ប៊ិន តាំងសួរ ដំណើរជីវិតជាពេទ្យកងទ័ពខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ិន តាំងសួរ អាយុ៤៦ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិបូរិទ្ធ ឃុំចៅ ស្រុកកំពង់សៀម ប៉ុន្តែផ្លាស់មករស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ប៊ិន តាំងហួរ និងម្ដាយឈ្មោះ យឹម រាម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យិន ចាន់នឿន និងមិនមានកូននោះទេ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧ (សង្គមចាស់)។ នៅឆ្នាំ១៩៦៧ ខ្ញុំឈប់រៀន ហើយបានបួសជាព្រះសង្ឃអស់រយៈពេល៣វស្សា។ ខ្ញុំបានលាចាកសិក្ខាបទពីព្រះសង្ឃ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច នៅខែមីនា ឆ្នាំ១៩៧០ និងការផ្ទុះឡើងបាតុកម្មចូលរួមដោយអ្នកភូមិជាច្រើននាក់។ ខ្ញុំមករស់នៅជាមួយឪពុកម្ដាយ ដើម្បីជួយការងារស្រែចម្ការ។
ក្រោយមកទៀត គឺចុងឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមប្រហែល៦០នាក់បានចូលមកដល់ភូមិរបស់ខ្ញុំ។ ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ធ្វើជាកងសិល្បៈខ្មែរក្រហម តាមរយៈមេឃុំ។ នៅពេលនោះ មានអ្នកភូមិប្រហែល២០នាក់ត្រូវបានដាក់ចូលបម្រើការងារក្នុងកងសិល្បៈស្រុក។ នៅឆ្នាំ១៩៧១ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើជាពេទ្យកងទ័ពខ្មែរក្រហម ប្រចាំស្រុកកងមាស។ មុនចូលបម្រើការងារនៅអង្គភាព, ខ្ញុំត្រូវបានបញ្ជូនទៅចូលរៀនវគ្គបណ្ដុះបណ្ដាលអស់រយៈ៧ថ្ងៃ ទើបត្រូវបានអនុញ្ញាតឲ្យធ្វើជាពេទ្យកងទ័ព។ បន្ទាប់ពីរៀនវគ្គបណ្ដុះបណ្ដាលចប់, ខ្ញុំត្រូវបានផ្លាស់មកអង្គភាពពេទ្យកងទ័ព នៅស្រុកកងមាសវិញ។ ប្រធានអង្គភាពពេទ្យកងទ័ព មានឈ្មោះមិត្ត បាន។ នៅពេលដែលសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមផ្ទុះឡើងកាន់តែខ្លាំង គឺចន្លោះឆ្នាំ១៩៧១និងឆ្នាំ១៩៧៣, ខ្ញុំទទួលបានកាតាបសង្រ្គោះមួយ និងត្រូវបានបញ្ជូនទៅសមរភូមិជាច្រើន នៅព្រៃទទឹង, ស្គន់, និងរកាកោង។ ក្នុងអំឡុងពេលចូលសមរភូមិនៅម្ដុំស្គន់, ខ្ញុំត្រូវបានទាហាន លន់ នល់ បាញ់ឲ្យរបួស និងត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រែវាល ស្ថិតនៅស្រុកចំការលើ។ ខ្ញុំទទួលបានការព្យាបាលអស់រយៈពេល៣ខែ ទើបជាសះស្បើយ ហើយត្រូវបានបញ្ជូនមកអង្គភាពវិញ។ ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិជាបន្តបន្ទាប់ទៀត នៅភូមិសាស្រ្តព្រែកក្ដាម និងទៅឈរជើងហ៊ំព័ទ្ធទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ ក្នុងអំឡុងសមរភូមិត្រៀមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ, ខ្ញុំត្រូវរបួសជាលើកទី២ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។
កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង។ ៣ខែបន្ទាប់ពីជាសះស្បើយ និងទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម, ខ្ញុំត្រូវបានបញ្ជូនមកមន្ទីរជនពិការ នៅម្ដុំវត្តភ្នំ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ០៤ នៅម្ដុំទួលគោក។ ខ្ញុំត្រូវបានព្យាបាលផង និងត្រូវធ្វើការងារផង។ នៅពេលនោះ មន្ទីរពេទ្យ០៤ ព្យាបាលជនពិការប្រហែល១០០នាក់។ នៅទីនោះ ខ្ញុំធ្វើការងារដូចជា មើលមាន់មើលទា និងវាយអង្គុលីលេខអំពីឯកសារសេដ្ឋកិច្ចយកទៅឲ្យមិត្តឈ្មោះ ពេជ្រ ដែលជាអ្នកអានផ្សព្វផ្សាយនៅប៉ុស្ដិ៍វិទ្យុ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ។ នៅច្រាំងចំរេះ ខ្ញុំត្រូវធ្វើការនេសាទត្រី។ នៅគុកទួលស្លែង, ខ្ញុំដើរយាមនៅបរិវេណឆ្ងាយពីគុកទួលស្លែង ហើយដឹងថានៅក្នុងគុកនេះ មានការសម្លាប់មនុស្ស។ ខ្ញុំនៅយាមម្ដុំគុកទួលស្លែងអស់រយៈពេលតែ១០ថ្ងៃតែប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំត្រូវបានផ្លាស់មកកាប់ឆ្ការព្រៃនៅម្ដុំទួលសង្កែ រហូតដល់ឆ្នាំ១៩៧៧ ទើបខ្ញុំត្រូវបានបញ្ជូនមកកាន់ខេត្តកំពង់ឆ្នាំង។ នៅពេលដែលមកដល់ខេត្តកំពងឆ្នាំង, ខ្ញុំត្រូវបានដាក់នៅផ្សារក្រោម ដើម្បីធ្វើការងារ ដូចជា ដាំដុះបន្លែ, ធ្វើបង្គី និងកិច្ចការផ្សេងទៀត ក្រោយការរៀបចំផែនការការងាររបស់មិត្ត ពីន ដែលជាប្រធាន។ ខ្ញុំមិនត្រូវបានបញ្ជូនទៅធ្វើការងារនៅព្រលានយន្តហោះកំពង់ឆ្នាំដែលជាទីកន្លែងលត់ដំនោះទេ ប៉ុន្តែខ្ញុំបានស្គាល់មិត្ត យ៉េត ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅទីនោះនៅឆ្នាំ១៩៧៨។ ខ្ញុំដឹងថា គណៈកងពល ប្រធានវរសេនាតូច ប្រធានវរសេនាធំ និងប្រធានកងផ្សេងទៀតនៅភូមិភាគឧត្តរ ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានជួបជាមួយមិត្ត ទូច ដែលជាប្រធានកងពលលេខ១ ដែលបានស្គាល់គ្នាចាប់តាំងពីសមរភូមិនៅម្ដុំពោធិ៍ចិនតុង។ ក្រោយមកទៀត ទូច ក៏ត្រូវបានកងទ័ពខ្មែរក្រហមកពីភូមិភាគនិរតីចាប់ខ្លួន និងយកទៅសម្លាប់ចោលផងដែរ។ ក្នុងគ្រានោះ ស្ថានភាពគឺពិតជាពិបាកណាស់ ហើយមានការចោទប្រកាន់គ្នាថា «អានេះក្បត់ អានោះក្បត់!»។
នៅចុងឆ្នាំ១៩៧៨, កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[1] នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាខិតចូលមកដល់, ខ្ញុំនឹងអ្នកផ្សេងទៀតព្យាយាមរត់ភៀសខ្លួនទៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារតែមិនមានចិត្តចង់រត់ភៀសខ្លួនទៅណាទៀតទេ, ខ្ញុំ និងមិត្តដែលជាជនពិការ៣នាក់ផ្សេងទៀត សម្រេចចិត្តមិនជិះរថភ្លើងទៅខេត្តបាត់ដំបងនោះទេ ហើយបានដើរវិលត្រឡប់មកកំពង់ចាមវិញ។ ខ្ញុំ និងមិត្តពិការ៣នាក់ផ្សេងទៀត ត្រូវធ្វើដំណើរអស់រយៈពេល១ខែទើបអាចមកដល់ផ្ទះវិញ៕
អត្ថបទដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១