ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើន និងមិនរើសមុខនៅពេលរបបរបស់ខ្លួនជិតដួលរលំ
«ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើនឡើង និងលែងរើសមុខទៀតហើយ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមកជិតដល់តំបន់ដែលខ្ញុំ រស់នៅ។ ខ្ញុំឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សទៅសម្លាប់ស្ទើររាល់ថ្ងៃ ហើយទីណាក៏ខ្ញុំឃើញសាកសពដែរ»។ នេះគឺជាការលើកឡើងរបស់ ប៊ុន ថុន[1]។
ប៊ុន ថុន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថុន មានបងប្អូនចំនួន៤នាក់ ហើយ ថុន គឺជាកូនទី២។ ក្នុងចំណោមបងបង្កើតទាំង៤នាក់របស់ ថុន គឺមានបងប្អូន៣នាក់បានចូលបម្រើបដិវត្តន៍ខែ្មរក្រហម ដោយប្អូនម្នាក់ធ្វើជាគ្រូបង្រៀន ត្រូវខ្មែរក្រហមយកទៅសម្លាប់, ប្អូនម្នាក់ទៀតចូលធ្វើកងទ័ពខ្មែរក្រហម ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង ហើយត្រូវបានសម្លាប់ចោលដោយបំផ្ទុះមីននៅទីនោះ ចំណែក ថុន បានចូលធ្វើជាកងទ័ពស្រុកស្វាយទាប ដែលប្តូរទៅជាស្រុកប្រសូត្រនៅក្នុងរបបខ្មែរក្រហម។
នៅឆ្នាំ១៩៧០ ចៅហា្វយស្រុកប្រសូត្របានស្រង់ឈ្មោះ ថុន ឱ្យចូលរៀនពេទ្យបដិវត្តន៍។ បន្ទាប់ពីរៀនពេទ្យចប់ ថុន បានចេញចាក់ថ្នាំឱ្យអ្នកជំងឺនៅក្នុងភូមិឃុំរបស់គាត់បានរយៈពេលកន្លះខែ។ ពេលនោះ ថុន បានឃើញកងទ័ពបដិវត្តន៍ខ្មែរក្រហមនាំគ្នាចេញទៅប្រយុទ្ធនៅសមរភូមិជាបន្តបន្ទាប់ ទើប ថុន សម្រេចចិត្តឈប់ធ្វើពេទ្យ ហើយស្នើសុំខ្មែរក្រហមមកចូលបម្រើកងទ័ពវិញ។ ដំបូងខ្មែរក្រហមឱ្យ ថុន ធ្វើជាឈ្លបយាមការពារឃុំគគីសោមរយៈពេល៤ខែ បន្ទាប់មកទើបជ្រើសរើស ថុន ឱ្យចូលធ្វើកងទ័ពស្រុកប្រសូត្រ។ ថុន បានឡើងទៅវាយប្រយុទ្ធតទល់ជាមួយកងទ័ព លន់ នល់ និងកងទ័ពធីវគី (វៀតណាមខាងត្បូង) ដែលចូលមកក្នុងខេត្តស្វាយរៀង បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយមក ថុន បានឡើងតួនាទីជាប្រធាន «ខ» នៅអង្គភាពកងទ័ពស្រុក និងដឹកនាំកងទ័ពឡើងប្រយុទ្ធជាច្រើនសមរភូមិ រហូតវាយរំដោះបានក្រុងស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
បន្ទាប់ពីទទួលបានជ័យជម្នះ អង្គភាពទ័ពស្រុកប្រសូត្របានហៅ ថុន ទៅប្រជុំ និងរៀនសូត្រដោយលើកឡើងថា «យុទ្ធមិត្តទាំងអស់កុំភ្លើតភ្លើន និងស្រើបស្រាលជាមួយជ័យជម្នះនេះ ហើយមិត្តជាកងទ័ពដូច្នេះមិនអាចឈរជើងនៅក្នុងក្រុងបានទេ គឺត្រូវចុះទៅការពារនៅតាមព្រំដែន។ ថុន បានទៅឈរជើងនៅព្រំដែនធ្លក ក្នុងភូមិធ្លក ឃុំច្រកម្ទេស ស្រុកប្រសូត្រ តំបន់២៣[2]។ ដំបូង ថុន ទទួលបានរបបអាហារគ្រប់គ្រាន់ ព្រោះកងទ័ពម្នាក់ទទួលបានអង្ករមួយកំប៉ុងក្នុងមួយពេល។ រីឯប្រជាជនក៏ត្រូវខ្មែរក្រហមកំណត់របបអាហារដែរ គឺឱ្យហូបរួមគ្នា។ ក្រោយមក អង្គភាពទ័ពស្រុកប្រសូត្របានកាត់របបអាហាររបស់ ថុន នៅសល់ត្រឹមតែកន្លះកំប៉ុងក្នុងមួយពេល ដោយលើកឡើងថារបបអង្ករដែលអង្គភាពកាត់នោះ គឺត្រូវយកទៅឧបត្ថម្ភដល់ប្រជាជនដែលខ្វះខាតនៅតាមសហករណ៍។
ក្រៅពីការងារកងទ័ព អង្គភាពបានចាត់តាំង ថុន ឱ្យជីកស្រះ, ជីកប្រឡាយ, និងជីកអាងទឹកក្នុងមួយថ្ងៃឱ្យបាន៣ម៉ែត្រគុបសម្រាប់មនុស្សម្នាក់ និងលើកភ្លឺស្រែក្នុងមួយថ្ងៃឱ្យបាន២៥ម៉ែត្រ ដូចប្រជាជននៅតាមកងចល័តដែរ ដែលធ្វើឱ្យការរស់នៅរបស់ ថុន ចាប់ផ្តើមលំបាក។ ថុន មិនហ៊ានតវ៉ាឡើយ គឺត្រូវតែធ្វើតាមផែនការរបស់ថ្នាក់លើ។ បន្ទាប់ពីចប់ម៉ោងធ្វើការងារ ថុន ត្រូវចូលរួមប្រជុំជីវភាពទៀត ហើយប្រសិនបើថុន ធ្វើមិនហើយតាមផែនការ ថ្នាក់លើនឹងហៅ ថុន ទៅអប់រំណែនាំដើម្បីធ្វើយ៉ាងណាឱ្យសម្រេចតាមការកំណត់។ ទន្ទឹមនោះ ថុន ក៏បានទទួលបញ្ជាពីអង្គភាពទ័ពស្រុកប្រសូត្រឱ្យត្រៀមប្រយុទ្ធជាប់ជាប្រចាំនៅពេលសភាពការណ៍ជម្លោះនៅតាមព្រំដែនកើតឡើង។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមមានទំនាស់ជាមួយប្រទេសវៀតណាម ហើយអង្គភាពទ័ពស្រុករបស់ ថុន ក៏ទទួលបញ្ជាពី ប៉ុល ពត ឱ្យវាយចូលប្រទេសវៀតណាម។ ថុន បានដឹកនាំទ័ពវាយចូលទឹកដីប្រទេសវៀតណាមបានមួយរយៈខ្លី កងទ័ពវៀតណាមក៏វាយរុញច្រានចូលក្នុងទឹកដីប្រទេសកម្ពុជាវិញ។ នៅពេលវៀតណាមបើកយុទ្ធនាការវាយបកមកលើកងទ័ពខ្មែរក្រហមទ្រង់ទ្រាយធំ ដោយបញ្ជូនកងទ័ព កាំភ្លើងធំ រថក្រោះ យន្តហោះចម្បាំងមក ថ្នាក់លើបញ្ជាមក ថុន និងកងទ័ពស្រុកប្រសូត្រឱ្យគេចខ្លួនទៅនៅចន្រ្តី, ស្រុកសំរោង, ស្រុកមានជ័យថ្មី ក្នុងខេត្តស្វាយរៀង និងទៅនៅទឹកដីខេត្តព្រៃវែងបណ្តោះអាសន្ន។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនកម្មាភិបាល និងកងទ័ពមកពីនិរតីមកគ្រប់គ្រងខេត្តស្វាយរៀង ហើយក៏មានការចាប់ខ្លួនកងសន្តិសុខ គណៈឃុំ គណៈស្រុកនៅក្នុងប្រសូត្រច្រកចូលបាវក្រចៅ ហើយដឹកតាមរថយន្តចេញទៅបាត់អស់។ អ្នកទោសមួយចំនួនទៀត ត្រូវបានខ្មែរក្រហមមកពីភូមិភាគនិរតីយកទៅសម្លាប់នៅមន្ទីរសន្តិសុខវត្តព្រៃតាធឹក ក្នុងឃុំគគីសោម និងមួយចំនួនទៀតបញ្ជូនទៅលត់ដំដោយឱ្យជីកប្រឡាយ និងមិនផ្តល់អាហារឱ្យហូបគ្រប់គ្រាន់ឡើយ។
ថ្ងៃមួយពេល ថុន ឡើងទៅសមរភូមិត្រៀមវាយតទល់ជាមួយវៀតណាម នៅអូរបាត់ទូក ក្នុងស្រុកប្រសូត្រ ក៏ឃើញខ្មែរក្រហមមកពីភូមិភាគនិរតីបណ្តើរអ្នកទោសម្នាក់ដែលជាកងទ័ពខ្មែរក្រហមមានតួនាទីជាប្រធាន «ខ» ទៅបាញ់សម្លាប់ចោលនៅចម្ងាយប្រមាណតែ៣០ម៉ែត្រពីខ្សែត្រៀមរបស់គាត់។ នៅពេលរសៀល ថុន បានដើរទៅមើលទីតាំងកើតហេតុនោះ ក៏ឃើញសាកសពជនរងគ្រោះនៅក្នុងអណ្តូងនៅក្នុងព្រៃ។
នៅលើសមរភូមិ ថុន កាន់កាំភ្លើងធំ ហើយ ថុន សកម្មយ៉ាងខ្លាំងពេលវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមម្តងៗ។ ពេលខ្លះ ថុន ងើបពីខ្សែត្រៀមរត់ទៅបាញ់កងទ័ពវៀតណាម ទើប ថុន បានរួចផុតពីការចោទប្រកាន់ និងចាប់ខ្លួនពីកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី។ នៅពេលមានការជ្រើសកងទ័ពពីស្រុកបញ្ចូលនៅកងពលរបស់មជ្ឈិមម្តងៗ ថុន បានស្នើសុំផ្លាស់ប្តូរអង្គភាព ប៉ុន្តែខាងស្រុកមិនអនុញ្ញាតឱ្យ ថុន ផ្លាស់ប្តូរទេ ព្រោះមិនមានអ្នកដឹកនាំប្រយុទ្ធដែលមានជំហរឹងប៉ឹងដូចគាត់។ ទោះបីយ៉ាងណា នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមតៗមកទៀត បញ្ជាការទ័ពស្រុកប្រសូត្របានបញ្ជូន ថុន ឡើងទៅវាយប្រយុទ្ធតទល់នឹងកងទ័ពវៀតណាមនៅតាមសមរភូមិជាច្រើនដូចជា នៅម្តុំឃុំសង្ឃ័រខាងជើងក្រុងស្វាយរៀង, ស្ពានត្រាំ ស្ថិតនៅខាងលិចក្រុងស្វាយរៀង ហើយ ថុន ក៏មិនដែលគិតថាបាននៅរស់រានមានជីវិតដែរ។ ដោយសារឃើញ ថុន មានបទពិសោធន៍ប្រយុទ្ធនៅលើសមរភូមិ ទើបអង្គភាពទ័ពស្រុកប្រសូត្រដំឡើងតួនាទី ថុន ឱ្យឡើងជាប្រធាន «គ» ប៉ុន្តែ ថុន បានស្នើសុំកាន់តួនាទីប្រធាន «ខ» ដដែល ដោយលើកហេតុផលថា គាត់គ្មានសមត្ថភាពដឹកនាំ ម្យ៉ាងទៀត ថុន គិតថា ប្រសិនបើគាត់មានតួនាទីធំ ទៅថ្ងៃមុខខ្មែរក្រហមនឹងយកគាត់ទៅសម្លាប់មិនខាន។
នៅចុងឆ្នាំ១៩៧៧ ប៉ុល ពត បានបញ្ជូនកងទ័ពភូមិភាគនិរតីបន្ថែមមកទៀត ដើម្បីវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមនៅម្តុំអកនាគស្ថិតនៅឃុំសង្ឈ័រ ស្រុកប្រសូត្រ។ ចំណែក ថុន ត្រូវបានអង្គភាពទ័ពស្រុកបញ្ជូនទៅត្រៀមវាយស្កាត់កងទ័ពវៀតណាមនៅឃុំស្វាយចេក ក្នុងស្រុកសំរោង និងនៅអូរសំដី ក្នុងឃុំពោធិ៍រាជ ស្រុកមានជ័យថ្មី។ ក្រោយការវាយប្រយុទ្ធគ្នាជាមួយវៀតណាមស្ងប់ស្ងាត់ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនក្នុងខេត្តស្វាយរៀងឱ្យទៅរស់នៅស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមបានសរសេរសំបុត្រអញ្ជើញ ថុន និងកងទ័ពស្រុកប្រសូត្រទាំងអស់ទៅប្រជុំ។ ថុន បារម្ភយ៉ាងខ្លាំងពេលទទួលបានលិខិតអញ្ជើញនេះ ព្រោះគាត់គិតថាខ្មែរក្រហមមកពីភូមិភាគនិរតីនឹងយកគាត់ទៅសម្លាប់ចោល ហើយគាត់ក៏លែងបានជួបម៉ែឪនិងបងប្អូនទៀតដែរ។ ថុន បានឡើងជិះរថយន្តដែលខ្មែរក្រហមរង់ចាំដឹកនៅម្តុំកន្ទុយវៃ ក្នុងឃុំចេក ស្រុកស្វាយរៀង ទៅឈប់នៅឃុំព្រៃឈរ ក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ថុន និងគ្រួសារបានសម្រាកនៅកាធាន ក្នុងស្រុកកំពង់ត្របែកមួយយប់។ លុះព្រឹកឡើង ថុននិងអ្នកនៅអង្គភាពទ័ពស្រុកប្រសូត្រទាំងអស់ចេញទៅជួបកម្មាភិបាលខ្មែរក្រហមនៅមន្ទីរស្រុក។ ថុន នៅរង់ចាំជួបកម្មាភិបាលស្រុកកំពង់ត្របែកយ៉ាងយូរជាមួយអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។ នៅវេលាម៉ោង៩ព្រឹក គណៈស្រុកកំពង់ត្របែកហៅ ថុន និងកងទ័ពស្រុកប្រសូត្រទាំងអស់ទៅប្រជុំ និងប្រកាសប្រាប់ថា «សមមិត្តធ្វើការតស៊ូយូរហើយ គឺតាំងពីឆ្នាំ១៩៧០, ៧១, ៧២ មកម្ល៉េះ ឥឡូវថ្នាក់លើត្រូវរំសាយកងទ័ពស្រុកដូច្នេះសូមសមមិត្តកុំអាក់អន់ចិត្តព្រោះវាគឺជាផែនការកំណត់។ ប្រសិនបើសមមិត្តមានបងប្អូនរស់នៅទីនេះ ឬទីណា សូមសមមិត្តទៅរស់នៅចុះ ហើយស្រុកនឹងសរសេរលិខិតបញ្ជាក់ឱ្យម្នាក់មួយច្បាប់»។
មិនយូរប៉ុន្មាន គឺនៅអំឡុងឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀស ថុន និងគ្រួសារពីស្រុកកំពង់ត្របែកទៅអ្នកលឿងដើម្បីជិះស្រឡាងបន្តទៅឈប់នៅច្បារអំពៅ។ នៅទីនោះ ខ្មែរក្រហមបានចែក ខោ អាវ ក្រមា មុង ភួយថ្មី និងចែកអាហារឱ្យ ថុន ហូប រួចហើយក៏ដឹកតាមរថយន្តបន្តទៅដាក់នៅស្ថានីយរថភ្លើងក្រុងភ្នំពេញ។ ថុន និងគ្រួសារ បានជិះរថភ្លើងទៅដល់ស្ថានីយក្នុងស្រុកមោងឫស្សី ខេត្តបាត់បំបង នៅវេលាម៉ោង១ភ្លឺ។ នៅថ្ងៃនោះភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយ ថុន ក៏អៀវឪពុកក្មេករបស់គាត់ចុះពីលើរថភ្លើង ព្រោះឪពុកក្មេករបស់គាត់ពិការ។ មួយសន្ទុះក្រោយមក កម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានចំនួន៤នាក់ដែលមានកាន់ខ្វែវ និងផ្គាក់គ្រប់ដៃមកស្រែកសំឡុត ថុន ថា «ហេតុដូចម្តេចបានជាមិនចេញទៅឱ្យលឿន? តើចង់នៅកន្លែងហ្នឹងឬ?» ថុន ឆ្លើយប្រាប់កម្មាភិបាលខ្មែរក្រហមទាំងនោះថា «គាត់នៅរង់ចាំបងស្រីដែលដើរចូលទៅក្នុងភូមិមុននេះបន្តិច ហើយបងស្រីរបស់គាត់នឹងត្រឡប់មកយកគាត់វិញ ម្យ៉ាងទៀតឪពុករបស់គាត់ពិការដើរមិនរួច»។ មួយរយៈក្រោយមក ថុន បានអៀវឪពុកក្មេករបស់គាត់ចូលដល់ក្នុងភូមិមួយ នៅក្នុងស្រុកមោងឫស្សី។ នៅទីនោះ ថុន ឃើញមានប្រជាជនជម្លៀសមកពីឃុំរមាំងថ្កោល ស្រុកប្រសូត្រ ខេត្តស្វាយរៀង ជាច្រើនគ្រួសារបានរស់នៅភូមិនោះមុនគាត់ទៅទៀត។ ចំណែក ថុន ទើបទៅដល់ថ្មីបានស្លៀកពាក់ខោអាវថ្មីៗដែលខ្មែរក្រហមបើកឱ្យពេលជម្លៀសមកដល់ភ្នំពេញ។ ឃើញដូច្នេះប្រជាជនទៅដល់មុនទាំងនោះលួចខ្សឹបប្រាប់ ថុន ថា «មកដល់ទីនេះ! កុំស្លៀកពាក់ខោអាវល្អៗ និងពាក់នាឡិកា ប្រយ័ត្នខ្មែរក្រហមយកទៅវាយចោល»។ ពេលឮប្រជាជនទាំងនោះប្រាប់ដូច្នេះ ថុន បានដោះនាឡិកាលាក់ទុក និងប្តូរមកស្លៀកពាក់ខោអាវចាស់ៗកុំឱ្យកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានកត់សម្គាល់។ ព្រឹកឡើង កម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានបានបរទេះមកដឹក ថុន និងគ្រួសារ ចេញទៅធ្វើការដោយប្រាប់ថា ទៅធ្វើការ «នៅលើ»។ ដំបូង ថុន ឆ្ងល់យ៉ាងខ្លាំងព្រោះពាក្យថា «នៅលើ» មិនដឹងថានៅទីណា? ក្រោយមកទើប ថុន ដឹងថា «នៅលើ» គឺទៅត្រាយព្រៃនៅលើភ្នំ។
ពេលនោះ ថុន បានរស់នៅបឹងជ្រៃ និងដំណាក់រុន ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មិនយូរប៉ុន្មានកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានបានផ្លាស់ ថុន និងគ្រួសារឱ្យទៅរស់នៅសហករណ៍ផ្សេងដែលក្នុងមួយសហករណ៍មានប្រជាជនជម្លៀសប្រមាណ២-៣គ្រួសារប៉ុណ្ណោះ។ នៅសហករណ៍នោះគឺជាទីកន្លែងសម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅ។ ប្រធានកងខ្មែរក្រហមនៅសហករណ៍នោះបានចាត់តាំង ថុន ឱ្យធ្វើស្រែ និងជីកប្រឡាយ។ ពេលចេញទៅធ្វើការ ថុន បានឃើញសាកសពជាច្រើនត្រូវបានឈ្លបខ្មែរក្រហមអារកសម្លាប់ និងទុកចោលនៅតាមថ្នាលព្រោះស្រូវ។ ថុន និយាយថាថ្នាលធំៗមានសាកសពចំនួន៣០នាក់ ថ្នាលតូចៗមានសាកសពចំនួនពី១៥នាក់ ទៅ២០នាក់។ ថុន បានលួចសួរប្រជាជនមូលដ្ឋានទើបដឹងថា សាកសពទាំងនោះគឺជាប្រជាជន ១៧ មេសា (ឬប្រជាជនថ្មី) និងកម្មករស្រី-ប្រុសធ្វើការនៅតាមរោងចក្រដែលមានឯកសណ្ឋានខោខៀវ និងអាវខៀវ។ មានប្រជាជនម្នាក់ដែលបាននៅរួចរស់ជីវិតរៀបរាប់ប្រាប់ ថុន ថា «ខ្ញុំគឺជាក្រុមចុងក្រោយដែលឈ្លបខ្មែរក្រហមវាយទម្លាក់ចូលទៅក្នុងរណ្តៅ។ ខ្ញុំបានសន្លប់បាត់ស្មារតី។ នៅវេលាម៉ោងប្រមាណ១រំលងអធ្រាត្រខ្ញុំបានដឹងខ្លួន ប៉ុន្តែមានសាកសពចំនួន២សង្កត់លើខ្ញុំ។ ខ្ញុំបានរើខ្លួនរួចហើយរត់គេចចេញពីទីតាំងសម្លាប់។ នៅទីតាំងដែលឈ្លបខ្មែរក្រហមយកខ្ញុំទៅសម្លាប់ គឺខ្មែរក្រហមបានវាយសម្លាប់ប្រជាជនថ្មីប្រមាណជាង៦០នាក់ទម្លាក់ចូលទៅក្នុងអន្លង់ធំមួយ ហើយចុងក្រោយឈ្លបខ្មែរក្រហមអស់កម្លាំងទើបវាយខ្ញុំមិនស្លាប់»។
ពេលនោះ ថុន ដើរទៅធ្វើនៅកន្លែងណាក៏ឃើញសាកសពនៅរាយប៉ាយគ្រប់ទីកន្លែង។ ជាងនេះ ពេល ថុន ដើរចូលទៅក្នុងព្រៃរបោះដែលប្រជាជនដុតនៅរដូវប្រាំង ថុន ឃើញឆ្អឹង និងលលាដ៏ក្បាលមនុស្សពណ៌សនៅពាសពេញព្រៃ។ សាកសពមួយចំនួននៅជាប់ជាមួយខ្សែកប្រាក់ និងខ្សែក្រវាត់ ប៉ុន្តែ ថុន ក៏មិនហ៊ានយករបស់របរទាំងនោះទេ។ ថ្ងៃខ្លះពេល ថុន កំពុងធ្វើការងារនៅការដ្ឋានក៏ឮសំឡេងមនុស្សស្រែក «ម៉ែអើយជួយកូនផង» បន្ទាប់មកក៏ឮសំឡេងវាយសំពង។ នៅពេលស្ងប់ស្ងាត់ ថុន ដើរទៅមើលទីតាំងស្រែកនោះក៏ឃើញសាកសពចំនួន៣ដែលកងឈ្លបខ្មែរក្រហមវាយសម្លាប់រួចទុកចោលនៅត្រែងក្របីដេក។
ឈ្លបនៅតំបន់របស់ ថុន រស់នៅភាគច្រើនមានអាយុចាប់ពី១១ឆ្នាំ ទៅ១៥ឆ្នាំ និងកាចសាហាវខ្លាំងណាស់។ ឈ្លបក្មេងៗទាំងនោះស្ពាយកាំភ្លើងអូសដី និងសម្លាប់មនុស្សទៅតាមការបញ្ជាពីប្រធានឈ្លបដែលមានវ័យចំណាស់នៅក្នុងភូមិ។ កន្លែងដែល ថុន រស់នៅគឺជិតមន្ទីរស្រុក ហើយនៅទីនោះមានរទេះសេះចំនួន៥គ្រឿង។ នៅពេលថ្នាក់លើបញ្ជាមកអ្នកថែសេះឱ្យដឹកសេះទៅលាងសម្អាត រួចហើយអូសរទេះចេញទៅ គឺប្រាកដជាទៅដឹកមនុស្សយកមកសម្លាប់ចោល។
ថ្ងៃមួយគណៈស្រុកបានកោះហៅប្រជាជនទាំងអស់មកប្រជុំ និងបានលើកឡើងថា «ឥឡូវនេះខ្ញុំកំពុងចាប់ផ្តើមស៊ីអំពិល ហើយអំពិលនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ នៅពេលអស់អំពិល ខ្ញុំនឹងចាប់ផ្តើមស៊ីស្វាយម្តង»។ សំដីរបស់គណៈស្រុក គឺជាន័យធៀបដែល ថុន យល់ថា «ស៊ីអំពិល» គឺសម្លាប់ប្រជាជន ១៧ មេសា ឱ្យអស់ ហើយ «ស៊ីស្វាយ» គឺសម្លាប់ប្រជាជន មកពីស្វាយរៀងឱ្យអស់។
នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តំបន់របស់ ថុន រស់នៅ គឺខ្មែរក្រហមនៅគ្រប់គ្រងនៅឡើយ ព្រោះកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម រំដោះបានតែទីតាំងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ និងទីរួមខេត្តបាត់ដំបង ប៉ុណ្ណោះ។ ពេលនោះប្រជាជនជម្លៀសមកពីខេត្តស្វាយរៀងដែលនៅរស់ បានចេញស្វែងរកកូនចៅ ឪពុកម្តាយ បងប្អូន និងសាច់ញាតិដែលបានបែកគ្នា តាមតំបន់ផ្សេងៗក្នុងស្រុកមោងឫស្សី និងសហករណ៍ដែលខ្ញុំរស់នៅ ក៏ប៉ះចំតំបន់ដែលខ្មែរក្រហមនៅគ្រប់គ្រងនៅឡើយ។ ខ្មែរក្រហមនៅតំបន់នោះកោះហៅប្រជាជនដែលទៅតាមរកបងប្អូនទាំងនោះមកប្រជុំ រួចហើយឈ្លបបាញ់សម្លាប់ចោលតែម្តង។ ចាប់តាំងពីពេលនោះខ្មែរក្រហមនៅតាមមូលដ្ឋានសម្លាប់មនុស្សលែងរើសមុខទៀតហើយ ហើយសូម្បីតែប្រធានកងកុមារ ប្រធានកងចល័ត ប្រធានឈ្លប គណៈស្រុក គឺមានសិទ្ធិសម្លាប់មនុស្សទាំងអស់ ឱ្យតែសង្ស័យថានរណាម្នាក់នៅក្នុងភូមិ ឬសហករណ៍បានប្រព្រឹត្តកំហុស។ ពេលខ្ញុំកំពុងជីកប្រឡាយ ខ្ញុំឃើញខ្មែរក្រហមនៅមូលដ្ឋានចងដៃប្រជាជនថ្មី៦នាក់ទៅក្រោយ និងបណ្តើរមកសម្លាប់នៅព្រៃរបោះជិតការដ្ឋានរបស់ខ្ញុំធ្វើការតែម្តង។ នៅពេលល្ងាច ខ្មែរក្រហមនៅមូលដ្ឋានបានបណ្តើរប្រជាជនថ្មីម្តង១នាក់ ម្តង២នាក់ ម្តង៣នាក់មកសម្លាប់ចោល ជាបន្តបន្ទាប់ទៀត។ ខ្ញុំឃើញទីតាំងសម្លាប់ច្រើនកន្លែងណាស់នៅក្នុងសហករណ៍ ដែលខ្ញុំរស់នៅធ្វើឱ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។
ក្រោយមក ខ្មែរក្រហមនៅមូលដ្ឋានប្រកាសប្រាប់ប្រជាជននៅសហករណ៍ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ នឹងមានពិធីជប់លៀងហូបនំបញ្ចុក។ បន្ទាប់ពីប្រជុំចប់ មានគិញម្នាក់បានហែលឆ្លងស្ទឹងមោងឫស្សីពីត្រើយខាងលិចមកសួរខ្ញុំដែលរស់នៅត្រើយខាងកើតស្ទឹងអំពីរបបអាហារ ដែលរោងបាយសហករណ៍ផ្តល់ឱ្យ និងអំពីការធ្វើបាបរបស់ខ្មែរក្រហម ហើយបានហាមប្រាមខ្ញុំកុំឱ្យនិយាយប្រាប់អ្នកផ្សេងថាមានអ្នកមកសួរនាំ។ រំលងបានប៉ុន្មានថ្ងៃ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានវាយចេញពីទីរួមខេត្តបាត់ដំបង ចូលមកភ្នំធិបតី ក្នុងស្រុកគាសក្រឡ ឆ្លងមកស្រុកមោងឫស្សី ហើយរំដោះបានតំបន់ទាំងនោះនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៩។ ខ្ញុំនិងគ្រួសារបានត្រឡប់មកស្រុកកំណើតនៅខេត្តស្វាយរៀងវិញ។ ក្រៅពីបងប្អូនខ្ញុំពីរនាក់ត្រូវបានខ្មែរក្រហមសម្លាប់ ក៏មានតារបស់ខ្ញុំ មីងមា និងបងប្អូនជាច្រើនបានស្លាប់នៅក្នុងរបបខ្មែរក្រហមដែរ៕
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», បទសម្ភាសន៍ រ៉ុន រ៉ាវី ជាមួយ ប៊ុន ថុន រស់នៅភូមិកំពោតទូក ឃុំគគីសោម ស្រុករំដួល ខេត្តស្វាយរៀង។ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
[2] បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារ D០១៦១៩