ប៊ូ ភឿន ជាយោធាខ្មែរក្រហម
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមឯកសារកម្ពុជា បានចុះទៅសិក្សាស្រាវ ជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះ ប៊ូ ភឿន[1] ហៅ ប៊ូ ជុន ជាយោធាខ្មែរក្រហម ភូមិភាគបូព៌ា ដែលបានធ្វើការតស៊ូ ចូលព្រៃនៅមុនឆ្នាំ១៩៧០។ បន្ទាប់មកបានជួបឈ្មោះជុន សាវឿន ត្រូវជាកូនស្រីបង្កើតរបស់ម្ចាស់ប្រវត្តិរូប និងមានការភ្ញាក់ផ្អើលជាខ្លាំង រួមទាំងសាច់ញាតិជិតខាង បាននាំគ្នាមកឈរមើល និងទទួលស្គាល់ក្រដាសប្រវត្តិរូបចំនួន៣ទំព័រនេះ។
សាវឿន[2] មានអាយុ៤៥ឆ្នាំ មានប្តីឈ្មោះភី និងមានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ សាវឿន បានរៀបរាប់ថា ឪពុក ខ្ញុំឈ្មោះប៊ូ ភឿន ម្តាយឈ្មោះបាវ ខឹម មានកូនចំនួន៦នាក់(ស្រី៣ប្រុស៣) រស់នៅស្រុកមេសាង ខេត្តព្រៃវែង(ជំនាន់ខ្មែរក្រហម ហៅថាតំបន់២០ ភូមិភាគបូព៌ា)។
នៅមុនឆ្នាំ១៩៧០ ឪពុកខ្ញុំ បានចុះចោលផ្ទះសម្បែងប្រពន្ធកូនចូលព្រៃម៉ាគី តស៊ូដើម្បីជាតិ លុះដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយលន់ នល់ និងសហការីរបស់ខ្លួនដែលនិយមអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តមសីហនុ ពីព្រះប្រមុខរដ្ឋ ដោយជោគជ័យ។ មិនយូរប៉ុន្មានបន្ទាប់ កងកម្លាំងវៀតមិញ និងកម្លាំងខ្មែរក្រហម បានកាន់កាប់តំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា[3]។ អំឡុងពេលនោះ សង្រ្គាមចាប់កើតមានឡើងនៅតាមទីជនបទស្រែចម្ការ បង្កឲ្យមានការទម្លាក់គ្រាប់បែកដោយសារស្នាដៃទាហានឧត្តមសេនីយលន់ នល់។ នៅក្នុងឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ខ្ញុំ មានយន្តហោះមកទម្លាក់គ្រាប់បែកត្រូវព្រះសង្ឃស្លាប់ចំនួនបីអង្គរគង់នៅវត្តអំពិលទោល ប្រជាជននៅក្នុងភូមិភ័យខ្លាចបាននាំកូនចៅជីករណ្តៅ(ត្រង់សេ) ដើម្បីសុវត្ថិភាព។ ប្រជាជនមិនសូវហ៊ានចេញទៅប្រកបរបរស្រែចម្ការទេ នៅពេលឮសំឡេងយន្តហោះម្តងៗ កំពុងតែភ្ជួរដីរត់ចោលគោក្របី ដើម្បីរកកន្លែងមានសុវត្ថិភាព។ នៅអំឡុងឆ្នាំ១៩៧២ ឪពុក បានមកលេងស្រុកកណើត ខ្ញុំបានដឹងថា គាត់មានឋានៈធំ និងបាននាំកូនប្រុសពីរទៀតឲ្យចូលធ្វើការងារជាមួយទី១)ឈ្មោះជុន ជឿនអាយុ១៨ឆ្នាំ ទី២)ជុន ជាក់ អាយុ១៧ឆ្នាំ ចូលបម្រើបដិវត្តន៍ខ្មែរក្រហម មានតួនាទីជាពេទ្យតំបន់២០ ស្រុកមេសាង ភូមិភាគបូព៌ា ដឹកនាំដោយ សោ ភឹម។ នៅឆ្នាំ១៩៧៣ ឪពុកបានមកលេងស្រុកកំណើតម្តង ដើម្បីសួរសុខទុក្ខប្រពន្ធកូន និងមានសម្លៀកបំពាក់ជាយោធាខ្មែរក្រហម។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា[4]។ នៅពាក់កណ្តាលឆ្នាំ១៩៧៥ ឪពុកខ្ញុំ បានមកលេងស្រុកកំណើតម្តងទៀត បានជួបប្រពន្ធ និងកូនៗ តែមិនបានឃើញបងប្រុសទាំងពីរមកជាមួយគាត់ទេ។ ឪពុកខ្ញុំ បានបើកបររថយន្តដោយខ្លួនឯង និងមានយោធាម្នាក់ជាកងការពារ ដែលមានតួនាទីពេទ្យចាំជួយមើលថែទាំសុខភាពឪពុកខ្ញុំ។ នៅពេលមកដល់ស្រុកកំណើត បានជួបបងប្អូនអ្នកភូមិធ្លាប់អ្នកធ្វើការងារជាមួយគ្នាពីមុនមកដូចជាប្រធានភូមិ ប្រធានកង ប្រធានសហករណ៍ តែងតែគោរពស្រឡាញ់ឪពុកខ្ញុំ និងបានផ្តល់របបអាហារថែមទៀត នៅពេលនោះ ឪពុកខ្ញុំក៏បានអប់រំណែនាំថា យើងត្រូវខិតខំធ្វើការងារជូនបក្ស បើសិនជាយើងមិនខិតខំធ្វើការងារទេ អង្គការមើលឃើញ អាចចោទយើងជាខ្មាំងក្បត់អង្គការ។ ខ្ញុំសម្គាល់ឃើញថា ឪពុក មានឋានៈធំគ្រាន់បើនៅក្នុងតំបន់២០ ភូមិភាគបូព៌ានេះ តែមិនដែលឃើញគាត់យករបស់របរអ្វីមួយមកផ្ញើប្រពន្ធកូនទេ គាត់មានភាពស្មោះត្រង់ចំពោះអង្គការ។ ឪពុកខ្ញុំ បានសម្រាកនៅជាមួយប្រពន្ធកូនត្រឹមពីរយប់ក៏ត្រឡប់ទៅកន្លែងធ្វើការវិញ ថែមទាំងបបួលខ្ញុំ ឲ្យទៅជាមួយទៀត តែខ្ញុំមិនព្រមទៅសុខចិត្តនៅជាមួយម្តាយវិញ ចាប់តាំងពីពេលនោះមកបាត់ដំណឹងឪពុក រួមទាំងបងប្រុសពីរនាក់ថែមទៀត។
នៅក្រោយឆ្នាំ១៩៧៥ ខ្ញុំ ក៏បានចូលបម្រើបដិវត្តន៍ខ្មែរក្រហម នៅមន្ទីរសេដ្ឋកិច្ចស្រុកមេសាងតំបន់២០ ភូមិភាគបូព៌ា ដឹកនាំដោយសោ ភឹម ។ នៅពាក់កណ្តាលឆ្នាំ១៩៧៧ ប្រជាជនរស់នៅភូមិភាគបូព៌ាទិសខាងកើតត្រូវបានខ្មែរក្រហម ជម្លៀសទៅទិសខាងលិចខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ លើកលែងគ្រួសារខ្ញុំ មិនត្រូវបានជម្លៀសទេ។ នៅដើមឆ្នាំ១៩៧៨ បុរសឈ្មោះ ភី ធ្វើការងារខាងសេដ្ឋកិច្ចជាមួយគ្នា បានស្នើប្រធានក្រុមសុំរៀបមង្គលការ ខ្ញុំក៏យល់ព្រមតាមការស្នើសុំ នៅក្នុងរបបខ្មែរក្រហម បើយើងមិនព្រម មិនធ្វើតាមក៏មានកំហុសដែរ ពិធីរៀបមង្គលការស្រេចលើអង្គការជាឪពុកម្តាយជាអ្នករៀបចំ ដំបូងខាងនារីចូលអង្គុយកៅអីមុនបុរស បន្ទាប់មក អង្គការហៅមួយឈ្មោះគូនីមួយៗឲ្យចាប់ដៃគ្នាឡើងធ្វើការប្តេជ្ញាចិត្តនូវចំពោះមុខប្រធានអង្គភាព ដែលជាកម្មាភិបាលខ្មែរក្រហម នៅពេលចប់ពិធីមង្គលការទៅធ្វើការងាររៀងៗខ្លួនវិញ។ នៅអំឡុងឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគនិរតីមកគ្រប់គ្រងកម្មាភិបាលភូមិភាគបូព៌ា បន្ទាប់មានព្រឹត្តិការណ៍តាមចាប់ខ្លួនសោ ភឹម។ នៅក្នុងពេលនោះដែរ ប្រជាជន និងកម្មាភិបាលភូមិភាគបូព៌ា រស់នៅយ៉ាងវេទនា រួមទាំងមានការភ័យខ្លាចជារៀងរាល់ថ្ងៃ ថែមទាំងគ្មានអាហារហូបគ្រប់គ្រាន់ រួមទាំងមានការចាប់ខ្លួនថ្នាក់ដឹកនាំខ្មែរក្រហមធំៗថ្នាក់ស្រុក តំបន់ ភូមិភាគ រហូតដល់ថ្នាក់មូលដ្ឋាន ខ្លះក៏រត់ភៀសខ្លួនទៅប្រទេសវៀតណាម។ ខ្ញុំ និយាយនេះ មិនមែនមានន័យថា កម្មាភិបាលខ្មែរក្រហម ភូមិភាគនិរតីអាក្រក់ទាំងស្រុងទេ នៅក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥-១៩៧៧ កម្មាភិបាលភូមិភាគបូព៌ាដឹកនាំដោយសោ ភឹម ក៏បានបង្ខំឲ្យប្រជាជនធ្វើស្រែលើកទំនប់ ជីកប្រឡាយ គ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់ ថែមទាំងចាប់ខ្លួនប្រជាជន១៧មេសា និងអតីតទាហានឧត្តមសេនីយលន់ នល់ យកទៅដាក់មន្ទីរសន្តិសុខទួលជើងចាប រួចហើយសម្លាប់ចោល(ដែលមានទីតាំងនៅក្នុងភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង)។
កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា(សាធារណរដ្ឋប្រជាមានិតកម្ពុជា[5])។ ខ្ញុំ បានរស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ពិតមែន តែខ្ញុំ នៅមានអាម្មរណ៍សោកស្តាយបំផុត ដែលបានរស់នៅក្នុងរបបខ្មែរក្រហម រួមទាំងឪពុកបង្កើត បងប្រុសពីរនាក់ និងខ្លួនឯងផ្ទាល់បានចូលរួមបម្រើបដិវត្តន៍ខ្មែរក្រហម ដោយស្មោះត្រង់នៅទីបំផុត បានត្រឹមខកចិត្តថែមទាំងបាត់បង់សមាជិកគ្រួសារ។ ម្តាយរបស់ខ្ញុំ ក្លាយជាស្រ្តីមេម៉ាយ គាត់វិលវុលក្នុងចិត្ត មានសត្តិអារម្មណ៍មិនសូវល្អ ភ្លេចមុខភ្លេចក្រោយបាត់ការចងចាំ ក៏សម្រេចចិត្តទៅបួសធ្វើជាដូនជីអស់រយៈពេលជាងបីឆ្នាំ ដោយសារការបាត់បង់ប្តី និងកូនជាទីស្រឡាញ់៕
អត្ថបទដោយ សុខ វណ្ណៈ
[1] ឯកសារប្រវត្តិរូបលេខ(I02348)
[2] បទសម្ភាសន៌ដោយបុគ្គលិកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (លេខ PVI0038)
សុខ វណ្ណៈ សម្ភាសន៍ ជាមួយឈ្មោះ ជុន សាវឿន អាយុ៤៥ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់ប្រវត្តិរូបឈ្មោះ ប៊ូ ភឿន រស់នៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥។
[3] ផេង ពង្សរ៉ាស៊ី,ដេវីត ឆេនដល័រ,គ្រីស្តូហ្វ័រ ឌៀរីង និងសុភ័ក្រ្ត ភាណា (សៀវភៅប្រវត្តសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ឆ្នាំ២០២០)ជំពូកទី២ ទំព័រទី១១
[4] ជំពូកទី៣ ទំព័រទី១៣(ឆ្នាំ២០២០) មជ្ឈមណ្ឌលឯកសារកម្ពុជា
[5] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា
បោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១