ពុកមិននឹកស្មានថាកូននៅរស់ទេ

អង្គការជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយទៀតធ្វើឲ្យប្រជាជនបែកបាក់គ្រួសារប្ដីត្រូវបែកចេញពីប្រពន្ធ កូនៗត្រូវបែកចេញពីឪពុកម្ដាយ។ ក្នុងនោះកូនស្រីទីមួយរបស់ឃុតបានឃ្លាតឆ្ងាយពីគ្រួសារ ព្រោះត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងចល័ត ជីកប្រឡាយ លើកទំនប់ អាងស្តុកទឹក ទៅតំបន់ឆ្ងាយៗពីឪពុកម្ដាយ ។ ឃុតមិនដឹងថាកូនស្រីទីមួយត្រូវបានខ្មែរក្រហមចល័តឲ្យទៅទីណាខ្លះនោះទេតាំងពីជម្លៀសចេញពីភូមិឈូក។ ឃុត តែងតែគិតថាកូនស្រីទីមួយមិនមានជីវិតនៅរស់ទេ។ ខាងក្រោមនេះជាសាច់រឿងរបស់បូ ឃុត៖

ឈ្មោះ បូ ឃុត[1] ភេទប្រុស អាយុ៨៧ឆ្នាំ មានស្រុកកំណើតភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ឃុត រស់នៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឃុត មានបងប្អូនប្រាំនាក់ប្រុសបួននាក់ស្រីម្នាក់នាក់ ប៉ុន្តែសព្វថ្ងៃ នៅរស់ពីរនាក់ទេ។ ឃុតមានប្រពន្ធឈ្មោះ អ៊ួច ស្លាប់ប្រហែល៤ឆ្នាំ ដោយសារតែឈឺ។ ឃុត មានកូនបួននាក់ ក្នុងនោះមានប្រុសពីរនាក់និងស្រីពីរនាក់។

កាលពីកុមារភាព ឃុត មិនបានរៀនទេ ព្រោះ រវល់ឃ្វាលគោក្របី ណាមួយគ្មានសាលារៀនភាគច្រើននាំគ្នាទៅរៀននៅវត្ត មានតែក្មេងប្រុសៗទេដែលអាចទៅរៀនបានចំណែកក្មេងស្រីៗមិនបានទៅរៀនឡើយ ដោយសារព្រះសង្ឃជាអ្នកបង្រៀន។ ឃុតពេញវ័យជំទង់បានទៅរៀនបន្តិចបន្តួច គ្រាន់ចេះអានប៉ុន្តែមិនចេះអានច្រើនទេ។ ឃុត បានរៀបរាប់ថា “គ្មានគ្រូណាមកបង្រៀនទេ គឺអ្នកភូមិគ្នាឯងជាអ្នកបង្រៀន” ។

ដើមឆ្នាំ១៩៧០មានបាតុកម្មមួយបានកើតឡើង គឺកងទ័ពវៀតណាម(វៀតកុង)ចូលក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ កងទ័ពវៀតណាមចូលមកក្នុងភូមិឈូកកាន់តែច្រើនឡើងៗ។ កងទ័ពវៀតណាមចូលមកក្នុងភូមិឈូក មិនបានធ្វើបាបប្រជាជនដែលរស់នៅក្នុងភូមិទេ។ នៅឆ្នាំ១៩៧០ដដែលក៏មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅតាមព្រៃក្បែរភូមិឈូក។  ប្រជាជននៅក្នុងភូមិឈូកនាំគ្នារត់គេចគ្រាប់ចូលរណ្ដៅត្រង់សេ ព្រោះយន្តហោះរបស់អាមេរិកទម្លាក់គ្រាប់នៅក្នុងភូមិឈូក ដែលធ្វើឲ្យមានប្រជាជនស្លាប់ជាច្រើននាក់ ។ ប្រជាជននៅភូមិក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងប្រជាជនមកពីភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាននាំគ្នារត់មករស់នៅក្នុងភូមិឈូក ដោយសារភូមិទាំងពីរស្ថិតនៅក្នុងឃុំជាំក្រវៀនដែលមានព្រំប្រទល់ខាងលិចជាប់ឃុំចាន់មូល ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ឃុំជាំ ស្រុកមេមត់ ខាងជើងជាប់ឃុំទន្លូង ស្រុកមេមត់ ខេត្តទួលតាមោក ខេត្តរោងដំរី កម្ពុជាក្រោម និងខេត្តត្បូងឃ្មុំ ខាងកើតជាប់ខេត្តទួលតាមោកកម្ពុជាក្រោម(ប្រទេសវៀតណាម)ទើបអាមេរិកទម្លាក់គ្រាប់ខ្លាំងនៅភូមិដូងនិងភូមិក្រវៀន។ ឃុត បានប្រាប់ថាទាំងនេះ”ជាហេតុធ្វើឲ្យប្រជាជននៅក្នុងភូមិដូងនិងភូមិក្រវៀនរត់មករស់នៅក្នុងភូមិឈូកច្រើន”។

ភូមិឈូកមានការទម្លាក់គ្រាប់បែកនៅតាមព្រៃក្បែរៗភូមិ ប៉ុន្តែយន្តហោះអាមេរិកមិនទម្លាក់គ្រាប់បេ-៥២នៅក្នុងភូមិទេ។ នៅតាមផ្ទះប្រជាជនទាំងអស់មានរណ្ដៅត្រង់សេគ្រប់ៗផ្ទះសម្រាប់ត្រៀមទុកលាក់ខ្លួន ពីការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោង។ ការជីករណ្ដៅនេះគឺជីកសម្រាប់គ្រួសារម្នាក់ៗមិនមែនជីកនៅរួមគ្នាទេ។ ប្រជាជននៅក្នុងភូមិឈូករស់នៅទាំងភ័យខ្លាច។ ប្រជាជនចេះនាំគ្នាធ្វើស្រែចម្ការ បើមិនធ្វើស្រែចម្ការមិនដឹងបានអ្វីហូប។ ប្រជាជននាំគ្នាទៅធ្វើចម្ការផង ត្រចៀកចាំស្ដាប់ស្នូរយន្តហោះផង ពេលដែលឮសំឡេងយន្តហោះក៏នាំគ្នារត់មកផ្ទះចូលរណ្ដៅត្រង់សេ។ ការទម្លាក់គ្រាប់បែកនេះគ្មានម៉ោងគ្មានពេលទេ។ ពេលខ្លះអាមេរិកទម្លាក់គ្រាប់ពេលយប់ ហើយពេលខ្លះទៀតទម្លាក់ថ្ងៃ។ ទាហានអាមេរិកទម្លាក់គ្រាប់មិនមានបំណងសម្លាប់ប្រជាជនខ្មែរនោះទេគឺ ទម្លាក់គ្រាប់ដើម្បីដេញកងទ័ពវៀតណាមឲ្យចេញពីភូមិឈូក។អាមេរិក ទម្លាក់គ្រាប់យូៗទៅធ្វើកងទ័ពវៀតណាមចាកចេញពីភូមិឈូកអស់គ្មានសល់។

ឃុត បានរៀបការមុនសម័យខ្មែរក្រហម មានការធ្វើកម្មពិធីច្រើនមានតាំងពីភ្លេងខ្មែរ មានអាចារ្យត្រឹមត្រូវ គ្មានការបង្ខិតបង្ខំពីអ្នកណាទេគឺស្រលាញ់គ្នាទាំងសងខាង។ ខ្មែរក្រហមចូលមក ឃុត មានកូនពីរនាក់ស្រីទាំងពីរ ដែលកូនស្រីទីមួយ មានអាយុប្រហែ៩ឆ្នាំ ចំណែកកូនស្រីទីពីរមានអាយុប្រហែល៨ឆ្នាំ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកក្នុងភូមិឈូក។  ភូមិឈូកមានប្រជាជនរស់នៅ៦០គ្រួសារ ។ ខ្មែរក្រហមចូលភ្លាមមិនទាន់បែងចែកប្រជាជននៅក្នុងភូមិឈូកឲ្យហូបបាយរួមទេ។ ខ្មែរក្រហមបានបង្កើតជាសហករណ៍រៀបចំទៅជា”ក្រុមវេប្រវាស់ដៃ”ដែលមាន១០ទៅ២០គ្រួសារក្នុងមួយក្រុមធ្វើការឲ្យគ្នាម្នាក់ម្ដង ហើយផលដែលទទួលបានយករៀងៗខ្លួន។ ក្រុមប្រវាស់ដៃនេះធ្វើបានប្រហែលមួយឆ្នាំ។ នៅក្នុងភូមិឈូកបែងចែកជា៣ក្រុម ក្នុងមួយក្រុមមាន២០គ្រួសារ។ ក្នុងមួយក្រុមមានបីនាក់សម្រាប់មើលការខុសត្រូវ២០គ្រួសារមានដូចជា ប្រធាន អនុប្រធាននិងសមាជិក។ មេក្រុមរបស់ឃុត ឈ្មោះជុំ អៀនជាអ្នកទទួលការខុសត្រូវបន្ទាប់មកខ្មែរក្រហមបានឲ្យប្រជាជនក្នុងភូមិហូបបាយរួម រស់នៅជាមួយគ្នារួម ធ្វើការងាររួមនិងចែករំលែកការកម្សាន្តរួមរបស់របរប្រមូលដាក់រួមដូចជា គោក្របី នង្គ័ល រនាស់ គ្រាប់ពូជ និងដីស្រែជាដើម។ ដំណាំដែលប្រជាជនដាំផ្ទាល់ដៃក៏គ្មានសិទ្ធិបេះយកមកហូបដែរ។បើប្រជាជនរូបណាហ៊ានបេះមេក្រុមនឹងស្ដីបន្ទោសរួចក៏ណែនាំ”ប្រាប់ថារបស់ទាំងនេះទុកជារបស់រួមគ្មានសិទ្ធិបេះហូបតែម្នាក់ឯងទេ”

ប្រធានក្រុមជាអ្នកភូមិរស់នៅជាមួយគ្នាដូច្នេះប្រជាជននៅក្នុងភូមិដែលជាប់ពីបទលួចមិនមានការយកទៅសម្លាប់ឬធ្វើទារុណកម្មឡើយ។ អំឡុងពេលដែលខ្មែរក្រហមឲ្យប្រជាជនហូបបាយរួមគ្មានការហូបចុកឆ្អែតគ្រប់គ្រាន់ទេហូបបបរទឹកៗគ្មានគ្រាប់អង្ករឡើយ ក្នុងម្នាក់ទទួលបានមួយវែក។ ខ្មែរក្រហមមានការវាយជួងជាសញ្ញាសម្រាប់ផ្ដល់ដំណឹងឲ្យប្រជាជនមកហូបបាយរួមគ្នា។ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យធ្វើការងារទាំងអស់គ្នា។  កុមារតូចៗខ្មែរក្រហមប្រើឲ្យធ្វើការស្រាលដូចជាឃ្វាលគោក្របី រើសអាចម៍គោសម្រាប់ធ្វើជីដាក់ដំណាំ។ យុវជន យុវនារីជំទង់ៗ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើស្រែចម្ការ ជីកប្រឡាយ លើកទំនប់ និងកាប់ឈើធ្វើផ្ទះ។ ចំណែកមនុស្សចាស់ៗត្រូវបានខ្មែរក្រហមឲ្យមើលកុមារតូចៗ ដើម្បីឲ្យឪពុកម្ដាយកុមារតូចៗទៅធ្វើការ។ ឃុត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាជាងដំដែក ធ្វើកាំបិត ធ្វើពូថៅ នៅក្នុងភូមិឈូក។ ការងារចម្ការស្រែឃុតមិនដែលបានទៅធ្វើទេ ។ ខ្មែរក្រហមបានប្រើឲ្យឃុតទៅអារឈើនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អស់រយៈពេលបីខែ។ ខ្មែរក្រហមបានជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយជាច្រើនលើកធ្វើឲ្យប្រជាជនរងទុក្ខវេទនា ពិបាកក្នុងការរស់នៅការហូបចុកមិនគ្រប់គ្រាន់ធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិតដោយសារធ្វើការច្រើនម៉ោង ក្នុងមួយថ្ងៃនិងអត់អាហារ។ ការជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយទៀតធ្វើឲ្យប្រជាជនត្រូវបែក គ្រួសារ ប្ដីត្រូវបែកចេញពីប្រពន្ធ កូនៗត្រូវបែកចេញពីឪពុកម្ដាយ។ កូនស្រីទីមួយរបស់ឃុតបានឃ្លាតឆ្ងាយ ព្រោះ ខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងចល័តទៅជីកប្រឡាយ និងលើកទំនប់ អាងស្តុកទឹក ទៅតំបន់ឆ្ងាយៗពីឪពុកម្ដាយ ។ ឃុត មិនដឹងថាកូនស្រីទីមួយត្រូវបានខ្មែរក្រហមចល័តឲ្យទៅទីណាខ្លះនោះទេតាំងពីជម្លៀសចេញពីភូមិឈូក។ ឃុត បាននិយាយថា “ខ្ញុំតែងតែគិតថាកូនស្រីទីមួយរបស់ខ្ញុំមិនមានជីវិតនៅរស់ទេ”។

ខ្មែរក្រហមបានជម្លៀស ឃុត ទៅភូមិស្រែចារ ស្រុកស្នួលខេត្តក្រចេះ។  ឃុត ដេកនៅភូមិស្រែចារមួយយប់។បន្ទាប់មកខ្មែរក្រហមបានជម្លៀសឃុតទៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ  ដេកបានពីរយប់ រួចជម្លៀសឃុតបន្តទៅដល់ភូមិសំរ៉ង ឃុំឃ្សឹម ។ នៅភូមិសំរ៉ង ឃុំឃ្សឹម ខ្មែរក្រហមបានប្រើឲ្យ ឃុត ធ្វើជាជាងដំដែកធ្វើកាំបិត ធ្វើចបដូចនៅភូមិឈូកដដែល។ ចំណែកប្រជាជនផ្សេងទៀតខ្មែរក្រហមប្រើឲ្យទៅធ្វើស្រែចម្ការ, ជីកប្រឡាយ និង លើកទំនប់ផ្សេងៗ។

ឃុតកំពុងដំដែកធ្វើចប កាំបិតនៅភូមិសំរ៉ង ស្រាប់តែមានកងកម្លាំងវៀតណាមចូលមកនាំឃុតរត់ចេញពីភូមិសំរ៉ងទៅថ្មគ្រែ។ បន្ទាប់មកឃុតបានត្រឡប់មកសំរ៉ងវិញ។ ឃុតបានជិះកប៉ាល់ទៅស្ទឹងត្រង់។ នៅក្នុងកាប៉ាល់មានមនុស្សច្រើនណាស់។ កប៉ាល់ដឹកប្រជាជនទៅស្ទឹងត្រង់មានទំហំធំនិងមានពីរជាន់។ ខ្មែរក្រហមបានជម្លៀស ឃុត ឲ្យទៅភូមិស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ឃុត នៅភូមិស្វាយភ្លើងរហូតប្រទេសត្រូវបានរំដោះនៅឆ្នាំ១៩៧៩។ កងទ័ពវៀតណាមចូលមករំដោះធ្វើឲ្យខ្មែរក្រហមនាំគ្នារត់បាត់អស់ពីភូមិស្រុកនានា នៅសល់តែប្រជាជធម្មតា។ ប្រជាជននាំគ្នាដេញកាប់ជ្រូកហូបបន្ទាប់ពីខ្មែរក្រហមភៀសខ្លួនចេញពីស្រុកតាំងគោកអស់។ ឃុត បានចាកចេញពីភូមិស្វាយភ្លើ ដើម្បីត្រឡប់ទៅស្រុកកំណើត។ ឃុនបានដើរជួបជាមួយឡានកងទ័ពវៀតណាមដែលដឹកប្រជាជនត្រឡប់ទៅស្រុកកំណើត។ ឃុតបានជិះឡានជាមួយកងទ័ពវៀតណាមមកដល់កំពង់ចាម។ ឃុត ដេកនៅកំពង់ចាមមួយយប់ រួចក៏ជិះស្រឡាងមកត្រើយម្ខាងទៀត ដើម្បីឡើងឡានទៅស្រុកកំណើតបន្តទៀត។ ឃុត ជិះឡានមកដល់មេមត់ដេកនៅជាំទ្រៀកមួយយប់ចាំស្ដាប់សភាពការថា ”តើអាចចូលមករស់នៅក្នុងភូមិឈូកបានឬអត់” មកដល់ភូមិឈូកមានប្រជាជនមួយចំនួនបានមករស់នៅមុន ឃុត បាត់ទៅហើយ។ ផ្ទះសំបែងនៅក្នុងភូមិឈូកមានការខូចខាតខ្លះ។ ឃុតមកដល់បានប្រកបមុខរបបធ្វើស្រែចម្ការធម្មតា ប៉ុន្តែ ឃុត មិនទាន់បានជួបជាមួយកូនស្រីទីមួយទេ។  ឃុត បានរស់នៅក្នុងភូមិឈូកពីរបីថ្ងៃទើបឃើញកូនស្រីមួយត្រឡប់មកដល់ផ្ទះ។ ឃុត បាននិយាយថា “ខ្ញុំពិតជានឹកកូនស្រីខ្ញុំណាស់” ឃុត បានរត់ទៅឱបកូនរួចបន្តថា ”ពុកមិននឹកស្មានថាកូននៅរស់ទេ” ព្រោះបែកកូនយូណាស់តាំងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ទើបបានជួបកូន។

អត្ថបទដោយ ម៉ាប់ ស៊ីណា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសជាមួយ បូ ឃុតភេទប្រុស អាយុ៨៧ឆ្នាំ ដោយឈម៉ាប់ ស៊ីណា  ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin