កងចល័តនារី
(ព្រៃវែង)៖ ច័ន្ទ ផល្លា មានអាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃមាស ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងរបបខ្មែរក្រហម ផល្លា មិនអាចរស់នៅជួបជុំសមាជិកគ្រួសារបានទេព្រោះគាត់ពេញកម្លាំង និងនៅលីវត្រូវខ្មែរក្រហមប្រើឲ្យធ្វើការជាកងចល័តនារីដែលជាកម្លាំងស្រួចរបស់សហករណ៍។ គាត់និយាយបន្តថា គាត់ត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាកដូចជា ជីក រែក ដីធ្វើទំនប់ ប្រឡាយ នៅព្រៃព្នៅ និងព្រៃស្លាព្រមទាំងត្រូវលើកភ្លឺស្រែ ស្ទូងស្រូវ ជាដើម។
ផល្លា ត្រូវធ្វើការនៅម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាច ដោយមានពេលសម្រាកកន្លះម៉ោងសម្រាប់អាហារថ្ងៃត្រង់។ គាត់ និងសមាជិកកងចល័តផ្សេងទៀត ថ្ងៃខ្លះត្រូវបានអង្គការឲ្យបន្ថែមម៉ោងធ្វើការនៅពេលយប់។ គាត់ត្រូវសម្រាន្តនៅកណ្តាលព្រៃ គ្មានជម្រកត្រឹមត្រូវនៅលើខ្នងទំនប់។
ចំណែកការហូបចុកវិញអង្គការបានផ្តល់ឲ្យតែបបរពីរវែកប៉ុណ្ណោះ សម្រាប់ពីរពេល។ ទោះបីគាត់ឃើញថា ក្នុងឃ្លាំងសហករណ៍មានស្រូវអង្ករនៅសល់ច្រើន ក៏គ្មានអ្នកណាហ៊ានសួរនាំប្រធានៗនៅកន្លែងគាត់រស់នៅដែរ។ ដោយសារតែពេលនោះគាត់នៅក្មេង គាត់មិនដែលមានជំងឺអ្វីនោះទេ ប៉ុន្តែគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់ការងារទាំងនោះទេ ដោយសារតែសេចក្តីភ័យខ្លាចអង្គការនាំយកទៅសម្លាប់ ទើបគាត់អាចតស៊ូទ្រាំនឹងការងារនៅពេលនោះបាន។
ផល្លា ធ្លាប់ឃើញខ្មែរក្រហមបណ្តើរមនុស្សយកទៅសម្លាប់ដោយធ្វើទារុណកម្មវាយរហូតដល់កន្លែងសម្លាប់។ ជាក់ស្តែងបងរបស់គាត់ម្នាក់ត្រូវបានខ្មែរក្រហមចាប់ និងវាយរហូតដល់កន្លែងសម្លាប់តែម្តង។ ផល្លា មិនដឹងថាបងមានកំហុសអ្វីនោះទេ។ គាត់និយាយបន្តថា ក្នុងរបបនោះមិនចាំបាច់មានកំហុសអ្វីធំដុំទេ គ្រាន់តែប្រជាជនលួចហូបផ្លែឈើដែលខ្លួនដាំបានក៏អង្គការមានហេតុផលដើម្បីសម្លាប់យើងដែរ។
ក្នុងរបបនោះ ផល្លា បានដឹងថា ប្រសិនបើសមាជិកគ្រួសារត្រូវខ្មែរក្រហមនាំយកទៅសម្លាប់សមាជិកផ្សេងមិនអាចយំបានទេប្រសិនបើអង្គការដឹង នឹងយកទៅសម្លាប់ជាមួយជាក់ជាមិនខានឡើយ។
នៅមន្ទីរសន្តិសុខវត្តស្លា ស្ថិតនៅក្នុងសហករណ៍កំពង់ឫស្សី នៅពេលដែលខ្មែរក្រហមសួរចម្លើយឬសម្លាប់អ្នកទោសគឺតែងតែចាក់ឧគ្ឃោសនាសព្ទខ្លាំងៗដើម្បីកុំឲ្យលឺសម្លេងឈឺចាប់របស់ជនរងគ្រោះ។
បច្ចុប្បន្ន ផល្លា មានជំងឺលើសសម្ពាធឈាម ជំងឺក្រពះនិងជំងឺពោះវៀន។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤