ចាន់ សូត៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ
ចាន់ សូត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតំបែរ ឃុំត្រពាំងឫស្សី ឃុំគោក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ដត្បូងឃ្មុំ)។ បច្ចុប្បន្ន សូត រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូត បាននិយាយថា៖ «ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន១២នាក់ (ប្រុស៥នាក់ និងស្រី៧នាក់) នៃគ្រួសារកសិករ។ ខ្ញុំមិនបានរៀនសូត្រទេ កាលពីកុមារភាព ដោយសារតែកត្តាជីវភាពខ្វះខាតនិងសង្គ្រាម។ នៅខែមីនា ឆ្នាំ១៩៧០ នៅក្នុងពេលដែលសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារសម្ដេចព្រះ នរោត្ដម សីហនុ ខ្ញុំបានឃើញទិដ្ឋភាពនៃការធ្វើបាតុកម្មរបស់ប្រជាជន ដើម្បីទាមទារអំណាចឲ្យសម្ដេចឪវិញ។ បាតុករបានស្រែកថា៖ «ជយោសម្ដេចឪ អ្នកណាមិនទៅ ដុតផ្ទះចោល!»។ ទាហាន លន់ នល់ បានបង្រ្កាប និងបាញ់រះទៅលើក្រុមបាតុករដ៏កកកុញ អស់រយៈពេល៤ទៅ៥ម៉ោង។ ឪពុករបស់ខ្ញុំក៏ធ្លាប់ចូលរួមក្នុងបាតុកម្មនេះដែរ ប៉ុន្ដែមិនរងរបួស ឬគ្រោះថ្នាក់អ្វីនោះទេ។
រហូតដល់ឆ្នាំ១៩៧៣ ខ្ញុំបានឃើញទិដ្ឋភាពនៃការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ លើភូមិរបស់ខ្ញុំ នៅពេលដែលប្រជាជនបានរត់ទៅលាក់ខ្លួនតាមវាលស្រែជាយៗភូមិ។ ផ្ទះសម្បែងជាច្រើនខ្នងរួមទាំងផ្ទះរបស់ខ្ញុំផង ត្រូវបានឆាបឆេះខ្ទេចខ្ទីគ្មានសល់។
នៅចុងឆ្នាំ១៩៧៧-១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀតនៃភូមិភាគបូព៌ាត្រូវជម្លៀសតាមកប៉ាល់ទឹកទៅកាន់ភូមិកើលមេឃ ក្នុងខេត្ដកំពង់ចាម។ ក្រោយមក យើងបានបន្ដដំណើរទៅកាន់ភ្នំសន្ទុក ខេត្ដកំពង់ធំ ដែលមានភូមិសាស្រ្ដជាប់នឹងដៃស្ទឹងសែន។ នៅទីនោះ យើងទទួលដំណឹងមកថា ប្រជាជនរាប់សិបនាក់ដែលបន្ដដំណើរឆ្លងទន្លេមេគង្គក្រោយៗទៀត ត្រូវបានគ្រាប់ផ្លោងទម្លាក់ពន្លិចនៅកណ្ដាលទន្លេ។ នៅឯស្រុកភ្នំសន្ទុក យើងបានរស់នៅទីនោះរយៈពេលកន្លះខែជាមួយនឹងការងារច្រូតស្រូវ និងម្ចាស់ការលើស្បៀងអាហារដោយខ្លួនឯង។ ជារៀងរាល់ថ្ងៃ យើងតែងតែចាត់គ្នីគ្នាស្ទូចត្រីដើម្បីធ្វើម្ហូប។ ដោយសារតែការអត់អាហារ មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ជាបន្ដបន្ទាប់។ ខ្មែរក្រហមបានរៀបចំផែនការសម្លាប់ប្រជាជនដែលជម្លៀសចេញពីភូមិភាគបូព៌ាទាំងនេះ[1] ដោយបញ្ជាឲ្យប្រជាជនក្រោមការក្ដោបក្ដាប់របស់ខ្លួនជីករណ្ដៅដើម្បីកប់ខ្លួនឯងថែមទៀតផង។ នៅពេលដែលបានដឹង ខ្ញុំភ្ញាក់ខ្លួនព្រឺតហើយមិនមានសង្ឃឹមថាបានរស់រានមានជីវិតនោះទេ។ ប៉ុន្ដែអ្វីដែលយើងចងចាំបំផុត គឺយើងអាចរស់រានមានជីវិតបាន ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមករំដោះទាន់ពេលវេលា។
ទោះជាយ៉ាងនេះក្ដី ខ្ញុំមានការសោកស្ដាយបំផុតអំពីការបាត់បង់ឪពុក និងបងប្អូនរបស់ខ្ញុំ២នាក់ទៀតដោយសារខ្មែរក្រហមបានសម្លាប់យ៉ាងព្រៃផ្សៃ។ ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាធ្វើជាចារកម្មរបស់កងទ័ពវៀតណាម។
ក្រុមគ្រួសាររបស់ខ្ញុំដែលសេសសល់ ក៏បានវិលត្រឡប់មកភូមិកំណើតឯខេត្ដកំពង់ចាមវិញ។ ខ្ញុំបានរែកអម្រែកដោយម្ខាងមានប្អូន និងម្ខាងទៀតដាក់ចានឆ្នាំង។ បងប្អូនខ្ញុំមួយចំនួនក៏បានស្លាប់ដោយសារជំងឺកញ្ច្រិលនៅតាមផ្លូវ។ កាលនោះ ម្ដាយរបស់ខ្ញុំមានអាយុជាង៤០ឆ្នាំទៅហើយ។ គាត់មានសភាពស្គមស្គាំងដោយសារទាស់សសៃខ្ចី និងមានកង្វល់ច្រើនពេកអំពីប្ដីដែលត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ចំណែកឯបងស្រីរបស់ខ្ញុំត្រូវបានខ្មែរក្រហមរំលោភ និងសម្លាប់ ព្រមទាំងវះពោះញាត់ស្មៅទៀតផង។ ខ្ញុំបានឃើញសាកសពបងស្រីរបស់ខ្ញុំ នៅពេលដែលខ្ញុំដើរឃ្វាលគោជាមួយប្អូនប្រុសម្នាក់ទៀត។ ខ្ញុំបានធុំក្លិនស្អុយដោយសារស្លាប់រយៈពេល១យប់១ថ្ងៃទៅហើយ គិតចាប់តាំងពីថ្ងៃដែលខ្ញុំឃើញខ្មែរក្រហមធាក់ទម្លាក់ និងចាប់បងស្រីរបស់ខ្ញុំ។ អំឡុងពេលនោះយើងមិនអាចបញ្ចុះសាកសពបាននោះទេ ដោយសារយើងត្រូវកៀរចេញដោយកងទ័ពវៀតណាម។ រីឯពូរបស់ខ្ញុំត្រូវបានខ្មែរក្រហមកាត់ក្បាលនៅលើភ្លឺស្រែ។ នៅក្នុងយប់នោះ ខ្ញុំបានយល់សប្ដិឃើញគាត់ដែលមានសភាពកំបុតក្បាលដេកស្លាប់នៅលើភ្លឺស្រែ៕
នៅព្រឹកថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅរកគាត់ ហើយអ្នកភូមិប្រាប់ខ្ញុំថា ខ្មែរក្រហមបានចាប់គាត់តាំងពីយប់មកម៉្លេះ។ ភ្លាមៗនោះ ខ្ញុំក៏បាននឹកឃើញទៅដល់ភ្លឺស្រែដែលខ្ញុំចងចាំកាលពីយប់ ហើយក៏ប្រទះឃើញសាកសពដេកស្លាប់នៅលើភ្លឺស្រែដូចការយល់សប្ដិពិតមែន។
រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានចូលបម្រើកងទ័ពខាងខ្មែរក្រហម។ នៅឆ្នាំ១៩៨៥ ខ្ញុំត្រូវពិការដៃម្ខាង ដោយសារកងទ័ពវៀតណាមបានផ្លោងគ្រាប់មកអំឡុងពេលខ្ញុំដើរទៅរកអង្ករនៅក្នុងភូមិដើម្បីផ្គត់ផ្គង់កងទ័ព។ គ្នីគ្នារបស់ខ្ញុំមានចំនួន៥នាក់ រួមទាំង អ៊ិន, សុភាព បានស្ថិតនៅក្នុងហេតុការណ៍នេះ។ សមាជិកពីរនាក់ទៀតត្រូវបានស្លាប់ បន្ទាប់ពីរងការវាយប្រហារពីកងទ័ពវៀតណាម។ ខ្ញុំក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលបានការព្យាបាលអស់រយៈពេលបីខែ ទើបបានជាសះស្បើយឡើងវិញ។ ដោយសារតែពិការភាពនេះ ខ្ញុំក៏ឈប់ទៅសមរភូមិមុខទៀត។ ខ្ញុំរស់នៅជាមួយប្រពន្ធរហូតចាប់តាំងពីពេលនោះមក»៕
អត្ថបទដោយ មេក វិន
[1] នៅក្នុងរបបខ្មែរក្រហម ការជម្លៀសប្រជាជនភូមិភាគបូព៌ាត្រូវបានចាត់ទុកថាជាការជម្លៀសដោយបង្ខំលើកទី២ ពីភូមិភាគនេះទៅកាន់ភូមិពាយព្យ (សៀវភៅ«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពលើកទី២ ឆ្នាំ ២០២០ ទំព័រ ៨៣)