អ្នកយាមផ្ទះរបស់មេបញ្ជាការខ្មែរក្រហម
(រតនគិរី)៖ ប៊ិច បញ្ជា មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅសម័យ លន់ នល់ គាត់បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃ។ ក្រោយមកនៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានមេបញ្ជាការចាត់តាំងឲ្យបម្រើការនៅកងកម្លាំងលេខ២ ដែលគាត់ត្រូវយាមល្បាតនៅពេលមានការប្រជុំរបស់ថ្នាក់ដឹកនាំខ្មែរក្រហមនៅក្នុងភូមិ ឬស្រុកម្តងៗ ដើម្បីកុំឲ្យមានការរំខាន ឬមានជនបង្កប់លួចស្តាប់ការប្រជុំ។ ក្រៅពីការងារទាំងនោះ គាត់ត្រូវយាមផ្ទះដោយថែរក្សា និងបោសសម្អាតផ្ទះ ធ្វើម្ហូប ព្រមទាំងដាំទឹកសម្រាប់ឆុងតែ ជូនមេបញ្ជាការខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនប្រមូលទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ ដូចជាសម្ភារផ្ទះបាយជាដើម ដើម្បីដាក់ជារបស់រួម។ អ្នកដែលប្រឆាំងនឹងត្រូវចោទថាជាជនក្បត់ ព្រមទាំងបាញ់សម្លាប់ទុកជាការព្រមានសម្រាប់អ្នកដទៃ។
វប្បធម៌ប្រពៃណីត្រូវបានលុបបំបាត់ ដោយខ្មែរក្រហមបញ្ជាឲ្យអ្នកភូមិជនជាតិដើមភាគតិចយកគង និងឧបករណ៍ភ្លេងផ្សេងទៀត មកប្រើប្រាស់សម្រាប់ដាក់ចំណីជ្រូក។ ដោយឃើញដូច្នេះ ប្រជាជនខ្លះបានលួចលាក់សម្ភារមានតម្លៃរបស់ខ្លួនដោយមិនឲ្យខ្មែរក្រហមដឹង ទើបបន្សល់ទុករហូតមកដល់សព្វថ្ងៃ។
ខ្មែរក្រហមបានបញ្ជាប្រជាជនឲ្យធ្វើការងារជាក្រុម ដូចជាក្រុមប្រវាស់ដៃសម្រាប់ជួយធ្វើការងារស្រែចម្ការ និងក្រុមសហករណ៍ ដោយធ្វើការរួម និងហូបរួម។ ក្នុងក្រុមសហករណ៍ក៏មានការបែងចែកទៅតាមក្រុមដូចជាក្រុមនេសាទជាដើម។
នៅឆ្នាំបន្តបន្ទាប់ ការរស់នៅចាប់ផ្តើមមានការលំបាកកាន់តែខ្លាំង នៅពេលដែលប្រជាជនមានការហូបចុកមិនគ្រប់គ្រាន់ ទើបមានការលួចហូប និងការដាក់ទោសដោយការកាប់សម្លាប់កើនឡើងកាន់តែច្រើន។ ប្រជាជនខ្លះបានលួចបេះបន្លែផ្លែឈើនៅក្នុងព្រៃ និងហូបដំឡូងឆៅ និងប្រជាជនខ្លះទៀតត្រូវបានពុល និងកើតជំងឺរហូតដល់បាត់បង់ជីវិត។
បន្ទាប់ពីធ្វើជាអ្នកយាមនៅផ្ទះរបស់មេបញ្ជាការ ប៊ិច បញ្ជា ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើពេទ្យចល័តនៅក្នុងស្រុកវើនសៃ។ គាត់បានធ្វើការនៅភូមិរ៉ក ភូមិកងណក ភូមិកោះពាក្យ ភូមិហាត់ប៉ក់ និងភូមិវើនហយ លើកលែងតែភូមិត្រាក់ និងភូមិឡាម៉ឺយ ដោយសារខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បានជួបជុំគ្រួសារដែលរស់នៅទីនោះ។
គាត់ត្រូវដើរតាមគ្រូពេទ្យផ្សេងទៀត ដោយដើររករុក្ខជាតិនៅក្នុងព្រៃសម្រាប់ធ្វើថ្នាំបុរាណ និងការឃោសនាអប់រំដោយបញ្ជាឲ្យប្រជាជនធ្វើការ និងរស់នៅប្រកបដោយអនាម័យ។ បន្ទាប់មកទៀត គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅរៀននៅភ្នំពេញ និងនៅគោលដៅដែលថ្នាក់ដឹកនាំខ្មែរក្រហមបានកំណត់។
រីឯឪពុកម្តាយរបស់គាត់ និងប្រជាជនឯទៀតត្រូវធ្វើការនៅសហករណ៍ ដោយជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការដោយគ្មានពេលឈប់សម្រាក។ អ្នកដែលខ្ជិលច្រអូស ឬត្អូញត្អែរ នឹងត្រូវខ្មែរក្រហមបង្អត់អាហារ ឬជួនកាលសម្លាប់។ អ្នកដែលធ្លាប់ធ្វើការជាមន្ត្រីរាជការពីរបបចាស់ ឬអ្នកដែលមានចំណេះដឹងនឹងត្រូវខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់ទាំងគ្មានកំហុស ដោយកុហកថាទៅរៀនសូត្រនៅខេត្តផ្សេង អ្នកទាំងនោះរួមមានចៅហ្វាយខេត្ត ចៅហ្វាយស្រុក និងគ្រូបង្រៀនជាដើម។
នៅឆ្នាំ១៩៧៩ ដោយសារការកុហក គាត់បានរត់ភៀសខ្លួនទៅតាមកងទ័ពខ្មែរក្រហម។ ជាចុងក្រោយ ប៊ិច បញ្ជា មានការពេញចិត្តចំពោះដំណើរការស្វែងរកយុត្តិធម៌របស់តុលាការខ្មែរក្រហម និងគាំទ្រចំពោះការបង្កើតកន្លែងចងក្រងឯកសារខ្មែរក្រហមឲ្យអ្នកជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ និងចងចាំពីរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤