កងចល័តនារីវ័យកណ្ដាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ុន សេងហាន រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់ ក៏ប៉ុន្តែបងប្រុស២នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាគគរ ស្ថិតនៅក្នុងស្រុកកំពង់សៀម។ ខ្ញុំឈប់រៀន ដើម្បីជួយឪពុកម្តាយប្រកបរបរចិញ្ចឹមជីវិត ដូចជាត្បាញក្រមាលក់ និងធ្វើចម្ការជាដើម។ ខ្ញុំ និងគ្រួសារមានជីវភាពរស់នៅបែបសាមញ្ញធម្មតា ប៉ុន្តែត្រូវបានផ្លាស់ប្ដូរទាំងស្រុង បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០។ ប៉ុន្មានខែក្រោយពីមានរដ្ឋប្រហារ ការធ្វើបាតុកម្មដង្ហែ តាមដងផ្លូវឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាមបានផ្ទុះឡើង ហើយមានអ្នកភូមិជាច្រើនបានចូលរួម។ ខ្ញុំមិនដឹងថា បាតុកម្មនេះ ធ្វើឡើងដើម្បីអ្វីនោះទេ។ នៅឆ្នាំ១៩៧០ដដែរ បងប្រុសបង្កើតរបស់ខ្ញុំម្នាក់ មានឈ្មោះ វ៉ន ឆៃវ៉េត ដែលបានបួសជាព្រះសង្ឃនៅវត្តនាគវ័ន្តនៅទីក្រុងភ្នំពេញ បានធ្វើដំណើរតាមទូកមកជួបជាមួយឪពុកម្ដាយ ដោយនិយាយលាជាលើកចុងក្រោយថា ខ្លួនបានស្ម័គ្រចិត្តបម្រើបដិវត្តន៍។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលបានឃើញបងប្រុសរបស់ខ្ញុំនោះទេ។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមបានមានវត្តមាននៅក្នុងភូមិរបស់ខ្ញុំ។ កងទ័ពខ្មែរក្រហមបានមកស្នាក់ដោយបានដាំបាយហូប និងដេកនៅក្នុងអង្រឹងនៅក្រោមដើមឈើនៅក្នុងទីធ្លាផ្ទះរបស់អ្នកភូមិ។ កងទ័ពខ្មែរក្រហម បានដើរឃោសនាបំផុសប្រជាជនឲ្យ ចូលរួមជាមួយបដិវត្តន៍។ ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនមកវាយបណ្ដេញរហូតដល់កងទ័ពខ្មែរក្រហមបានដកចេញពីភូមិ។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានដាក់កម្លាំងចូលក្នុងភូមិវិញ។
នៅឆ្នាំ១៩៧២ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង រហូតដល់មានការទម្លាក់គ្រាប់បែកបណ្ដាលឲ្យផ្ទះរបស់អ្នកភូមិជាច្រើនខ្នង បានឆេះខ្ទេចគ្មានសល់។ ផ្ទះរបស់ខ្ញុំក៏ត្រូវបានឆេះខេ្ទចផងដែរ។ កងទ័ពខ្មែរក្រហម គឺមិនបានបាញ់តបតវិញទេ និងបានដកកម្លាំងចេញពីភូមិ។ បន្ទាប់ពីការទម្លាក់គ្រាប់ជាច្រើនក្នុងភូមិ ទាហានថ្មើរជើង លន់ នល់ បានបញ្ជូនចូលមកភូមិចំការសាមសិបដើម្បីដើរបោសសំអាតកម្លាំងខ្មែរក្រហមសេសសល់ និងបានឈរជើងនៅភូមិរការគយ គឺជាមូលដ្ឋានឈរជើងរបស់កងទ័ពខ្មែរក្រហម។ នៅដើមឆ្នាំ១៩៧៣ ទាហានថ្មើរជើងលន់ នល់ ត្រូវបានដកទៅទីរួមខេត្តវិញ។ កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិជាថ្មីម្ដងទៀត។ កងវីរសេនាធំរបស់កងទ័ពខ្មែរក្រហម ដឹកនាំដោយតា ហាក់ តា សារ៉េត និងតា ឈូកសៅ បានចូលមកតាំងទីឈរជើង នៅក្នុងបរិវេណផ្ទះរបស់ខ្ញុំ។ កងវរសេនាធំរបស់កងទ័ពខ្មែរក្រហមបានស្នាក់អាស្រ័យអស់រយៈតែមួយថ្ងៃ។ ខ្ញុំបានឃើញកងទ័ពខ្មែរក្រហមបានដាំបាយ និងបានរៀបចំស្បៀងអាហារតាមខ្លួន គឺដើម្បីត្រៀមចេញទៅវាយផ្ដាច់ចូលកាន់កាប់ទីរួមខេត្តកំពង់ចាម។ នៅពេលនោះ ខ្ញុំបានចូលរួមជាមួយចលនាបដិវត្ដ និងបានធ្វើជាប្រធានកងដឹកជញ្ជូននារី។ កងដឹកជញ្ជូននារីត្រូវបានបញ្ជូនទៅខ្សែត្រៀមសមរភូមិក្រោយដើម្បីជួយសែងកងទ័ពរងរបួសយកទៅព្យាបាល និងសម្ភារសឹករួមទាំងគ្រាប់យុទ្ធភ័ណ្ឌ ។ នៅពេលដែលកងទ័ពខ្មែរក្រហមបានយកឈ្នះលើទាហាន លន់ នល់ និងបានចូលកាន់កាប់ទីរួមខេត្តកំពង់ចាម។ នៅចុង ឆ្នាំ១៩៧៣ កងដឹកជញ្ជូននារីរបស់ខ្ញុំត្រូវបានបញ្ជូនទៅដឹកស្បៀងនៅឃ្លាំងមួយស្ថិតនៅក្បែរទីរួមខេត្ត ប៉ុន្តែមិនមានអ្វីនៅសេសសល់ដើម្បីដឹកនោះឡើយ។ ខ្ញុំ បានជិះកង់មើលជុំវិញផ្សារធំទីរួមខេត្តកំពង់ចាម កាប់កាន់ដោយកងទ័ពខ្មែរក្រហម។ បន្ទាប់ពីបានឈរជើងប្រហែលពី៣-៤ថ្ងៃ កងដឹកជញ្ជូននារី និងខ្ញុំត្រូវបានបញ្ជូនមកកាន់មូលដ្ឋានរៀងខ្លួនវិញ។ នៅពេលដែលមកដល់ភូមិវិញ ខ្ញុំបានរស់នៅជាធម្មតារហូតដល់ដើមឆ្នាំ១៩៧៤ ទើបខ្ញុំទទួលបានប្រជាជនខ្មែរកាត់ចិនឈ្មោះថាំង ណាំង ចំនួន១ គ្រួសារ និងអ៊ី មួយ ចំនួន១គ្រួសារជម្លៀសមកពីទីរួមខេត្តកំពង់ចាម។ គ្រួសារជម្លៀសបានស្នាក់នៅ ក្រោមផ្ទះរបស់ខ្ញុំអស់មួយរយៈ។
នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ យុន ដែលជាកងទ័ព ខ្មែរក្រហម ឈរជើងនៅខាងស្រុកពញាក្រែក។ នៅចុងឆ្នាំ១៩៧៦ ប្ដីខ្ញុំត្រូវបានបញ្ជូនទៅឈរជើងនៅសមរភូមិចន្រ្ទា ខណៈពេលដែលខ្ញុំបាន ផ្លាស់ទៅធ្វើស្រែនៅវត្តគគរ។ ខ្ញុំត្រូវទៅធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាកគ្រប់គ្រាន់ និងបែកចេញពីគ្រួសារ។ រហូតដល់ឆ្នាំ១៩៧៧ ប្ដីខ្ញុំបានមកលេងផ្ទះ ហើយនៅពេលនោះខ្ញុំមានផ្ទៃពោះ៤ខែ។ ប្ដីខ្ញុំយកថ្នាំ និងធ្យូងមកទុកឲ្យខ្ញុំសម្រាប់ពេលសម្រាលកូន។ ប៉ុន្មានថ្ងៃក្រោមមក ប្ដីខ្ញុំបាន ចាកចេញទៅបន្ទាយកងទ័ពវិញ។ ខ្ញុំត្រូវបានបញ្ជូនទៅលើកដីនៅទំនប់ព្រែកសង្កែ និងទំនប់ត្រួយចេក នៅក្នុង ភូមិវាលគ្រាលលើ ឃុំទ្រាន ស្រុកកំពង់សៀម។ នៅពេលនោះ ខ្ញុំបានសម្រាលកូនប្រុសម្នាក់ និង នៅសរសៃខ្ចីនៅឡើយ។ ពេលនោះ គឺជាវេលាដ៏លំបាកសម្រាប់ខ្ញុំ៖ ទី១- ភូមិរបស់ខ្ញុំគឺស្ថិតនៅក្រោម ការគ្រប់គ្រងដោយកម្មាភិបាលខ្មែរក្រហមភូមិភាគនិរតី, ទី២- ខ្ញុំទើបតែបានសម្រាលកូនប្រុសម្នាក់ គ្មានកម្លាំងធ្វើការ និង ទី៣- ប្ដីខ្ញុំត្រូវបានចាប់យកទៅសម្លាប់ចោលពីបទមានផែនការក្បត់។ មេភូមិមកពីភូមិភាគនិរតីឈ្មោះ ហ៊ុម ចាប់ផ្ដើមធ្វើប្រវត្តិរូបឡើងវិញ។ ខ្ញុំដឹងថាការសើរើប្រវត្តិរូបឡើងវិញនេះ គឺពិតជាមិនស្រួលនោះឡើយ។ បន្ទាប់ពីការធ្វើប្រវត្តិរូបឡើងវិញរួចរាល់ហើយ អ្នកភូមិជាច្រើនត្រូវបានចាប់ខ្លួន និងដឹកយកទៅសម្លាប់ចោលនៅក្រោយភូមិចំការសាមសិប។ ខ្ញុំបានរួចផុតពី ការចាប់យកទៅសម្លាប់នេះ ពីព្រោះខ្ញុំបានបញ្ជាក់អំពីប្រវត្តិរូបខ្ញុំគឺជាកសិករតែប៉ុណ្ណោះ។[1] នៅខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយចូលមករំដោះប្រជាជនរហូតមកដល់ទីរួមខេត្តកំពង់ចាម។[2] កម្មាភិបាលខ្មែរក្រហម ភូមិភាគនិរតីបានបង្ខំជម្លៀសអ្នកភូមិទៅជាមួយ ប៉ុន្តែខ្ញុំមិនបានទៅនោះទេ ពីព្រោះអ្នកភូមិម្នាក់បាន ប្រាប់ខ្ញុំថាមានការដាក់បង្កប់គ្រាប់មីននៅទៅនោះ។ កម្មាភិបាលខ្មែរក្រហម រត់ភៀសខ្លួនឆ្ពោះទៅទិសខាងលិច ប៉ុន្តែមិនដឹងទៅដល់ទីណាទេ។ ខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ និងទុក្ខវេទនាក្នុងរបបខ្មែរក្រហម។ ខ្ញុំរស់នៅក្នុងភូមិដោយបានប្រកបរបរជាកសិករ រហូតដល់ពេលបច្ចុប្បន្ននេះ។
អត្ថបទដោយ សាំង ចាន់ធូ
[1] បទសម្ភាសន៍ជាមួយ ប៊ុន សេងហាន ប្រជាកសិករ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១