ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។

នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។

តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា? តើពេលណាទើបកម្ពុជាអាចស្គាល់សន្តិភាព និងស្ថិរភាពយូរអង្វែង?

ប្រវត្តិសាស្ត្ររបស់យើងមិនត្រឹមតែបានដិតដាមដោយជម្លោះផ្ទៃក្នុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសជិតខាងដែលយើងធ្លាប់ហៅថា «ភឿន»។ ជម្លោះព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ មិនមែនជាជម្លោះកើតឡើងថ្មីៗនោះទេ ដើមចមនៃជម្លោះនេះ យ៉ាងហោចណាស់បានកើតមានតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ គឺនៅពេលដែលប្រទេសថៃត្រូវប្រគល់អតីតទឹកដីមួយផ្នែករបស់កម្ពុជាដែលខ្លួនធ្លាប់កាន់កាប់ដោយខុសច្បាប់ មកឱ្យប្រទេសកម្ពុជាវិញ ក្រោមការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក។

ប្រវត្តិសាស្ត្រនៃការបរាជ័យរបស់ថៃនេះ បានជំរុញឱ្យប្រទេសថៃធ្វើការតស៊ូឥតស្រាកស្រាន្ត ដែលរុញច្រានទៅជាការទាមទារជាបន្តបន្ទាប់ចំពោះដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ប្រទេសថៃបានព្យាយាមដណ្តើមកាន់កាប់ប្រាសាទព្រះវិហារ ដែលជាប្រាង្គប្រាសាទកសាងនាសម័យអង្គរស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

តុលាការយុត្តិធម៌អន្តរជាតិ បានរំលេចឡើងនូវសាលក្រមដែលបានសម្រេចនៅក្នុងឆ្នាំ១៩៦២ ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៣ ដែលចែងថាប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយតុលាការយុត្តិធម៌អន្តរជាតិ បានបង្គាប់ឱ្យប្រទេសថៃដកកងកម្លាំងយោធារបស់ខ្លួនចេញពីបរិវេណប្រាសាទព្រះវិហារ។ យ៉ាងណាមិញ ភាពតានតឹងពុំធ្លាប់ត្រូវបានសម្រាលដោយពិតប្រាកដឡើយ។

ការផ្ទុះអាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបង្កឡើងដោយភាពតានតឹងជាបន្តបន្ទាប់ ដែលផ្តើមចេញពីការប៉ះទង្គិចគ្នាកាលពីខែឧសភា ដែលបានផ្តាច់ជីវិតវីរកងទ័ពកម្ពុជាមួយរូប។

ការប៉ះទង្គិចគ្នាបានកើតមានជាបន្តបន្ទាប់ ដោយរួមមានការដាក់ពង្រាយកាំភ្លើងធំធុនធ្ងន់ដោយកម្ពុជា រួមទាំងគ្រាប់រ៉ុក្កែត BM-21 និងការទម្លាក់គ្រាប់បែកពីលើអាកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ដោយប្រទេសថៃ ។

ការប៉ះទង្គិចនេះ បានបង្កជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់ជីវិតមនុស្សប្រមាណជាង ៣៨នាក់ដែលភាគច្រើនជាជនស៊ីវិលស្លូតត្រង់រស់នៅក្នុងតំបន់ប៉ះទង្គិច និងជំរុញឱ្យភាគីទាំងសងខាងជម្លៀសប្រជាជនប្រមាណជាង ៣សែននាក់ ចេញពីតំបន់រងការប៉ះទង្គិចនៅតាមបណ្តោយព្រំដែន។

សហគមន៍ទាំងមូលត្រូវបានញាំញី ហើយប្រជាជនត្រូវបង្ខំចិត្តស្វះស្វែងរកទីជ្រកកោននៅក្នុងជំរំបណ្តោះអាសន្នតាមដងផ្លូវ និងតំបន់ព្រៃភ្នំ ដោយគ្មានទីជម្រកគ្រប់គ្រាន់ ប្រកបដោយអនាម័យ។

ទុក្ខវេទនានេះ រឹតតែសន្ធប់ចំពោះវីរកងទ័ពកម្ពុជាដែលបានតស៊ូប្រយុទ្ធ ហើយត្រូវទទួលរងការបន្លំចាប់ខ្លួនដោយយោធាថៃ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក ភាគីថៃ បានចាប់និងបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ចំនួន ១៨រូប ដោយចាត់ទុកថាជាឈ្លើយសឹក  ដោយបំពានទៅលើសន្យាដែលភាគីថៃបានលើកឡើងទាក់ទងនឹងការដោះលែងវីរកងទ័ពកម្ពុជាទាំងនេះ។

ការដោះលែងវីរកងទ័ពកម្ពុជាចំនួនតែពីររូប ដែលមួយរូបរងរបួសផ្លូវកាយ និងមួយរូបទៀតរងរបួសស្មារតី បានចោទជាការព្រួយបារម្ភក្រៃលែង ចំពោះទង្វើរបស់ភាគីថៃ ដែលបានប្រព្រឹត្តមកលើវីរកងទ័ពកម្ពុជា ដែលខ្លួនចាត់ទុកថាជាឈ្លើយសឹក និងការបំពារបំពានលើច្បាប់មនុស្សជាតិអន្តរជាតិ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សក្នុងអំឡុងសង្គ្រាម។

ការរក្សាភាពស្ងៀមស្ងាត់ពីសំណាក់សហគមន៍ពិភពលោកចំពោះការបំពារបំពានទាំងនេះ បង្កជាការខក​ចិត្តយ៉ាងខ្លាំង ហើយគូសបញ្ជាក់ពីភាពបន្ទាន់ក្នុងការពង្រឹងការទទួលខុសត្រូវនិងការយកចិត្តទុក ដាក់ជាអន្តរជាតិ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពជាបន្ទាន់មួយ ចំពោះបទចោទប្រកាន់ទៅលើឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាកក្លាំង ជាមេបញ្ជា​ការថៃ ដែលត្រូវបានសង្ស័យថាជាអ្នកចេញបញ្ជាឱ្យសម្លាប់វីរកងទ័ពកម្ពុជាដែលពុំមានអាវុធ និងការធ្វើទារុណកម្មលើវីរកងទ័ពកម្ពុជាដែលភាគីថៃចាត់ទុកថាជាឈ្លើយសឹក ព្រមទាំងបង្ហាញពីមហិច្ឆតា​ចង់ ដណ្តើមកាន់កាប់យករាជធានីភ្នំពេញរបស់កម្ពុជា។

ទោះជាទង្វើនេះធ្វើឡើងដោយបុគ្គលខ្លួនឯង ឬក្រោមការបង្គាប់បញ្ជាក្តី ទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងតម្រូវឱ្យប្រឈមជាមួយនឹងការនាំខ្លួនមកកាត់ទោសនៅក្នុងប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិ។ ក្នុងនាមជាសមាជិកមួយនៃសហគមន៍អន្តរជាតិ ប្រទេសថៃ ត្រូវទទួលខុសត្រូវយ៉ាងពេញលេញចំពោះអំពើរំលោភបំពានទាំងនេះ។

សំណួរមួយអាចនឹងផុសឡើងថាតើហេតុអ្វីប្រទេសថៃ ដែលជាប្រទេសធំមួយ មានបំណងឈ្លានពាន និងលេបយកទឹកដីកម្ពុជា។ ឆ្លើយតបនឹងសំណួរនេះ អាចនឹងមានមូលហេតុជាច្រើន ដូចជាភាពលោភលន់ ការអាក់អន់ចិត្តពីបរាជ័យរបស់ខ្លួនក្នុងអតីតកាល និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។

នៅមុនពេលនៃការបិទច្រកព្រំដែនក្បែរប្រាសាទព្រះវិហារ ទេសចរថៃតែងតែឡើងទៅលើកំពូលភ្នំដើម្បីទស្សនាប្រាសាទព្រះវិហារ ដោយគយគន់ទេសភាពដ៏ស្រស់ត្រកាល និងអាចមើលចុះទៅកាន់ទឹកដីនៃប្រទេសថៃថែមទៀតផង។

វិស័យទេសចរណ៍នេះ បាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនានាដូចជា ប្រាក់ចំណូលពីការជិះរ៉ឺម៉កកង់បី អាហារសម្រន់ និងសេវាកម្មក្នុងស្រុកដទៃទៀត ដែលទាំងនេះបានជួយលើកស្ទួយជីវភាពរបស់សហគមន៍នៅក្បែរព្រំដែន។ ទោះបីជាយ៉ាងណា ក្រោយពីការបិទព្រំដែនបន្ទាប់ពីវត្តមាននៃជម្លោះនៅចន្លោះឆ្នាំ២០០៨និងឆ្នាំ២០១១ ភាគីថៃបានបាត់បង់ឱកាសសេដ្ឋកិច្ចទាំងនេះ។

ការដណ្តើមកាន់កាប់ទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទតាមាន់ធំជាដើម មិនត្រឹមតែអាចស្រោចស្រង់សេដ្ឋកិច្ចក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់បក្សកាន់អំណាចរបស់ថៃ ទទួលបានកំណើនប្រជាប្រិយភាព តាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងការពង្រឹងកម្លាំងយោធាថែមទៀតផង។ ប្រសិនបើប្រទេសថៃអាចកាន់កាប់តំបន់ប្រាសាទដទៃទៀតនៅតាមបណ្ដោយព្រំដែនដែលជាទីតាំងប្រវត្តិសាស្ត្រ ប្រទេសថៃអាចពង្រឹងការគាំទ្រជាសាធារណៈបន្ថែមទៀត ហើយព្រមទាំងអាចបង្កើនចំណូលសេដ្ឋកិច្ច។

ក្រៅពីកត្តាសេដ្ឋកិច្ច ជម្លោះនេះ បានដើរតួនាទីជាវិធីសាស្ត្រមួយសម្រាប់ប្រទេសថៃ ក្នុងការសម្ញែងអំពីសមត្ថភាពរបស់ខ្លួន ទៅកាន់ពលរដ្ឋថៃ និងបង្កើនមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។  ផ្ទុយទៅវិញ ជម្លោះនេះបែរជាក្លាយទៅជាប្រភពនៃភាពអាម៉ាស់ និងការបាក់មុខបាក់មាត់របស់ប្រទេសថៃទៅវិញ។

ការអាក់អន់ចិត្តជាប្រវត្តិសាស្រ្ត បានចាក់ស្រេះយ៉ាងស៊ីជម្រៅនៅក្នុងអ្នកដឹកនាំប្រទេសថៃ ជាពិសេសចាប់តាំងពីអតីតទឹកដីមួយផ្នែករបស់កម្ពុជា ត្រូវបានប្រគល់មកឱ្យកម្ពុជាវិញក្នុងឆ្នាំ១៩៤៦ ក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ តាមទស្សនៈយល់ឃើញរបស់ភាគីថៃ ការបង្ខំឱ្យសងត្រឡប់នូវទឹកដីដែលខ្លួនរស់នៅអស់រយៈកាលរាប់សតវត្សរ៍មកឱ្យកម្ពុជាវិញ ធ្វើឱ្យខ្លួនមានអារម្មណ៍ថាបរាជ័យដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក។ ទោះបីជាយ៉ាងណាក្តី អ្វីដែលមិនមែនជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន នឹងនៅតែមិនមែនជាកម្មសិទ្ធពិតប្រាកដរបស់ខ្លួន។

ប្រទេសថៃជាអ្នកផ្តើមជម្លោះដោយពុំមានចេតនាបញ្ចប់ជម្លោះនេះដោយពិតប្រាកដឡើយ ទោះបីជាប្រទេសនេះ បានអះអាងថាខ្លួនស្វែងរកសន្តិភាពយ៉ាងណាក្តី។ ទំហំប្រទេស និងឥទ្ធិពលប្រព័ន្ធផ្សព្វ​ផ្សាយរបស់ថៃ បានលាបពណ៌យ៉ាងអយុត្តិធម៌ ថាកម្ពុជាគឺជាអ្នកឈ្លានពាន។

បន្ថែមលើសពីនេះទៅទៀត ប្រទេសថៃ បានវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធអប់រំ ដែលលើកកម្ពស់ប្រវត្តិសាស្ត្រប្រឌិតឡើងដោយភាគីថៃ។ ការបំពាក់បំប៉នផ្នត់គំនិតនេះ មានគោលបំណង បណ្តុះមនោសញ្ចេតនាជាតិនិយម និងជំរុញឱ្យយុវជនជំនាន់ក្រោយរបស់ថៃ បង្កើនការមិនទុកចិត្តចំពោះប្រទេសជិតខាង ។

ដោយសារប្រទេសថៃមិនធ្លាប់ស្ថិតក្រោមអាណានិគម ប្រទេសនេះមានឱកាសឥតពីរ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាប្រទេសធំមួយដែលមានអំណាចផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក្តី ឱកាសនេះ បានជំរុញឱ្យគោលការណ៍ជាតិនិយម ដែលបង្កផលប៉ះពាល់ដល់ភាពសុខដុមរមនាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសុខុមាលភាពរបស់ប្រជាជនថៃខ្លួនឯង។

ប្រឈមមុខទៅនឹងទុក្ខលំបាក ប្រជាជនកម្ពុជា បានបង្ហាញពីភាពមិនងាយទ្រុឌទ្រោម និងស្មារតីរួបរួមគ្នាដ៏អស្ចារ្យមួយគួរឱ្យកត់សម្គាល់ជាប្រវត្តិសាស្រ្ត។ ចាប់តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល ប្រជាជនកម្ពុជាគ្រប់វ័យ បានកៀរគរជំនួយ ដើម្បីគាំពារដល់ក្រុមគ្រួសារភៀសសឹក និងវីរកងទ័ពជួរមុខ។

បណ្តាញសង្គមកម្ពុជា បានក្លាយទៅជាវេទិកាដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមកពីប្រទេសថៃ ក៏ដូចជាទីតាំងប្រមូលផ្តុំជំនួយមនុស្សធម៌យ៉ាងសកម្ម។ ការចូលរួមចំណែកជាអាហារ សម្លៀកបំពាក់ និងសម្ភារវេជ្ជសាស្រ្ត ទទួលបានមកពីប្រជាជន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអន្តរជាតិនានា។

ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតពីបណ្តាប្រទេសនៅជុំវិញពិភពលោក ដូចជាទស្សនកិច្ចដែលធ្វើឡើងដោយលោកស្រី អ៊ុលគូ កូកាហ្វី ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ទៅកាន់តំបន់ដែលរងផលប៉ះពាល់ បានជួយទាញយកចំណាប់អារម្មណ៍ និងសាមគ្គីភាពជាសកល ចំពោះស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា។

បទពិសោធន៍ផ្ទាល់ខ្លួនរបស់ប្រទេសតួកគី ពាក់ព័ន្ធនឹងជម្លោះទឹកដីដ៏យូរអង្វែងជាមួយប្រទេសក្រិក ផ្តល់នូវការយល់ដឹងដ៏មានសារសំខាន់ចំពោះតំបន់អាស៊ីអាគ្នេយ៍។ ជម្លោះទាំងនេះកកើតចេញពីសន្ធិសញ្ញាកាលពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងការបកស្រាយខុសៗគ្នាស្តីពីដែនអធិបតេយ្យភាព ដែលទាមទារឱ្យមានយន្តការការទូតអត់ធ្មត់ ការកសាងទំនុកចិត្ត និងការសន្ទនាប្រកបដោយនិរន្តរភាព ដើម្បីបញ្ចៀសភាពតានតឹង។

តួនាទីរបស់ប្រទេសតួកគី ក្នុងឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន រួមជាមួយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយប្រទេសកម្ពុជា និងថៃ បានញ៉ាំងឱ្យប្រទេសតួកគីចូលរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ការពង្រឹងទំនាក់ទំនងតួកគី-អាស៊ាន តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ នឹងពង្រឹងសមត្ថភាពរបស់អាស៊ានបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនដោយឯករាជ្យ។

បទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី គាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកាន់តំណែងប្រធានអាស៊ានក្នុងឆ្នាំនេះ ដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម គឺជាសកម្មភាពផ្អាកជម្លោះដ៏ចាំបាច់និងប្រពៃបំផុត។ ទោះបីជាយ៉ាងណាក្តី ការញុះញង់ដែលបន្តបង្កឡើងដោយប្រទេសថៃ និងការមិនគោរពឱ្យបានពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ ជាពិសេសទៅលើការមិនព្រមដោះលែងវីរកងទ័ពកម្ពុជាដែលភាគីថៃចាត់ទុកថាជាឈ្លើយសឹក បានសបញ្ជាក់អំពីដើមចមជាមូលដ្ឋាននៃជម្លោះដែលនៅតែមិនទាន់ដោះស្រាយបាន។

កម្ពុជាត្រូវតែត្រៀមលក្ខណៈជាស្រេច ក្នុងការតទល់ចំពោះកលិយុគ ផ្សេងៗនាពេលអនាគត តាមរយៈការពង្រឹងសមត្ថភាពយោធារបស់ខ្លួន បង្កើនការហ្វឹកហ្វឺន និងទិញសព្វាវុធទំនើបៗ ដើម្បីការពារព្រំដែន និងអធិបតេយ្យភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ខណៈពេលដែលអន្តរាគមន៍ពីអន្តរជាតិនៅតែមានសារសំខាន់ ការរក្សាសន្តិសុខយូរអង្វែងរបស់កម្ពុជា គឺនៅតែត្រូវពឹងផ្អែកលើភាពមិនងាយទ្រុឌទ្រោម និងការរួបរួមគ្នារបស់ប្រជាជនកម្ពុជាផ្ទាល់។

ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការគាំទ្រដោយដៃគូអន្តរជាតិ ដោយរួមបញ្ចូលទាំងសហរដ្ឋអាមេរិក បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ភាពតានតឹងបន្ថែមទៀត។ ការសម្រុះសម្រួលរបស់ម៉ាឡេស៊ី បង្ហាញពីសក្តានុពលរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះក្នុងតំបន់ដោយស្វ័យភាព ជំរុញឱ្យមានការរួបរួម និងស្ថិរភាពកាន់តែប្រសើរជាងមុន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងនាមជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិដែលបន្តការសិក្សានៅប្រទេសតួកគី ខ្ញុំទទួលបានការយល់ដឹងពីការសិក្សា និងឆ្លងកាត់ការពិតជាក់ស្តែង។ គោលគំនិតដែលខ្ញុំបានសិក្សាមិនមែនត្រឹមតែជាទ្រឹស្តីទៀតទេ នៅពេលដែលខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថាជីវិតរបស់ប្រជាជនកម្ពុជាស្លូតត្រង់បានបាត់បង់ ក្រុមគ្រួសារត្រូវរស់នៅបែកខ្ញែកពីគ្នា ហើយវីរកងទ័ពកម្ពុជាដែលបានពលីយ៉ាងធំធេងបំផុតដើម្បីការពារជាតិមាតុភូមិរបស់យើង ។

ការឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីភាពស្មុគស្មាញនៃការទូត សន្តិសុខ និងបូរណភាពទឹកដី បានដោះស្រាយការយល់ដឹងរបស់ខ្ញុំតាមរយៈជម្លោះព្រំដែននេះ ដោយអ្វីៗមិនមែនត្រឹមតែជាមុខវិជ្ជាសិក្សាតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតស៊ូផ្ទាល់ខ្លួន និងចេញពីចិត្តរបស់ខ្ញុំ។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលកំពុងព្យាបាលខ្លួនឱ្យជាសះស្បើយពីស្លាកស្នាមនៃអំពើឃោរឃៅពីអតីតកាល និងកំពុងខិតខំពុះពារឆ្ពោះទៅរកការរីកចម្រើន។ ប្រទេសកម្ពុជា ពុំដែលចង់ជួបប្រទះនឹងជម្លោះទេ ហើយបានព្យាយាមរក្សាសន្តិភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌។

កម្ពុជាឈរនៅលើជំហរយ៉ាងប្រាកដប្រជាថាគ្មានមហាអំណាចបរទេសណាមួយអាចវាតទីអធិបតេយ្យភាពរបស់កម្ពុជា ឬលុបបំបាត់ជំហរស្របច្បាប់របស់កម្ពុជាចេញពីពិភពលោកឡើយ។ ប្រវត្តិសាស្ត្ររបស់យើងលាតសន្ធឹងជាច្រើនសហស្សវត្សរ៍ហើយដួងព្រលឹងរបស់យើងនៅតែស្ថិតស្ថេរមិនងាយសាប សូន្យ។ កម្ពុជានឹងប្រកាន់ជំហរម៉ឺងម៉ាត់ មិនរួញរា រួបរួមគ្នាជាធ្លុងមួយ និងមិនងាករេ រហូតទាល់តែសម្រេចបានសន្តិភាព និងទទួលបានយុត្តិធម៌។

រូបថត ៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា

និពន្ធអត្ថបទដោយ លីម អ៊ីភីង៖ គឺជានិស្សិតកម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ ម៉ាម៉ារ៉ា ក្នុងប្រទេសតួកគី។ អ៊ីភីង ធ្លាប់បានធ្វើការនៅការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាទីតាំងតម្កល់កំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin