ចាន់ សារ៉ុម ៖ កងកាត់ដេរឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ សារ៉ុម[1] កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤០ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។ បងប្អូនរបស់ខ្ញុំបានស្លាប់ទាំងអស់ គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានរៀបការពីរលើក គឺលើកទីមួយនៅឆ្នាំ១៩៥៤ ក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន៦នាក់ ដែលរួមមានកូនស្រីប្រាំនាក់ និងប្រុសម្នាក់។ ប្តីមុនរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មកខ្ញុំបានរៀបការប្តីទីពីរ ប៉ុន្តែយើងមិនមានមានកូនទេ។ បច្ចុប្បន្ន ខ្នុំរស់ជាមួយកូនស្រីពៅ និងកូនប្រសា ព្រមទាំងចៅប្រុសម្នាក់ នៅក្នុងភូមិឃុំដដែល។
នៅពេលខ្មែរក្រហមចូលមកឃោសនា និងគ្រប់គ្រងភូមិឃុំរបស់ខ្ញុំ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងកងដេរខោអាវ ដោយដាក់ផែនការឱ្យខ្ញុំដេរខោអាវឱ្យបានមួយកំប្លេ ក្នុងរយៈពេលពីរថ្ងៃ។ ខ្ញុំគ្មានម៉ាស៊ីនកាត់ដេរឡើយ គឺត្រូវដេរខោអាវទាំងនោះដោយដៃផ្ទាល់ ចំណែកក្រណាត់គឺមានតែពណ៌ខ្មៅប៉ុណ្ណោះ។ បន្ទាប់ពីខ្ញុំដេររួច ខ្មែរក្រហមបានយកខោអាវទាំងនោះទៅចែកឱ្យប្រជាជន ដែលរស់នៅតាមសហករណ៍។
នៅឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមទទួលជ័យជម្នះ ខ្មែរក្រហមបានជម្លៀសខ្ញុំពីភូមិត្រពាំងស្គន់ឱ្យទៅធ្វើការនៅភូមិស្រែឫស្សី។ នៅទីនោះ កូនរបស់ខ្ញុំបានឈឺរាគធ្ងន់ធ្ងរ។ ដូច្នេះ ខ្ញុំនិងឪពុកម្តាយរបស់ខ្ញុំបានសុំអនុញ្ញាតពីប្រធានកងខ្មែរក្រហម ជូនកូនរបស់ខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យឃុំ ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក។ ពេទ្យឃុំ បានឱ្យខ្ញុំនិងឪពុកម្តាយរបស់ខ្ញុំ ជិះរទេះត្រលប់មកកងវិញ ដោយទុកតែកូនខ្ញុំនៅមន្ទីរពេទ្យ ប៉ុន្តែកូនរបស់ខ្ញុំមិនព្រមស្នាក់នៅឡើយ ទោះបីពេទ្យឃាត់ឱ្យនៅព្យាបាលយ៉ាងណាក៏ដោយ។ ពេទ្យបានឱ្យកូនរបស់ខ្ញុំត្រលប់មកផ្ទះវិញ ប៉ុន្តែមិនបានឱ្យថ្នាំមកកូនរបស់ខ្ញុំផឹកឡើយ ព្រោះខឹងកូនរបស់ខ្ញុំមិនព្រមស្តាប់។ ពេលមកដល់ផ្ទះ អាការជំងឺរបស់កូនខ្ញុំ នៅចុករាគធ្ងន់ធ្ងរដដែល។ ដូច្នេះ នៅពេលព្រឹកព្រលឹមថ្ងៃបន្ទាប់ ខ្ញុំនិងឪពុកម្តាយរបស់ខ្ញុំបានរៀបចំម្លូស្លា បារី ទៀន៥ ធូប៥ តង្វាយ រួចហើយច្រៀងបែរបន់សុំឱ្យកូនរបស់ខ្ញុំបានជាសះស្បើយពីជំងឺ។ ខណៈនោះ តាសាន់ ជាគណៈឃុំគគីរ បានមកដល់ និងខ្សឹបប្រាប់ខ្ញុំព្រមទាំងឪពុកម្តាយរបស់ខ្ញុំឱ្យច្រៀងតិចៗ ហើយយកសំណែនទាំងអស់ទៅដាក់នៅគុម្ពឫស្សីកុំឱ្យអ្នកផ្សេងឃើញ។ បន្ទាប់ពីច្រៀងបែរបន់ និងសែនព្រេន អារក្សអ្នកតារួចស្រាប់តែកូនរបស់ខ្ញុំ បានធូរស្រាលពីជំងឺ។
មួយរយៈក្រោយមក ខ្ញុំបានផ្លាស់ពីភូមិស្រែឫស្សីទៅធ្វើការនៅភូមិក្រសាំងទាប ស្ថិតនៅក្នុងឃុំអំពិល ស្រុករមាសហែក។ នៅទីនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការងារនៅខាងចុងភៅ។ រាល់ថ្ងៃខ្ញុំត្រូវដាំបបរ ដើម្បីចែកឱ្យប្រជាជនដែលធ្វើការងារនៅកងចល័តមកពីភូមិត្រពាំងស្គន់ហូប។ ខ្ញុំដាំបបរខាប់ក្នុងមួយថ្ងៃពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេលៗ ត្រូវដាក់អង្ករ៦០កំប៉ុង។ បបរទាំងនោះ ត្រូវហូបជាមួយសម្លរដើមចេក និងសម្លរស្លឹកដំឡូង។ ប៉ុន្តែ បន្ទាប់ពីចប់ម៉ោងធ្វើការងារ ប្រជាជននៅតាមកងចល័ត អាចដើររកបន្លែ ក្តាម ខ្យង នៅតាមវាលស្រែ មកបុកហូបនៅក្នុងក្រុមបានដែរ។
រហូតមកដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមលែងមានបាយ និងបបរខាប់សម្រាប់ចែកឱ្យប្រជាជនធ្វើការនៅក្នុងកងចល័តទៀតហើយ គឺមានតែបបររាវៗលាយជាមួយដំឡូង និងទំពាំង។ នៅពេលនោះប្រជាជនបានជួបប្រទះការខ្វះខាតយ៉ាងខ្លាំង។ ក្រៅពីដាំបបរ ខ្ញុំត្រូវអុំស្រូវ និងរែងយកអង្ករជាមួយនារីនៅក្នុងកងម្នាក់ទៀត ចំណែកប្រុសៗគឺជាអ្នកបុកស្រូវ។ នៅពេលនោះ ខ្ញុំបានលួចក្រណាត់ ដើម្បីដេរធ្វើជាថង់ទទឹងបីធ្នាប់ដៃ និងបណ្តោយវែង ដើម្បីរុំជុំវិញចង្កេះ។ ខ្ញុំនិងនារីនៅក្នុងកងជាមួយខ្ញុំ បានលួចយកអង្ករមួយចំនួនដែលរែងរួច ដាក់ចូលក្នុងចង់ក្រណាត់ដែលរុំជាប់ចង្កេះ យកមកផ្ទះដាំបាយឱ្យកូនៗហូប ព្រោះកូនរបស់ខ្ញុំច្រើននាក់។ ខ្ញុំមិនហ៊ានដាំបាយនៅពេលថ្ងៃឡើយ ព្រោះខ្លាចខ្មែរក្រហមឃើញ។ នៅពេលខ្ញុំដាំបាយម្តងៗខ្ញុំតែងតែយករបាំងមកបាំងបិទឱ្យជិត កុំឱ្យអ្នកជិតខាងមើលឃើញភ្លើង។
មិនយូរប៉ុន្មានខ្ញុំមានផ្ទៃពោះ និងកើតបានកូនស្រីម្នាក់ទៀត។ ពេលនោះ ខ្ញុំមិនទាន់មានកម្លាំងស្រួលបួលផង ស្រាប់តែខ្មែរក្រហមជម្លៀសខ្ញុំចេញពីឃុំអំពិល ស្រុករមាសហែក សំដៅទៅអ្នកលឿង ក្នុងខេត្តព្រៃវែង ព្រោះខ្មែរក្រហមកំពុងវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាម។ នៅតាមផ្លូវខ្ញុំជួបការលំបាកខ្លាំងណាស់ ព្រោះកូនរបស់ខ្ញុំនៅតូចៗ។ នៅពេលធ្វើដំណើរទៅដល់ទឹកដីខេត្តព្រៃវែង ស្រាប់តែផ្ទុះឃ្លាំងគ្រាប់នៅអ្នកលឿង។ ខណៈនោះ កងទ័ពវៀតណាមបានទៅដល់ និងឱ្យខ្ញុំព្រមទាំងគ្រួសារត្រលប់មកស្រុកកំណើតវិញ។ ដំបូង ខ្ញុំមកស្នាក់នៅឃុំអំពិល ស្រុកមាសហែក បណ្តោះអាសន្ន។ មួយរយៈក្រោយមក ទើបខ្ញុំបានត្រលប់មកផ្ទះនៅក្នុងភូមិត្រពាំងស្គន់ ឃុំគគីរ ប៉ុន្តែផ្ទះរបស់ខ្ញុំនៅសល់តែសសរប៉ុណ្ណោះ ព្រោះខ្មែរក្រហមបានរុះរើគ្មានសល់ឡើយ។ ខ្ញុំចំណាយពេលជាច្រើនថ្ងៃទម្រាំរកស្បូវមកប្រក់ និងបាំងជញ្ជាំងស្នាក់នៅបណ្ដោះអាសន្ន។
សព្វថ្ងៃខ្ញុំឈឺចង្កេះ ព្រោះកាលពីប៉ុន្មានឆ្នាំមុនកូនស្រីរបស់ខ្ញុំបានជិះម៉ូតូដឹកខ្ញុំ ហើយត្រូវម៉ូតូផ្សេងទៀតជិះមកបុកបណ្ដាលឱ្យខ្ញុំឈឺចង្កេះ និងខ្នង ហើយពិបាកនៅពេលខ្ញុំធ្វើចលនាម្តងៗ។ ខ្ញុំក៏មានជំងឺធ្ងន់ត្រចៀក និងស្តាប់មិនសូវឮដែរ។
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ ម៉ី អ៊ន់ អាយុ៨៦ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។