ប្រជាជនទាំងចាស់ទាំងក្មេងនៅក្នុងភូមិត្រូវខ្មែរក្រហមចាប់ធ្វើទាហាន
(រតនគិរី)៖ ចាណាវ ជួម មានអាយុ ៦៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅភូមិឡាម៉ឺយជាច្រើនគ្រួសារបានរត់ភៀសខ្លួនទៅប្រទេសឡាវ។ នៅពេលនោះ ប្រជាជនប្រមាណជាងប្រាំគ្រួសាររួមទាំងគ្រួសាររបស់គាត់បានសម្រេចចិត្តបន្តរស់នៅនៅក្នុងភូមិ។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច កងឈ្លបបានចាប់ផ្តើមសម្ភាសន៍ប្រជាជនរស់នៅក្នុងភូមិរួមទាំងឪពុកម្តាយរបស់គាត់។ ខ្មែរក្រហមបានស៊ើបការណ៍ទាក់ទងទៅនឹងប្រវត្តិគ្រួសាររបស់គាត់ថា តើមកពីវណ្ណៈសក្តិភូមិ ឬមកពីវណ្ណៈអធន ឬមានជាប់ខែ្សបណ្តាញជាអ្នកណាដែលធ្វើការនៅរបបចាស់ជាដើម។ របបចាស់គឺសំដៅទៅលើអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលនៅសម័យ លន់ នល់ និងសម័យសង្គមរាស្ត្រនិយម។
ខ្មែរក្រហមបានបំបែកគាត់ចេញពីក្រុមគ្រួសារ ដោយគាត់ត្រូវធ្វើការរួម ហូមរួម និងរស់នៅរួមទៅតាមវ័យ ឬទៅតាមភេទនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានកំណត់ ក្រោមការឃោសនារបស់ខ្មែរក្រហម។ ខ្មែរក្រហមបានឃោសនាថា ប្រជាជនទាំងអស់មានសិទ្ធិស្មើគ្នាដោយគ្មានអ្នកមាន ឬអ្នកក្រ ដូច្នេះទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ទាំងអស់ត្រូវប្រមូលទុកដាក់ជារបស់រួម ឬហៅថា សមូហភាព។
ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនាផ្សេងៗត្រូវបានលុបបំបាត់ដោយមិនឲ្យមានពិធីសែនព្រេន និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនជនជាតិដើមភាគតិច ដោយមិនឲ្យនិយាយ ឬប្រើប្រាស់ភាសារបស់ខ្លួន។ ខ្មែរក្រហមតម្រូវឲ្យនិយាយតែភាសាខ្មែរប៉ុណ្ណោះ។
នៅក្នុងសហករណ៍ទំពាំងវែង ខ្មែរក្រហមបានបង្ខំប្រជាជនទាំងអស់ឲ្យធ្វើការងារទាំងយប់ទាំងថ្ងៃដោយគ្មានពេលឈប់សម្រាកបានគ្រប់គ្រាន់នោះទេ។ ជួម ត្រូវលើកទំនប់ ជីកប្រឡាយ កាប់ដី ច្រូតស្រូវ និងធ្វើស្រែជាដើមនៅសហករណ៍ទំពាំងវែង។ ជួម ត្រូវតែខិតខំប្រឹងប្រែងធ្វើការងារទាំងអស់នោះដោយគ្មានពេលសម្រាក គឺដោយសារកងឈ្លបខ្មែរក្រហមរងចាំឃ្លាំមើលជាប្រចាំ។
នៅពេលគាត់មានជំងឺ គាត់ត្រូវធ្វើការទាំងឈឺរហូតដល់ឈឺធ្ងន់ ដេកស្តូកនៅលើគ្រែរនាប ទើបខ្មែរក្រហមព្រមនាំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ ជួម បានសម្រាកព្យាបាលនៅទីនោះអស់រយៈពេលប្រហែលជាងមួយសប្ដាហ៍ ដោយគ្មានការជួបជុំ ឬសួរសុខទុក្ខពីបងប្អូនសាច់ញាតិនោះឡើយ គឺដោយសារខ្មែរក្រហមបានហាមឃាត់។
ក្រោយពីជាសះស្បើយ ជួម បានត្រឡប់មករស់នៅនិងធ្វើការក្នុងសហករណ៍វិញ រហូតដល់ពេលមានសង្គ្រាមរវាងខ្មែរក្រហម និងកងទ័ពវៀតណាម។ នៅពេលសង្គ្រាមកើតឡើង ខ្មែរក្រហមបានប្រមូលមនុស្សប្រុសទាំងចាស់ទាំងក្មេង រួមទាំងរូបគាត់ឲ្យទៅប្រយុទ្ធទប់ទល់និងកងកម្លាំងរណសិរ្សសង្គ្រោះជាតិ។
ចាណាវ ជួម បានរត់គេចខ្លួនទៅតាមកងកម្លាំងខ្មែរក្រហម និងទៅរស់នៅតាមជួរភ្នំដងរែក និងស្រុកថ្មដាដែលនៅជាប់ព្រំប្រទល់ប្រទេសថៃ អស់រយៈពេលជាងមួយទសវត្សរ៍។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចនូវគោលនយោបាយឈ្នះ-ឈ្នះ ទើប ចាណាវ ជួម និងកងទ័ពខ្មែរក្រហមឯទៀតបានត្រឡប់មករស់នៅស្រុកកំណើតវិញ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤