កងចល័តជឿនលឿន
(រតនគិរី)៖ ចាន់ អាន មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់ប្រកបរបរជាកសិករនៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ អាន ធ្លាប់ជាសមាជិករបស់កងចល័តជឿនលឿនម្នាក់នៅសម័យខ្មែរក្រហម។
ចាន់ អាន មានស្រុកកំណើតនៅប្រទេសឡាវ ដោយសារក្រុមគ្រួសាររបស់គាត់បានរស់នៅទីនោះក្នុងសម័យ លន់ នល់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។
នៅពេលត្រឡប់មករស់នៅស្រុកកំណើត ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការតាមកងកុមារ និងឃ្វាលគោក្របីអស់រយៈពេលជាងបួនខែ។ ក្រៅពីឃ្វាលគោក្របី គាត់ត្រូវដើរកាប់ទន្ទ្រានខេត្ត និងប្រមូលលាមកសម្រាប់ធ្វើជី។ ក្នុងមួយថ្ងៃគាត់ត្រូវកាប់ និងដឹកជញ្ជូនទន្ទ្រានខេត្តឲ្យបានដប់បាច់ធំៗ ទើបគាត់ទទួលបានរបបអាហារសម្រាប់ហូប។ ចំពោះអ្នកដែលមិនអាចធ្វើតាមការកំណត់នឹងត្រូវខ្មែរក្រហមចោទថា ជាបុគ្គលខ្ជិល ព្រមទាំងត្រូវបង្អត់អាហារទៀតផង។
នៅខែច្រូតស្រូវ គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅតាមកងចល័ត ដោយត្រូវស្ទូងស្រូវ និងច្រូតស្រូវនៅតាមភូមិផ្សេងៗ។ កងឈ្លបបានបង្ខិតបង្ខំឲ្យកងចល័តធ្វើការតាមស្រែចម្ការដោយគ្មានពេលឈប់សម្រាក។
ប្រជាជនខ្លះបានបាត់បង់ជីវិតដោយសារមិនអាចស៊ូទ្រាំបាននូវការលំបាកទាំងនោះ។ បន្ទាប់មក ចាន់ អាន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅកងចល័តមួយប្រភេទទៀត គឺកងចល័តជឿនលឿន។
ការងាររបស់កងចល័តជឿនលឿនមានដូចជា កាប់ឆ្ការព្រៃឈើសម្រាប់ធ្វើស្រែចម្ការ ឬធ្វើសួនអំពៅ។ គាត់ត្រូវធ្វើការទាំងហាលថ្ងៃហាលភ្លៀង ទាំងយប់ទាំងថ្ងៃ ដោយចាប់ផ្តើមពីម៉ោង ៤ទៀបភ្លឺ រហូតដល់ម៉ោង ១ ១ព្រឹក។ បន្ទាប់ពីហូបបាយរួច គាត់ត្រូវបន្តធ្វើការពីម៉ោង ១រសៀល រហូតដល់ម៉ោង៦ល្ងាច ទើបបានសម្រាកហូបបាយម្តងទៀត។ នៅពេលហូបបាយរួច ចាន់ អាន មិនបានសម្រាកនោះទេ គឺគាត់ត្រូវបន្តធ្វើការទៀតរហូតដល់ម៉ោង ១២យប់អធ្រាត្រ ដូច្នេះគាត់សល់ពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់សម្រាកក្នុងមួយថ្ងៃៗ។
ទោះបីជាគាត់ខិតខំធ្វើការយ៉ាងក៏ដោយ ក៏របបនេះ ផ្តល់មកវិញដោយរបបអាហារមិនគ្រប់គ្រាន់ និងមានការវាល់ចែកអង្ករសម្រាប់ធ្វើបបរហូបក្នុងសហករណ៍។ ក្នុងបបរមានលាយដូចជា មើមដំឡូង និងដើមចេកជាដើម។ មនុស្សក្នុងម្នាក់ទទួលបានត្រឹមតែបបរមួយកូនចានតូចប៉ុណ្ណោះ។
នៅពេលដែលគាត់ឈឺបន្តិចបន្តួច ខ្មែរក្រហមមិនដែលឲ្យគាត់បានសម្រាកនោះទេ។ ចាន់ អាន ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការតាមធម្មតា បើមានការតវ៉ា ឬប្រឆាំងនោះ ខ្មែរក្រហមនឹងនាំខ្លួនយកទៅរៀនសូត្រ ដែលមានន័យថា សម្លាប់ចោល។
ដោយឡែកសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរវិញ ត្រូវបាននាំខ្លួនយកទៅព្យាបាល ប៉ុន្តែភាគច្រើន អ្នកទាំងនោះបានបាត់បង់ជីវិតច្រើនជាងចំនួនមនុស្សដែលបានជាសះស្បើយពីជំងឺ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤