ខ្មែរក្រហមរៀបការឲ្យខ្ញុំទាំងបង្ខំ

(កំពត)៖ ចាន់ យ៉ន ភេទប្រុស មានអាយុ ៦៧ឆ្នាំ រស់នៅក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ យ៉ន មានទីកន្លែងកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។
នៅឆ្នាំ១៩៦៩ យ៉ន បានចូលរៀននៅសាលាបឋមសិក្សាគីរីវង់។ នៅឆ្នាំ១៩៧០ យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) និងជួយធ្វើការឪពុកម្ដាយ។ នៅឆ្នាំដដែល យ៉ន បានឃើញវត្តមានកងទ័ពវៀតកុង និងកងទ័ពចលនារំដោះជាតិ (ខ្មែរក្រហម) ចូលមកក្នុងភូមិរបស់គាត់។ ក្រោយមក មានការទម្លាក់គ្រាប់បែកនៅភូមិតាអូរ ធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាជន និងប្រជាជនមួយចំនួនបានបាត់បង់ជីវិត។ ចំណែក យ៉ន បានរត់ចូលលេណដ្ឋាន ដើម្បីសុវត្ថិភាព។ មិនយូរប៉ុន្មាន គាត់ថាមានកងទ័ពធីវគីចូលមកក្នុងភូមិទៀត។
នៅឆ្នាំ១៩៧២ យ៉ន បានបាត់បង់ឪពុកឈ្មោះ ចាន់ យឹង និងម្ដាយឈ្មោះ ចាន់ ទួន នៅភូមិអង្គរុនដោយសារជំងឺ។ នៅឆ្នាំ១៩៧៣ ភូមិតាអូរ ត្រូវបានខ្មែរក្រហមគ្រប់គ្រងទាំងស្រុង។ ខ្មែរក្រហមបានបញ្ជាឲ្យយ៉ន ធ្វើការក្នុងកងឈ្លប និងឃ្វាលគោ អស់រយៈពេលជាងបីខែ នៅភូមិត្រពាំងពិដោរ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីឡើងកាន់អំណាចជាផ្លូវការ ខ្មែរក្រហមបានបែងចែកប្រជាជនជាពីរក្រុម គឺប្រជាជនថ្មី និងប្រជាជនចាស់។ ប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ ត្រូវចាត់ទុកជាប្រជាជនថ្មី ចំណែក យ៉ន ជាប្រជាជនចាស់។ នៅសហករណ៍ ប្រជាជនទាំងអស់ ត្រូវធ្វើស្រែចម្ការ និងទទួលបានរបបអាហារ ត្រឹមបបរមួយវែក, សម្លត្រកួន ឬដំឡូងមីក្នុងមួយពេល។
យ៉ន និយាយថា ប្រជាជនថ្មីដែលមិនពេញចិត្តនឹងខ្មែរក្រហម ត្រូវបានតាមដាន, ណែនាំ ឬចាប់យកទៅឃុំឃាំង និងសម្លាប់។ យ៉ន បន្តថា អ្នកដែលខ្មែរក្រហមសម្លាប់នោះមានដូចជាឈ្មោះ កុងផេង, កុងសេង, កុងហ៊ាង, តាប៉ុក និងតាឆោម ដោយចោទថាជាខ្មាំងរបស់អង្គការ។ អ្នកទាំងនេះ ត្រូវបានគណៈឃុំ បញ្ជាឲ្យកងឈ្លបចាប់ចង និងនាំទៅលើភ្នំដើម្បីសម្លាប់។
ប្រជាជនទាំងអស់ ត្រូវធ្វើពលកម្មតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ និងបន្តធ្វើការពីម៉ោង១រសៀលដល់ម៉ោង៩យប់។ ប្រជាជនត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដែលបណ្ដាលឲ្យមានជំងឺគ្រុនក្តៅ, រាករូស, គ្រុនចាញ់ និងមានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ យ៉ន ថាអ្នកដែលមិនទៅធ្វើការ នឹងត្រូវខ្មែរក្រហមចោទថាទម្រន់។
នៅឆ្នាំ១៩៧៦ យ៉ន ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការនៅភូមិតាអូរ ដោយបេ្តជ្ញាចិត្តនៅចំពោះមុខអង្គការ។ យ៉ន ចងចាំថា ខ្មែរក្រហមរៀបចំឲ្យគាត់រៀបការក្នុងពេលតែមួយជាមួយប្តីប្រពន្ធម្ភៃគូផ្សេងទៀត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ យ៉ន បានរត់គេចខ្លួនទៅភូមិបាក់នឹម។ ក្រោយមក គាត់ត្រលប់មករស់នៅភូមិកំណើតវិញ ដោយប្រកបរបរធ្វើស្រែចម្ការ៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥