ចម្ការដំឡូងជាជំរំខ្ញុំ

រូបថតដោយ ស្រេង លីដា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកមកពីស្រុកឆែប ខេត្តព្រះវិហារ រាប់ពីស្ដាំដៃទៅ​ លោក ចក់ ជឿន នៅលេខរៀងទី១ និងភរិយាយរបស់លោក ឈ្មោះ លាម សុឃឹម នៅលេខរៀងទី៨។

ខ្ញុំមានឈ្មោះចក់ ជឿង[1] ភេទប្រុស មានអាយុ ៤១ ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះចាន់ ចក់ ម្ដាយឈ្មោះពុត ណាំម ហើយខ្ញុំមានបងប្អូន ៧នាក់(ស្រី២/ប្រុស៥)។ ខ្ញុំមានប្រពន្ធឈ្មោះ លាម សុឃឹម អាយុ ៤៨ឆ្នាំ និងមានកូនចំនួន៤នាក់។ ខ្ញុំមានស្រុកកំណើតនៅស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្នខ្ញុំ និងគ្រួសារបានភៀសខ្លួនមកស្នាក់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ យើងទាំងពីនាក់ប្ដីប្រពន្ធបានរៀនសូត្របានត្រឹមថ្នាក់ទី៤, ទី៥ ប៉ុណ្ណោះ បានត្រឹមតែចេះអាន តែមិនអាចសរសេរ។ ខ្ញុំ និងប្រពន្ធជាកសិករធ្វើស្រែចម្ការ។

តាមខ្ញុំដឹងមូលហេតុដែលថៃឈ្លានពានទឹកដីកម្ពុជា ព្រោះថៃចិញ្ចឹមចិត្តចង់បានប្រាសាទបុរាណ និងទឹកដីរបស់យើង។ នៅពេលដែលទាហានថៃបានផ្ទុះអាវុធនោះខ្ញុំនៅស្រុកឆែបនៅឡើយទេ ពេលនោះដែលមានសំឡេងគ្រាប់ផ្លោងរបស់ថៃបានឮរំពងពេញស្រុក។ ខ្ញុំ និងគ្រួសារមានភាពភ័យខ្លាចខ្លាំងណាស់ព្រោះខានឮសំឡេងនេះយូរឆ្នាំមកហើយ ពីតំបន់ជាំតែមកកន្លែងដែលខ្ញុំរស់នៅមានចម្ងាយប្រហែល ៤០ គីឡូប៉ុណ្ណោះបើយើងគិតអំពីទិសដៅត្រង់ដែលគ្រប់អាចហោះចូលភូមិបាន។ ស្ថានភាពនៅក្នុងភូមិវិញគ្រួសារនីមួយៗបាននាំគ្នារបៀបចំអីវ៉ាន់រត់ភៀសខ្លួនទៅតំបន់ដែលមានសុវត្ថិភាពរៀងៗខ្លួន។ ចំណែកគ្រួសារខ្ញុំវិញនាំគ្នារៀបចំតែអង្ករ, ចាន ឆ្នាំង និងគ្រឿងទេសសម្រាប់ទុកបរិភោគ។ បងខ្ញុំគាត់ជារស់នៅសង្កាត់កំពង់ប្រណាក ដែលនៅជិតកន្លែងផ្ទុះអាវុធនោះបានធ្វើដំណើរភៀសខ្លួនមកដល់ស្រុកឆែបគាត់ក៏បានហៅខ្ញុំធ្វើដំណើរមកជាគ្នា។ ថ្ងៃដែលខ្ញុំចេញដំណើរមកគឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ យើងបានធ្វើដំណើរចេញពីស្រុកឆែប តាមកំពង់ស្រឡៅ គឺតាមផ្លូវជាតិលេខ៦៤ រហូតឆ្លងទន្លេមេគង្គ មកដល់ទីរួមខេត្តស្ទឹងត្រែងយើងក៏បន្តដំណើរតាមផ្លូវជាតិលេខ៧ រហូតទៅដល់កន្លែងសម្រាប់នៅភូមិអូរស្វាយ។

នៅពេលដែលខ្ញុំធ្វើដំណើរនោះមានការលំបាកខ្លាំងដោយសារតែមេយមានភ្លៀងជាបន្តបន្ទាប់ បណ្ដាលឲ្យគ្រួសារខ្ញុំអ្នករួមដំណើរផ្សេងទៀតមានការរងារជាខ្លាំង និងសម្ភារដែលបានយកមកជាមួយទទឹកអស់។  ពេលមកដល់យើងទាំងអស់គ្នា បាននាំគ្នាសម្រាកនៅខ្ទមចម្ការបងប្អូនគ្រួសារមួយដែលគាត់បានស្គាល់នៅភូមិអូរស្វាយ។ ខ្ទមនោះតូចក៏ប៉ុន្តែយើងអាចគេងជុំគ្នារហូតទៅដល់៦គ្រួសារ មានទាំងមនុស្សចាស់ និងកុមារប្រហែល២០នាក់។ ពេលមកដល់ថ្ងៃដំបូងយើងទាំងអស់គ្នាពុំបានធ្វើអ្វីទេ ពោលគឺមានតែអង្គុយមើលព័ត៌មាននៅសមរភូមិមុខ។

នៅថ្ងៃបន្ទាប់ក៏មានអ្នកភូមិ មេភូមិ មេឃុំ បានមកសួរសុខទុក្ខ និងបានប្រគល់អំណោយមួយចំនួនសម្រាប់បរិភោគ។ នៅថ្ងៃបន្ទាប់ទៀតយើងក៏បានអ្នកភូមិណែនាំឲ្យទៅធ្វើការនៅចម្ការដំឡូងគ្រាប់បានប្រាក់ខ្លះផ្គត់ផ្គង់គ្រួសារ។ ចំពោះការឈ្លានពាននេះខ្ញុំពិតជាមានភាពភ័យខ្លាចណាស់ ចំពោះសុខសុវត្ថិភាពក្រុមគ្រួសារ ប្រទេសជាតិយើងទាំងមូលព្រោះថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរបែបនេះ មួយវិញទៀតប្រាសាទរបស់យើងតាមខ្ញុំដឹងមួយរយៈនេះមានការបាក់បែកខ្លាំងដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រប់តាមយន្តហោះរបស់ទាហានថៃ។ ខ្ញុំសូមសំណមពរដល់អន្តរជាតិជួយដល់កម្ពុជាផង ឲ្យកងទ័ពថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាទៀត។

ក្នុងស្ថានភាពពេលនេះគ្រួសារខ្ញុំបានជួបបញ្ហាប្រឈមខ្លាំងបំផុតនោះគឺ ពិបាកក្នុងការរស់នៅ នៅពេលមេយមានភ្លៀងទទឹកអស់ហើយ នៅពេលបើកថ្ងៃគឺក្ដៅខ្លាំង មិនមានប្រភពទឹកស្អាត និងគ្មានអគ្គិសនី។ តម្រូវការពេលនេះខ្ញុំត្រូវការតង់សម្រាប់ការពារទឹកភ្លៀង និងអាហារសម្រាប់បរិភោគតែប៉ុណ្ណោះ។ ខ្ញុំរងចាំមើលសិនថាអជ្ញាធរ ប្រាប់ដំណឹងថាអាចត្រឡប់ទៅស្រុកភូមិពេលណាបានខ្ញុំ និងត្រឡប់ទៅពេលនោះវិញ។ ប្រសិនបើស្ថានភាពនៅតែបែបនេះខ្ញុំ និងគ្រួសារមិនទាន់ហ៊ានត្រឡប់ទៅស្រុកភូមិវិញទេ។  ចំពោះបញ្ហាសុខភាពខ្ញុំវិញតែងតែមានការឈឺខ្លះហើយព្រោះពេលមករស់នៅក្នុងចម្ការដំឡូងបែបនេះតែងតែមានសត្វល្អិត និងមូសមកខាំច្រើន, ត្រូវទទឹកភ្លៀង និងគ្មានទឹកបរិភោគទើបបណ្ដាលឲ្យរាករូស និងផ្ដាសាយ។ នៅពេលដែលប្រទេសមានសន្តិភាព ពាក្យថាសន្តិភាពវាជាពាក្យធម្មតាសម្រាប់ខ្ញុំ ក៏ប៉ុន្តែមកដល់ពេលនេះពាក្យថាសន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យប្រទេសរបស់យើងមានសន្តិភាពវិញ៕


អត្ថបទដោយ ស្រេង លីដា

[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍ជាមួយជនភៀសសឹក ថៃឈ្លានពាន់ទឹកដីកម្ពុជា» ជាមួយ ចក់ ជឿន នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin