ប៊ុន គង់ ហៅ សំបុក្រ ហៅ ងិន ៖ លេខាស្រុកពារាំង តំបន់២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ប៊ុន គង់ ហៅ ងិន ហៅ សំបុក[1] អាយុ៤៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានស្រុកកំណើតនៅភូមិកំចាយមារ ឃុំញូញ ស្រុកកំចាយមារ (តំបន់២0) ខេត្តព្រៃវែង។ ខ្ញុំមាននាទីគឺជាអនុលេខាតំបន់២២ និងជាលេខាស្រុកពារាំង[2]។ ពេលខ្ញុំអាយុ១២ឆ្នាំ ទៅនៅវត្តកំចាយមារ នៅបានជាងមួយឆ្នាំ ក៏ត្រឡប់មកនៅផ្ទះវិញ។
នៅឆ្នាំ១៩៥០ ខ្ញុំទៅនៅជាមួយម្ដាយធំ ស្ថិតនៅភូមិកន្រ្តាវ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំនៅជាមួយម្ដាយធំបានមួយឆ្នាំ ចូលជាខ្មែរឥស្សរៈ អ្នកនាំចូលឈ្មោះ ចក់ និង ឈ្មោះ ធីម នៅមន្ទីរស្រុកកំចាយមារ មានឈ្មោះ ចាន់ សុវណ្ណ គឺជាប្រធាន និង ឡុង សំអឿន គឺជាអនុប្រធាន។ នៅឆ្នាំ១៩៥២ ខ្ញុំនៅក្រសួងឃោសនារហូតដល់ឆ្នាំ១៩៥៤ ប្រទេសផ្អាកសង្គ្រាមខ្ញុំធ្វើដំណើរទៅវៀតណាម ប៉ុន្តែទៅដល់ព្រំដែន ខ្មែរ-វៀតណាម ខ្ញុំត្រឡប់មកវិញមានគ្នាចំនួន១៥០នាក់។ ធ្វើដំណើរមកវិញដល់ឃុំក្របៅ ស្រុកកំចាយមារ បានជួប តាទូសាមុត ហើយគាត់បានអប់រំខ្ញុំនិងរំសាយឱ្យត្រឡប់មកផ្ទះរៀងៗខ្លួន។ នៅឆ្នាំ១៩៥៥ ឈ្មោះ សុខ និង ឈ្មោះ ភួង បានអប់រំខ្ញុំឱ្យធ្វើបដិវត្តន៍បន្តទៀត។ ខ្ញុំក៏មកនៅជាមួយ ភួង បានរយៈពេល៣ខែ ពេលនោះមានការបោះឆ្នោត ក្នុងឆ្នាំ១៩៥៥ ចាញ់បក្សសង្គមរាស្រ្តនិយម ខ្ញុំត្រឡប់មកនៅជាមួយគ្រួសារវិញ។
នៅឆ្នាំ១៩៦៤ ឈ្មោះ អ៊ី(មិនបានប្រាប់ពីតួនាទី) បានសរសេរសំបុត្រ ឧទ្ទេសនាមឱ្យខ្ញុំទាក់ទងជាមួយឈ្មោះ កុល(ឆ្នាំ១៩៧៧ ប្រធានមន្ទីរសេនាធិកា ភូមិភាគបូព៌ា) និង យោន (ឆ្នាំ១៩៧៧ លេខាស្រុកល្វាឯម) នៅតំបន់២២។ ពេលខ្ញុំជួប កុល និង យោន ខ្ញុំបានឱ្យសំបុត្រទៅគាត់។ កុល បានបើកសំបុត្រមើលហើយព្រឹកឡើង កុល បាននាំខ្ញុំជិះកប៉ាល់ឡើងនៅព្រែកតាមាក់ ទៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ កុល នាំខ្ញុំទៅបាន៤ទៅ៥ថ្ងៃ កុល ត្រឡប់មកវិញហើយប្រហែលជា១ខែ យោន មកជួបខ្ញុំហើយ យោន ឱ្យខ្ញុំនៅភូមិវិហារសួគ៌ សិនព្រោះយើងមិនទាន់បានស្គាល់ភូមិសាស្រ្តទេ។ ខ្ញុំអនុវត្តន៍តាមការណែនាំរបស់ យោន មិនទាន់បានធ្វើសកម្មភាពអ្វី និងកសាងកម្លាំងបានទេគ្រាន់តែបានទំនាក់ទំនងមនោសញ្ចេតនាជាមួយប្រជាជននៅភូមិ យូរឡង។ បន្ទាប់មកក្រោយពីមិនបានឃើញ យោន មកយូរពេកខ្ញុំបានតាមរក យោន ដល់ជីហែ។ ខ្ញុំរកនៅផ្ទះឈ្មោះ ឈីម ស្រេង ហៅ សឿន[3] អនុលេខាស្រុកកោះសូទិន ពេលនោះខ្ញុំបានដឹងតាមយៈ សឿន បានឱ្យសំបុត្រមកខ្ញុំ រួចខ្ញុំហែកសំបុត្រមើលជាមួយ សឿន។ សំបុត្រនោះក្រដាសស្ដើងពីខាងក្រៅដាក់ថា«ផ្ញើជូនបងភឹម» ខ្លឹមសារសំបុត្រគឺ យោន ដាក់ថា«ខ្ញុំសូមឈប់ធ្វើបដិវត្តន៍ហើយ ពីព្រោះខ្ញុំធ្វើបដិវត្តន៍មានការធុញទ្រាន់ដល់បដិវត្តន៍ ធ្វើបដិវត្តន៍យូរទៅគ្មានបានផលប្រយោជន៍អ្វីសោះ ឃើញតែដើរចុះដើរឡើង ឃើញតែរឿងលំបាកហើយខ្ញុំបន្តទាក់ទងខ្សែខ្មែរសេរីជាមួយ មុត មិនផ្ដាច់ទេ»។ ពេលខ្ញុំឃើញសំបុត្រនេះទៅឱ្យអាចារ្យ វ៉ាន់ យកសំបុត្រនេះឱ្យ បងភឹម ផ្ទាល់។ ព្រឹកឡើងបងភឹម មកជួបខ្ញុំហើយបានអប់រំខ្ញុំ ឱ្យខ្ញុំខំធ្វើការងារមែនទែនចំពោះមនុស្សចាំបងភឹមឱ្យមក។
នៅខែកក្កដា ឆ្នាំ១៩៦៧ ខ្ញុំ,កុល បានទៅទាក់ទងជាមួយឈ្មោះ បួន នៅឃុំត្របែក ស្រុកកំចាយ មារ សម្រាប់ឱ្យឈ្មោះ បួន ធ្វើនីរសារ ដើម្បីទាក់ទងពីតំបន់២២ មាន កុល ទៅតំបន់២០។ ពេលត្រឡប់មកកន្លែងវិញ ជួបឈ្មោះ ទុំ ទើបមកពីតំបន់២២ ពេលនោះ កុល បានឧទ្ទេសនាមប្រាប់ខ្ញុំឱ្យខ្ញុំទទួលស្គាល់ឈ្មោះ ទុំ រួចហើយឈ្មោះ កុល បានប្រាប់ថា ឱ្យអនុវត្តន៍តាម ទុំ ទាំងអស់ព្រោះទុំ គឺជាអ្នកទទួលខុសត្រូវ តំបន់២២។
នៅខែមីនា ឆ្នាំ១៩៧០ អង្គការបានហៅឱ្យទៅរៀនមានគ្នាចំនួន៥នាក់គឺ ទុំ, ខ្ញុំ, មុត, វ៉ាន់ ឪពុក្មេក កុល និង ទុយ ផេង ហៅ ផៃ គឺជាលេខាស្រុកកោះសូទិន[4] ទៅរៀននៅភូមិភាគបូព៌ា។ ពេលកំពុងតែរៀនក៏មានរដ្ឋប្រហារ ។ ដូច្នេះ ទុំ បានឱ្យខ្ញុំត្រឡប់មកវិញជាមួយ មុត ដើម្បីក្ដាប់សភាពការណ៍ ក្នុងតំបន់២២។ ខ្ញុំនិង មុត បានធ្វើដំណើរមកឃើញប្រជាជននៅគ្រប់ទីកន្លែងបានធ្វើបាតុកម្មហែជាក្បួន នៅតាមផ្លូវគ្រប់ស្រុក។ ពេលនោះខ្ញុំ សំដៅទៅ ស្រុកខ្សាច់កណ្ដាល និង ស្រុកពារាំង ឯចំណែក មុត ទៅស្រុកកោះសូទិន។ ពេលក្ដាប់សភាពការណ៍បាន ខ្ញុំសរសេរសំបុត្ររាយការណ៍ទៅឱ្យឈ្មោះ ទុំ អំពីសភាពការណ៍រដ្ឋប្រហារ ប្រជាជនធ្វើបាតុកម្ម។ ក្រោយមកទុំ បានចុះសួររហូតដល់ស្រុកខ្សាច់កណ្ដាលដើម្បីបញ្ជាក់បន្ថែមអំពីប្រជាជនធ្វើបាតុកម្ម ហើយទុំ សួរខ្ញុំថា ពេលដែលប្រជាជនធ្វើបាតុកម្ម តើបានរៀបចំកម្លាំងនៅក្នុងជួរឬទេ? ខ្ញុំបានរាយការណ៍ថា បានរៀបចំកម្លាំងបង្កប់នៅក្នុងជួរគឺឈ្មោះ ហ៊ុយ, ឃឹន,ស៊ុន, យ៉ាន និង គង់ ដែលទាំង៥នាក់នេះខ្ញុំបានរៀបចំឱ្យចូលនៅក្នុងជួរបាតុកម្មរហូតទល់ពេលឈប់។ គោលបំណងបង្កប់នៅក្នុងជួរបាតុកម្មនេះគឺចង់ដឹងក្បួនបាតុកម្មនេះតើមានអ្នកបដិវត្តន៍ដឹកនាំឬទេឬមួយប្រជាជនធ្វើដោយកំហឹងចំពោះរដ្ឋប្រហារ។
នៅឆ្នាំ១៩៧២ ខ្ញុំបានធ្វើសកម្មភាពទាក់ទងជាមួយនឹងខ្សែរបស់ខ្ញុំដោយមានការអប់រំពីឈ្មោះ ទុំ និង យស់ ឱ្យទាក់ទងជាមួយខ្សែបង្កប់នៅក្នុងស្រុកពារាំង និង ស៊ីធរកណ្ដាល។ ខ្ញុំបានទាក់ទងជាមួយឈ្មោះ ឆន គឺជាលេខាស្រុកស៊ីធរកណ្ដាល,យាប គឺជាប្រធានសង្គមកិច្ចស្រុក,ផា គឺជាប្រធាននីរសារស្រុកស៊ីធរកណ្ដាល, ព្រឹម គឺជាប្រធាន កងឈ្លបឃុំ ដើម្បីទាក់ទងគ្នាធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។
នៅក្នុងឆ្នាំ១៩៧៣ អង្គការលើកឡើងពីទិសណែនាំឱ្យចាត់តាំងកម្លាំងសម្ងាត់សម្ព័ន្ធយុវកក ដោយសម្រិតសម្រាំងមាគ៌ាត្រឹមត្រូវធ្វើយ៉ាងណាឱ្យស្អាតស្អំកុំឱ្យមានជាប់និន្នាការនយោបាយ និងកុំឱ្យមាន សមាសភាពមិនល្អ តែផ្ទុយមកវិញខ្ញុំរើសចម្រុះនិងរើសតែអ្នកណាដែលខ្ញុំពេញចិត្ត។ ក្រោយមកអង្គការលើកទិសដៅក្នុងស្រុកពារាំងឃោសនាប្រមូលយុវនារីដើម្បីយកទៅសមរភូមិមុខតែខ្ញុំឃោសនាកុំឱ្យនារីទៅខ្ញុំឃោសនាថាបើយើងទៅខាងមុខ គឺជួបការលំបាកច្រើនពិសេសដល់អាយុជីវិត។ ម្យ៉ាងប្រសិនជាគ្រោះថ្នាក់ពិការពិបាកមានគ្រួសារមិនដូចយុទ្ធជនទេ។ ដូច្នេះមិនមានយុវនារីណាហ៊ានចូលទេហើយសកម្មភាពក្រោយមកទៀត អង្គការបានលើកទិសដៅទិញស្រូវសម្រាប់ផ្ដល់សមរភូមិដោយឱ្យខ្ញុំគឺជាអ្នកទទួលភារកិច្ចទិញនៅក្នុងស្រុកពារាំង ខ្ញុំមិនបានយកចិត្តទុកដាក់ទិញទេតែខ្ញុំបានរាយការណ៍ប្រាប់អង្គការថា ស្រូវនៅក្នុងស្រុកពារាំងមិនមានទេអស់ហើយ។
នៅខែកក្កដា ឆ្នាំ១៩៧៤ អង្គការបានឱ្យខ្ញុំធ្វើទូកប្រយុទ្ធចំនួន៣០០ ហើយខ្ញុំមិនបានអនុវត្តន៍តាមការណែនាំរបស់អង្គការទាំងស្រុងទេគឺខ្ញុំធ្វើយ៉ាងណា រារាំងចលនានេះកុំឱ្យទៅមុខ។ នៅខែមករាឆ្នាំ១៩៧៥ អង្គការឱ្យខ្ញុំចូលក្នុងគណៈសមរភូមិនៅមុខភ្នំពេញ។ ពេលដែលខ្ញុំចូលនោះគឺមានចំនួន៤នាក់ក្នុងគណៈសមរភូមិគឺឈាន គឺជាប្រធាន, តាត អនុប្រធាន, ខ្ញុំសមាជិក និង យោន គឺជាសមាជិក។ ក្រោយទទួលបានជ័យជម្នះ១៧ មេសា អង្គការរំសាយ។ នៅខែឧសភា ឆ្នាំ១៩៧៥ អង្គការចាត់តាំងគណៈតំបន់២២ ហើយត្រូវដកឈ្មោះ ទុំ មកនៅក្រុង។ ពេលនោះអង្គការហៅខ្ញុំមកប្រជុំនៅអូររាំងឪ ក្រោមអធិបតី សោ ភឹម ហៅ សោ-យ៉ាន់[5] លេខាភូមិភាគបូព៌ា ដោយក្នុងមួយស្រុកមានចំនួន២នាក់ លេខានិង អនុលេខា និងក្រសួងតំបន់គ្រប់ក្រសួង។ ចំណែករបៀបវារៈប្រជុំ គឺ១)ប្រកាស ទុំ ចេញពីតំបន់២២ ដែលអង្គការសូមឱ្យមកក្រុងទទួលភារថ្មី,២) ប្រកាសចាត់តាំងគណៈតំបន់ថ្មីមាន មុត លេខា,ខ្ញុំ អនុលេខា ,សាយ សមាជិកទី១,យោន សមាជិកទី៣, ឆន សមាជិកបម្រុង និង ផៃ សមាជិកបម្រុង។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ខ្ញុំមកនៅតំបន់២២។ ពេលខ្ញុំនៅបានរយៈពេល១៥ថ្ងៃឃើញឈ្មោះទុំ និង មុត មកជួបខ្ញុំ ដើម្បីអប់រំឱ្យខ្ញុំកសាងកម្លាំងបង្កប់នៅក្នុងជួរក្រសួង និងកងទ័ព។
នៅខែកក្កដា ឆ្នាំ១៩៧៥ ទុំ និង មុត បានបើកការប្រជុំនៅព្រែកតាមាក់ អំពីផែនការធ្វើសកម្មភាពក្បត់ប្រឆាំងអង្គការបដិវត្តន៍នៅមុខកំពូល។ ទុំ បានលើកឡើងកំណត់ត្រូវធ្វើនៅខែតុលា ឆ្នាំ១៧៥ សព្វថ្ងៃកំពុងតែលំបាកដោះស្រាយជីវភាពឱ្យប្រជាជនដូច្នេះយើងត្រូវធ្វើយ៉ាងណា ដើម្បីបំផុសប្រជាជនឱ្យប្រជាជនធ្វើបាតុកម្មដើម្បីឱ្យកន្លែងផ្សេងៗធ្វើគំរូតាម នៅខែតុលាខាងមុខ។ ពេលខ្ញុំមករៀនវគ្គនយោបាយ បាន រយៈពេល១០ថ្ងៃបានឭអង្គការឧទ្ទេសនាមមានព្រឹត្តិការណ៍កើតឡើងនៅមុខកំពូល។ ពេលខ្ញុំត្រឡប់មកវិញបានជួបជាមួយ បងម៉ុន និង បងចាន់ ពួកគាត់បានប្រាប់ខ្ញុំថា សូមមិត្តយកចិត្តទុកដាក់នៅសភាពការណ៍ នៅមុខកំពូល សភាពការណ៍នេះមិនស្ងប់ស្ងាត់ទេ ថ្ងៃក្រោយអាចផ្ទុះនៅកន្លែងផ្សេងៗទៀត ។
នៅខែធ្នូ ឆ្នាំ១៩៧៥ ខ្ញុំបានបំផុសប្រជាជននៅព្រែកតាមាក់ គឺឱ្យមើលគំរូ មុខកំពូលដែលយើងកំពុងតែខ្វះខាតស្បៀងអាហារដោះស្រាយមិនរួចគឺប្រជាជនមុខកំពូលគេទៅយកឃ្លាំងអង្ករបស់អង្គការយកមកហូបចុះយើង មិនយកឃ្លាំងអង្ករព្រែកពោធិ៍។ នេះគឺជាសកម្មភាពរបស់ខ្ញុំបានបំផុសប្រជាជនឱ្យទៅដណ្ដើមឃ្លាំអង្ករនៅព្រែកពោធិ៍។
នៅខែមិថុនា ឆ្នាំ១៩៧៦ ខ្ញុំបានឡើងទៅប្រជុំនៅភូមិភាគមាន សោ យ៉ាន់ គឺជាប្រធានអង្គប្រជុំ, ភួង គឺជាគណៈអង្គប្រជុំ និង ចាន់ គឺជាគណៈអង្គប្រជុំ។ ពេលនោះ សោ យ៉ាន់ បានលើកឡើងអំពីសភាពការណ៍តាមព្រំដែន រវាងខ្មែរនិង វៀតណាម ដោយ សោ យ៉ាន់ មានយោបល់ថា «ចំពោះសភាពការណ៍នៅតាមព្រំដែនរវាងខ្មែរនិង វៀតណាម ឃើញតែភាពតានតឹងៗឡើង ដូច្នេះយើងត្រូវចេះបន្ធូរសភាពតឹងតែនេះគឺត្រូវចេះអធ្យាស្រ័យចំពោះសភាពការណ៍នេះទោះបីកងទ័ពវៀតណាមវាចូលក្នុងទឹកដីយើង១គីឡូកន្លះក្ដីគឺដាច់ខាតកុំឱ្យប៉ះខាងអាវុធធំឱ្យសោះគឺដាច់ខាតកុំឱ្យបង្ហូឈាម ហើយប្រសិនយើងមិនចេះអធ្យាស្រ័យទេ ធ្វើឱ្យស្ថានការណ៍តាមព្រំដែនមិនបានធូរស្រាលដូច្នេះគឺត្រូវចេះអធ្យាស្រ័យទោះបីវារំលោភមកយ៉ាងណាក្ដី គឺយើងត្រូវជៀសវៀងកុំឱ្យប៉ះឱសោះ ពីព្រោះវៀតណាមគឺជាបងប្អូននៅជិតខាងជាមួយគ្នា។» ចំណែកការទាក់ទងតំបន់២០ គឺឱ្យឈ្មោះ ស៊ុន ទាក់ទងជាមួយ បៃ កាវ ដែលបោះទីតាំងនៅត្រពាំងថ្លុង ដើម្បីដោះស្រាយខាងនយោបាយ និងយោធាស្របទៅតាមច្បាប់ចៀសវាងក្នុងការប៉ះទង្គិចគ្នា។ នៅតំបន់២៣ បងសោ យ៉ាន់ បានណែនាំដល់ បងសូ ឬ អ៊ុក សាវ៉ាន លេខាតំបន់២៣[6] ទាក់ទងជាមួយ បៃ ថៃ ប្រចាំការជាប់ព្រំដែនជាប់តំបន់២៣ ធ្វើយ៉ាងណាឱ្យបានជួបគ្នាញឹកញាប់ដោះស្រាយអំពីសភាពតឹងតែងរវាងតំបន់២៣និងវៀតណាម។ តំបន់២៤ សោ យ៉ាន់ បានណែនាំបងឈូក និង ប៉ៃ ម៉ាប់ ធ្លាប់ស្គាល់គ្នាជាយូរមកហើយ។ ក្រោយចប់អង្គប្រជុំ សោ យ៉ាន់ បានប្រកាសក្នុងអង្គប្រជុំថា នៅតំបន់២២ គឺឱ្យមិត្តឈាន ទទួលលេខាតំបន់។ ចំណែកមុត បន្តជាអនុលេខាទី១និងខ្ញុំគឺជាអនុលេខាទី២។
នៅចុងខែមិថុនា ឆ្នាំ១៩៧៦ បានឃើញឈាន ទៅទទួលភារៈនៅតំបន់២២។ ចាប់តាំងពីបងឈាន ទទួលលេខាខ្ញុំបានទាក់ទងនិងធ្វើការជាប់ជាមួយរហូតដល់ ខែសីហា ឆ្នាំ១៩៧៦ ខ្ញុំបានធ្វើសកម្មភាពជាមួយបងឈាន ដើរគ្រប់ស្រុកនៅស្រុកពារាំង ស្រុកស៊ីធរកណ្ដាល និង ស្រុកអូររាំងឪ ដើម្បីបង្ហាញបងឈាន ស្គាល់ភូមិសាស្រ្ត ម្យ៉ាងទៀតឱ្យខ្សែចាស់ទទួលស្គាល់បងឈាន ងាយស្រួលធ្វើការថ្ងៃក្រោយ។ នៅខែកញ្ញា ឆ្នាំ១៩៧៦ បងឈាន ឱ្យខ្ញុំទទួលលេខាស្រុកពារាំង។ នៅខែតុលា ឆ្នាំ១៩៧៦ ខ្ញុំបានទាក់ទងសហករណ៍ ជាមួយតាចង្កូម ហៅ សារុន[7] លេខាស្រុកព្រៃវែង។ ខ្ញុំបានទប់ទឹកនៅបឹងក្រចាប់ ដែលជាប់គ្នាជាមួយស្រុកព្រៃវែងនិង ស្រុកពារាំង ធ្វើឱ្យរលួយស្រូវអស់ចំនួន៣០០ហិកតា។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំបានធ្វើសកម្មភាពឱ្យប្រជាជនបែកបាក់គ្នារវាងប្រជាជននិងប្រជាជន គឺស្រុកល្វាឯមនិងស្រុកពារាំង ខ្ញុំបានចេញជាស្របច្បាប់ពីមុនមកប្រជាជនស្រុកល្វាឯម និងស្រុកពារាំង គឺមានការទាក់ទង ផ្លាស់ប្ដូរគ្នាទៅវិញទៅមកដល់ពេលក្រោយនេះខ្ញុំបានឃាត់ឃាំងចេញជាសារាចរម៉ឺងម៉ាត់ ដើម្បីកុំឱ្យមានការផ្លាស់ប្ដូរធ្វើឱ្យប្រជាជនស្រុកល្វាឯមនិងពារាំង គឺមានការបែកបាក់សាមគ្គីគ្នារហូតដល់សព្វថ្ងៃ(១៩៧៧)ដោះស្រាយមិនរួច។
នៅខែមីនា ឆ្នា១៩៧៧ អង្គការបានផ្តល់កប្បាសចំនួន១ពាន់គីឡូក្រាមសម្រាប់ឱ្យដាំនៅស្រុកពារាំង តែខ្ញុំណែនាំខ្សែបង្កប់របស់ខ្ញុំដាំនៅកន្លែងដីគ្មានជីជាតិ។ នៅខែមេសា ឆ្នាំ១៩៧៧ ខ្ញុំបានអប់រំកម្លាំងបង្កប់របស់ខ្ញុំនៅតាមមូលដ្ឋានឱ្យធ្វើសកម្មភាពឃោសនានយោបាយគឺចំពោះអ្នកមានកូនខ្ចីតាមទិសណែនាំរបស់អង្គការមុននឹងឆ្លងទន្លេគឺត្រូវបានសម្រាក១ខែ និងក្រោយឆ្លងទន្លេសម្រាកបាន១ខែ។ ដូច្នេះក្នុងម្នាក់សម្រាកបានរយៈពេល២ខែតែខ្ញុំបានបង្វែរថាអ្នកឆ្លងទន្លេកូនខ្ចីបានសម្រាកតែ១ខែគឺមុនឆ្លងទន្លេកន្លះខែនិងក្រោយឆ្លងទន្លេកន្លះខែ។ ឱ្យប្រជាជនគិតថាអង្គការនិយាយមិនទៀង។ សកម្មភាពដាំបាយតាមរបបអង្គការ ចែកជា៤ប្រភេទគឺ ប្រភេទ១ ២កំប៉ុង,ប្រភេទ២ ចំនួន១កំប៉ុង,ប្រភេទ៣ចំនួន១កំប៉ុង និងប្រភេទ៤ចំនួនកន្លះកំប៉ុង។ ខ្ញុំបានប្រាប់ខ្សែខ្ញុំឱ្យដាក់ចំនួន២កំប៉ុងទាំងគ្រប់ប្រភេទ។ ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៧៧ អង្គការបានចាត់ខ្លួនខ្ញុំទៅភូមិភាគបូព៌ា ហើយបានបញ្ជូនមកដល់កន្លែងអង្គការសព្វថ្ងៃនេះ(ឆ្នាំ១៩៧៧)។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខ J០០៨២២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយសម្ងាត់»៖ សរសេរដោយដៃ ចំនួន១០៤ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ប៊ុន គង់ ហៅ ងិន ហៅ សំបុក ពិតឬយ៉ាងណានោះទេ?
[2] ឯកសារលេខ J០០៨៥៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីប្រវត្តិក្បត់របស់ខ្ញុំ»៖ សរសេរដោយដៃ ចំនួន៧៩ទំព័រ។ ទំព័រ២៧។
[3] ឯកសារលេខ K02306 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិអ្នកទោសជាប់ឃុំឃាំង»៖ សរសេរដោយដៃនិងអង្គីលេខចំនួន១ទំព័រ។
[4] ឯកសារលេខ J00852 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយ ទុយ ផេង ហៅ ផៃ»៖ សរសេរដោយដៃនិងអង្គីលេខចំនួន៥៤ទំព័រ។ ទំព័រ១។
[5] ឡុង ដានី,«ប្រវត្តិ និងសកម្មភាពសង្ខេបរបស់ សោ ភឹម លេខាភូមិភាគបូព៌ា»,ទស្សនាវដ្ដីស្វែងរកការពិត, ឆ្នាំទី១៥ លេខ១៨៦,ខែមិថុនា ២០១៥,ទំព័រ២១។
[6] ឯកសារលេខK០១២០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង៖ សូ ស៊ីណាត» វាយអង្គីលេខមានចំនួន១ទំព័រ។
[7] D០៦៦៧៦ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«អំពីប្រវត្តិ ចឹកហៅចង្កូម លេខាស្រុកព្រៃវែងតំបន់២០» សរសេរដោយដៃចំនួន១ទំព័រ។