ចាន់ គឹម ៖ ជាប់គុកមួយគ្រួសារ ដោយសារស្ករត្នោតមួយឡាំង

(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
បទពិសោធន៍របស់ប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម មិនថាតិចឬច្រើន តែងតែទទួលរងការប៉ះទង្គិចផ្លូវចិត្ត តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការលើសកម្លាំង ការចោទប្រកាន់ពីកំហុសតូចតាច និងអ្វីដែលមិនគួរជាកំហុសដើម្បីនាំយកទៅធ្វើទារុណកម្ម ឬដាក់នៅមន្ទីរសន្តិសុខ ឬមន្ទីរដាក់អ្នកទោស ឬមន្ទីរឃុំឃាំង នៅទូទាំងប្រទេសតាមតំបន់ តាមសហករណ៍ តាមភូមិជាដើម។ តួយ៉ាងដូចជាសាច់រឿងរបស់ ចាន់ គឹម ភេទស្រី អាយុ ៦០ឆ្នាំ ក៏ធ្លាប់ត្រូវបានខ្មែរក្រហមនាំយកទៅដាក់នៅមន្ទីរអ្នកទោសនៅលើភ្នំ ក្នុងភូមិស្វាយចាល់ទាំងគ្រួសារ មានសមាជិក៤នាក់ ក្នុងនោះមានប្តី និងកូនពីរនាក់ទៀត។ ចាន់ គឹម[1] មានស្រុកកំណើតនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូន៧នាក់ ស្រី៤នាក់ និងប្រុស៣នាក់។ សាច់រឿងខាងក្រោមជាការរៀបរាប់របស់ គឹម ពីបទពិសោធន៍ជីវិតមុន និងក្នុងរបបខ្មែរក្រហម៖
ខ្ញុំឈ្មោះ ចាន់ គឹម អាយុ ៦០ឆ្នាំ រៀបការក្នុងវ័យ ១៨ឆ្នាំ ជាមួយឈ្មោះ ជា ជិន ដែលមានអាយុច្រើនខ្ញុំពីរឆ្នាំ។ មុនរបបខ្មែរក្រហម ខ្ញុំមានកូន២នាក់ ប្រុសទាំងពីរ លុះដល់របបខ្មែរក្រហមដួលរលំ ខ្ញុំនិងប្តីមានកូនស្រីម្នាក់ទៀត។
ឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ ប៉ុន្តែខ្ញុំ និងក្រុមគ្រួសារដែលរស់នៅក្នុងភូមិកំណើត ពុំមានឃើញព្រឹត្តិការណ៍អ្វីប្លែកដែលគួរឲ្យកត់សម្គាល់នោះទេ។ រហូតដល់ពេលខ្មែរក្រហមឡើងកាន់អំណាចឆ្នាំ១៩៧៥ ទើបមានការជម្លៀសប្រជាជនពីភូមិមួយទៅភូមិទៀត ដោយខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិអង្គស្វាយចេកទាំងអស់ ឲ្យទៅរស់នៅភូមិចារ និងជម្លៀសប្រជាជនពីស្រុកបាទីមករស់នៅក្នុងភូមិអង្គស្វាយចេកវិញ។
ពេលទៅដល់ភូមិចារ ខ្មែរក្រហមចាត់តាំងឲ្យធ្វើការដកស្ទូង ផុតពីរដូវដកស្ទូង ខ្មែរក្រហមចាត់តាំងឲ្យទៅជីកព្រែក ជីកប្រឡាយទៅតាមកម្លាំងកងនីមួយៗ។ ការបង្កើតសហករណ៍ចាប់ផ្តើមពីដើមឆ្នាំ១៩៧៦ ដោយមានការបែងចែកជាកងផ្សេងៗគ្នាដូចជា កងមនុស្សចាស់ កងចល័តយុវជន កងចល័តយុវនារីនិងកងកុមារ។ល។ ខ្ញុំ បងប្អូន និងឪពុកម្តាយបានបែកគ្នាទៅតាមការចាត់តាំងរៀងខ្លួន ប្អូនខ្លះទៅកងយុវជន ខ្លះទៅកងយុវនារី ខ្ញុំនិងប្តីនៅកងប្រវាស់ដៃឡើងត្នោត និងធ្វើស្ករត្នោត ហើយឪពុកម្តាយខ្ញុំបានបែកគ្នាពេលជម្លៀស។ ម្តាយ និងប្អូនប្រុសខ្ញុំពីរនាក់ទៀតត្រូវខ្មែរក្រហមជម្លៀសទៅនៅក្រវិល នៅទីនោះប្អូនប្រុសទាំងពីរនាក់របស់ខ្ញុំ ត្រូវខ្មែរក្រហមចាប់បញ្ជូនឲ្យទៅធ្វើទាហានចោលម្តាយ និងជាពេលដែលម្តាយខ្ញុំស្លាប់តែម្នាក់ឯងដោយសារអត់អាហារ។
នៅក្នុងរបបខ្មែរក្រហម ប្តីខ្ញុំជាអ្នកឡើងត្នោត ចំណែកខ្ញុំជាអ្នកធ្វើការនៅក្នុងរោងបាយ។ ថ្ងៃមួយភូមិដែលខ្ញុំរស់នៅត្រូវអង្គការរើចេញ ពីភូមិអង្គស្វាយចេក ឲ្យទៅនៅភូមិស្វាយចាល់វិញ ប្រជាជនក្នុងភូមិតម្រូវឲ្យចាកចេញពីភូមិទាំងអស់ មានតែគ្រួសារខ្ញុំដែលមានសមាជិក ៤នាក់ ប៉ុណ្ណោះ ព្រោះអង្គការត្រូវការកម្លាំងដុតភ្លើងរម្ងាស់ស្ករត្នោត និងដាក់បាយជ្រូកដែលសហករណ៍បានចិញ្ចឹម។ អ្នកភូមិដែលប្តូរទៅភូមិផ្សេង បានយករបស់របរប្រើប្រាស់ទៅជាមួយទាំងអស់ ចំណែកខ្ញុំមិនទាន់បានទៅនៅសល់របស់របរប្រើប្រាស់ខ្លះទុកប្រើព្រោះពីភូមិអង្គស្វាយចេក ទៅភូមិស្វាយចាល់ឆ្ងាយណាស់ពិបាកទៅសុំអង្ករ ឬសុំស្ករណាស់។
គណៈកង ឈ្មោះ ស៊ុន ចាប់ផ្តើមធ្វើផ្លូវរកាឈូក ដែលក្រុមពេញសិទ្ធិជាអ្នកធ្វើកិច្ចការនេះ ក្នុងនោះប្រធានភូមិក៏ចូលរួមធ្វើកិច្ចការសាងសង់ផ្លូវដែរ ហើយការហូបអាហារគឺហូបរួមតាមការរៀបចំដោយចុងភៅសហករណ៍។ ដោយឡែកក្រុមគ្រួសារខ្ញុំដែលស្ថិតក្នុងក្រុមប្រវាស់ដៃឡើងត្នោត គឺតម្រូវឲ្យហូបបាយតាមផ្ទះនៅឡើយដោយទទួលបានរបបអង្ករពីសហករណ៍។ ដោយសហរណ៍ថ្មីនៅភូមិស្វាយចាល់នៅឆ្ងាយខ្លាំងពេកពីភូមិចាស់គ្រួសារខ្ញុំរស់នៅ ប្រធានសហករណ៍បានអនុញ្ញាតឲ្យគ្រួសារខ្ញុំធ្វើអង្ករសម្រាប់ទុកហូបខ្លួនឯងមួយបំពង់ ហើយពេលរម្ងាស់ស្ករបានម្តងៗឲ្យច្រកទុកដាក់ក្នុងឡាំង (ប្រអប់ក្រដាសខ្នាតធំ) សិន ចាំដល់ពេលដែលសហករណ៍ត្រូវការ ទើបខ្ញុំយកទៅទាំងអស់តែម្តង ព្រោះប្រធានសហករណ៍ពុំទាន់ឲ្យរើទៅភូមិថ្មីទេ លុះត្រាតែជញ្ជូនស្ករអស់សិនទើបគ្រួសារខ្ញុំអាចប្តូរទីកន្លែងទៅរស់នៅភូមិស្វាយចាល់បាន។
តែសំណាងអាក្រក់មានថ្ងៃមួយ ក្រុមការងារខាងធ្វើផ្លូវនៅរការឈូកបានមកកន្លែងដែលខ្ញុំធ្វើស្ករត្នោត រួចចូលទៅក្នុងផ្ទះដែលខ្ញុំរស់នៅ ឃើញស្ករដែលច្រកទុកជាស្រេចមួយឡាំងពេញ ស្រាប់តែបានចោទខ្ញុំថា ជាខ្មាំង លួចលាក់ស្ករទុក ហើយបានប្រមូលយកស្ករទាំងអស់ទៅឲ្យគណៈកងនៃក្រុមធ្វើស្រែចម្ការ រួចក៏ចែកគ្នាអស់ ថែមទាំងស្រែកថា «ជា ខ្មាំងៗ ឲ្យដឹកស្ករទៅសហករណ៍បែរជាលាក់ទុក»[2] ពេលនោះប្រធានភូមិសួរខ្ញុំថា «ស្ករនេះជារបស់អ្នកណា?»[3] ឈ្លបខ្មែរក្រហមឆ្លើយថា «យកមកពីផ្ទះយាយសឹម គាត់មិនមែនខ្មាំងទេទុកសួរនាំសិនទៅ ព្រោះប្រធានសហករណ៍ឲ្យគាត់ទុករម្ងាស់ហូបទេ»[4]។ ឮតែគណៈកងហៅខ្ញុំ និងគ្រួសារថាជា ខ្មាំងខ្មោចៗៗ គឺត្រូវយកទៅសម្លាប់ចោល ភ័យពេក ខ្ញុំ និងគ្រួសារបាននាំគ្នារត់គេចខ្លួន ប៉ុន្តែគណៈឃុំ (ប្រធានឃុំ) ឈ្មោះ ឈាម បានតាមទៅយកគ្រួសារខ្ញុំពីឃុំផ្សេងមកវិញ ដោយពុំអនុញ្ញាតឲ្យនៅតំបន់ផ្សេងឡើយ។
ទៅដល់ភូមិស្វាយចាល់វិញ គណៈកងបានបញ្ជូនគ្រួសារខ្ញុំ ដែលមានសមាជិក ៤នាក់ ទៅដាក់នៅមន្ទីរអ្នកទោសនៅលើភ្នំ ត្រៀមសម្លាប់ចោល តែសំណាងល្អពេលទៅដល់ព្រៃឫស្សី កងឈ្លបខ្មែរក្រហម បានបញ្ជាឲ្យចូលកាប់ព្រៃឫស្សី និងទុកនៅក្នុងព្រៃនោះមួយយប់ទល់ភ្លឺ ទើបបញ្ជូនទៅដាក់នៅក្នុងគុក (មានគុកពីរកន្លែងសម្រាប់ដាក់អ្នកទោស) នៅភូមិស្វាយចាល់វិញ។ នៅក្នុងគុក ពុំមានដាក់ខ្នោះទេ គ្រាន់តែមិនអាចដើរហើរតាមចិត្ត ពេលធ្វើការមានអ្នកតាមមើលជាប់ជានិច្ច មានប្រធានឈ្លបឈ្មោះ ស៊ី។ នៅក្នុងមន្ទីរដាក់អ្នកទោស ឬគុក មានអ្នកទោសច្រើនណាស់ មួយភ្នំ អ្នកទោសពេញតែម្តង រកកន្លែងដេកគ្មានទេ សូម្បីតែកន្លែងនោមត្រូវនោមដាក់ពាងស្ករធំៗមិនឲ្យចុះក្រោមទេ ថែមទាំងមានដាក់ឈ្លបយាមទាំងយប់ទាំងថ្ងៃ។ ទាំងមនុស្សចាស់និងក្មេងដាក់នៅជុំគ្នាតាមគ្រួសារនីមួយៗ ឈ្លបនៅក្នុងគុក បានចែកកិច្ចការឲ្យធ្វើគ្រប់គ្នា លើកលែងតែក្មេងដែលមិនអាចធ្វើអ្វីបាន ត្រូវទុកចោលនៅក្នុងគុកគ្មានអ្នកមើលថែទេ ដូចជាគ្រួសារខ្ញុំ ទាំងប្តី និងកូនទាំងពីរនាក់ គឺនៅជុំគ្នាក្នុងគុក តែបែងចែកការងារធ្វើខុសគ្នា ការងារខ្លះបានធ្វើជុំគ្នា និងការងារខ្លះត្រូវធ្វើផ្សេងគ្នា។ ចំណែករបបអាហារវិញ មានតែទឹកបបរដែលរងថ្លានៅលើៗតែប៉ុណ្ណោះ។
នៅក្នុងគុក ខ្ញុំបានជួបប្អូនប្រុសបង្កើតឈ្មោះ សូ ត្រូវបានចោទថា ខុសសីលធម៌ ដោយសារតែបានស្នើសុំរៀបចំគ្រួសារ តែខ្មែរក្រហមមិនអនុញ្ញាតដោយមូលហេតុទុកប្រើជាកងចល័តយុវជន និងយុវនារី ដូច្នេះទាំងពីរនាក់នាំគ្នាលួចរត់ទៅតំបន់ព្រៃប្រាំ តែត្រូវឈ្លបចាប់បានបញ្ជូនមកដាក់គុកជាមួយគ្នានៅភូមិស្វាយចាល់។ ក្រៅពីនោះមានអ្នកទោសខ្លះធ្វើខុសពីបទបញ្ជាររបស់ថ្នាក់លើ ដូចជា យើងរស់នៅក្នុងតំបន់៣៣ តែលួចទៅលេងបងប្អូននៅតំបន់៣៥ ពេលត្រលប់មកដល់តំបន់៣៣វិញ ត្រូវទទួលទោសជាដើម។
ខ្ញុំ និងសមាជិកគ្រួសារទាំងអស់ ៤នាក់ ជាប់គុករយៈពេលយូរគ្រាន់បើដែរ ដើម្បីលុតដំ កសាងខ្លួនឲ្យបានស្អាតស្អំ លែងភ្លើតភ្លើន និងលែងលួចរត់ទៀត គឺឲ្យជឿតែទៅលើអង្គការមួយតែប៉ុណ្ណោះ ទើបប្រធានឈ្លបដោះលែងឲ្យត្រលប់ទៅផ្ទះនៅសហករណ៍ភូមិចារវិញ។ សហករណ៍ចាត់តាំងឲ្យច្រូត និងស្ទូងស្រូវ ដូចប្រជាជនដទៃទៀតដែរ រហូតដល់ពេលវៀតណាមវាយចូលប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ គ្រួសារខ្ញុំ និងបងប្អូនដែលនៅភូមិជាមួយគ្នា (មុនពេលនេះបន្តិចមានហេតុការណ៍មិនល្អ ទើបនាំគ្នារត់មកផ្ទះនៅជួបជុំគ្នា និងវេចអង្ករខ្លះត្រៀមខ្លួនដើម្បីរត់ចេញ) បានរត់ភៀសខ្លួនចេញទៅស្រុកកំណើតវិញ។ ខ្ញុំធ្វើដំណើរតាមផ្លូវរយៈពេលប្រហែលមួយសប្តាហ៍ទើបមកដល់ស្រុកកំណើតវិញ ដោយសារមានការបាញ់ប្រហារគ្នាខ្លាំងរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ពេលឮដំណឹងថា កងទ័ពវៀតណាមចូលមករំដោះប្រជាជន ទើបប្រជាជនដែលរត់ចេញពីភូមិ រួមទាំងគ្រួសារខ្ញុំ វិលត្រលប់ចូលភូមិវិញ។
ក្រោយរបបខ្មែរក្រហមដួលរលំ ទើបឪពុកខ្ញុំស្លាប់ដោយសារជំងឺ ហើយសព្វថ្ងៃ ខ្ញុំប្រកបរបរជាអ្នកដាំត្រកួនបន្តិចបន្តួច ហើយប្តីខ្ញុំជាអ្នកកាត់យកទៅលក់នៅផ្សារដើម្បីបានប្រាក់ចំណូលខ្លះចិញ្ចឹមជីវិត៕
អត្ថបទដោយ គឹម សុវណ្ណដានី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ចាន់ គឹម ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ មាស កញ្ចនា, ឯកសារលេខ VOT០៤១៧។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ចាន់ គឹម ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ មាស កញ្ចនា, ឯកសារលេខ VOT០៤១៧។
[3] ដូចខាងលើ
[4] ដូចខាងលើ