ប្រវត្តិជូរចត់របស់ សុកន

បួ សុកន រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ បួ សុកន ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សុកន និងកុមារឯទៀតនៅក្នុងភូមិស្រែអង្គ្រង ត្រូវខ្មែរក្រហមបង្ខំឲ្យចូលធ្វើការក្នុង​កងកុមារនៅសហករណ៍ត្រពាំងក្រហម។

សុកន ចូលធ្វើការក្នុង​កងកុមារនៅអាយុ ១៣ឆ្នាំ។ សុកន ត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមជាមួយកុមារដទៃទៀត​នៅក្នុង​កង ដោយបែកបាក់ពីឪពុកម្តាយ។ ជារៀងរាល់ថ្ងៃ នៅម៉ោង ៤ទៀបភ្លឺ សុកន ត្រូវក្រោកទៅធ្វើស្រែ, ជីកប្រឡាយ និងលើកទំនប់ តាមការបញ្ជារបស់ប្រធានក្រុម។ សុកន ត្រូវធ្វើពលកម្មពីព្រឹករហូតដល់ម៉ោង ១០យប់ ទើបអាចត្រលប់ទៅសម្រាក។

ពេលបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៧ មេសា សុកន និយាយថា បើអ្នកណាម្នាក់មិនទៅចូលរួម និងគ្មានបង្អែមហូបនោះទេ។ សុកន ត្រូវទៅចូលរួមទាំងអស់កម្លាំង និងមិនបានសម្រាក បន្ទាប់ពីធ្វើពលកម្មពេញមួយថ្ងៃ។

ចំណែកការហូបចុក មានតែរបបអាហារ និងសម្លលាយជាមួយស្លឹកដំឡូងមី, ដំឡូងមី, ដើមចេក និងម្អម ដោយគ្មានសាច់ ឬប្រហុកនោះទេ។ អ្នកដែលមិនទៅធ្វើការ គឺគ្មានអ្វីហូបនោះទេ លើកលែងតែអ្នកមានជំងឺធ្ងន់ប៉ុណ្ណោះ។

ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើពលកម្មហួសកម្លាំង ថ្ងៃមួយ សុកន បានធ្លាក់ខ្លួនឈឺ។ នៅពេលនោះ ខ្មែរក្រហមបានចោទថា សុកន មានជំងឺសតិអារម្មណ៍ និងខ្ជិល។ សុកន ត្រូវធ្វើការទាំងមានជំងឺរហូតដល់ឈឺធ្ងន់ ទើបខ្មែរក្រហមឲ្យសម្រាកនៅមន្ទីរពេទ្យមួយសប្ដាហ៍ និងទទួលបាន​ថ្នាំរាងដូចអាចម៍ទន្សាយហូប។

បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងឲ្យ សុកន ធ្វើជាកងចល័តនៅអូរកាទឹង, អូរតាង, ហាត់ប៉ក់ និងប៉ាកាឡាន់។ សុកន ត្រូវស្ទូងស្រូវ, ច្រូតស្រូវ, បោកស្រូវ, រែកដី និងកាប់ដី ទាំងហាលថ្ងៃហាលភ្លៀង។ សុកន បាននិយាយថា  “ទោះចេះក៏ធ្វើ មិនចេះក៏ធ្វើ”។ បើគាត់មិនធ្វើការ ខ្មែរក្រហមនិងយកគាត់ទៅកសាង។ សុកន ក៏ធ្លាប់ខ្មែរក្រហមយកមនុស្ស​ទៅកសាង ដោយសារលួចបេះផ្លែត្រប់ និងពោត។

នៅពេលល្ងាច ខ្មែរក្រហមធ្វើមីទ្ទិញនៅអូរកាទឹង។ សុកន បានឃើញខ្មែរក្រហមវាយអ្នកណាដែលខ្មែរក្រហមចោទថាខ្មាំងរហូតដល់ស្លាប់ នៅចំពោះមុខប្រជាជន។ នៅពេលនោះ គ្មានអ្នកណាហ៊ានយំ ឬតវ៉ានោះទេ។ ចំណែកឪពុករបស់ សុកន ក៏ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ដំណឹងរហូតមក។

នៅឆ្នាំ១៩៧៩ សុកន បានចាកចេញពីខេត្តរតនគិរី មកទីក្រុងភ្នំពេញ។ ក្រោយមកត្រលប់ទៅរស់នៅស្រុកកំណើតវិញ។

សុកន ចាត់ទុករឿងរ៉ាវទាំងនេះជាប្រវត្តិជូរចត់ ដែលគាត់បានឆ្លងកាត់ និងសង្ឃឹមថាអ្នកជំនាន់ក្រោយបានដឹងពីអ្វីដែលកើតមានឡើងក្រោមរបបខ្មែរក្រហម។ សព្វថ្ងៃ សុកន មានជំងឺក្រពះពោះវៀន និងសន្លាក់ដៃជើង៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin