ខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ប៉ុន្តែមិនឲ្យហូបឆ្អែត

(ព្រៃវែង)៖ ការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើច្រើនគ្មានពេលសម្រាក ផ្ទុយទៅវិញប្រជាជនទទួលបានរបប​អាហារមិនគ្រប់គ្រាន់មិនសមនឹងកម្លាំងពលកម្មដែលត្រូវ​បំពេញ។ នេះគឺជាការរៀបរាប់ប្រាប់របស់អ្នករស់រានមាន​ជីវិតម្នាក់ឈ្មោះ ចាប ពៅ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិមេនងលើ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខាងក្រោមនេះជារឿងរ៉ាវសង្ខេបរបស់ ពៅ ដែល​បានរស់នៅឆ្លងកាត់របប​ខ្មែរក្រហម។

ការឈឺចាប់ដែល ពៅ ចងចាំមិនអាចបំភ្លេចបានក្នុងរបបដ៏ខ្មៅងងឹតកាលពីអតីតកាល គឺពលកម្មហួសកម្លាំង ភាពអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងភូមិ ឃុំ អង្គ​ការបានឲ្យគាត់ កូន និងប្តី ចេញពីផ្ទះទៅរស់នៅតាម​សហករណ៍ជាមួយប្រជាជនមូលដ្ឋាន និងប្រជាជនជម្លៀសមកពីទីប្រជុំជន និងពីទីក្រុងភ្នំពេញ។ យោងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ទំព័រទី១៧ បានសរសេរថា «ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំនានានៅទូទាំងប្រទេសក្នុងរបបខ្មែរក្រហម គឺដើម្បីអនុវត្តបដិវត្តន៍សង្គមនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេស​កម្ពុជាតាមរយៈគោលនយោបាយ «មហាលោតផ្លោះ» និងការពារបក្ស​កុម្មុយនីស្តប្រឆាំងនឹង «សត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ»។ វិធីសាស្ត្រដ៏ចម្បងមួយក្នុងការសម្រេចបានគោលបំណងនេះគឺការផ្លាស់ទីប្រជាជនពីទីក្រុង និងទីប្រជុំជនទៅកាន់ទីជនបទមួយកន្លែងទៅកាន់ទីជនបទមួយកន្លែងទៀត ម្តងហើយម្តងទៀត»។

ប្តី របស់ ពៅ ត្រូវទៅធ្វើការងារឆ្ងាយពីគាត់ដោយអង្គការចាត់ឲ្យទៅជីក និងរែកដីធ្វើទំនប់ធំៗដើម្បីស្តុកទឹកទុកធ្វើស្រែ និងស្រោចដំណាំនៅរដូវប្រាំង​។ ក្រោយមក ពៅ ទទួលដំណឹងថាប្តីគាត់បានស្លាប់ ដោយ​សារ​ធ្វើការងារហួសកម្លាំង និងហូបមិនគ្រប់គ្រាន់​។

ចំណែក ពៅ ត្រូវជីកទំនប់ និងលើកប្រឡាយ នៅស្រុកកំណើតឯភូមិមេនងលើ។ ពៅ ត្រូវធ្វើការតាំងពីយប់ម៉ោង៥ទៀបភ្លឺ រហូតដល់ល្ងាចម៉ោង៦។ រីឯកូនតូចៗរបស់ ពៅ ត្រូវរស់នៅក្នុងកងកុមារជាមួយចាស់​ៗ។ ទោះបីកូនៗរបស់ ពៅ នៅតូចៗក៏ត្រូវជួយធ្វើការផងដែរដូចជាដើររើសអាចម៍គោទុកធ្វើជី និងដើររើសគួរស្រូវតាមវាលស្រែដែលកងចល័ត​យុវជនច្រូតស្រូវជ្រុះធ្លាក់។

ក្នុងរបបខ្មែរក្រហម ពៅ និងកូនៗត្រូវបានអង្គការជម្លៀស​ពីមួយកន្លែងទៅមួយកន្លែងក្នុងខេត្តព្រៃវែង។ អំឡុងពេលជម្លៀសគាត់បានជួបប្រទះការលំបាកទាំងរបបអាហារ និងទីជម្រក។

ដោយសារតែវ័យចំណាស់គួបផ្សំ និងការងារធ្ងន់ពីក្នុងរបបខ្មែរក្រហម បច្ចុប្បន្ន ពៅ មានជំងឺលើសសម្ពាធឈាម និងជំងឺ​ឈឺក្បាលវិលមុខជាញឹកញាប់។ ពៅ បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចេះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្ត និងចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យវិលត្រឡប់មកទឹកដីប្រទេសកម្ពុជាម្តងទៀតនាពេលអនាគត។

សម្ភាសន៍ដោយ ធិន ម៉ាលីន ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin