ចាន់ ធុង៖ ភ្នែករបស់ខ្ញុំត្រូវខ្វេះចេញទាំងគូរ
ចាន់ ធុង[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទ្រាស ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្ន ធុង រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធុង បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេដោយសារតែជីវភាពគ្រួសារមានភាពខ្វះខាត។ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ នៅជំនាន់នោះប្រជាជនភាគច្រើនធ្វើស្រែចម្ការតែមួយមុខមិនមានមុខរបររកស៊ីអ្វីផ្សេងឡើយ។ បើទោះបីជាអ្នកភូមិមានជីវភាពក្រខ្សត់យ៉ាងណាក៏ដោយក៏អ្នកភូមិរស់នៅក្នុងសម័យនោះមានការគោរពស្រឡាញ់គ្នា និងជួយយកអាសារគ្នាណាស់។ នៅសម័យនោះប្រជាជនស្រឡាញ់រាប់អានគ្នាមិនដែលឈ្លោះទាស់ទែងអំពីបញ្ហារឿងរ៉ាវអ្វីមួយនោះទេ។ ពេលមានកម្មវិធីក្នុងភូមិម្ដងៗ អ្នកភូមិមកជួយគ្នាសឹងតែគ្រប់ផ្ទះមិនដែរខកខាន មិនថាមានបុណ្យទាន ឬពិធីរៀបមង្គលការ។
នៅឆ្នាំ១៩៧០ ខ្ញុំមានអាយុ១៦ឆ្នាំហើយ ប៉ុន្តែក្មេងជំនាន់នោះអាយុ១៦ឆ្នាំមិនទាន់ចេះគិតអ្វីទេឆោតល្ងង់ណាស់។ នៅក្នុងឆ្នាំដដែល ខ្ញុំចងចាំថាមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីដំណែងដោយសេនាប្រមុខ លន់ នល់។ បន្ទាប់ពី លន់ នល់ គ្រប់គ្រងអំណាចហើយក៏ចាប់ផ្ដើមមានការចាប់ប្រជាជននៅក្នុងភូមិជាបុរសៗដើម្បីទៅធ្វើទាហាន ប៉ុន្តែកាលនោះ ប្រជាជនមិនចូលរួមជាមួយ លន់ នល់ នោះទេប្រជាជនភាគច្រើនរត់ចូលព្រៃតស៊ូជាមួយកងទ័ពរំដោះដើម្បីការពារទឹកដី។ ដល់ឆ្នាំ១៩៧២ ខ្ញុំក៏បានសម្រេចចិត្តចូលជាកងទ័ពរំដោះនៅក្នុងព្រៃ។ នៅពេលនោះបានជាខ្ញុំសម្រេចចិត្តចូលជាកងទ័ពរំដោះ ដោយសារតែមានការអំពាវនាវពីសម្ដេច សីហនុ តាមវិទ្យុបានបងប្អូនជនរួមជាតិចូលព្រៃម៉ាគីដើម្បីទាមទាររំជាតិមាតុភូមិពី លន់ នល់ មកវិញ។ នៅពេលចូលដំបូងខ្ញុំរួមទាំងកងទ័ពជាច្រើននាក់ទៀតបានទៅហ្វឹកហាត់ពីយុទ្ធសាស្ត្រធ្វើសង្គ្រាមរយៈពេល៣ខែ ក៏ចាប់ផ្ដើមចេញទៅវាយនៅសមរភូមិមុខ។ ខ្ញុំនៅក្នុងអង្គភាព៨០១ ហើយមុខសញ្ញាដែលខ្ញុំទៅវាយភាគច្រើននៅមួយជួរសៀមរាប-ឧត្តរមានជ័យ។ ទីតាំងដែលខ្ញុំចេញទៅវាយនៅស្រុកពួក ស្រីស្នំ មិនដែរបានចូលក្រុងទេ តែប៉ុន្មានទីតាំងនេះហើយក៏ត្រឡប់មកអង្គភាពខាងក្រោយវិញ។ ជាទូទៅការវាយពីតំបន់មួយទៅតំបន់មួយ គឺមានទីតាំងបន្ទាយទាហាននៅគ្រប់ទីកន្លែងស្រាប់ហើយរាល់ការទៅវាយម្ដងៗខ្ញុំ រួមទាំងកងទ័ពទាំងអស់ស្នាក់នៅទីតាំងដែលមានហើយជាស្រេច។ នៅពេលកងទ័ពរំដោះ និងកងកងទ័ព លន់ នល់ វាយប៉ះគ្នាម្ដងៗកងទ័ពទាំងពីរភាគីតែងតែមានអ្នករបួសស្លាប់ដូចគ្នា។ កាលនោះទីស្នាក់ការធំខ្ញុំឈរជើងនៅអង្គរធំ កងទ័ពខ្ញុំនៅការពារប្រាសាទអង្គរវត្ត។ ទិដ្ឋភាពនៅបរិវេណប្រាសាទអង្គរវត្តកាលនោះសុទ្ធតែព្រៃ ហើយចំណែកឯផ្លូវមានតែមួយខ្សែទេផ្លូវកៅស៊ូឆ្លងកាត់ពីអង្គរតូចមកជុំវិញប្រាសាទក្នុងខេត្តសៀមរាប។ នៅពេលដែលមានផែនការចេញទៅវាយនៅតាមគោលដៅណាមួយដូចស្រុកពួក រយៈពេលមួយសប្ដាហ៍ទៅ១ខែវាយហើយក៏ត្រឡប់មកទីស្នាក់ធំនៅអង្គរវត្តវិញ។ ការវាយប្រយុទ្ធគ្នានៅបរិវេណអង្គរវត្តគឺមានការប៉ះពាល់ដល់រូបសំណាកក៏ដូចជាគ្រោងប្រាសាទមានការបាក់បែកមួយចំនួនដោយសារការវាយនេះដែរ។ ចំណែកឯនៅពេលនោះព្រៃអង្គរដើមឈើធំៗណាស់ហើយព្រៃស្ដុកយ៉ាងក្រាស់ ជាពិសេសសម្បូរសត្វព្រៃណាស់ដូចសត្វស្វារាប់ពាន់ក្បាល ជាដើម។
ក្នុងឆ្នាំ១៩៧៤ ខ្ញុំត្រូវបានរងរបួសដៃ អំឡុងពេលវាយជាមួយកងទ័ព លន់ នល់។ បន្ទាប់ពីខ្ញុំត្រូវរបួសហើយ ខ្ញុំត្រូវបានគេយកមកសម្រាកព្យាបាលនៅពេទ្យខាងក្រោយវិញ អ្នកខ្លះរបួសខ្លាំងក៏គេសែងមកក្រោយ។ អ្នកខ្លះស្លាប់ ក៏កប់ចោលនៅហ្នឹងកន្លែងឯខ្លះទៀតក៏ទុកចោល។ ខ្ញុំបានឈប់សម្រាកព្យាបាលអស់រយៈពេល១ខែទើបខ្ញុំជាសះស្បើយ។ ចាប់តាំងពីពេលខ្ញុំចូលធ្វើកងទ័ព ខ្ញុំមិនដែលបានជួប ឬដឹងដំណឹងពីគ្រួសាររបស់ទេ។ ខ្ញុំធ្វើការវាយជាមួយកងទ័ព លន់ នល់ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ បន្ទាប់មកកងទ័ព លន់ នល់ ដែលនៅក្នុងសៀមរាបបានលើកដៃសុំចុះចូល។
បន្ទាប់ពីទទួលបានជ័យជម្នះហើយ ថ្នាក់លើក៏បានប្រារព្ធពិធីបុណ្យឯករាជ្យឡើងក្នុងទឹកដីប្រាសាទអង្គរវត្ត។ ពេលនោះប្រជាជន ព្រមទាំងកងទ័ពមានការចូលរួមច្រើនណាស់។ បន្ទាប់មកទៀត ខ្ញុំក៏បានត្រឡប់ទៅលេងស្រុកកំណើតបានចំនួន២ថ្ងៃ ពេលទៅដល់ផ្ទះខ្ញុំបានជួបតែបងប្អូន និងឪពុក របស់ខ្ញុំតែប៉ុណ្ណោះខ្ញុំពិតជាមានការតក់ស្លុតជាខ្លាំងនៅពេលដឹងថាម្ដាយរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ក្រោយមកទៀតខ្ញុំក៏ត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅព្រំដែនខ្មែរ-ថៃ។ កាលនោះ ទីតាំងធំខ្ញុំនៅបន្ទាយស៊ុបនៅជិតក្រុងសំរោង។ ក្រៅពីការពារព្រំដែន ខ្ញុំរួមជាមួយកងទ័ពទាំងអស់បាននាំគ្នាធ្វើស្រែដាំដំណាំដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ព។ និយាយរួមទៅចាប់តាំងពីខ្មែរក្រហមទទួលបានជ័យជម្នះហើយចាប់ផ្ដើមផ្លាស់ប្ដូរការរស់នៅទាំងប្រជាជន និងកងទ័ពចាប់ផ្ដើមមានការលំបាកជាខ្លាំង។ សូម្បីតែខ្ញុំជាកងទ័ពក៏ត្រូវហូបបបរមួយកូនចានដូចទៅនឹងប្រជាជនទូទៅដែរ។
នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ខ្ញុំរួមទាំងប្រជាជនទាំងអស់បានជួបការខ្វះខាតការហូបចុក និងជួបនូវការលំបាកជាច្រើនទាំងពីការធ្វើការលើសកម្លាំង ហូបមិនបានគ្រប់គ្រាន់ និងដេកមិនឆ្អែត។ ក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ឧត្តរមានជ័យ ក៏ចាប់ផ្ដើមរំសាយសហករណ៍ចោលទាំងអស់។ បន្ទាប់មកអ្នកខ្លះក៏រត់ចូលទៅស្រុកកំណើតវិញ ឯអ្នកខ្លះទៀតក៏មានការភ័យខ្លាចវៀតណាមវាយធ្វើបាបមិនហ៊ានចូលទៅស្រុកភូមិវិញក៏សម្រេចចិត្តនាំគ្នារត់ចូលព្រៃបន្តទៀត។ ខ្ញុំ និងប្រជាជន រួមទាំងកងទ័ពមួយចំនួនត្រូវបានរស់នៅក្នុងព្រៃរហូតដល់ដាច់ស្បៀងអាហារ រួមទាំងទឹក ទម្រាំតែបានទៅដល់លើភ្នំវេទនាណាស់។ ពេលធ្វើដំណើរទៅដល់លើភ្នំហើយការហូបចុកលែងមានការខ្វះខាតដូចមុនហើយ។ ខ្ញុំរស់នៅឈរជើងឡើងចុះទៅវាយនៅលើភ្នំរហូតដល់ឆ្នាំ១៩៩៥ ខ្ញុំត្រូវបានពិការភ្នែកទាំងគូរដោយសារតែត្រូវគ្រាប់មីនអំឡុងពេលធ្វើដំណើរទៅវាយនៅតំបន់អូរស្មាច់។ ពេលនោះ ខ្ញុំមិនត្រឹមតែពិការភ្នែកនោះទេ ខ្ញុំក៏ត្រូវរបួសសុះពេញខ្លួនថែមទៀត។
មកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំមិនទទួលបានអ្វីតបស្នងពីការធ្វើសង្គ្រាមនោះទេ ផ្ទុះទៅវិញខ្ញុំបែរជាបន្សល់ទុកនូវពិការភ្នែកទាំងពីរនៅជាប់ខ្លួនទៅវិញ។ ខណៈពេលដែលខ្ញុំត្រូវរបួសធ្ងន់ អង្គភាពទ័ពបានបញ្ជូនខ្ញុំទៅសម្រាកព្យាបាលនៅពេទ្យថៃ ទៅដល់ទីនោះភ្នែករបស់ខ្ញុំត្រូវខ្វេះចេញទាំងគូរ។ ខ្ញុំបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាយូរទើបបានជាសះស្បើយពីរបួស ប៉ុន្តែខ្ញុំត្រូវបានពិការភ្នែកមើលពិភពលោកលែងឃើញអស់មួយជីវិត។ ចាប់តាំងពីពេលនោះមកខ្ញុំក៏លែងធ្វើការងារអ្វីកើតទៀតហើយ គ្រប់យ៉ាងគឺប្រពន្ធរបស់ខ្ញុំជាអ្នកមើលថែ និងរ៉ាប់រងទាំងអស់»៕
ដោយ មេក វិន
[1] មេក វិន សម្ភាសជាមួយ ចាន់ ធុង នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០២៣។