ចាន់ រតនា ៖ ជាប់ជាជនសង្ស័យ ព្រោះថ្នាក់ដឹកនាំត្រូវបានចោទប្រកាន់ក្បត់

នៅឆ្នាំ១៩៧៥ តា ហង្ស ដែលជាប្រធានកងវរសេនាធំត្រូវបានអង្គការចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងជាច្រើននៅក្នុងព្រៃ។ បន្ទាប់ពីអង្គការចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ រតនា និងកងទ័ពផ្សេងទៀត ត្រូវបានជាប់ជាជនសង្ស័យ និងបម្រុងដឹកបញ្ជូនយកទៅសម្លាប់។ រតនា បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
ចាន់ រតនា[1] ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រតនា មានស្រុកកំណើតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រតនា មានប្រពន្ធឈ្មោះ សាំង ហួយ អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិសស្ដំ ឃុំសស្ដំ ស្រុកពួក ខេត្តសៀមរាប។ រតនា មានកូនចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់)។ រតនា មានឪពុកឈ្មោះ មាន ជាតិ (ស្លាប់ឆ្នាំ១៩៧០ ដោយសារត្រូវអំពើ) និងម្ដាយឈ្មោះ ដុះ ឡាត (ស្លាប់ឆ្នាំ១៩៧៣ ដោយសារជំងឺរាកឈាម)។ រតនា មានបងប្អូនបង្កើតចំនួន៣នាក់(ប្រុស២នាក់ ស្រី១នាក់)។ រតនា ជាកូនទី៣នៅក្នុងគ្រួសារ។
កាលពីក្មេង រតនា រៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) សាលារៀនស្ថិតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ រតនា ឈប់រៀនដោយសារតែ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីឈប់រៀន រតនា ត្រូវបានខ្មែរក្រហមបញ្ចុះបញ្ចូលឲ្យចូលរួមជាមួយកងទ័ពបដិវត្តន៍ ដើម្បីរំដោះប្រទេសជាតិ។ បន្ទាប់ពីចូលរួមជាមួយកងទ័ពបដិវត្តន៍បានប្រហែល២ទៅ៣ខែ រតនា ត្រូវបានបញ្ជូនឲ្យទៅការពារព្រំដែនឡាវ ដែលស្ថិតនៅស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ ជាប់ទន្លេមេគង្គ។ នៅស្រុកកំពង់ស្រឡៅដំបូង រតនា បានចូលរួមជាមួយមន្ទីរភូមិភាគពិសេស ដែលគ្រប់គ្រងដោយឈ្មោះ តា ហង្ស និងមេញ្ជាការឈ្មោះ ផុន (ជនជាតិចារាយ)។ រតនា បាននិយាយបន្តថា ក្រៅពីការពារព្រំដែនកងទ័ពជាច្រើនតែងតែនាំគ្នាទៅនេសាទត្រី ដើម្បីយកមកធ្វើជាប្រហុកទុកហូប និងដឹកបញ្ជូនយកទៅឲ្យកងទ័ពផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ ដែលកំពុងតែវាយតតាំងជាមួយកងទ័ពវៀតណាម នៅចេនឡាទី១ និងចេនឡាទី២។ កន្លែងសំបូរត្រីដែលកងទ័ពឧស្សាហ៍ទៅនេសាទ ហៅថាទន្លេល្ពៅ ដែលមានទំហំបណ្តោយ ១០០ម៉ែត្រ និងទទឹង៨០ម៉ែត្រ។ សម្រាប់ឧបករណ៍ដែលកងទ័ពយកទៅនេសាទមានដូចជា ព្រួល ទ្រូ និងលប។
នៅឆ្នាំ ១៩៧៣ តា ហង្ស បានបញ្ជាឲ្យ ផុន ដឹកនាំកងទ័ពភូមិភាគពិសេសមួយចំនួនធំ ដើម្បីទៅជួយវាយជាមួយកងទ័ពវៀតណាម នៅចេនឡាទី១ និងចេនឡាទី២ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទទួលបានជ័យជម្នះនៅចេឡាទី១ និងចេនឡាទី២ រតនា និងកងទ័ពផ្សេងទៀត ប្រហែលមួយវរសេនាធំត្រូវបានបញ្ជូនឲ្យធ្វើស្រែនៅព្រំដែនឡាវ។ សម្រាប់ការហូបចុករបស់ រតនា គឺត្រូវ ម្ចាស់ការលើខ្លួនឯង។
នៅឆ្នាំ១៩៧៥ តា ហង្ស ត្រូវបាន ចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងកងទ័ពជាច្រើននៅក្នុងព្រៃស្អាក។ បន្ទាប់ពីចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ កងវរសេនាធំដែលការពារនៅព្រំដែនឡាវ ត្រូវបាននីរសារអញ្ជើញឲ្យទៅរៀននៅមន្ទីរភូមិភាគថ្មី ដែលស្ថិតក្នុងខេត្តសៀមរាប។ រតនា បាននិយាយបន្តទៀតថា មុននឹងឡើងទៅរៀននៅខេត្តសៀមរាប កងទ័ពទាំងអស់ប្រហែល៣ពាន់នាក់ត្រូវបានហៅប្រជុំ ដើម្បីឲ្យដឹងពីផែនការណ៍ធ្វើដំណើរនៅថ្ងៃស្អែក។ បន្ទាប់ពីប្រជុំចប់សម្ភារដែលតម្រូវឲ្យយកទៅតាមខ្លួនមានដូចជា ខោអាវ១កំប្លេ សៀវភៅ១ក្បាល និងប៊ិក១ដើម។ លុះស្អែកឡើងម៉ោង៨ព្រឹកឡានដំរីទឹករបស់ចិនបានបើកមកយក។ ក្នុងពេលនោះ រតនា និងកងទ័ពទាំងអស់បានឡើងឡាន ដើម្បីធ្វើដំណើរចេញពីខេត្តព្រះវិហារ ទៅកាន់ខេត្តសៀមរាប។ ពេលធ្វើដំណើរទៅដល់ខេត្តសៀមរាប ម៉ោង៣ទៀបភ្លឺ កងទ័ពនៅខាងនិរតី បានយកកាំភ្លើងមកភ្ជង់ពីលើឡាន បានហៅកងទ័ពទាំងអស់ថា« ពួកអាក្បត់ » ហើយបានបញ្ជាឲ្យកងទ័ពចុះពីលើឡាន បើអ្នកណាមិនព្រមចុះនិងត្រូវ បាញ់សម្លាប់ចោល។ ពេលនោះ រតនា និងកងទ័ពទាំងអស់មានការតក់ស្លុតជាខ្លាំង ព្រោះគិតក្នុងចិត្តថាខ្លួននិងត្រូវចាប់យកទៅសម្លាប់។ បន្ទាប់ ចុះពីលើឡាន រតនា និងកងទ័ពទាំងអស់បានឈរតម្រង់ជួរ ហើយបានស្ដាប់ការណែនាំ អ្នកគ្រប់គ្រងធំនៅទីនោះ(មិនស្គាល់ឈ្មោះ)។ ចំណែកកងទ័ពខ្លះត្រូវបានបែងចែកឲ្យធ្វើស្រែ និង លើកទំនប់។ ពេលលនោះ រតនា ត្រូវបានអ្នកគ្រប់គ្រងធំនៅខេត្តសៀមរាបបែងចែង ឲ្យទៅលើកទំនប់។ សម្ភារដែលបើកឲ្យមានដូចជា បង្គី២, ចប១ ដើម្បីយកទៅលើកទំនប់ និងជីកប្រឡាយ នៅស្ពានស្រែក ដែលហៅថា ស្ពានមេម៉ាយ។ សម្រាប់ការងាររបស់ រតនា ក្នុងមួយថ្ងៃត្រូវកាប់ដីឲ្យបានមួយម៉ែត្រគីប។ កងទ័ពដែលធ្វើគ្រប់ផែនការដែលបានដាក់ឲ្យនិងទទួលបានបាយមួយចាន សម្លមួយចាន។ ចំណែកកងទ័ពដែលធ្វើមិនគ្រប់ផែនការឬធ្វើឲ្យចបឆែបមុខ ត្រូវបានបង្អត់អាហារឬខ្លះទៀតត្រូវបានចាប់យកទៅសម្លាប់។ កន្លែងដែលកងទ័ពនិរតីតែងតែយកកងទ័ពទៅសម្លាប់ភាគច្រើននៅអណ្ដូងចម្ការកៅស៊ូខាងកើតខេត្តសៀមរាប។
នៅឆ្នាំ១៩៧៨ រតនា និងកងទ័ព៣កងតូចផ្សេងទៀត ប្រហែលគ្នា៣០០នាក់ ត្រូវបានថ្នាក់លើផ្លាស់ចេញពីស្ពានស្រែក ដើម្បីឲ្យទៅធ្វើផ្លូវលំនៅសំរោង ខេត្តឧត្ដរមានជ័យ ដែលគ្រប់គ្រងដោយឈ្មោះសាយ ។ បន្ទាប់មក សាយ បានដឹកនាំកងទ័ពទាំងអស់ធ្វើផ្លូវលំចាប់ពីផ្អុងទៅស្មាច់ និងបានបន្តធ្វើពីស្មាច់ទៅណាន់តាវ និងបានធ្វើបន្តពីណាន់តាវរហូតទៅដល់ព្រំដែនខេត្តព្រះវិហារ។ លុះធ្វើបានពាក់កណ្ដាល សាយ ទទួលបានដំណឹងថា កងទ័ពវៀតណាមបានវាយចូលមកដល់ខេត្តសៀមរាប។ ពេលនោះ សាយ បានបើកកាំភ្លើងឲ្យកងទ័ពម្នាក់១ដើម និងបានបែកចែកគ្រាប់បេ កាំភ្លើងធំ កាំភ្លើងតូចមានគ្រប់ធន់ ដើម្បីឲ្យកងទ័ពត្រៀមខ្លួន ដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាមនៅអូរជីក។ បន្ទាប់ពីទទួលបានកាំភ្លើងកាន់គ្រប់ដៃ រតនា និងកងទ័ពទាំងអស់មិនព្រមស្ដាប់តាមបញ្ជា ដោយសារតែ សាយ ធ្លាប់បានធ្វើបាប និងចាប់កងទ័ពយកទៅសម្លាប់ចោលអស់ជាច្រើននាក់ ។ បន្ទាប់ពីឃើញកងទ័ពមិនព្រមស្ដាប់តាមបញ្ជារបស់ខ្លួន សាយ បានឡើងម៉ូតូជិះត្រឡប់មកសំរោងវិញ។ ចំណែក រតនា និងកងទ័ពទាំងអស់បានសម្រេចចិត្តធ្វើដំណើរចេញពីសំរោងទៅរស់នៅក្នុងដីថៃវិញ។ ពេលធ្វើដំណើរឆ្លងកាត់ព្រំដែនស្មាច់ រតនា បានដើរជាន់មីន សំណាងល្អមិនផ្ទុះ ហើយបានបន្តដំណើររហូតបានជួប ភី ធឿន ប្រធានខាងស្ដាំខាងផ្នែកប៉ារ៉ា ដែលប្រចាំការនៅឡាក់។ បន្ទាប់មក ភី ធឿន បាននិយាយទៅកាន់កងទ័ពទាំងអស់ថា បើចង់ធ្វើដំណើរចូលទៅរស់នៅក្នុងដីថៃ លុះត្រាតែទម្លាក់កាំភ្លើងទុកនៅទីនេះ។ បន្ទាប់មក រតនា និងកងទ័ពទាំងអស់បាននាំគ្នា ទម្លាក់កាំភ្លើងទុកនៅកន្លែង ភី ធឿន ហើយបានធ្វើដំណើរចូលព្រំដែនថៃដោយឆ្លងកាត់ពីម្រះទៅភ្លុច។ ពេលធ្វើដំណើរចូលទៅដល់ភ្លុច រតនា បានឃើញរថក្រោះរបស់កងទ័ពថៃជាច្រើនគ្រឿងបានបើកមកអមសងខាងផ្លូវ។ ពេលនោះ រតនា និងកងទ័ពទាំងអស់ត្រូវបានកងទ័ពថៃចាប់យកទៅដាក់គុកនៅមន្ទីរកាបជើង ចំនួន២សប្ដាហ៍ ដែលជាបន្ទាយដាក់រថក្រោះរបស់កងទ័ពថៃ។ ពេលកំពុងជាប់គុកនៅក្នុងមន្ទីរកាបជើង កាកបាទក្រហមរបស់ប្រទេសថៃបានចុះមកសម្ភាសន៍ និងសួរនាំ រតនា ថា« ពីមុនធ្លាប់ធ្វើការងារអ្វីដែរ »។ ពេលនោះ រតនា បាននិយាយទៅវិញថា ធ្លាប់ធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់ពីសម្ភាសន៍ និងសួរនាំ កាកបាទក្រហមថៃបានចែកអង្ករ, ត្រីខ, ចែកផ្ទិល, សាប៊ូ, ភួយ, ច្រាសដុះធ្មេញ និងសម្ភារផ្សេងៗទៅឲ្យកងទ័ពទាំងអស់ដែលកំពុងជាប់គុកនៅក្នុងមន្ទីរកាបជើង។ បន្ទាប់ពីជាប់គុកបានរយៈពេល២ខែ ចៅហ្វាយខេត្តថៃឈ្មោះ អំពើខាន់ថាឡាក់ ខេត្តស៊ីសាកេត ដែលមានព្រំដែនទល់មុខខេត្តព្រះវិហារ បានបញ្ជាឲ្យកងទ័ពថៃដឹកជញ្ជូនកងទ័ពខ្មែរទាំងអស់ដែលជាប់ក្នុងមន្ទីរកាបជើង យកទៅធ្វើអាសាសម៉ាក់ថៃ ដែលមានទីតាំងនៅព្រំដែនថៃ។ បន្ទាប់ពីធ្វើរួចរាល់កងទ័ពថៃ ដឹកជញ្ជូនបន្តទៅព្រែកគន្ធា ដើម្បីបំពាក់កាំភ្លើង បំពាក់អាវុធសម្រាប់ការពារនៅប្រាសាទព្រះវិហារ។
នៅឆ្នាំ១៩៩០ រតនា និងកងទ័ព១២នាក់ទៀត ត្រូវបានថ្នាក់ដឹកនាំថៃចាត់តាំងឲ្យចុះទៅយកពត៌មាននៅក្នុងប្រទេសកម្ពុជា ព្រោះថ្នាក់ដឹងនាំថៃចង់ដឹងពីសភាពការណ៍ថា ពេលកងទ័ពវៀតណាមចូលមកក្នុងប្រទេសកម្ពុជាមានធ្វើបាបប្រជាជនយ៉ាងមិចខ្លះ។ ពេលនោះ រតនា និងកងទ័ព១២នាក់ទៀត ត្រូវបានដឹកបញ្ជូនទៅជំរំសាយធូរ ដើម្បីឲ្យចូលទៅយកព័ត៌មានក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីបំពេញការងារចប់ រតនា បានសម្រេចចិត្តមិនត្រឡប់ទៅវិញ ហើយបានចូលរួមជាមួយកងទ័ពប៉ារ៉ានៅជំរំសាយធូរបានរយៈពេល១ឆ្នាំ ត្រូវបានបញ្ជូនទៅរៀននិងហ្វឹកហាត់បន្តខាងផ្នែកយោធានៅបន្ទាយអំពិល ស្ថិតក្នុងខេត្តឧត្ដរមានជ័យ ដែលគ្រប់គ្រងដោយ ឌៀង ដែល (មេបញ្ជាការ)។ សម្រាប់ផ្នែកដែលត្រូវរៀនមានដូចជា ទ័ពជើងគោក, ទ័ពជើងទឹក និងជើងអាកាស។ បន្ទាប់ពីរៀនចប់បិទវគ្គទទួលសញ្ញាប័ត្រ រតនា ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាំភ្លើងខ្លី និងមានតួនាទីជាប្រធានកងធំគ្រប់គ្រងកងទ័ពប៉ារ៉ា នៅជំរំអូរបួក។
នៅឆ្នាំ១៩៩៣ ដោយសារតែការងារមិនទទួលបានប្រាក់ខែ រតនា បានសម្រេចចិត្តឈប់ពីប្រធានកងធំត្រឡប់មករស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយប្រពន្ធវិញ ដោយប្រកបមុខរបរធ្វើស្រែ ដើម្បីចិញ្ចឹមជីវិត៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] ឯកសារលេខ BMI0117, បទសម្ភាសន៍ជាមួយ ចាន់ រតនា នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ ឡុង ដានី , បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។