កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹករឹតនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត
ឆ្នាំក្រោយ គឺជាខួបលើកទី៥០ នៃការកាន់កាប់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម ដែលរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងនរកនារយៈកាលជិតបួនឆ្នាំបន្ទាប់មក។ ការដឹកនាំរបស់ខ្មែរក្រហម បាននាំកម្ពុជាឈានទៅកាន់ទំព័រប្រវត្តិសាស្ត្រឃោរឃៅដ៏សោកសង្រេង។ យើងអាចនឹងមិនដែលដឹងច្បាស់អំពីចំនួនជាក់លាក់នៃប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិត ប៉ុន្តែបើគ្រាន់តែក្រឡេកមើលទៅកាន់ចំនួនប៉ាន់ប្រមាណ ចំនួនប្រជាជនដែលបាត់បង់ជីវិត គឺច្រើនលើសលប់ណាស់ទៅហើយ។ ជាទូទៅ ប្រជាជនកម្ពុជាទាំងអស់ ដែលរួមបញ្ចូលទាំងអតីតកម្មាភិបាលខ្មែរក្រហម គឺសុទ្ធសឹងតែជាជនរងគ្រោះនៃរបបខ្មែរក្រហម។ ខុសប្លែកពីឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបស់ខ្មែរក្រហម គឺមិនមែនដោយសារតែការសម្លាប់រង្គាលទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក្តី ខណៈដែលព្រឹត្តិការណ៍ឃោរឃៅនានាកើតមានឡើង របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់ថ្នាក់ថាជារបបដ៏ព្រៃផ្សៃ និងបង្កជាការស្លាប់ ក៏ដូចជាបន្សល់ទុក្ខវិនាសកម្មលើជនរងគ្រោះច្រើនបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍ឃោរឃៅនានាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
កេរដំណែលបន្សល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមិនមែនកើតមានតែចំពោះប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជះឥទ្ធិពលលើមនុស្សជាតិទៀតផង។ គួរឲ្យសោកស្តាយ បន្ទាប់ពីរយៈកាលជាងប្រាំទសវត្សរ៍កន្លងមក ប្រទេសកម្ពុជា ពុំទាន់មាន “វិទ្យាស្ថាន-សារមន្ទីរ” សមស្របមួយ ដើម្បីរំឭកដល់ជនរងគ្រោះ ដូចទៅនឹងទីតាំងរំឭកសម្រាប់ជនរងគ្រោះហូឡូខស្ទ (ការសម្លាប់រង្គាលនៅអ៊ឺរ៉ុប), អំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី, បូជនីយដ្ឋានរំឭក ហូឡូដូម័រ សម្រាប់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍លើជនជាតិអ៊ុយក្រែន និងអំពើប្រល័យពូជសាសន៍រ៉្វាន់ដាជាដើម។
ពិចារណាទៅលើព្រឹត្តិការណ៍ដែលកើតមាននៅក្នុងអំឡុងកាលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា កម្ពុជា គួរបង្កើតជាទីតាំងប្រកបដោយសោភ័ណភាពតាមបែបបទស្ថាបត្យកម្ម ដែលទទួលស្គាល់ជាផ្លូវការមួយ។ ទីតាំងនេះ មិនមែនត្រឹមតែមានតួនាទីជាបូជនីយដ្ឋានរំឭកអំពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបម្រើតួនាទីជាសារមន្ទីរមួយ ដូចទៅនឹងសារមន្ទីរដទៃទៀត ដែលតាំងបង្ហាញនូវរូបថត និងវត្ថុតាងនានា។ ប្រទេសកម្ពុជា, ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, កូនចៅជំនាន់ក្រោយរបស់គេ ក៏ដូចជាមនុស្សជាតិ ត្រូវការ “វិទ្យាស្ថាន-សារមន្ទីរ” មួយ ដែលផ្តល់ជាព័ត៌មាន, ជំរុញលើកទឹកចិត្ត និងធ្វើអន្តរកម្មជាមួយនឹងអ្នកទស្សនា និងអ្នកសិក្សាស្រាវជ្រាវនៅទូទាំងសកលលោក។
ទីតាំងនេះ នឹងផ្តល់ជាការពិពណ៌នាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដូចជា តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? តើរបបកម្ពុជាប្រជាធិបតេយ្យអនុវត្ត គោលនយោបាយបំផ្លិចបំផ្លាញសង្គមយ៉ាងខ្ទេចខ្ទាំ, បន្សុទ្ធកម្ម, ជម្លោះជាមួយនឹងប្រទេសជិតខាង, អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងការធ្វើទុក្ខបុកម្នេញលើបញ្ញាវន្តយ៉ាងដូចម្តេច? ការដួលរលំនៃរបបខ្មែរក្រហម និងចលនាតស៊ូជាច្រើនឆ្នាំក្រោយរបបនេះដួលរលំ រហូតដល់មានវត្តមាននៃសន្ធិសញ្ញាទីក្រុងប៉ារីស និងនៅចុងបញ្ចប់ គឺការបង្ក្រាបចលនានិងអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង។ ទីតាំងនេះ ក៏នឹងបំពេញតួនាទីជាវិទ្យាស្ថានបម្រើដល់ការសិក្សាស្រាវជ្រាវ ការអប់រំ ក៏ដូចជាការរៀបចំជាសន្និសីទ, ពិព័រណ៍ និងព្រឹត្តិការណ៍វប្បធម៌នានា។ ទីតាំងនេះ គួរតែជាបណ្ណសារដ្ឋានតម្កល់នូវប្រវត្តិសាស្ត្រផ្ទាល់មាត់ដែរ។ បន្ថែមលើសពីនេះទៅទៀត ទីតាំងនេះ ក្តោបបញ្ចូលនូវកម្មវិធីសាធារណៈ ដែលទាក់ទាញអ្នកសិក្សាស្រាវជ្រាវជំនាញ មកផ្លាស់ប្តូរបទពិសោធន៍។ ទីតាំងនេះ នឹងប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ ព្រមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មិនតែប៉ុណ្ណោះ ទីតាំងនេះ នឹងបង្កើតទំនាក់ទំនងជាមួយនឹងវិទ្យាស្ថាន-សារមន្ទីរដទៃទៀត ក្នុងការចែករំលែកបទពិសោធន៍ និងសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តម្លាភាព និងដោះស្រាយបញ្ហានិទណ្ឌភាព។
នៅក្នុងប្រទេសកម្ពុជា មានស្តូប និងបូជនីយដ្ឋានរំឭកជាច្រើននៅទូទាំងប្រទេស។ ក្នុងនោះ មានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលកម្មាភិបាលខ្មែរក្រហមភាគច្រើនត្រូវបានធ្វើទារុណកម្មនិងសម្លាប់។ ក្នុងនាមជាបូជនីយដ្ឋានរំឭក សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អាចផ្តល់នូវសាច់រឿងមួយចម្រៀកតូចតែប៉ុណ្ណោះ នោះគឺ អ្នកទោសចំនួនប្រមាណ ១៨ ០០០នាក់បានបាត់បង់ជីវិត។ ដូចគ្នានឹងនេះដែរ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ជាទូទៅ គឺជាទីតាំង ដែលមានតែ ភ្ញៀវបរទេសចាប់អារម្មណ៍ចំពោះឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម ទៅទស្សនាតែប៉ុណ្ណោះ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បំពេញមុខងារដ៏សំខាន់ក្នុងការអភិរក្ស និងអប់រំអំពីអ្វីដែលបានកើតមានឡើងនៅទីតាំងនេះ ក៏ប៉ុន្តែ បើយើងពិចារណាអំពីស្ថានទម្ងន់នៃឧក្រិដ្ឋកម្មឃោរឃៅរបបខ្មែរក្រហម សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ពុំអាចផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព និងបានគ្រប់គ្រាន់អំពីព្រឹត្តិការណ៍ទាំងមូល ដូចធនធានដែល “វិទ្យាស្ថាន-សារមន្ទីរ” ស្តីពីឧក្រិដ្ឋកម្មទ្រង់ទ្រាយធំនិងអំពើប្រល័យពូជសាសន៍អាចផ្តល់ជូន។
កិច្ចខិតខំប្រឹងប្រែងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ក្នុងការស្រាយបំភ្លឺអំពីឧក្រិដ្ឋកម្មឃោរឃៅដែលប្រព្រឹត្តទៅ និងនាំយកមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលនៅរស់រានមានជីវិត មកកាត់ទោស ជំរុញឲ្យមានមតិយល់ឃើញផ្សេងៗគ្នា ពីព្រោះថាតុលាការ និងសវនាការ អាចផ្តល់ត្រឹមតែជាការពិតអំពីប្រវត្តិសាស្ត្រក៏ប៉ុន្តែមិនអាចដោះស្រាយលើបញ្ហាប្រឈមនានា។ សរុបមក ដែនសមត្ថកិច្ចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅមានកម្រិត គឺត្រឹមរយៈកាលបន្ទាប់ពីការកាន់កាប់ទីក្រុងភ្នំពេញដោយកងកម្លាំងខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ និងនៅពេលរបបខ្មែរក្រហមដួលរលំទៅនៅក្នុងឆ្នាំ១៩៧៩ គឺជាពេលដែលខ្មែរក្រហមបានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃតែប៉ុណ្ណោះ។ សំណុំរឿងទាំងអស់នៅក្នុងអង្គជំនុំជម្រះត្រូវបានដាក់កំហិតឲ្យនៅក្នុងតែរយៈកាលនេះ។ ដើមបណ្ដឹងរដ្ឋប្បវេណី ដែលបានផ្តល់សក្ខីកម្មនៅក្នុងសវនាការ ត្រូវបានអនុញ្ញាតឲ្យចែករំលែករឿងរាវផ្ទាល់ខ្លួនតែបន្តិចបន្តួច។ ដោយសារមានតែសំណុំរឿងបួនករណី (ហើយមានតែពីរសំណុំរឿង ដែលបានឆ្លងកាត់សវនាការ) យើងមិនអាចអះអាងថា បណ្ណសារឯកសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមិនអាចរៀបរាប់សាច់រឿងឲ្យបានពេញលេញទេ ទោះបីជាមានឯកសារទាំងនោះសារសំខាន់ក៏ពិតមែន។ យើងក៏មិនអាចអះអាងដែរថា សំណងជានិមិត្តរូប សម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលទទួលបានការសាទរ អាចផ្តល់ជាបរិក្ខានិងទីតាំងសម្រាប់ថែរក្សាការចងចាំ និងកេរដំណែលនៃឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហមដែរ។ គួរជាទីស្ញប់ស្ញែងចំពោះការបង្កើតជាមជ្ឈមណ្ឌលធនធាន ដែលជាផ្នែកមួយនៃកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីបន្តពង្រីកការងារផ្សព្វផ្សាយ និងអប់រំរបស់ខ្លួន។ មជ្ឈមណ្ឌលធនធាននេះ ពិតជាមានតម្លៃសម្រាប់អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ក៏ប៉ុន្តែ អាណត្តិ និងសមត្ថភាពនៃមជ្ឈមណ្ឌលធនធាននេះ នៅមានកម្រិតនៅឡើយ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ ដោយអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ យ៉េល ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ដំបូងឡើយ មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីប្រមែប្រមូលចងក្រងឯកសារដើម និងវត្ថុតាងដែលពាក់ព័ន្ធទៅនឹងអំឡុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយមក មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រែក្លាយខ្លួនទៅជាស្ថាប័នឯករាជ្យស្របច្បាប់មួយនៅក្នុងឆ្នាំ១៩៩៧។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមែប្រមូលចងក្រង តម្កល់នូវឯកសារស្តីពីរបបខ្មែរក្រហមជាច្រើនលើសលប់ ក្នុងនោះរួមមាន សក្ខីកម្ម និងប្រវត្តិសាស្ត្រផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាដើម។ អមជាមួយនឹងកម្មវិធីផ្សព្វផ្សាយគួរជាទីស្ងើចសរសើរ ក្នុងការបញ្ជ្រៀបចំណេះដឹង និងបណ្តុះបណ្តាលយុវជន-យុវនារីកម្ពុជា នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរៀបចំជាសន្និសីទនិងពិព័រណ៍នានា។ កម្មវិធីសិក្សារៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់ជាព័ត៌មានសព្វជ្រុងជ្រោយ និងគាំពារដល់កម្មវិធីអប់រំនៅសាលារៀនសាធារណៈ ក៏ដូចជាសកម្មភាពលើកកម្ពស់ការយល់ដឹងជាសាធារណៈនៅទូទាំងប្រទេស។ យើងអាចនិយាយដោយសាមញ្ញបានថា មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ជាសេវាកម្មជាច្រើន ដែលជាតួនាទី “វិទ្យាស្ថាន-សារមន្ទីរ”។
សមត្ថភាព និងបរិក្ខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជានាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានយល់ច្បាស់អំពីចំណុចនេះដែរ។ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចំណាយរយៈពេលជាច្រើនឆ្នាំលើគម្រោង “វិទ្យាស្ថាន-សារមន្ទីរ” ដ៏មោះមុត និងប្រកបដោយសោភ័ណភាពមួយ នោះគឺ វិទ្យាស្ថានស្លឹករឹត។ បន្ថែមពីលើមុខងារជាបណ្ណសារដ្ឋានតម្កល់ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា វិទ្យាស្ថានស្លឹករឹត នឹងរួមបញ្ជូលនូវបណ្ណាល័យ, គ្រឹះស្ថានឧត្តមសិក្សាស្តីពីអំពើប្រល័យពូជសាសន៍ និងសិទ្ធមនុស្ស, មជ្ឈមណ្ឌលស្រាវជ្រាវ, មជ្ឈមណ្ឌលព័ត៌មាន និងសាលសហសម័យ។ វិទ្យាស្ថានស្លឹករឹត មានឆន្ទះឈានទៅសម្រេចបានតួនាទីជា “មជ្ឈមណ្ឌលនាំមុខគេក្នុងទ្វីបអាស៊ី ដែលសិក្សាស្រាវជ្រាវប្រៀបធៀប វិភាគ និងពន្យល់បកស្រាយអំពីអំពើប្រល័យពូជសាសន៍, ជម្លោះ និងសិទ្ធិមនុស្ស” នៅក្នុងទីតាំងមួយ ដែល “ក្រសោបបញ្ចូលគ្នានូវការចងចាំ, ការធ្វើឲ្យជាសះស្បើយ និងការស្តារឡើងវិញនូវតម្លៃនិងសោភ័ណភាពដ៏អមតៈនៃមនុស្សជាតិនៅក្នុងទ្វីបអាស៊ី”។ ជារួម បេសកកម្មរបស់ វិទ្យាស្ថានស្លឹករឹត គឺ “បង្កើនការយល់ដឹង និងចំណេះដឹងរបស់មនុស្សជាតិទៅលើប្រធានបទនៃឧក្រិដ្ឋកម្មឃោរឃៅ និងនីតិរដ្ឋ” តាមរយៈអ្នកជំនាញ, កម្មវិធីអប់រំ, សេវាកម្ម, កម្មវិធីសិក្សាស្រាវជ្រាវ, កម្មវិធីលើកកម្ពស់ការយល់ដឹងទូទៅរបស់មនស្ស និងឯកសារប្រវត្តិសាស្ត្រដែលអាចទាញយកបានតាមប្រព័ន្ធអនឡាញជាសាធារណៈ។
វិទ្យាស្ថានស្លឹករឹត អាចនឹងត្រូវចំណាយរយៈពេលជាច្រើនឆ្នាំមុននឹងអាចលេចចេញជារូបរាង។ ការអនុវត្តនូវគម្រោងការនេះ ទាមទារនូវការរៀបចំផែនការល្អិតល្អន់ និងធនធានហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ អស់រយៈកាលជាងមួយទសវត្សរ៍ទៅហើយ ចាប់តាំងពីលោក ឆាំង យុ ដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រកាសអំពីគម្រោង វិទ្យាស្ថានស្លឹករឹតនេះ។ លោកបានខិតខំស្វះស្វែង និងបានជំរុញទឹកចិត្តលោកស្រី ហ្សាហា ហាឌីដ ស្ថាបត្យករដ៏មហស្ចារ្យនិងឈ្នះពានរង្វាន់ជាច្រើនលើពិភពលោក ឲ្យរចនាគម្រោងនេះ ដោយមិនគិតកម្រៃ។ ជាអកុសល គម្រោងនេះ ហាក់ដូចជានៅនឹងទ្រឹង ឬមានការវិវត្តទៅមុខដូចជាជំហានសត្វខ្យង។
បញ្ហារាំងស្ទះ គឺជារឿងធម្មតា។ កិច្ចខិតខំប្រឹងប្រែងជំរុញឲ្យគម្រោងប្រភេទនេះចាប់ផ្តើមបាន កុំថាឡើយបញ្ចប់ចប់សព្វគ្រប់ គឺជាកាតព្វដ៏មហិមាមួយ។ អមជាមួយនឹងការគាំទ្រនិងទទួលស្គាល់ជាផ្លូវការ ព្រមទាំងទទួលហិរញ្ញប្បទានពីអ្នកឧបត្ថម្ភបរទេស ក៏ដូចជាតាំងទីនៅក្នុងទីប្រជុំជនធំមួយនៅក្នុងទីក្រុង និងងាយស្រួលសម្រាប់ការចូលទស្សនា វិទ្យាស្ថានស្លឹករឹត គឺជាសេចក្តីសង្ឃឹមដ៏ប្រពៃបំផុត សម្រាប់ “វិទ្យាស្ថាន-សារមន្ទីរ” ស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលកើតមានក្នុងប្រទេសកម្ពុជា។
តើនេះគឺជាពេលវេលាសក្តិសមសម្រាប់កម្ពុជា ក្នុងការរៀបចំបង្កើតជាវិទ្យាស្ថាន-សារមន្ទីរ ដែលបម្រើដល់ការចងចាំអំពីកេរដំណែលនៃរបបកម្ពុជាប្រជាធិបតេយ្យហើយឬនៅ? ចម្លើយនោះគឺ វត្តមាននៃស្ថាប័នសារមន្ទីរនេះ គឺចាំបាច់និងគួរតែកើតឡើងភ្លាមៗ។ ពេលវេលាគឺជាលក្ខខណ្ឌចាំបាច់បំផុត។ នេះគឺជាឱកាសដ៏សក្តិសមបំផុតក្នុងការបង្កើតជាវិទ្យាស្ថានស្លឹករឹតនេះឡើង ខណៈដែលមនុស្សមួយជំនាន់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហមនៅមានអាយុជីវិតនៅឡើយ ហើយដែលកំពុងឃ្លាតចាកពីយើងទៅជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រ ក៏ដូចជាសហគមន៍អន្តរជាតិ គឺជាបុគ្គលដ៏ចាំបាច់ក្នុងការគាំទ្រ និងផ្តល់ជាជំនួយដល់ការបង្កើត និងនិរន្តរភាពនៃវិទ្យាស្ថានស្លឹករឹត៕
អត្ថបទដោយ ម៉ៃឃើល ជី. ខាណាវ៉ាស
មេធាវីការពារក្តីព្រហ្មទណ្ឌអន្តរជាតិ
សហមេធាវីការពារក្តីរបស់ អៀង សារី និងមាស មុត