ប៊ូ ម៉ៅ៖ អតីតកងចល័តតំបន់៥

ប៊ូ ម៉ៅ រស់នៅភូមិស្រេះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប៊ូ ម៉ៅ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័តតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យ ។ ម៉ៅ បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖

ប៊ូ ម៉ៅ[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិស្រេះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ម៉ៅ មានឪពុកឈ្មោះ ដា ឡូយ (ស្លាប់) ម្ដាយឈ្មោះ ពៅ លួន ។ ម៉ៅ មានបងប្អូនចំនួន៩នាក់ ហើយប្រពន្ធឈ្មោះ សិផល អាយុ៦៨ឆ្នាំ។ ម៉ៅ មានកូនចំនួន៦នាក់ ។

នៅវ័យកុមារ ម៉ៅ មិនដែលរៀនសូត្រនោះទេ ពីព្រោះតែគ្រួសារមានជីវភាពខ្វះខាតខ្លាំង។ ម៉ៅ រស់នៅជាមួយឪពុកម្ដាយនៅក្នុង ភូមិស្រេះ គ្រួសារប្រកបមុខរបរធ្វើស្រែចម្ការ មាន ជីវភាពក្រីក្រ។

រហូតដល់ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទ នរោត្តម សីហនុ។ ដំបូងប្រជាជនដែលរស់នៅក្នុងភូមិស្រេះ មិនមានភាពជ្រួលច្របល់នោះទេ ​រស់នៅក្នុងភូមិដោយប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា។ ក្រោយមក ចាប់ផ្ដើមកើតមានសង្គ្រាមស៊ីវិលឡើង ទិដ្ឋភាពនៅក្នុង ភូមិស្រេះ មានទាំងការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងមកលើផ្ទះសម្បែងរបស់ប្រជាជន។ ប្រជាជនទាំងអស់រស់នៅប្រឈមនឹងភាពភ័យខ្លាចយ៉ាងខ្លាំងហើយ។ មិនយូរប៉ុន្មានប្រជាជននៅក្នុងភូមិស្រេះបាននាំគ្នាជីករណ្ដៅត្រង់សេរដែលមានប្រវែង៥ ម៉ែត្រទៅ៦ម៉ែត្រ សម្រាប់លាក់ខ្លួនគេចពីការទម្លាក់គ្រាប់បែកតាមរយៈយន្តហោះរបស់ទាហានអាមេរិក​​។ ប្រជាជនជាច្រើននាក់បានរងរបួសដោយសារតែការទម្លាក់គ្រាប់បែក និងមួយចំនួនទៀតបានបាត់បង់ជីវិត។ រីឯទ្រព្យសម្បត្តិរបស់ប្រជាជនមួយចំនួនត្រូវបានយន្តហោះទម្លាក់គ្រាប់ចំឆេះខ្ទិចខ្ទីគ្មានសល់ ទេសភាពនៅក្នុងភូមិមានភាពស្ងាត់ច្រងំ គ្មានមនុស្សរស់នៅ។ រាល់ពេលស្ងាត់ពីការទម្លាក់គ្រាប់បែកម្ដងៗ ម៉ៅ​ ជាមួយឪពុកតែងតែលួចចូលទៅយកស្បៀងអាហារដូចជា ស្រូវ អង្ករ ម្ហូប នៅឯផ្ទះមកបន្ថែមទុកសម្រាប់ហូបនៅក្នុងព្រៃ។ ក្រោយពីសង្គ្រាមបានស្ងប់ស្ងាត់ទៅគ្រួសាររបស់ ម៉ៅ និងប្រជាជនជាច្រើននាក់ទៀតបាននាំគ្នាត្រឡប់មករស់នៅតាមផ្ទះរៀងៗខ្លួនវិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ។ នៅក្នុងភូមិស្រេះ មិនមានការជម្លៀសប្រជាជននោះទេ។ ក្រោយមកចាប់ផ្ដើមបង្កើតជាសហកណ៍ហូបបាយរួមគ្នា ធ្វើការងាររួមគ្នា។ នៅពេលនោះ ម៉ៅ មានអាយុប្រហែល១៨ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារនៅក្នុងកងចល័តតំបន់៥ មានប្រធានគ្រប់គ្រងឈ្មោះ តាម៉ោង និងតាវ៉ាល់​ ។

នៅក្នុងឆ្នាំ១៩៧៦ តាវ៉ាល់ និងតាម៉ោង ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកធ្វើជាគណៈស្រុកវិញ និងបានប្ដូរឲ្យ តាផន មកគ្រប់គ្រងបណ្ដោះអាសន្ននៅតំបន់៥ជំនួស។ នៅក្នុងមួយក្រុមកងចល័តតំបន់មានសមាជិកចំនួន៣០០នាក់ ដោយលាយបញ្ជូលគ្នាមួយវរសេនាធំរួចបញ្ជូនឲ្យទៅលើកទនប់ នៅអាងត្រពាំងថ្ម។ នៅពេលជីកទំនប់អាងត្រពាំងថ្ម ម៉ៅ មានតួនាទីជាអ្នកមើលការខុសត្រូវមួយវរសេនាធំចំនួន៣០០នាក់​ តាមការបញ្ជាររបស់ខ្មែរក្រហម។ ម៉ៅ ត្រូវដឹកនាំសមាជិក៣០០នាក់ រែកដីធ្វើទំនប់នៅអាងត្រពាំងថ្ម និងលើកទំនប់ភូមិភាគ។ ការងារដែលប្រជាជនធ្វើគឺរៀបចំទៅតាមកម្លាំង មានកម្លាំងទី១ កម្លាំងទី២។ ប្រជាជនដែលមានកម្លាំងអាចធ្វើការងារបានខ្មែរក្រហមកំណត់ឲ្យជីកដីលើកទំនប់ត្រឹម២ម៉ែត្រគីប ក្រោយមកនឹងតម្លើងឲ្យធ្វើ៣ម៉ែត្រគីប រហូតឈានទៅដល់៤ម៉ែត្រគីប។ ប្រជាជនដែលធ្វើមិនបានតាមការកំណត់របស់ខ្មែរក្រហមទេ នឹងត្រូវបង្អត់អាហារជាមិនខាន។ សម្រាប់ប្រជាជនណាម្នាក់ដែលប្រព្រឹត្តិខុសវិន័យរបស់ខ្មែរក្រហមវិញ នឹងត្រូវជីកទំនប់ចំនួន៦ម៉ែត្រគីបក្នុងមួយថ្ងៃ ករណី៦ម៉ែត្រគីបប្រជាជននៅតែធ្វើមិនបានទៀតនោះនឹងត្រូវដាក់ទារុណ្ឌកម្មតាមកត្តាផ្សេងៗដែលថ្នាក់លើបញ្ជារមក។ អ្នកដែលធ្វើទារុណកម្មកម្របានរស់ណាស់អាស្រ័យទៅលើអ្នកគ្រប់គ្រងប្រចាំនៅតាមតំបន់ ប្រសិនបើអ្នកគ្រប់គ្រងនោះគាត់មានចិត្តមេត្តាអាចអនុគ្រោះឲ្យជនរងគ្រោះនោះអាចមានជីវិតនៅរស់រានបន្តទៀតបាន ប៉ុន្តែបើគណៈគ្រប់មិនអនុគ្រោះលើកលែងឲ្យទេនោះនឹងត្រូវយកទៅស្លាប់ចោលជាមិនខាន។ នៅទំនប់អាងត្រពាំងថ្មក៏មានក្រុមសេនាជនយោធាដែលប្រព្រឹត្តិខុសក្បួនវិន័យ ខ្មែរក្រហមបានចាត់ឲ្យមកជួយប្រជាជនលើកទំនប់។

នៅក្នុងឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៨ ម៉ៅ លើកទំនប់នៅអាងត្រពាំងថ្មដដែល មិនមានការផ្លាស់ទៅកន្លែងណាផ្សេងនោះទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺរបបអាហារកាន់តែខ្វះខាតទៅៗ និងប្រើឲ្យប្រជាជនធ្វើការងារគ្មានពេលសម្រាកគ្រប់គ្រាន់។ ហេតុគ្មានអាហារហូបចុកមិនគ្រប់គ្រាន់នេះហើយ ធ្វើឲ្យប្រជាជនមួយចំនួនធ្លាក់ខ្លួនឈឺរាកមួលរហូតដល់ស្លាប់។ រាល់ពេលដែលមានប្រជាជនស្លាប់ ពេទ្យតែងតែយកប្រជាជនយកទៅកប់ចោលជាប្រចាំ។ ម៉ៅ លើកទំនប់នៅអាងត្រពាំងថ្ម រួចរាល់ខ្មែរក្រហមបានប្រមូលក្រុមកងចល័តទាំងអស់ ទៅលើកទំនប់បន្តនៅកន្លែងបត់កែងស្ពានទី១ មានចម្ងាយប្រហែល១០០ម៉ែត្រ ។ គ្រានោះក៏មានជនជាតិចិនមកធ្វើការជាមួយដែរ ដោសារតែជនជនជាតិចិនទាំងអស់នោះមកស្វែងរកវត្ថុធាតុដើមដូចជារ៉ែត្បូង ជាតិថ្ម ស៊ីម៉ងត៍។ អំឡុងពេលធ្វើការងាររួមជាមួយគ្នាជនជាតិចិន ក៏មានឧបករណ៍ប្រើប្រាស់ខ្លះៗដែរគ្រាន់ជាជំនួសកម្លាំងប្រជាជនបានខ្លះៗ អាឡូរុញដី និងមានអគ្គីសនី ។ ប្រជាជនដែលមកចូលរួមលើកទំនប់មានទាំងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ១៧ មេសា ធ្វើការងារនៅរួមគ្នាទាំងអស់ ក្នុងប្រជាជនម្នាក់ត្រូវតែរែកដីឲ្យបាន៣០អំរែកក្នុងមួយថ្ងៃ។ នៅក្នុងមួយថ្ងៃប្រជាជនម្នាក់ទទួលបានរបបអាហារ១កំប៉ុងកន្លះក្នុងមួយថ្ងៃ ក្រោយមកទៀតទទួលបានតែម្នាក់១កំប៉ុងប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកាត់បន្ថយទៅៗ។ សម្រាប់ទឹកប្រើប្រាស់មានមិនគ្រប់គ្រាន់ទេ ទឹកស្រះត្រពាំងថ្មមួយកន្លែង ទុកសម្រាប់ឲ្យប្រជាជនហូបរយៈពេលមួយអាទិត្យប៉ុណ្ណោះ។ ដោយសារតែមានការខ្វះខាតនូវទឹកប្រើប្រាស់យ៉ាងខ្លាំងរយៈពេល៣ថ្ងៃទើប ម៉ៅ បានងូតទឹកម្ដង។ ប្រសិនបើខ្មែរក្រហមចាប់បានថាមានអ្នកលួចងូតទឹក និងត្រូវពិន័យជាមិនខាន។ ម៉ៅ នឹងក្រុមកងចល័តទាំងអស់ត្រូវចូលធ្វើការងារតាំងពីម៉ោង១កណ្ដាលអា​ធ្រាត្រ រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបបានសម្រាកហូបបាយ ម៉ោង១ត្រូវចូលធ្វើការងារបន្តរហូតដល់ម៉ោង៥ល្ងាចទើបបានទៅសម្រាកនៅតាមកន្លែងរាងៗខ្លួន។ ពីមួយថ្ងៃទៅមួយថ្ងៃគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ ត្រូវធ្វើការងារបែបនេះជាប្រចាំ។ ទំនប់ដែល ម៉ៅ និងប្រជាជននាំគ្នាជីកមានកម្ពស់៦ម៉ែត្រទៅ៧ម៉ែត្រ ទទឹង៦ម៉ែត្រ មានចម្ងាយប្រហែល១០គីឡូម៉ែត្រ។  បន្ទាប់ ម៉ៅ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យទៅរស់នៅអូរលាភ ដើម្បី សាងសង់ធ្វើទំនប់អាងអូរលាភ។ នៅទំនប់អាងអូរលាប មានយាយចែមជាអ្នកគ្រប់គ្រង ។ ទំនប់អាងអូរលាភ មានប្រវែងវែង ទំហំវាប៉ុននឹងអាងត្រពាំងថ្មដែរ។ ម៉ៅ ធ្វើនៅទំនប់អាងអូរលាភ បានរយៈពេលប៉ុន្មានសប្ដាហ៍ក៏កងទ័ពវៀតណាមចូលមករំដោះប្រជាជនកម្ពុជា។

នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រជាជនកម្ពុជាឲ្យចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ម៉ៅ បានរត់គេចពីកងទ័ពវៀតណាមទៅរស់នៅស្រុកគេ ទាល់តែកងទ័ពវៀតណាមចូល តាមភូមិ ហើយ ម៉ៅ បានត្រឡប់មករស់នៅស្រុកកំណើតវិញ។

អត្ថបទដោយ ឡាំ ស្រីនីត


[1] ឯកសារលេខ(BMI0162) តម្កល់បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សុខ វណ្ណៈ សម្ភាសន៍ជាមួយឈ្មោះ ប៊ូ ម៉ៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin