ឫសគល់នៃបញ្ហា ព្រំដែនកម្ពុជា-ថៃ

ព្រំដែនរួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានប្រវែងប្រមាណ ៨១៧ គីឡូម៉ែត្រជាដីគោក និងខ្សែទឹក[1] មិនត្រឹមតែជាខ្សែបន្ទាត់បែងចែកដែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងជាទីតាំងដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម។ ទំនាក់ទំនងព្រំដែនមួយនេះបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ចាប់តាំងពីការកំណត់បែងចែកដោយអាណានិគមនិយមបារាំង រហូតដល់មានជម្លោះយោធា និងការប្រឈមមុខដាក់គ្នានៅជុំវិញតំបន់ប្រាសាទបុរាណនានា។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ក៏ដោយ ភាគីទាំងពីរនៅតែបន្តការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឆ្ពោះទៅរកការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។

ឫសគល់នៃបញ្ហា និងអតីតកាលដ៏ស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺកើតចេញពីការកំណត់ខ្សែព្រំដែនពីសម័យអាណានិគមនិយមបារាំង តាមរយៈសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងបារាំង និងសៀម (បច្ចុប្បន្នប្រទេសថៃ)។ ទោះបីជាសន្ធិសញ្ញាទាំងនោះបានបង្កើតនូវផែនទី និងបង្គោលព្រំដែនមួយចំនួនក៏ដោយ  ប៉ុន្តែការបកស្រាយ និងការអនុវត្តជាក់ស្តែងនៅតាមតំបន់មួយចំនួននៅតែជាបញ្ហាចម្រូងចម្រាសរហូតមកដល់បច្ចុប្បន្ន។ ចំណុចរសើបបំផុត គឺករណី ប្រាសាទព្រះវិហារ, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, តំបន់មុំបី និងតំបន់កំពុងមានជម្លោះផ្សេងទៀតក្នុង​រយៈ​ពេល៤ខែចុងក្រោយនេះ  ហើយក្នុងនោះមានតែប្រាសាទព្រះវិហារប៉ុណ្ណោះ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចផ្តល់កម្មសិទ្ធិមកឲ្យប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៦២[2]

ទោះជាយ៉ាងណាក៏ដោយ ជម្លោះបានផ្ទុះឡើងសាជាថ្មីទៀតនៅឆ្នាំ២០២៥នេះ  ដោយសារភាពលោភលន់របស់ប្រទេសថៃ ក៏បានបង្កជាជម្លោះ។ ជម្លោះនេះបានឆ្លុះបញ្ចាំងពីការប្រកាន់ភ្ជាប់ទៅនឹងស្មារតីជាតិនិយម និងភាពមិនទាន់ច្បាស់លាស់នៃខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានបោះបង្គោល១០០%។

ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ភាគីទាំងពីរបានបង្កើតយន្តការចរចាទ្វេភាគី ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និង គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ តាមរយៈយន្តការទាំងនេះ ប្រទេសកម្ពុជា និងប្រទេសថៃ គួរតែសម្រេចបាននូវវឌ្ឍនភាព និងការទទួលស្គាល់បង្គោលចាស់ ដែលភាគីទាំងពីរគួរតែឯកភាពទទួលស្គាល់បង្គោលព្រំដែនសម័យបារាំងមួយចំនួនធំនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជាបង្គោលលេខ៤២, ៤៣, ៤៤, ៤៥, ៤៦ និង៤៧ និងបង្គោលផ្សេង​ៗ ដែលកំពុងមានជម្លោះ ក្នុងចំណោមបង្គោលសរុបទាំងអស់ចំនួន៧៤។ ភាគីទាំងពីរគួរសាងសង់បង្គោលព្រំដែនឡើងវិញ ឬបង្គោលបណ្តោះអាសន្ន ជាពិសេសនៅតំបន់អាទិភាព។ ថ្មីៗនេះ គេឃើញមានកិច្ចប្រជុំ (JBC) ពិសេសដើម្បីដោះស្រាយតំបន់ចម្រូងចម្រាសមួយចំនួនដូចជានៅភូមិជោគជ័យ(កម្ពុជា) ភូមិណងចាន់(ថៃ) និងភូមិព្រៃចាន់ក(ម្ពុជា) ភូមិណងយ៉ាកែវ (ថៃ) ជាដើម។ ក្រៅពីបញ្ហាបោះបង្គោល កិច្ចសហប្រតិបត្តិការតាមព្រំដែនក៏មានសារសំខាន់ខ្លាំងលើទិដ្ឋភាពសេដ្ឋកិច្ច និងសន្តិសុខដែរ ពាណិជ្ជកម្ម និងទេសចរណ៍ ច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗដូចជា ប៉ោយប៉ែត(កម្ពុជា) អារញ្ញប្រាថេត(ថៃ) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី និងការផ្លាស់​ប្តូរទេសចរណ៍។ ការរក្សាទំនាក់ទំនងល្អ និងការគោរពគ្នាទៅវិញទៅមកមានសារសំខាន់ខ្លាំងណាស់ក្នុងការធានានូវលំហូរសេដ្ឋកិច្ច និងសុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង។

ព្រំដែនប្រទេសកម្ពុជា-ថៃ គឺជាសាក្សី នៃប្រវត្តិសាស្ត្រដ៏វែងអន្លាយ ដែលលាយឡំដោយជម្លោះផង និងកិច្ចសហប្រតិបត្តិការផង។ ថ្វីត្បិតតែដំណើរការខណ្ឌសីមា និងបោះបង្គោលនៅតែមានភាពយឺតយ៉ាវ និងប្រឈមនឹងបញ្ហាខ្លះៗក្តី ក៏ការប្រកាន់ខ្ជាប់នូវយន្តការចរចាទ្វេភាគី ក្រោមស្មារតីមិត្តភាព និងការគោរពអធិបតេយ្យភាព គឺជាគន្លឹះចម្បងឆ្ពោះទៅរកការបញ្ចប់បញ្ហាដែលនៅសេសសល់។ ការសម្រេចបាននូវព្រំដែនដែលច្បាស់លាស់ នឹងរួមចំណែកយ៉ាងធំធេងដល់ការធានាសន្តិភាពយូរអង្វែង, ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរួមគ្នានៃប្រទេសទាំងពីរ ក្នុងនាមជាសមាជិកគ្រួសារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «អាស៊ាន»។ មកទល់នឹងពេលនេះស្ថានការណ៍រវាងប្រទេសទាំងពីរមិនទាន់មានភាពធូរស្រាលនៅឡើយទេ ប៉ុន្តែភាគីទាំងសងខាងកំពុងតែសម្របសម្រួលគ្នាតាមរយៈកិច្ចប្រជុំគ្រប់កម្រិតស្តីអំពីបញ្ហាព្រំដែន និងកិច្ចការការទូតដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញ៕

[1] https://km.wikipedia.org/w/index.php?title

[2] ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើភាគីថៃ


អត្ថបទដោយ ធី គឹមហុង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin