ការរត់គេចចេញពីរបបខ្មែរក្រហម ដោយមិនជោគជ័យ

ប្រះ ម៉ាត់[1] បានឆ្លើយនៅក្នុងចម្លើយសារភាពរបស់ខ្លួន ចុះកាលបរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧ អំពីការណែនាំឲ្យរត់គេចខ្លួន និងការសម្រេចចិត្តគេចខ្លួនជាមួយគ្នីគ្នាចំនួន៤នាក់ផ្សេងទៀត។ ការរត់គេចខ្លួនចូលក្នុងព្រៃក្នុងគោលបំណងធ្វើដំណើរឆ្ពោះទៅប្រទេសថៃ គឺមិនបានជោគជ័យទេ។ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាងដប់ថ្ងៃ អ្នកទាំងបីត្រូវបានកងទ័ពខ្មែរក្រហមឃាត់ខ្លួន ខណៈដែលម្នាក់ទៀតបានបែកគ្នាយ៉ាងអាថ៌កំបាំងនៅក្នុងព្រៃ។ ម៉ាត់ បានឆ្លើយសារភាពដូចខាងក្រោម៖
ប្រះ ម៉ាត់ មានទីកន្លែងកំណើតនៅភូមិកប់ភ្លុក ឃុំភ្លើងឆេះរទេះ ស្រុកដង្កោ ខេត្តកណ្តាល។ ឪពុករបស់ម៉ាត់ឈ្មោះ ប្រះ នន់ (ស្លាប់) និងម្តាយឈ្មោះ ថៃ សួន ដែលអ្នកទាំងពីរប្រកបរបរត្បាញបង្គី សម្រាប់ចិញ្ចឹមជីវិត។ ម៉ាត់ មានបងប្អូនបង្កើតចំនួន៦នាក់ (ប្រុស៥នាក់ និងស្រី១នាក់)។ ម៉ាត់រស់នៅជាមួយឪពុកម្តាយរហូតដល់ឆ្នាំ១៩៦៨ ដែលនៅពេលនោះ ម៉ាត់ ចាប់ផ្តើមរៀបគ្រួសារ។ ម៉ាត់ បានប្រកបរបរជាច្រើនដើម្បីចិញ្ចឹមគ្រួសារ រួមមាន៖ រែកដី ជាងផ្ទះ ធ្វើម៉ុងចិន និងធាក់រឺម៉ក ជាដើម។ នៅក្នុងខែតុលា ឆ្នាំ១៩៧៣ ម៉ាត់ ក៏បានចូលបម្រើជាកងស្វាយត្រាន នៅក្នុងឃុំភ្លើងឆេះរទេះ បន្ទាប់ពីទទួលបានការអប់រំបំពាក់បំប៉នពី កាន ដែលជាមេឃុំ។ ភារកិច្ចរបស់ម៉ាត់ គឺស៊ើបការពិនិត្យកងទ័ពរំដោះ និងតាមដានប្រជាជន។
នៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ ម៉ាត់ ត្រូវបានអង្គការជម្លៀសទៅកាន់ភូមិធាយ ឃុំវត្តអង្គ ស្រុកទូកមាស តំបន់៣៥។ ម៉ាត់ បានបញ្ជាក់ថាខ្លួនមិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់មាគ៌ារបស់បក្សទេ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧។ ម៉ាត់ ក៏ធ្លាប់ត្រូវបានអង្គការចាត់ឲ្យទៅធ្វើការងារនៅឃុំជួច និងឃុំសំរោង នៃស្រុកដដែល រយៈពេលមួយខែ។
នៅពេលត្រឡប់ពីការងារនៅក្នុងឃុំទាំងពីរ ម៉ាត់ ក៏បានឆ្លៀតទៅអង្គុយលេងផ្ទះ តានី ដែលស្ថិតនៅចម្ងាយតែ៨ម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់ខ្លួន។ តានី ក៏ចាប់ផ្តើមសួរ ម៉ាត់ ថា៖ «តើ ម៉ាត់ ឯងមានដឹងរឿងទេ»។ ម៉ាត់ ក៏ឆ្លើយថាខ្លួនមិនដឹងរឿងអ្វីទេ។ តានី ក៏បានប្រាប់ម៉ាត់ថា ក្នុងពេលដែលម៉ាត់កំពុងធ្វើការងារនៅឯឃុំទាំងនោះ អង្គការបានបញ្ជូនមនុស្ស៤នាក់ឲ្យទៅរៀនសូត្រ។ តានី បញ្ជាក់ទៀតថា ៖ «រូបអ្នកណាក៏ដូចរូបអ្នកណាដែរ ឲ្យតែអង្គការតម្រូវទៅរៀនសូត្រ គឺមិនសូវឃើញត្រឡប់មកផ្ទះវិញទេ»។ តានី ក៏បានប្រាប់ឲ្យម៉ាត់រត់គេចខ្លួន ក្រែងបានរួចខ្លួន។ ការសន្ទនារបស់អ្នកទាំងពីរក៏ត្រូវបានផ្អាក ដោយសារតែមានប្រជាជនដើរកាត់មុខផ្ទះ។
នាល្ងាចម៉ោង៧ នៃថ្ងៃបន្ទាប់ អ្នកទាំងពីរជួបនិយាយគ្នាបន្តទៀត។ តានី បានប្រាប់ថា អ្នកទាំងឡាយដែលធ្លាប់ធ្វើការងារនៅក្នុងទឹកដីខ្មាំងកាលពីមុន ត្រូវបានអង្គការបញ្ជូនទៅរៀនសូត្រជាបន្តបន្ទាប់។ តានី ក៏បានសួរអំពីការសម្រេចចិត្តរបស់ ម៉ាត់។ ម៉ាត់ ក៏បានបង្ហាញពីភាពស្ទាក់ស្ទើរ ដោយហេតុថាមានកងទ័ពខ្មែរក្រហមច្រើនណាស់។ តានី ក៏បន្តក្រើនរំឭកថា បើមិនគេចខ្លួនទេ ម៉ាត់ប្រាកដជាត្រូវស្លាប់ជាក់ជាពុំខាន។ តានី ក៏បាននិយាយទៀតថា៖ «ម៉ាត់អើយជឿតាទៅ! តាមិនចេះភូតភរទេ ពេលរៀបចេញទៅ ម៉ាត់ឯងទៅយកក្រម៉ាពីប្រពន្ធខ្ញុំមួយទៅ ខ្ញុំបានប្រាប់គាត់ហើយ»។ នៅពេលនោះ ម៉ាត់ក៏បានយល់ស្របជាមួយតានី ហើយ តានី បានប្រាប់ថា មនុស្សពីរនាក់ទៀត រួមមាន វុធ និង ស៊ីន ក៏នឹងរួមដំណើរនេះដែរ។ អ្នកទាំងពីរនាក់ក៏ត្រូវផ្អាកនិយាយគ្នាទៀត ដោយសារតែបានឮមាត់ប្រធានសហករណ៍ ដែលកំពុងដើរសំដៅមករកខ្លួន។
លុះព្រឹកឡើង ម៉ាត់ ក៏បានធ្វើការងារធម្មតា និងបានជួបជាមួយ វុធ និង ស៊ីន ដែលអ្នកទាំងពីរក៏បានទទួលការណែនាំពី តានី ដូចគ្នា។ ស៊ីន ក៏បានប្រាប់ ម៉ាត់ ថា កែម ក៏នឹងរួមដំណើរនៅក្នុងការរត់គេចខ្លួននេះដែរ។ ម៉ាត់ក៏បានទទួលការបញ្ជាក់ពី វុធ ដែរថាខ្លួនក៏នឹងរត់គេចខ្លួនដែរ ដោយកំណត់យកវេលាម៉ោង៨យប់ និងទីតាំងរោងស្ករចាស់ នៃភូមិកន្ទឹម ដែលជាទីណាត់ជួបគ្នា។
ដូចការណាត់ អ្នកទាំងបួនក៏បានជួបគ្នា ហើយ កែម បាននិយាយថា ខ្លួនអាចចិញ្ចឹមមិត្តទាំងអស់គ្នានៅក្នុងក្រុមដោយមិនឲ្យដាច់ពោះទេ។ ប៉ុន្តែយើងត្រូវធ្វើដំណើរឲ្យដល់ទឹកដីសៀម តាមផ្លូវភ្នំល្អាង និងផ្លូវតានី ដែលជាផ្លូវដឹកអុស។ បន្ទាប់ពីធ្វើដំណើរអស់រយៈពេលមួយយប់មួយថ្ងៃ អ្នកទាំងបួនក៏បានទៅដល់ភ្នំក្រាំងលាវ និងបានឮសម្លេងកូនគោស្រែក។ ដោយសារតែភាពហេវហត់ អ្នកទាំងបួនក៏គិតគូររកម្ហូបអាហារ និងបានស្រុះស្រួលគ្នាដើរសំដៅទៅកូនគោនោះ។ អ្នកទាំងបួនក៏ស្រាប់តែប្រទះឃើញបុរសម្នាក់បររទេះគោ និងកុមារម្នាក់ដែរ រួមជាមួយឆ្កែពីរក្បាលផង។ ដោយសារឆ្កែព្រុសខ្លាំងពេក អ្នកទាំងបួនក៏នាំគ្នារត់រកកន្លែងពួន។ បន្ទាប់ពីបុរសនោះបរទេះផុតទៅ ម៉ាត់ បាននិយាយថា កែម ក៏បានបាត់ខ្លួនឈឹង ដោយមិនដឹងទៅទីណាទេ។ ម៉ាត់ បានបន្តថា មិត្តក្នុងក្រុមនៅសល់តែបីនាក់ទេ ប៉ុន្តែនៅតែប្តេជ្ញាថានឹងបន្តដំណើរទៅមុខទៀត ក្នុងទិសដៅឆ្ពោះទៅប្រទេសសៀមដដែល។
ម៉ាត់ ក៏បានឆ្លើយទៀតថា ខ្លួននិងមិត្តរួមដំណើរពីរនាក់ទៀត ក៏នាំគ្នាដើរបណ្តើរ និងនិយាយគ្នាបណ្តើរ អស់រយៈពេល១០ថ្ងៃទៀត ដែលនៅពេលនោះក៏បានជួបជាមួយកងទ័ពការពារផ្លូវជាតិលេខ៤។ កងទ័ពក៏បានសាកសួរ និងនាំយកអ្នកទាំងបីទៅកាន់ទីតាំងកងទ័ព។ បន្ទាប់ពីផ្តល់បាយឲ្យហូបរួចមក ខ្លួន និងមិត្តរួមដំណើរទាំងពីរ វុធ និង ស៊ីន ត្រូវបានឃាត់ខ្លួនតែម្តង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧។
ចម្លើយសារភាពរបស់ម៉ាត់ ក៏បានចង្អុលបង្ហាញឈ្មោះ និងភិនភាគសំគាល់របស់អ្នកដែលរួមសកម្មភាពចំនួនពីរនាក់ដែរ រួមមាន៖ (១) តានី ដែលមានអាយុ៦០ឆ្នាំ និងមានតួនាទីជាសមាជិកសេដ្ឋកិច្ចសហករណ៍ភូមិធាយ មានកំពស់១ម៉ែត្រ៦០ សម្បុរសល្មម ក្បាលធំ ភ្នែកធំ ដាក់ធ្មេញមាសមួយក្រាស់ខាងលើ ស្លាកស្នាមបាក់ជើងស្តាំ និងមានប្រពន្ធចំនួនពីរ(ស្លាប់មួយ) និងមានកូនចំនួន៧នាក់ ព្រមទាំង (២) កែម ដែលមានអាយុ៣៩ឆ្នាំ និងមានតួនាទីជាសមាជិកសហករណ៍ភូមិធាយ មានកំពស់១ម៉ែត្រ៦៥ សម្បុរខ្មៅ មាឌធំមាំ ក្បាលធំ ភ្នែកល្មម ដុះពុកមាត់ច្រើន ដាក់ធ្មេញមាសថ្គាមចំនួនមួយ និងមានប្រពន្ធ ព្រមទាំងកូនចំនួន៥នាក់៕
អត្ថបទដោយ លី សុខឃាង
[1] ចម្លើយសារភាពរបស់ឈ្មោះ ប្រះ ម៉ាត់ នាទីសមាជិកសហករណ៍ ភូមិធាយ ឃុំវត្តអង្គ ស្រុកទូកមាស តំបន់៣៥ រត់ចូលព្រៃថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៧៧ ដែលមាននៅក្នុងឯកសារលេខ J00262 នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក៏បានរក្សាទុកនៅក្នុងការិយាល័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែរ។ ចម្លើយសារភាពមិនត្រូវបានចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែជាចម្លើយដែលកើតចេញពីអំពើទារុណកម្ម។