គណៈឃុំសំបុកត្រូវបាននាំមកគុកទួលស្លែងនៅចុងឆ្នាំ១៩៧៨

បរិវេណគុកទួលស្លែង (រូបថតឯកសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ចាន់ យឿន គឺជាគណៈឃុំសំបុក ស្រុកក្រចេះ តំបន់៥០៥ ភូមិភាគឦសាន[1] ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ត្រូវបានឃុំខ្លួននៅគុកទួលស្លែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងយុទ្ធនាការបោសសម្អាតខ្មាំងភូមិភាគនេះ យឿន រងការចោទប្រកាន់ថាក្បត់នឹងបដិវត្តន៍។

ចាន់ យឿន[2] ភេទប្រុស បាត់ខ្លួននៅអាយុ៣១ឆ្នាំ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ ចាន់ ណារ៉េត[3] អាយុ៤១ឆ្នាំ ត្រូវជាកូនស្រី។ កូនស្រីរបស់យឿន រៀបរាប់ថា យឿន មានប្រពន្ធ ឈ្មោះ ថៃ វ៉េត, មានកូនចំនួន៥នាក់ និងមានស្រុកកំណើតនៅ ភូមិសំបុក ឃុំសំបុក ស្រុក​ក្រចេះ ខេត្ដក្រចេះ។ យឿន មានឪពុកឈ្មោះ មៀន លឹម និងម្ដាយឈ្មោះ ស៊ុន ហ៊ាន។ ក្នុងគ្រួ​សារ​​មានតែ យឿន ម្នាក់​ប៉ុណ្ណោះដែលចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ហើយបានបាត់ខ្លួន។

នៅឆ្នាំ១៩៧០ ប្រទេសជាតិមានរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ នាំឲ្យប្រទេសជាតិកើតមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ ឃុំសំបុក ស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាខ្មែរក្រហម។ នៅឆ្នាំដដែល យឿន បានចូលរួមជាមួយបដិវត្តន៍ ហើយក្រោយមកគាត់ត្រូវចាត់តាំងជាគ្រូបង្ហាត់បង្រៀនសិល្បៈ។ នៅក្នុងឃុំមានយុវជន-យុវនារី ជាច្រើនបានចូលរួមក្នុងចលនាបដិវត្តន៍ ហើយត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើសង្រ្គាមជាមួយទាហាន លន់ នល់ និងមួយចំនួនចូលរួមក្នុងកងសិល្បៈឃុំ។ នៅពេលនោះ យឿន បានដឹកនាំកងសិល្បៈឃុំសំបុកទៅសម្តែង​សិល្បៈនៅតាមទីកន្លែងផ្សេងៗដើម្បីឃោសនាមាគ៌ាបដិវត្តន៍។ កូនស្រីរបស់យឿន ម្នាក់ក៏ទៅចូលរួមក្នុងក្រុមសិល្បៈនោះផងដែរ និងធ្លាប់ចេញទៅសម្តែងក្នុងវត្តសំបុក។

នៅឆ្នាំ​១៩៧៤ យឿន ត្រូវបានចលនាខ្មែរក្រហមចាត់តាំងជាគណៈឃុំសំបុក។ នៅពេលនោះ យឿន អនុវត្តផែនការរបស់ចលនាខ្មែរក្រហមដោយបង្កើតជាសហករណ៍ និងការដ្ឋានការងាររួម។ ប្រជាជនទាំងអស់បានចេញទៅធ្វើស្រែរួមគ្នា ហើយខ្មែរក្រហមចែកទិន្នផលស្រូវឲ្យហូបតាមផ្ទះ​រៀង​ៗ​ខ្លួន​ ហើយរបបស្រូវផ្អែកតាម​ចំនួនសមាជិកក្នុងគ្រួសារ។ យុវជនត្រូវទៅភ្ជួររាស់, ជីក​ប្រឡាយ និងលើកទំនប់​ ក្នុងកងចល័ត ហើយអាចត្រលប់មករស់នៅជួបជុំគ្រួសារ។

នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស យឿន នៅតែជាគណៈឃុំសំបុក។ កាលនោះ យឿន និងកម្មាភិបាលខ្មែរក្រហមដទៃទៀតបានអនុវត្តគោលនយោបាយអង្គការ ដោយប្រមូលទ្រព្យសម្បត្ដិប្រជាជនទាំងអស់មកទុកក្នុងសហករណ៍សម្រាប់ការប្រើប្រាស់សមូហភាព ហើយប្រជាជនតម្រូវឲ្យហូបចុករួមគ្នានៅផ្ទះបាយ។

ចាប់ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៨ កម្មាភិបាលខែ្មរក្រហមគ្រប់គ្រងសហករណ៍, តំបន់៥០៥ ដែលមានឈ្មោះ យី និងឈ្មោះ ភួន ត្រូវកងទ័ពមជ្ឈិមចុះមកចាប់ខ្លួនជាបន្តបន្ទាប់។ យឿន បន្តធ្វើការងារឃុំរហូតដល់ចុង ឆ្នាំ១៩៧៨ កងទ័ពមជ្ឈិមបាននាំខ្លួន យឿន, តាណន និងតាតេង ដែលជាកម្មាភិបាលឃុំ ដោយប្រាប់ថាទៅរៀនសូត្រ។ ចាប់តាំងពីពេលនោះមក យឿន បាត់ដំណឹងរហូតដល់សព្វថ្ងៃ។  ក្រោយរបបខ្មែរក្រហមដួលរលំកូនរបស់យឿន រងចាំមើលផ្លូវឪពុក ប៉ុន្តែមិនឃើញត្រលប់មកវិញ។ គ្រួសាររបស់យឿន បានសួរដំណឹងពីអ្នកធ្លាប់ធ្វើបដិវត្តន៍ជាមួយគាត់ជារឿយៗ នៅតែគ្មានដំណឹង។ គ្រួសាររបស់យឿន សន្និដ្ឋានថាអង្គការបានសម្លាប់គាត់នៅពេលនាំខ្លួនទៅ។ នៅពេលមានពិធីបុណ្យទានម្តងៗ ​គ្រួសាររបស់យឿន តែងតែរំឭកដល់វិញ្ញា​ណ​ក្ខន្ធ យឿន ជានិច្ច។

បើតាមប្រវត្ដិរូបK07336 ជារបស់ឈ្មោះ ចាន់ យឿន។ យឿន មានកម្ពស់១,៦៧ ម៉ែត្រ, មានប្រវែងដងខ្លួន ០,៨៦ ម៉ែត្រ ត្រូវបានអង្គការចាប់ខ្លួនពីស្រុកក្រចេះ តំបន់៥០៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៨។ យឿន ​ត្រូវបាន​នាំមកឃុំខ្លួននៅផ្ទះ៣៣, បន្ទប់ធំ៤, គុកទួលសែ្លង ក្រុងភ្នំពេញ។[4]

រឿងរ៉ាវរបស់ ចាន់ ណារ៉េត ជាកូនស្រីរបស់ ចាន់ យឿន​ និងគ្រួសារក្នុងរបបខ្មែរក្រហម៖

នៅពេលខ្មែរក្រហមឡើងកាន់អំណាចគ្រួសាររបស់យឿន មានសមាជិកសរុបចំនួនប្រាំពីរនាក់ រួមមាន៖ យឿន, ប្រពន្ធ, និងកូនទី១ ឈ្មោះ ចាន់ ណារ៉េត, កូនទី២ ឈ្មោះ ចាន់ ណារ៉ា, កូនទី៣ ឈ្មោះ ចាន់ ណាវី, កូនទី៤ ឈ្មោះ ចាន់ សុភ័គ្រ និងកូនទី៥ ឈ្មោះ ចាន់ ភារ៉ាត់។ នៅពេលនោះគ្រួសារយឿន រស់នៅស្រុកកំណើត រហូតដល់ចុងឆ្នាំ១៩៧៨ ទើបខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅស្រុកព្រែកប្រសព្វ។ កាលនោះ ណារ៉េត មានអាយុប្រមាណ១៥ឆ្នាំ បានឈប់ពីក្រុមសិល្បៈឃុំ និងមកធ្វើស្រែ, ជីកប្រឡាយ, លើកទំនប់ ក្នុងកងចល័តនារីឃុំវិញ។ ក្រៅពីការងារនេះ ណារ៉េត ក៏ត្រូវជួយដាំបាយ, ចិតបន្លែ នៅរោងបាយផងដែរ។ ប្អូនៗរបស់ ណារ៉េត រស់នៅក្នុងកងកុមារ​។ ការងាររបស់កុមារគឺត្រូវចិញ្ច្រាំ​ដើមទន្ទ្រានខេត្ត និងជញ្ជូនជីយកទៅដាក់ក្នុងស្រែ។ ណារ៉េត និយាយថា “ការហូបចុកដូចតែគ្នា គឺដូចតែប្រជាជនទូទៅដែរ បើទោះបីជាឪពុកខ្ញុំជាគណៈឃុំក៏​ដោយ។ បើប្រជាជនហូបបបរ គ្រួសារខ្ញុំក៏ហូបបបរដែរ និងទទួលបានរបបអាហារស្មើៗគ្នា”។

កាលនោះ ណារ៉េត ឃើញប្រជាជន១៧មេសា ដែលជម្លៀសចេញពីភ្នំពេញជាច្រើនគ្រួសារមករស់នៅក្នុងឃុំ។ ប្រជាជន១៧មេសា ស្លាប់​ច្រើនដោយសារតែមិនធ្លាប់ជួបការលំបាកពីមុនមក ហើយប្រជាជនទាំងនោះក៏មិនចេះពីរបៀបធ្វើស្រែ​ ចម្ការ ដូចប្រជាជនមូលដ្ឋានដែរ។ ប៉ុន្តែប្រជាជនក្នុងភូមិបានបង្ហាត់បង្រៀនពីការងារ ដក ស្ទូង និងភ្ជួររាស់ដី ដល់ប្រជាជនថ្មីដោយគ្មានការរើសអើងនោះទេ។ ណារ៉េត បញ្ជាក់ថាការរស់នៅរបស់ប្រជាជនក្នុងឃុំសំបុក មុនឆ្នាំ១៩៧៨ មិនសូវជួបប្រទះការលំបាកខ្លាំងទេ។ ប្រជាជនធ្វើស្រែរួមគ្នានៅតាមសហករណ៍ដោយទទួលទិន្នផលស្រូវ​ច្រើន ហើយអង្គការបានឲ្យ​ប្រជាជនហូបគ្រប់គ្រាន់នៅរដូវវស្សា ចំណែកនៅរដូវប្រាំងអង្ករ​ខ្វះខាតទើប ប្រជាជនត្រូវហូបបប​រ​។

នៅចុងឆ្នាំ១៩៧៨ ពេលដែលខ្មែរក្រហមចាប់ខ្លួនឪពុក អង្គការ​បានបញ្ជូនឈ្មោះ សុខ ដែលជាពេទ្យឃុំឲ្យមកធ្វើជាគណៈឃុំ។ បន្ទាប់មក ណារ៉េត និងគ្រួសារ ត្រូវជម្លៀសពីឃុំសំបុក ទៅសហករណ៍មួយកន្លែងស្ថិតក្នុងស្រុកព្រែកប្រសព្វ តំបន់៥០៥។ គ្រួសារគាត់រស់នៅទីនោះ​បានរយៈពេលប្រហែលមួយខែ ​របបខ្មែរក្រហមក៏បានដួលរលំ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនបានជាបន្តបន្ទាប់។[5] គ្រួសាររបស់យឿន បានមករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ អេង សុខម៉េង


[1] ផេង ពង្សរ៉ាស៊ី, et al. (២០២០). សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). រាជធានីភ្នំពេញ. បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៥។ “ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមាន ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង ដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជា៦តំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥”។

[2] ឯកសារ K០៧៣៣៦. ប្រវត្តិរូបរបស់ ចាន់ យឿន ភេទប្រុស អាយុ៣១ឆ្នាំ បាត់ខ្លួន. ឯកសារតម្កល់នៅមជ្ឈមណ្ឌល​ឯកសា​រ​កម្ពុជា. ទំព័រទី១។

[3] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវឯកសារ KRI0០៤៤. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ ចាន់ ណារ៉េត ជាកូនស្រីរបស់ចាន់ យឿន អាយុ៤១ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៦. ចំនួន១៧ទំព័រ ។

[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០). សៀភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). រាជធានីភ្នំពេញ.បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៥៣។ [គុកទួលស្លែងគឺជាមន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត គឺជាមន្ទីរសន្តិសុខមជ្ឈិម មានទីទាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញដែលមានឈ្មោះថា (មន្ទីរស-២១) ។ អ្នកទោសនៅក្នុងមន្ទីរស-២១ ស្ទើរតែទាំងអស់គឺជាអតីតកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែពុំមានអ្នកទោសណាម្នាក់នៅតំបន់ និងថ្នាក់ស្រុកត្រូវបានដោះលែងឡើយ ហើយមានអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១] ។

[5] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ])៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin