បួន ឈុនលាង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ និងការបាត់បង់ប្ដីនៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ បួន ឈុនលាង អាយុ ៦៧ឆ្នាំ[1]រស់នៅទីក្រុងភ្នំពេញជាមួយកូនស្រី។ ខ្ញុំមានស្រុកកំណើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ សេងឡាយ និងមានកូនស្រីម្នាក់។ ឪពុកខ្ញុំឈ្មោះ បួន ឆេង និងម្ដាយឈ្មោះ ណយ នៃស្រ៊ីម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិរបស់ខ្ញុំ។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅភូមិមហាខ្ញូង បានមួយរយៈពេល និងនៅធ្វើស្រែ។ ខ្ញុំបានទៅនៅភូមិជីហែរ ស្រុកកោះសូទិន ដោយហេតុថាឪពុកខ្ញុំមានសាច់ញាតិបងប្អូនរស់នៅទីនោះ។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់តាមតំបន់រំដោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ដល់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន។ ប្រជាជននៅតាមជនបទភាគច្រើន ក៏បន្តស្ម័គ្រចិត្តចូលបដិវត្តន៍ ដោយរត់ចូលព្រៃ ដើម្បីធ្វើការតស៊ូ។ នៅក្នុងពេលនោះដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើន បង្កឡើងពីសំណាក់ទាហានអាមេរិកាំង និងទាហាន លន់ នល់។
នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែក និងធុងសាំងម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេរ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅពេលដែលមានការទម្លាក់គ្រាប់បែក អ្នកស្រុកជាច្រើនត្រូវរងរបួស ដោយសារតែគ្រាប់បែកធ្លាក់ចំផ្ទះសំបែង ហើយភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីអស់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ គ្រួសារខ្ញុំបានត្រលប់មកស្រុកកំណើតវិញ។ បន្ទាប់មក ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការនៅកងចល័ត រែកដី លើកទំនប់នៅភូមិគគរ(ទំនប់ធំ)។ ខ្ញុំនៅលើកដី តាមផែនការដោយក្នុងម្នាក់២ម៉ែត្រគូប។ ឲ្យ នៅពេលខ្លះ ខ្ញុំធ្វើពុំបានតាមការកំណត់ ក៏ត្រូវខ្មែរក្រហមដាក់ផែនការថែមទៀត។ ដោយសារតែការភ័យខ្លាច ខ្ញុំចេះតែប្រឹងធ្វើ។ ប្រជាជននាំគ្នាជួយគ្នាធ្វើ ពីម៉ោង៦ព្រឹកដល់ម៉ោង៧យប់។ ខ្ញុំធ្វើការគ្មានគិតម៉ោងទេ ឲ្យតែបើកថ្ងៃឡើងគឺខ្ញុំចាប់ផ្តើមធ្វើការតែម្ដង។ នៅពេលថ្ងៃត្រង់ ខ្ញុំទទួលបានតែបបរហូបប៉ុណ្ណោះ។ នៅស្រុកភូមិរបស់ខ្ញុំ បបរដាំដោយប្រើពោតសុទ្ធសាធ គ្មានអង្ករទេ។ ចំពោះសម្លរវិញ គឺមានតែស្លឹកត្រកួន លាយជាមួយស្លឹកផ្ទី ត្រួយដំឡូងជ្វាប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបាន អង្គការរៀបចំចាប់គូឲ្យរៀបការ ជាមួយយុវជន-យុវនារីសរុបចំនួន៣០គូ។ ក្រោយពេលធ្វើការងារលើកដីរួចអស់ នារីៗត្រូវខ្មែរក្រហមចាត់តាំងឲ្យឲ្យលើកអាចម៌គោយកមកធ្វើជី និងយកទៅបាចលើស្រូវមួយហិចតាឬពីរហិចតា, ស្ទូងស្រូវ ច្រូតស្រូវ, លើកភ្លឺស្រែទប់ទឹក។ ចំណែកប្រុសៗធ្វើការធ្ងន់ៗដូចមុនដដែរ ដោយគ្មានពេលទំនេរទេ។ នៅឆ្នាំ១៩៧៧ ខ្ញុំបានកូនស្រីម្នាក់។ ប្ដីខ្ញុំ ត្រូវបានខ្មែរក្រហមចាប់យកទៅរៀនសូត្រមិនឃើញត្រលប់មកវិញ។ ខ្ញុំមិនដែលបានឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ឡើយ។ នៅតែពីរថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំអាចនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅអង្គួញដីដែរ។ ខ្មែរក្រហមបានប្រាប់ឲ្យ សមមិត្តទាំងអស់រៀបចំខោអាវ។
ក្រោយមកទៀត គឺប្រហែលជាចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅរែកដី និងលើកទំនប់ជ្រោយចេក ស្ថិតនៅព្រំប្រទល់រវាងស្រុកកំពង់សៀមនិងស្រុកស្ទឹងត្រង់។ រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[2]ខ្ញុំបានវិលត្រលប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ បួន ឈុនលាង ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១