ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ចាន់ ភឹម[1] អាយុ​៥៥ឆ្នាំ និងជាជាងសិប្បកម្ម មាន​ស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំ​វាលពង្ស ស្រុក​​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម​ រស់នៅភូមិស្រះឈូក ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។

ភឹម ​បាន​និយាយថា៖ «មុនឆ្នាំ​១៩៧០ ខ្ញុំ​បាន​រស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅ​ក្នុង​ក្រុម​​គ្រួសារ​កសិករមួយ។ ឪពុកម្តាយខ្ញុំ​ប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំ​ក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំ​បាន​​បួសជាព្រះសង្ឃ​ រយៈពេលពីរវស្សាដែរ។

នៅក្នុងឆ្នាំ​១៩៧៣ ខ្ញុំ​ត្រូវ​បាន​បង្ខំឲ្យ​ចូល​បម្រើ​បដិវត្តន៍​ខ្មែរក្រហម ដោយសារប្រទេសកំពុងធ្លាក់​ចូលក្នុងសង្គ្រាម​។ ខ្ញុំ​ពិតជាចង់នៅបម្រើឪពុកម្តាយ ដែលមាន​វ័យចំណាស់។ ម្យ៉ាងទៀត ខ្ញុំ​​គឺជាកូន​តែ​ម្នាក់​គត់ ដោយសារបងប្អូនបង្កើត​បាន​ស្លាប់អស់ហើយ។ ប៉ុន្តែ​ ខ្ញុំ​មិន​អាចបន្ត​រស់នៅ​ក្នុង​ភូមិ​ដោយ​សុខ​សាន្ត​បាន​ឡើយ។

សកម្មភាពបដិវត្តន៍របស់ខ្ញុំ​បាន​អនុវត្ត​នៅ​ក្នុង​ស្រុក​ឧត្តុង្គ នៃ​ខេត្តកំពង់ស្ពឺ ​ផ្ទាល់​តែម្តង។ ខ្ញុំ​បាន​រង​របួស​បាក់​ដៃ ដោយ​សារ​គ្រាប់ផ្លោងរបស់ទាហាន​ លន់​ នល់ នៅក្នុងឆ្នាំ​១៩៧៤។​

នៅពេលដែលខ្មែរក្រហមបាន​វាយកាន់​កាប់​ទីក្រុងភ្នំពេញ​ នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​​​ឲ្យ​ចូលធ្វើការនៅក្នុង​អង្គភាពពិការរបស់​សហករណ៍​ នៅត្រង់ម្តុំ​ពេទ្យលោកសង្ឃ នៃក្រុងភ្នំពេញ។ អង្គភាពពិការ​ត្រូវ​​ដាំបាយ និងដាំ​​បន្លែ ដើម្បីផ្គត់ផ្គង់​ខ្លួនឯង។ ខ្ញុំ​មិន​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្តង​ណា​ឡើយ នៅមុនពេល និង​ក្នុងអំឡុងពេលនៃរបប​ខ្មែរក្រហម។ ជាពិសេស ខ្ញុំ​មិន​ដឹងថាតើ​ម៉ែឪរបស់ខ្ញុំ​បាក់​បែក​​ទៅណា ឬបាត់បង់ជីវិត តាំងពីពេលណា។ ខ្ញុំ​បែកពីគាត់ទាំងពីរជាងរៀងរហូត។

នៅក្នុងឆ្នាំ​១៩៧៩ ខ្ញុំ​មិន​អាចគេចរត់ និង​វិល​ត្រឡប់​ទៅ​ផ្ទះវិញឡើយ។ សមាជិក​ទាំង​អស់​នៃ​អង្គភាព​ពិការ​ត្រូវ​បាន​ដឹកតាមរថភ្លើងឆ្ពោះទៅកាន់​ខេត្តបាត់​ដំបង។ ខ្ញុំ​បន្តធ្វើដំណើរត្រាច់ចរ រហូត​ដល់​​ខេត្ត​សៀមរាប។ នៅទីបំផុត ខ្ញុំ​បានរត់ភៀសខ្លួន​មកកាន់ខ្នងភ្នំដងរែក។

នៅដើមទស្សវត្សរ៍ឆ្នាំ​១៩៨០ ខ្ញុំ​បាន​ ចាប់​ផ្តើមអាជីពអារឈើ និង​សិប្បកម្ម​ឈើ។ ខ្ញុំ​ឆ្លៀតអារឈើ និងផលិតគ្រែ និ​ងគ្រឿងឈើ​ផ្សេងៗ ដើម្បី​លក់ឲ្យ​ប្រជាជនថៃ។

នៅចុងឆ្នាំ​១៩៨៤ ខ្ញុំ​បាន​ដើរជាន់មីន ដែលបណ្តាលឲ្យ​ខ្ញុំ​ដាច់ជើងម្ខាង។ ប៉ុន្តែ ខ្ញុំ​នៅ​បន្ត​អាជីព​សិប្បកម្ម​ឈើ ​ដូចជាផលិត​តុ សាឡុង និងគ្រែ​ សម្រាប់ចិញ្ចឹម​ក្រពះ។

«ដូចខ្ញុំ​មាន​អាជីព ដូចខ្ញុំ​ជម្រាបអញ្ចឹង វាគិតតែរឿងបង្កើត​អាជីពមួយសម្រាប់​ខ្លួន​ឯង។ ដល់​ពេល​ពិការ​ទៅនេះ មាន​ដឹងថានឹកឃើញរកអី។ ម៉្លោះ​ហើយ បើ​ធ្វើស្អីក៏ធ្វើមិន​កើត។ គិតតែ​ខំ​…ព្យាយាម ដើម្បី​ចិញ្ចឹម[ជីវិត]។ កុំ​បាន​ខ្លួន​ឯងមានគំនិតចាប់​វិជ្ជាសិប្បកម្មទេ។ បើថាអត់ ជីវិតខ្ញុំ​មិន​​ដឹងធ្វើ​អី​បាន។ វេទនា មហាវេទនា។ បងប្អូនពិការដែលនៅនេះ ខ្ញុំមើលឃើញគ្នា ដែលគ្នាអត់​មាន​អាជីព ធ្វើ​ការ​​យ៉ាប់ៗ។ ហើយ​ខ្ញុំ​ជាមួយប្តីប្រពន្ធ ព្រឹកឡើងឈូសៗ ថ្ងៃឡើងឈូស។ ដៃ​ឡើង​ក្រិន​អស់​ហើយឈូសឈើហ្នឹង។»

បើនិយាយពីការជួយយកអាសារវិញ ខ្ញុំ​ក៏នៅចាំរឿងមួយដែរ​ថា នៅ​ក្នុង​អំឡុងខែមេសា ឆ្នាំ​១៩៩៦ ខ្ញុំ​​ធ្លាប់​បាន​ជួយយកអាសារ​ជនភៀសសឹក​ចំនួន​ជិត១០០នាក់ ដែលរត់ចេញពីការ​ប្រយុទ្ធ​គ្នា​នៅ​ឯ​ស្រុក​វ៉ារិន​ ខេត្តសៀមរាប។

អង្គភាព​បាន​ចាត់​បញ្ជូន​ខ្ញុំ​ឲ្យ​ផ្តល់​​អង្ករ និង​ក្រណាត់ ដល់អ្នកទាំងនោះ។ ខ្ញុំ​ឃើញប្រជាជន​ទទួល​រង​នូវភាពអត់ឃ្លាន ដោយ​សារ​គ្មាន​ឆ្នាំងដាំបាយ។ ជនភៀសសឹកទាំងនោះអរណាស់ ដោយសារខ្ញុំ​បាន​ចែក​​ឆ្នាំង​មួយ​សម្រាប់​ដាំ​បាយ ឆ្នាំងមួយសម្រាប់ស្លរ និង​អង្ករចំនួន​៦០កំប៉ុងសម្រាប់មនុស្សម្នាក់ ក្នុង​មួយ​ខែ។ ខ្ញុំ​បាន​ទទួល​ការ​រាប់​អាន ហើយ​អ្នកខ្លះក៏បាន​ទៅដល់ផ្ទះខ្ញុំ​ទៀតផង។ ពេលខ្លះ​ ខ្ញុំ​បាន​ជួប​អ្នក​ទាំង​នោះ​នៅស្រែណូយ ប៉ុន្តែ​ភ្លេច​​ឈ្មោះ​គាត់ហើយ»៕

អត្ថបទដោយ លី សុខឃាង


[1] ចាន់ ភឹម អាយុ៥៥​ឆ្នាំ និងជាជាងសិប្បកម្ម បាន​ផ្តល់សម្ភាសន៍ដល់ ឡុង ដានី កាលពីថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin