មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា
អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។
នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម បានកាន់កាប់ប្រទេសកម្ពុជាទាំងស្រុង និងនៅក្នុងរយៈពេលប្រមាណជាង៤ឆ្នាំបន្ទាប់មក ប្រជាជនកម្ពុជាត្រូវទទួលរងភាពភិតភ័យឥតគណនា ដោយរួមបញ្ចូលនូវអំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្ស ដែលយើងនឹកស្មានមិនដល់។ ក្រោយពីការដួលរលំនៃរបបប្រល័យពូជសាសន៍នេះ ប្រជាជនកម្ពុជានៅតែបន្តរងទុក្ខ ដោយជម្លោះផ្ទៃក្នុង ដោយត្រូវបានដាក់ឲ្យឯការពីអន្តរជាតិ ដែលបន្តធ្វើឲ្យ ឬធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ទៅលើស្ថិរភាព, ទុរភិក្ស និងស្ថានភាពរស់នៅរបស់ប្រជាជន។ មានការប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណជាង ៧លាននាក់ បានរួចរស់ជីវិតពីអំឡុងសង្គ្រាមវៀតណាម ក្នុងនោះប្រជាជនប្រមាណជាង២លាននាក់ បានបាត់បង់ជីវិត នៅក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នេះមានន័យថា សព្វថ្ងៃនៅមានប្រជាជនប្រមាណជាង៥លាននាក់ទៀត ជាអ្នករស់រានមានជីវិតពីបួនសម័យកាល ដោយបានឆ្លងកាត់នូវសង្គ្រាម, អំពើប្រល័យពូជសាសន៍ និងអំពើអមនុស្សធម៌។
ស្ថិតិនានា ដែលត្រូវបានចងក្រងឡើងដោយល្អិតល្អន់ បានបង្ហាញថា របួសផ្លូវចិត្ត កើតចេញពីបទពិសោធន៍ពីអតីតកាលនៅក្នុងសង្គមក្រោយជម្លោះ មានស្ថានភាពធ្ងន់ធ្ងរ។ បើទោះបីជាការសិក្សាស្រាវជ្រាវលើបញ្ហានេះ នៅតែបន្តប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ ការសិក្សាស្ទាបស្ទង់មតិលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានបង្ហាញថា អ្នកទាំងនេះ ទទួលរងបញ្ហាសតិអារម្មណ៍ច្រើនសណ្ឋាន ហើយស្ថានភាពសុខភាពផ្លូវចិត្តបង្កឡើងដោយបទពិសោធន៍ពីអតីតកាលរបស់អ្នកទាំងនេះ នៅតែបន្តកើតមានមកទល់សព្វថ្ងៃ។ អស់រយៈកាលជាងពីរទសវត្សរ៍កន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងបន្តការងាររបស់ខ្លួនជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីបង្កើតជាការយល់ដឹងឲ្យកាន់តែប្រសើរជាងមុន អំពីតម្រូវការ, អត្ថប្រយោជន៍ និងផ្នត់គំនិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ទោះបីជាយ៉ាងណាក្តី មជ្ឈមណ្ឌលឯកសារកម្ពុជា អនុវត្តសកម្មភាពការងារទាំងនេះ នៅមានកម្រិតតាមសមត្ថភាពរបស់ខ្លួននៅឡើយ។
គិតត្រឹមខែសីហា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមែប្រមូលព៌ត័មានពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួនជាង ៣១០០០ នាក់។ ការសិក្សាស្រាវជ្រាវ និងការវិភាគ សម្រេចបានដោយផ្អែកលើទិន្នន័យដែលប្រមូលបាន ដើម្បីចងក្រងជាសៀវភៅព័ត៌មានមួយមានចំណងជើងថា “សៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម”។ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញថា ស្ថានភាពសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដែលអ្នករស់រានមានជីវិតកំពុងតែប្រឈម រួមមាន ជំងឺលើសឈាម, ជំងឺក្រពះពោះវៀន, ជំងឺគ្រុនចាញ់, ជំងឺផ្លូវចិត្ត, ជំងឺបេះដូង ជាដើម ដែលសុទ្ធសឹងជាបញ្ហាសុខភាពអាទិភាព និងមានសណ្ឋានធ្ងន់ធ្ងរ សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ថែមលើសពីនេះទៅទៀត ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនេះ មាន៨៧ភាគរយ នៅតែបន្តទទួលរងការរំខានពីការចងចាំក្នុងអំឡុងរបបខ្មែរក្រហម និងមាន២៥ភាគរយទៀត នៅតែយល់សុបិន្តអាក្រក់អំពីរបបនេះ ថ្វីត្បិតតែបទពិសោធន៍ទាំងនេះ បានកើតឡើងកាលពីជាង៤០ឆ្នាំកន្លងទៅហើយយ៉ាងណាក្តី។
ប្រសិនបើយើងសំយោគមេរៀនមួយ ចេញពីការតស៊ូរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំពោះបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួន ប្រាកដណាស់នោះគឺជារបួសផ្លូវចិត្ត ដែលបន្តរំខានយាយី ទោះបីជារយៈពេលជាច្រើនទសវត្សរ៍កន្លងផុតទៅហើយក្តី ដែលរបួសផ្លូវចិត្តនេះ មិនមែនញាំញីតែចំពោះសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែបានជះឥទ្ធិពលលើមនុស្សជំនាន់ក្រោយៗ ដែលបានចាប់កំណើតក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពថែមទៀតផង។ របួសផ្លូវចិត្ត អាចសាយភាពតាមរយៈទំនាក់ទំនងគ្រួសារ និងទំនាក់ទំនងក្នុងសង្គម បង្កជាផលប៉ះពាល់ដល់កូនៗ និងចៅៗ ព្រមទាំងញាតិសន្តាន និងសហគមន៍ថែមទៀតផង។ រោគវិទ្យាដែលសិក្សាទៅលើឥរិយាបថដូចជា អំពើហិង្សាក្នុងគ្រួសារ និងការសេពគ្រឿងញៀន គឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅនឹង របួសផ្លូវចិត្ត និងអារម្មណ៍នៃការបាត់បង់ ឬអារម្មណ៍អៀនខ្មាស់, ភាពសោកស្តាយ ឬកំហឹង ដែលមានឥទ្ធិពលជាប្រព័ន្ធ ដោយគួបផ្សំចំពោះអ្នកដែលពុំមានពាក់ព័ន្ធជាមួយគ្រួសារនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឬសហគមន៍នោះក្តី។
ជាការពិតណាស់ លទ្ធផលបន្សល់ពីជម្លោះហិង្សា, អំពើឃោរឃៅ និងភាពអមនុស្សធម៌ មិនអាចជាកត្តាកំណត់ឬចាត់ថ្នាក់អំពីសុខុមាលភាពរបស់បុគ្គល ឬក្រុមមនុស្សបានទេ។ សង្គមក្រោយជម្លោះ បានទទួលរងឥទ្ធិពលយ៉ាងដំណំ ពីរយៈកាលហិង្សា ដែលបង្កជាផលប៉ះពាល់ដល់ស្ថាប័នសង្គម និងរដ្ឋាភិបាលជារួម។ មកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅតែបន្តដោះស្រាយសំណល់គ្រាប់មីន និង យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីអតីតកាល។ យោងតាមអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ប្រជាជនប្រហែល ៦៥០០០នាក់ គឺជាជនរងគ្រោះពីការជាន់មីន ឬការផ្ទុះយុទ្ធភ័ណ្ឌ នៅចន្លោះខែមករា ឆ្នាំ១៩៧៩ និងខែកក្កដា ឆ្នាំ២០២១។ តួលេខនេះ រួមបញ្ចូលនូវចំនួនអ្នកបាត់បង់ជីវិតប្រមាណ ២០០០០នាក់។ ក្រឡេកមើលទៅលើស្ថិតិនាពេលថ្មីៗនេះវិញ ស្របពេលដែលចំនួនគ្រោះថ្នាក់ពីការជាន់មីន ឬការផ្ទុះយុទ្ធភ័ណ្ឌបានថយចុះនារយៈកាលចុងក្រោយ នៅក្នុងឆ្នាំ២០២០ មានគ្រោះថ្នាក់បង្កពីគ្រឿងផ្ទុះបង្កប់ក្រោមដីទាំងនេះ ចំនួន៦៥ករណី។
បន្ថែមពីលើឧទាហរណ៍ជាក់ច្បាស់អំពីផលប៉ះពាល់នៃប្រវត្តិសាស្ត្រហិង្សារបស់កម្ពុជា មកលើបុគ្គល និងសហគមន៍ ក៏នៅមានកេរដំណែលប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត ដែលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមនយោបាយ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ ជាឧទាហរណ៍ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសង្កេតឃើញនូវឧទាហរណ៍គួរជាទីកត់សម្គាល់នានា ថាតើរបួសផ្លូវចិត្ត បន្សល់ពីរបបប្រល័យពូជសាសន៍ក្នុងប្រទេសកម្ពុជា ជះឥទ្ធិពលទៅលើអត្តសញ្ញាណ, ការប្រាស្រ័យទាក់ទងរបស់បុគ្គលនិងជាក្រុម, ការចិញ្ចឹមបីបាច់កូនចៅ, ការងារ, សាលារៀន, និងប្រព័ន្ធជំនឿសាសនាយ៉ាងដូចម្តេច។ ក៏ប៉ុន្តែ ការសង្កេតទាំងអស់នេះ គឺនៅត្រឹមតែកម្រិតខាងក្រៅតែប៉ុណ្ណោះ។ នៅក្នុងកម្រិតកាន់តែស៊ីជម្រៅជាងនេះ មានការលើកឡើងជាច្រើនរាប់មិនអស់ដទៃទៀត ថាតើ របួសផ្លូវចិត្ត បន្សល់ទុកពីសម័យកាលនោះ មានវិសាលភាពនៃឥទ្ធិពលខ្លាំងជាងនេះ ចំពោះផ្នត់គំនិតសង្គម, ក្រមសីលធម៌, និងការគ្រប់គ្រងយ៉ាងដូចម្តេច?។ សំណួរជាច្រើន ដូចជា តើយុវជន យុវនារី យល់ឃើញយ៉ាងដូចម្តេចចំពោះសេវាកម្មសាធារណៈ? តើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជឿជាក់លើសេវាថែទាំសុខភាពឯកជន ឬសាធារណៈក្នុងកម្រិតណា? តើសេវាថែទាំសុខភាពសាធារណៈ និងឯកជន ទទួលអ្នកជំងឺរបស់ខ្លួនយ៉ាងដូចម្តេច? និង តើច្បាប់ និងទំនៀមទម្លាប់ដែលត្រូវបានពន្យល់បកស្រាយ, អនុវត្ត និងចងក្រង អាចមានមូលដ្ឋានច្បាស់លាស់, ពុំមានភាពលម្អៀង ដោយសារតែទទួលរងឥទ្ធិពល ឬកើតចេញពីបទពិសោធន៍នៃអ្នករស់រានមានជីវិតក្នុងកម្រិតបុគ្គល និងជារួម ដែលបានក្លាយទៅជាផលប៉ះពាល់បន្តអស់ជាច្រើនជំនាន់នោះ។
ទន្ទឹមនឹងនេះដែរ ស្ថានភាពសង្គមនយោបាយ និងវប្បធម៌នៃការគ្រប់គ្រងរបស់កម្ពុជា នៅតែបន្តលាយឡំជាមួយបទពិសោធន៍ពីសម័យកាលនោះ។ តើប្រជាជនមានការទទួលខុសត្រូវអ្វីខ្លះ ចំពោះរដ្ឋាភិបាលរបស់ខ្លួន? ចំណែកឯមន្ត្រីរាជការ ត្រូវបំពេញការទទួលខុសត្រូវអ្វីខ្លះ សម្រាប់ប្រជាជនរបស់ខ្លួន? ចំណុចទាំងអស់ខាងលើ និងចំណុចដទៃជាច្រើនផ្សេងទៀត មិនមែនផ្តោតតែទៅលើឥទ្ធិពល នៃបទពិសោធន៍ពីសម័យកាលនេះតែប៉ុណ្ណោះទេ។ ជារួម រយៈពេលជាង៤០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់កម្ពុជា មានឥទ្ធិពលយ៉ាងសំខាន់ចំពោះការដែលប្រជាជនកម្ពុជានឹករំពៃចំពោះអនាគតផ្ទាល់ខ្លួន,ជារួមនិងរបស់ជាតិ។
មជ្ឈមណ្ឌលឯកសារកម្ពុជា គាំទ្រទាំងស្រុងចំពោះយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី ពីព្រោះមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថាយុទ្ធសាស្ត្រនេះ មិនមែនត្រឹមតែមានគោលដៅបំពេញដល់តម្រូវការចាំបាច់ ដែលបានលើកឡើងខាងលើប៉ុណ្ណោះទេ ក៏ប៉ុន្តែយុទ្ធសាស្ត្រនេះ ថែមទាំងមានទិសដៅស្របគ្នា ជាមួយកិច្ចខិតខំប្រឹងប្រែងដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបំពេញ ក៏ដូចជាគាំពារដល់ប្រជាជនកម្ពុជាថែមទៀតផង។ ប្រជាជនកម្ពុជា គឺជាសមាសធាតុផ្សំដ៏សំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រនេះ ព្រមទាំងធ្វើការរួមគ្នាឈានទៅសម្រេចបានអនាគតដ៏ប្រសើរមួយសម្រាប់ប្រជាជាតិកម្ពុជា។ ប្រជាជនកម្ពុជា ត្រូវតែជាអាទិភាពចម្បងបង្អស់នៃយុទ្ធសាស្ត្របញ្ចកោណ ហើយជាក់ស្តែងយុទ្ធសាស្ត្រនេះបានគិតគូរល្អិតល្អន់ដល់ប្រជាជនរួចទៅហើយ។ សេចក្តីសម្រេចនេះ គឺពិតជាចាំបាច់ ក្នុងការធានាថាប្រជាជននឹងមិនត្រូវបានទុកចោលដោយមិនអើពើ ដោយផែនការជាយុទ្ធសាស្ត្រថ្មីសន្លាងរបស់កម្ពុជានេះឡើយ។
ប្រទេសកម្ពុជា ត្រូវតែធ្វើទំនើបកម្មលើស្ថាប័ននានារបស់ខ្លួន ដើម្បីត្រៀមខ្លួនឲ្យបានសមស្របក្នុងការវិវត្តខ្លួនជាប្រជាជាតិអភិវឌ្ឍមួយ ក៏ប៉ុន្តែទំនើបកម្ម មិនអាចធ្វើឡើងតាមរូបមន្តចាញ់ឈ្នះនោះទេ ពោលគឺមើលរំលងប្រជាជនកម្ពុជា ដើម្បីទទួលបានការរីកចម្រើនផ្នែកបច្ចេកវិទ្យា, ផ្នែកសេដ្ឋកិច្ច ឬផ្នែកឧស្សាហកម្មនោះទេ។ ជាការពិតណាស់ អនាគតរបស់កម្ពុជា ពឹងផ្អែកទៅលើការផ្តល់អាទិភាពដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
ទោះបីជាប្រវត្តិសាស្ត្រកម្ពុជា មានអាយុកាលជាងរយសតវត្សរ៍យ៉ាងណាក្តី តែប្រទេសកម្ពុជាបែរជាត្រូវកំណត់អត្តសញ្ញាណរបស់ខ្លួនដោយព្រឹត្តិការណ៍ដែលកើតឡើងនៅសតវត្សរ៍ទី២០ទៅវិញ។ វិធីសាស្ត្រប្រសើរបំផុតដើម្បីធ្វើឲ្យប្រទេសមួយអាចគម្លាតខ្លួនពីអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណសាជាថ្មីនោះគឺ ការដែលប្រទេសជាតិនោះ យកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលកន្លងមក។ អ្នករស់រានមានជីវិតពីអំពីហិង្សាពីអតីតកាលនៅកម្ពុជា គឺជាជំនាន់មនុស្សដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ការដែលយើងយកចិត្តទុកដាក់ចំពោះមនុស្សមួយជំនាន់ ដែលរស់រានមានជីវិតពីព្រឹត្តិការណ៍កើតមាននៅក្នុងសតវត្សរ៍ទី២០ គឺជាទឡ្ហីករណ៍ សបញ្ជាក់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួនសម្រាប់សតវត្សរ៍ទី២១៕
អត្ថបទដោយ ឆាំង យុ
_________________________________
លោក ឆាំង យុ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោកគឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ មានគោលបំណងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារអំពីរបបខ្មែរក្រហម នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីចាប់បដិសន្ធិឡើងក្នុងឆ្នាំ១៩៩៥មកម្ល៉េះ។ នៅមុនពេលបំពេញតួនាទីជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានបម្រើការងារនៅវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិសហរដ្ឋអាមេរិក ព្រមទាំងជាសមាជិកអន្តរជាតិ នៃអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ លោក គឺជាសមាជិកនៃក្រុមស្ថាបនិក បង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ ក្នុងឆ្នាំ២០០៣។ បច្ចុប្បន្ន លោកគឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាពីអំពើប្រល័យពូជសាសន៍ ការដោះស្រាយជម្លោះ និងសិទ្ធិមុនុស្ស នៃសាកលវិទ្យាល័យ រ៉ាត់ហ្គើស៍ ក្នុងរដ្ឋញ៉ូវជឺស៊ី សហរដ្ឋអាមេរិក។ សព្វថ្ងៃ លោក កំពុងធ្វើការរៃអង្គាសថវិកាដើម្បីសាងសង់ស្ថាប័នអប់រំជាន់ខ្ពស់មួយ ដែលមានឈ្មោះថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងដើរតួនាទីជាស្ថាប័នអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលសិក្សាពីអំពើប្រល័យពូជសាសន៍ចម្បងមួយនៅទ្វីបអាស៊ី។ ក្រៅពីទទួលបាន មេដាយ៍ សេរីភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ទ្រូមេន និងលោក រីហ្កេន នៅក្នុងឆ្នាំ២០០០ ។ លោក ឆាំង យុ ក៏ទទួលបានពានរង្វាន់ រ៉ាមុន ម៉ាក សៃសៃ ដែលតែងត្រូវស្គាល់ថាជាពានរង្វាន់ណូបែលអាស៊ី ក្នុងឆ្នាំ២០១៨ ថែមទៀតផង។