ចាន់ ស៊ីថា រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ ស៊ីថា អាយុ ៦៩ឆ្នាំ[1] មានស្រុកកំណើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចាន់ និងម្ដាយឈ្មោះ ជីន បងប្អូនចំនួន៤នាក់ (ស្រី២នាក់ ប្រុស២នាក់)។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រតិចតួច។
បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកក្នុភូមិ។ ពេលមានសង្រ្គាម ខ្ញុំបានជីករណ្ដៅត្រង់សេតាមទួលដំបូក។ នៅពេលថ្ងៃខ្ញុំចេញមកក្រៅ រណ្តៅត្រង់សេ ហើយមានយន្ដហោះមកទម្លាក់គ្រាប់ខ្ញុំរត់ចូលរណ្ដៅភ្លាម។ នៅចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ នៅតំបន់រំដោះ កងទ័ពខ្មែរក្រហមបានឃោសនាឲ្យប្រជាជនចូលរួមក្នុងចលនាតស៊ូបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយបដិវត្តន៍។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក បានបំផ្លាញផ្ទះសម្បែង រងរបួស និងស្លាប់ប្រជាជន។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្មែរក្រហមឲ្យខ្ញុំធ្វើការកាប់ដើមកៅស៊ូ នៅតំបន់ស្រក និងតំបន់តាអុង ការធ្វើដំណើរនៅជំនាន់នោះដោយថ្មើរជើង។ ខ្ញុំក្រោកទៅធ្វើការតាំងពីម៉ោង៦ព្រឹក រហូតដល់ល្ងាច ទើបត្រលប់មកកន្លែងស្នាក់នៅវិញ។ ខ្ញុំនៅកងចល័តលំបាកណាស់ ខ្ញុំឃើញមានមនុស្សឈឺច្រើន ខ្មែរក្រហមមិនឲ្យមកផ្ទះទេឈឺកន្លែងណាស្លាប់កន្លែងនោះ ខ្ញុំមានបុណ្យដែលមានជីវិតរស់នៅនិងបានមកដល់ផ្ទះ។
នៅតាអុង កងចល័តទៅកាប់ព្រៃកើតជំងឺគ្រុនចាញ់ស្លាប់អស់ច្រើន ខ្ញុំនៅកាប់ព្រៃនៅចម្ការកៅស៊ូបានរយៈពេល២៣ថ្ងៃ។ ខ្ញុំត្រឡប់មកនៅផ្ទះវិញ ខ្មែរក្រហមប្រើឲ្យច្រូត និងដកស្ទូង តាមផែនការរបស់ខ្មែរក្រហម។ ចំណែករបបអាហារ អង្ករ៣កំប៉ុង សម្រាប់បបរមួយខ្ទះត្នោត។ បបរមួយខ្ទះត្នោត ចុងភៅត្រូវបែងចែកឲ្យគ្រប់មនុស្ស៣០នាក់ ទៅ៤០នាក់ បើចែកមិនគ្រប់ត្រូវមានទោស។ បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យដកសំណាបកំណត់ក្នុង១ថ្ងៃឲ្យ ចំនួន៣ផ្លូន ៥ដំបរ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបំរុងនាំខ្ញុំទៅសម្លាប់។ ប្រធានកងមកពីកោះទន្ទឹមកាចខ្លាំងណាស់ ប្រើខ្ញុំ និងប្ដីឲ្យទៅជៀរជ័រកៅស៊ូ។ ខ្ញុំប្រាប់ថា មិត្តបងអើយកុំឲ្យខ្ញុំទៅអីបងប្អូនខ្ញុំទៅធ្វើយោធាអស់ហើយ ឪពុកម្ដាយខ្ញុំចាស់ៗទុកខ្ញុំនៅមើលថែលោកទាំងពីរ។
នៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំ ប្រធានកងដែលធ្លាប់សម្លាប់មនុស្សត្រូវប្រជាជននាំគ្នាយកកាំបិតដេញកាប់សម្លាប់ ហើយប្រធានកងបានរត់ទៅពួននៅផ្ទះខ្ញុំ។ ខ្ញុំប្រាប់ឲ្យប្ដីខ្ញុំដេញចេញពីផ្ទះឲ្យប្រជាជនកាប់សម្លាប់ ឪពុកខ្ញុំថាកុំមាត់កូន។ ឪពុកខ្ញុំបានភួយឲ្យប្រធានកងដណ្ដប់ថែមទៀត។ ខ្ញុំខ្លាចខ្មែរក្រហមមកសម្លាប់ម្ដងទៀត ខ្ញុំបានរត់ទៅនៅភូមិរំលេច ប្រធានកងនាំប្រពន្ធកូនទៅនៅរំលេចដែរ។ ខ្ញុំនិយាយថា មិនទាន់បាត់ខឹងព្រោះឈ្លោះជាមួយខ្ញុំកាលពីប្រហែលមួយខែមុន។ ខ្ញុំ និងប្ដីរួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[2] នៅឆ្នាំ១៩៨០ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងជម្លោះព្រំដែនខ្ញុំយល់ថា កម្ពុជា និងថៃ បានធ្វើឲ្យបាត់បង់ជីវិតកងទ័ព និងប្រជាជនយ៉ាងច្រើន។ ការបិទព្រំដែនធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចប្រទេសជាតិទាំងពីរ ហើយប្រជាជនត្រូវភៀសសឹកចេញពីផ្ទះសម្បែងមិនបានប្រកបរបររកស៊ី។ ចំពោះការចាប់ឈ្លើយសឹកទាហានខ្មែរប្រទេសថៃបានបញ្ជូនសាកសពម្នាក់ និងដោះលែងទាហានកម្ពុជា២នាក់ ដែលមានពិការម្នាក់ និងបាត់បង់សតិអារម្មណ៍។ សង្រ្គាមរយៈពេល៥ថ្ងៃ បានធ្វើឲ្យកងទ័ពកម្ពុជា ប្រជាជនបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ ប្រទេសកម្ពុជាទទួលរងការបំផ្លិចបំផ្លាញដោយកងទ័ពថៃប្រើប្រាស់យន្ដហោះចម្បាំង និងទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យខូចខាតប្រាសាទព្រះវិហារ, វត្តអារាម, សាលារៀន និងលំនៅឋានប្រជាជន។[3] ក្នុងនាមជាប្រជាជនខ្មែរ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមគោរពដល់វិញ្ញាណក្ខន្ធវីរៈបុរស កងទ័ពទាំងអស់ ដែលបានពលីជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងកូនចៅជំនាន់ក្រោយ ចងចាំគោរពដឹងគុណនូវវីរភាពដ៏អស្ចារ្យជារៀងរហូត។ ខ្ញុំសូមឲ្យតុលាជាតិ និងអន្ដរជាតិជួយដោះស្រាយចំពោះការចង់បាន និងការឈ្លានពានពីសំណាក់ប្រទេសថៃក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៕
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ ចាន់ ស៊ីថា នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១
[3] អ្នកនាំពាក្យក្រសួងការពារជាតិ