្ញា ឆ្នាំ១៩៧៦ សភាពការណ៍តំបន់កាន់តែមានភាពស្មុគស្មាញ ហើយ យ៉ា[7] ជាលេខាភូមិភាគឦសាន ត្រូវបានអង្គការចាប់ខ្លួន។ បន្ទាប់ពីការចាប់ខ្លួន យ៉ា, យី បានបើកការប្រជុំមួយមានសមាជិកប្រាំនាក់ចូលរួម។ ខ្លឹមសារប្រជុំ គឺនិយាយអំពីការផ្អាកសកម្មភាពកសាងកម្លាំង និងសកម្មភាពផ្សេងៗ ដូច្នេះសមាជិកទាំងអស់ត្រូវរង់ចាំមើលសភាពការណ៍ទៅថ្ងៃខាងមុខសិន។ កន្លងមកមួយរយៈសកម្មភាពកសាងកម្លាំងនៅតែបន្ត ប៉ុន្តែគ្រាន់តែសកម្មភាពទាំងនោះគឺមានភាពសម្ងាត់ខ្លាំងបំផុត។
នៅដើមឆ្នាំ១៩៧៧ យី បានចាត់តាំងឲ្យ រស់ ដុតបំផ្លាញរោងជម្រកនៅការដ្ឋានទំនប់ស្វាយជ្រុំ ឃុំថ្មី ស្រុកក្រចេះ និងពន្យារពេលការកសាងទំនប់ដោយធ្វើយ៉ាងណាមិនឲ្យទំនប់នោះសាងសងរួមមុនរដូវវស្សា។ នៅខែមីនា យី និងសមាជិកចំនួនប្រាំបួននាក់ បានប្រជុំគ្នានៅមន្ទីរតំបន់ ខ្លឹមសារប្រជុំនិយាយអំពីសភាពការណ៍ចាប់ខ្លួនរបស់គណៈស្រុក, គណៈតំបន់ និងគណៈភូមិភាគឧត្ដរ ដូច្នេះតំបន់៥០៥ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងរក្សាការសម្ងាត់បន្ថែមទៀត។ បន្ទាប់ពីប្រជុំចប់ សមាជិកបានបំបែកគ្នាទៅតាមអង្គភាពរៀងៗខ្លួន។ ក្រោយមក សារឿន បានធ្លាក់ខ្លួនឈឺ ហើយសម្រាកព្យាបាលជំងឺនៅមន្ទីរតំបន់ និងបានឆ្លៀតឱកាសចូលរួមវគ្គសិក្សានៅមន្ទីរតំបន់នោះដែរ។ យី, គួន និង សារឿន តែងតែពិភាក្សាគ្នា និងរង់ចាំមើលសភាពការណ៍នៅក្នុងខែមេសា ថានឹងមានការប្រែប្រួលយ៉ាងណានៅពេលដែលវៀតណាមធ្វើសកម្មភាពចូលមកប្រទេសកម្ពុជា។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៧ អង្គការបានហៅ យី, គួន, រស់, ផាន និង សារឿន ឲ្យមកចូលរួមវគ្គសិក្សានៅបូរីកីឡា រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៧ ទើបវគ្គសិក្សានោះត្រូវបញ្ចប់ បន្ទាប់មកម៉ោងប្រហែលជាប្រាំមួយល្ងាច សារឿន ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួនបញ្ជូនទៅមន្ទីរសន្តិសុខស-២១៕
អត្ថបទដោយ នេន ស្រីមុំ
[1] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, (២០២០), ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ៨។
[2] ឯកសារលេខ J000768, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ បាន សារឿន ហៅ កង ជាអនុលេខាតំបន់៥០៥ (ក្រចេះ)។ សារឿន ត្រូវបានចោទប្រកាន់ថា ចូលរួមជាមួយនឹងចលនាបក្សពលករកម្ពុជា ធ្វើសកម្មភាពបំផុសប្រជាជនឲ្យប្រឆាំងជាមួយនឹងបដិវត្តន៍ខ្មែរក្រហម។ សារឿន ត្រូវបានអង្គការខ្មែរក្រហមចាប់យកទៅឃុំខ្លួននៅមន្ទីរសន្តិសុខស-២១ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៨។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ បាន សារឿន ពិត ឬយ៉ាងណានោះទេ”។
[3] យោងតាម គេហទំព័រ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, កុយ ធួន (១៩៣៣-១៩៧៦) ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិកគណៈមជ្ឈិម។ គាត់ត្រូវបាន ឌុច សួរចម្លើយ នៅ ស-២១ និងក្រោយមកសម្លាប់ចោល។ ថ្ងៃចូលអាន (ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥), តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/koy-thuon
[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, (២០២០), ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ៣៣, “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួនបីក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”
[5] ឯកសារលេខ J00829, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, “យី ឈ្មោះដើម ប៊ន ណាន ជាលេខាតំបន់៥០៥ មានអាយុ៣៩ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨) កើតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ា។ ឪពុករបស់ យី ឈ្មោះ ហឹង ប៊ន ម្ដាយឈ្មោះ ហែម សួង គាត់មានបងប្អូនចំនួនប្រាំនាក់។ ប្រពន្ធរបស់ យី ឈ្មោះ ហ៊ុនយឿន និងមានកូនម្នាក់។ យី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨ ដោយចោទប្រកាន់ថាជាចារកម្ម។”
[6] ឯកសារលេខ KRI0014, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, “លាង ស៊ីមហន ហៅ រស់ នៅឆ្នាំ១៩៧៥ មានតួនាទីជាគណៈស្រុកស្នួល កាន់ផ្នែកគ្រប់គ្រងកម្មករចម្ការកៅស៊ូ។ នៅឆ្នាំ១៩៧៧ ត្រូវបានអង្គការប្ដូរពីស្រុកស្នួល ឲ្យទៅគ្រប់គ្រងនៅស្រុកក្រចេះ ហើយមានតួនាទីជាអនុប្រធានមន្ទីរពេទ្យនៅមន្ទីរតំបន់៥០៥។ ស៊ីមហន បានបាត់ខ្លួននៅខែមេសា ឆ្នាំ១៩៧៨។”
[7] យោងតាម គេហទំព័រ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, យ៉ា ឈ្មោះដើម ណៃ សារ៉ាន់ (១៩២៥-១៩៧៧) ជាលេខា ភូមិភាគឦសាន អនុលេខាទី១ នៃអគ្គសេនាធិការ និងជាសមាជិកគណៈមជ្ឈិម។ យ៉ា ត្រូវបានអង្គការចាប់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ១៩៧៦ ចំពោះការចោទប្រកាន់ថាបានចូលរួមចរចាជាមួយវៀតណាម ត្រូវបាន ឌុច សួរចម្លើយនៅមន្ទីរសន្តិសុខស-២១ និងក្រោយមកសម្លាប់ចោល។ ថ្ងៃចូលអាន (ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥) តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/ney-sarann