កុមាររស់នៅបែកពីឪពុកម្តាយ

ចាន់ អូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

(ខេត្តព្រៃវែង) ចាន់ អូន មានអាយុ៦៣ ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អូន មានឪពុក​ឈ្មោះ ហៀង, ម្ដាយ ឈ្មោះ ង៉ាម, មានស្វាមី ឈ្មោះ អុក វណ្ណនី និងមានបងប្អូនចំនួន៤នាក់ (ស្លាប់ម្នាក់)។

អូន បានរៀបរាប់រឿងរ៉ាវឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចតទៅ៖ ពេលខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ អូន មានវ័យប្រមាណ១៤ឆ្នាំ កំពុងរស់នៅភូមិពាយនាយ។ កងឈ្លបខ្មែរក្រហមបានតម្រូវឲ្យ អូន ទៅធ្វើការឆ្ងាយពីភូមិ ទៅរែកដីធ្វើទំនប់ នៅដីតំបន់សណ្ដទន្លេ។ អូន បានប្រាប់ថា ការហូបចុកនៅពេលនោះមានការខ្វះខាតខ្លាំង។​ ចំណែកឪពុករបស់គាត់ត្រូវ​ចាត់តាំងឲ្យទៅដឹកអង្ករឲ្យអង្គការ ប៉ុន្តែក្រោយពេលដឹកត្រលប់មកវិញ គាត់ទទួលបាន​អង្ករតែ២ ទៅ ៣ កំប៉ុងប៉ុណ្ណោះ យកមកដាំបបរហូបក្នុងគ្រួសារ។ នៅពេលនោះ អូន ធ្វើការក្នុងកងចល័ត មិនដែលបានជួបមុខឪពុកម្ដាយនោះទេ ហើយគាត់រៀនសូត្រមិនបានត្រឹមត្រូវទេ រៀនបានរយៈពេល ៣ខែ និងរៀនតែពេលព្រឹកប៉ុណ្ណោះ។ នៅពេលរសៀល អង្គការតម្រូវឲ្យទៅស្ទូងស្រូវ និងធ្វើជី។

ក្រោយមកកងឈ្លបខ្មែរក្រហមបានផ្លាស់ អូន ឲ្យទៅធ្វើការនៅកន្លែងផ្សេង។ ពេលនោះក្នុងក្រុមមានសមាជិក១០នាក់ ត្រូវស្ទូងស្រូវទំហំ១ហិកតាក្នុង១ថ្ងៃ។ អូន បន្តថាយុវនារីស្ទូងស្រូវប្រជែងគ្នាយកចិត្តអង្គការ និងដើម្បីទទួលបានរបបអាហារគ្រប់គ្រាន់​។ អូន បន្ថែមថាពេលស្ទូងសម្រេចតាមផែនការ អង្គការបានបន្ថែមទំហំការងារ។ អូន ថ្លែងថា​មិនធ្លាប់ប្រព្រឹត្តកំហុសទេក្នុងរបបខ្មែរក្រហម ហើយក៏មិនធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្មឬសម្លាប់មនុស្សផ្ទាល់ភ្នែកដែរ។ ប៉ុន្តែគាត់​ធ្លាប់ឮសំឡេងសម្រែកការឈឺចាប់របស់ជនរងគ្រោះដែលត្រូវបានសម្លាប់។

នៅពេលមានការវាយរំដោះអំឡុងឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀស អូន ​ទៅដីក្រហម ក្បែរតំបន់អ្នកលឿង​។ ពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ អូន និងប្រជាជនដទៃទៀតក៏មានសេរីភាព និងបានត្រលប់ទៅស្រុកកំណើតវិញ។ បច្ចុប្បន្ន អូន មានជំងឺលើសសម្ពាធឈាម និងអាការចុករោយជង្គង់ខ្លាំងដែលគាត់មិនអាចធ្វើដំណើរបានឆ្ងាយនោះទេ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin