អ្នកឡើងត្នោតនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) ប៊ុត ឈឿន អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឈឿន មានប្រពន្ធឈ្មោះ អ៊ុយ អៀត និងមានកូនចំនួន៥នាក់ (ស្រី៤នាក់)។ ឪពុកឈ្មោះ ប៊ុត ឆោម និងម្តាយឈ្មោះ ចាន់ ស៊ន។ សព្វថ្ងៃគាត់រស់នៅភូមិឃុំខាងលើជាមួយប្រពន្ធ និងចៅស្រី។

ក្នុងរបបខ្មែរក្រហម ឈឿន រស់នៅភូមិពាយនាយ ហើយកងឈ្លបឃុំបានប្រើឲ្យគាត់ឡើងត្នោតយកទឹក ដើម្បីផលិតស្ករត្នោតសម្រាប់រោងបាយសហករណ៍ពាយនាយ។ ក្នុង១ថ្ងៃ ឈឿន ត្រូវ​ឡើងត្នោតចំនួន ៣ដើម។ ឈឿន ទទួលបានរបបអាហារដូចប្រជាជនដទៃទៀតដែរ គឺបបររាវៗហូបជាមួយសម្លផ្សំពីគល់ចេក និងគល់ល្ហុងពីរពេល គឺថ្ងៃត្រង់ និងល្ងាច​។ ឈឿន បន្តថារបបអាហារនេះមិនគ្រប់គ្រាន់ទេ រូបរាងកាយរបស់គាត់ស្គម​កំព្រឹងគ្មានកម្លាំងកំហែងនៅក្នុងខ្លួន ប៉ុន្តែត្រូវខិតខំឡើងត្នោតព្រោះខ្លាចអង្គការសម្លាប់ចោល។

ឈឿន បានឃើញថាប្រជាជនក្នុងភូមិទាំងអស់សុទ្ធតែមានការលំបាកគ្រប់ៗគ្នា។ លើសពីនេះទៀត ប្រជាជនថ្មី១៧ មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញ មករស់នៅក្នុងភូមិ ជួបប្រទះការលំបាកខ្លាំងជាងប្រជាជនមូលដ្ឋាន។ ប្រជាជនថ្មី ត្រូវឈ្លបខ្មែរក្រហមប្រើឲ្យទូលស្រូវ, កាប់ដី, គាស់គល់ឈើ, លីសែង, ដកស្ទូង, លើកទំនប់ និងច្រូតស្រូវ តាំងពីព្រលឹមរហូតដល់ថ្ងៃរសៀលម៉ោង២ ឬ ម៉ោង៣ ទើបឲ្យសម្រាកហូបអាហារថ្ងៃត្រង់។ ចំណែកប្រជាជនមូលដ្ឋាន អាចសម្រាកហូបអាហារថ្ងៃត្រង់ត្រឹមម៉ោង១១ ឬម៉ោង ១២។

នៅឆ្នាំ១៩៧៧ របបខ្មែរក្រហមផា្លស់ប្តូរការងាររបស់ ឈឿន ឲ្យទៅជីកទំនប់ និងលើកប្រឡាយនៅក្នុងកងចល័តឃុំវិញ។ ការងារនេះលំបាកជាងការងារឡើងត្នោតព្រោះត្រូវធ្វើដំណើរឆ្ងាយៗ ធ្វើការងារច្រើន និងក្រោមកម្ដៅថ្ងៃ។ នៅឆ្នាំ១៩៧៨ ពេលដែលកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រង ប្រជាជនខេត្តព្រៃវែង និងគ្រួសាររបស់ ឈឿន ត្រូវបានជម្លៀសទៅភូមិភាគពាយ័ព្យ ប៉ុន្តែពេលធ្វើដំណើរដល់តំបន់អ្នកលឿងត្រើយខាងកើត របបខ្មែរក្រហមបានដួលរលំ។ គ្រួសាររបស់ ឈឿន និងប្រជាជនបានធ្វើដំណើរត្រលប់ទៅរស់នៅស្រុកកំណើតវិញ។

ចំពោះបញ្ហាសុខភាពបច្ចុប្បន្ន ឈឿន មានជំងឺប្រចាំកាយច្រើនមុខដូចជាជំងឺក្រពះ, ជំងឺពោះវៀន និងជំងឺឈឺសន្លាក់ដៃសន្លាក់ជើង។ គាត់ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដែរ ប៉ុន្តែមិនបានធូរស្បើយ។ ឈឿន ក៏បានស្នើឲ្យមានគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺរបស់គាត់ និងអ្នករស់រានមានជីវិតផ្សេងទៀតក្នុងភូមិ៕

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin