ញុះញង់កុមារ

(កោះកុង) “ញុះញង់[1]  ( កិ. ) ញុះ​ញយ​ៗ​គឺ​និយាយ​ចាក់​រុក​នាំ​អុច​អាល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​អ្វី​ៗ​ដែល​មិន​គប្បី, ឲ្យ​ឈ្លោះ​ឲ្យ​​ទាស់ទែង​គ្នា, ឲ្យ​បាក់​បែក​គ្នា: កុំ​និយាយ​ញុះញង់​ឲ្យ​កើត​មាន​សាមគ្គី​ភេទ, គេ​នៅ​សុខ​ៗ វា​មក​ញុះញង់​ឲ្យ​បែក​គ្នា។” នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ហ៊ួយ បានរៀបរាប់រឿងរ៉ាវបទពិសោធន៍ជីវិត​ ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅអំឡុងរបប លន់ នល់ គ្រប់គ្រងអំណាច តំបន់ដែលគាត់រស់នៅ គឺក្នុង​ស្រុកកំពង់ត្រាច មានការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង។ ហ៊ួយ និងគ្រួសារបានរត់ភៀសខ្លួនមួយរយៈចេញពីស្រុកកំពង់ត្រាច ទៅកាន់ដំណាក់ស្ដេច នៅខេត្តកែប។ ការទម្លាក់គ្រាប់បែក បានបណ្ដាលឲ្យខូចខាតផ្ទះសំបែង, ផ្លូវថ្នល់ និងទ្រព្យសម្បត្តិមួយចំនួនទៀត។  បន្ទាប់ពីការទម្លាក់គ្រាប់បែក មានភាពស្ងប់ស្ងាត់ គាត់បានវិលត្រលប់ទៅកាន់ស្រុកកំពង់ត្រាចវិញ។

នៅឆ្នាំ១៩៧៥ ជាឆ្នាំដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច ហ៊ួយ មិនត្រូវបានជម្លៀសចេញពីស្រុកកំពង់ត្រាចឡើយ។ ការងារដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើនោះរួមមាន លើកទំនប់, ជីកប្រឡាយ, ដកស្ទូង, ដាំដំណាំ និង ការងារជាច្រើនផ្សេងទៀត។  ខ្មែរក្រហម ចាត់តាំងឲ្យប្រជាជនធ្វើការងារច្រើន សឹងតែគ្មានពេលសម្រាក ដោយត្រូវប្ដូរកន្លែងធ្វើការពីមួយកន្លែងទៅមួយកន្លែងមួយទៀតឥតឈប់ឈរ។ នៅក្នុងរបបខ្មែរក្រហម ហ៊ួយ មិនបានសិក្សារៀនសូត្រឡើយ ព្រោះអង្គការមិនអនុញ្ញាតឲ្យប្រជាជនមានចំណេះជ្រៅជ្រះទេ។ ប្រជាជន ត្រូវតែខិតខំធ្វើការងារជូនអង្គការឲ្យគ្រប់តាមផែនការ កំណត់។

នៅក្នុងរបបខ្មែរក្រហម មានតែកុមារតូចៗប៉ុណ្ណោះដែលអាចរៀនសូត្របានខ្លះៗ គឺរៀនអក្សរត្រឹមតែ៤-៥តួ។ ម៉្យាងទៀត គ្រូបង្រៀនរបស់ខ្មែរក្រហម បណ្តុះកុមារទាំងអស់នោះ ឲ្យស្រឡាញ់និងស្មោះត្រង់នឹងអង្គការ ព្រមទាំងត្រូវចាត់ទុកអង្គការថាជាឪពុកម្ដាយ។ ខ្មែរក្រហមថែមទាំងញុះញង់ឲ្យកុមារទាំងអស់លួចតាមដានឪពុកម្ដាយរបស់ខ្លួនថែមទៀតផង ព្រោះខ្មែរក្រហម​ខ្លាចមានប្រជាជ​នក្បត់ជាមួយនឹងអង្គការ។

ចំពោះរបបអាហារ ប្រជាជន​ទទួលបាន​តែបបរលាយជាមួយនឹងសម្លព្រលឹត-ត្រកួន ហើយថ្ងៃខ្លះមានសាច់ជ្រូក និងត្រី។ គាត់បានបន្ថែមថា ដោយសារតែមានភាពខ្វះខាតស្រូវនៅតំបន់របស់គាត់ អង្គការមិនមានផ្ដល់បបរ ឬបាយឲ្យប្រជាជនឡើយ ដោយផ្តល់តែពោតស្ងោរ។ ហ៊ួយ បាននិយាយថា មានចំនួនតិចថ្ងៃណាស់ដែលគាត់បាន​បបរហូប ដោយគាត់ត្រូវហូបពោតស្ងោរជារៀងរាល់ថ្ងៃអស់រយៈពេល២ខែ។​ ថ្វីត្បិតតែ នៅក្នុងរបបខ្មែរក្រហម ហ៊ួយ បរិភោគអាហារមិនគ្រប់គ្រាន់យ៉ាងណាក្ដី គាត់មិនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ហួយ គ្រាន់តែឈឺក្បាល និងអស់កម្លាំងប៉ុណ្ណោះ។ នៅពេលដែលមិនស្រួលខ្លួន គាត់​គ្រាន់តែកោសខ្យល់ រួច​ទៅធ្វើការបន្តទៀត។

ហ៊ួយ មិនហ៊ានឈប់សម្រាកទេនៅពេលដែលគាត់ឈឺ ព្រោះខ្លាចអង្គការបង្អត់អាហារ។ នៅក្នុងរបបខ្មែរក្រហម អ្នកជំងឺដែលមានសិទ្ធិឈប់សម្រាកពីការងារបាន លុះត្រាតែ​បុគ្គលនោះមានជំងឺធ្ងន់ធ្ងរ ដែលគ្រូពេទ្យប្រចាំការនៅសហករណ៍មិនអាចព្យាបាលជា។ អ្នកជំងឺធ្ងន់ធ្ងរនោះ អាចឈប់សម្រាកនិងទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំពោះការព្យាបាល គ្រូពេទ្យមិនសូវមានជំនាញវិជ្ជាជីវៈទេ ព្រោះគ្រូពេទ្យមួយចំនួនធំ គឺជាប្រជាជនធម្មតា ពុំ​ធ្លាប់ទទួលបានការសិក្សាវិជ្ជាពេទ្យ​បាន​ខ្ពង់ខ្ពស់អ្វីឡើយ។ ថ្វីត្បិតតែ អង្គការបានបញ្ជូនប្រជាជនឲ្យទៅរៀនពីការព្យាបាល ប៉ុន្តែការរៀននោះគឺមិនត្រឹមត្រូវវិជ្ជាជីវៈឡើយ។ ដូច្នេះ អ្នកជំងឺជាច្រើនបានស្លាប់ ដោយសារតែការព្យាបាលមិនត្រឹមត្រូវ។

នៅក្នុងរបបខ្មែរក្រហម ហ៊ួយ បានបាត់បង់សមាជិកគ្រួសារចំនួន៤នាក់។ ឪពុករបស់គាត់ឈ្មោះ ឃិន ត្រូវបានកងឈ្លបចាប់ខ្លួនទៅដោយប្រាប់ហេតុផលទៅកាន់​គ្រួសាររបស់គាត់ថា នាំយកគាត់ទៅបុកអង្ករនៅសហករណ៍ផ្សេង។ ឪពុករបស់គាត់​ បានបាត់ដំណឹងតាំងពីពេលនោះរហូតមក។ បន្ទាប់ពីកងឈ្លបចាប់ខ្លួនប្ដីទៅបាត់ដូច្នេះម្ដាយរបស់ហ៊ួយ មានការពិបាកចិត្តនិងកើតមានជំងឺ។ គួបផ្សំជាមួយនឹង​ការ​បរិភោគអាហារមិនគ្រប់គ្រាន់ ម្តាយ​របស់​ហ៊ួយ បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត។ ​យាយ និងតារបស់ហ៊ួយ ក៏បានស្លាប់ដោយសារតែមានជំងឺប្រចាំកាយ នៅក្នុង​របប​ខ្មែរក្រហម​ដែរ។

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ហ៊ួយ បានរៀបការជាមួយនឹងស្វាមីនៅចុង​ឆ្នាំ​១៩៧៩។  បន្ទាប់ពីរៀបការរួច ហ៊ួយ និងស្វាមីបានផ្លាស់ទីលំនៅពីខេត្តកំពត ទៅរស់នៅខេត្តកោះកុងរហូតមកទល់សព្វថ្ងៃ៕

សម្ភាសន៍ដោយ៖ គឹម អាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

[1] វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជជួន ណាត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin