សត្វពស់ធំណាស់

(កំពង់ចាម)៖ នៅរដូវទឹកលិចដីភូមិ មានសត្វល្អិត និងសត្វល្មូន ជាច្រើនដែលស្វែងរកទីទួល, ដើមឈើ ឬឡើងទៅលើផ្ទះរបស់ប្រជាជន ដើម្បីរកកន្លែងស្ងួតសម្រាប់រស់នៅ។ នៅពេលនោះ ប៉ុនណា បានប្រទះឃើញសត្វពស់មួយក្បាលធំ ហែលកាត់ផ្ទះរបស់គាត់។ បន្ទាប់ពីឃើញបែបនោះគាត់មានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះខ្លាចសត្វពស់នោះឡើងលើផ្ទះ ដោយសារតែពេលនោះគាត់នៅផ្ទះតែ២នាក់កូនតូច។ ជា ប៊ុនណា អាយុ៧២ឆ្នាំ កើតនៅឆ្នាំ១៩៥៣ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

 

នៅឆ្នាំ១៩៧០ ប៊ុនណា រៀបការជាមួយប្ដី។ នៅអំឡុងពេលនោះ ប៉ុនណា និងគ្រួសាររស់នៅក្នុងភូមិជាធម្មតា និងប្រកបរបរកសិកម្ម។ នៅក្នុងចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤ ប៊ុនណា បាននិយាយថា ស្ថានភាពនៅក្នុងភូមិគឺមិនទាន់មានភាពចលាចលនោះទេ ប៉ុន្តែនៅពេលនោះចាប់ផ្ដើមមានខ្មែរក្រហមចូលគ្រប់គ្រងតាមតំបន់មួយចំនួន គ្រាន់តែមិនទាន់ពេញសិទ្ធិ។ ប្រជាជននៅក្នុងភូមិត្រូវបានបែងចែកឱ្យធ្វើការងារជាក្រុមតូចៗ ឬក្រុមប្រវាស់ដៃ។

 

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្កើតសហករណ៍ ប្រជាជននៅក្នុងភូមិត្រូវជម្លៀសចេញឱ្យទៅធ្វើការងារតាមទិសដៅដែលខ្មែរក្រហមបានកំណត់។ ក្រៅពីនោះ ទ្រព្យសម្បត្តិដែលប្រជាជនមានទាំងអស់ត្រូវដាក់បញ្ចូលជាសមូហភាព មិនមានសិទ្ធិឯកជនទៀតឡើយ។ ប៊ុនណា ត្រូវបានជម្លៀសឱ្យទៅធ្វើការងារនៅភូមិមួយដែលនៅជាប់ជាមួយនឹងភូមិកំណើតរបស់គាត់។ ខ្មែរក្រហមបានចាត់តាំងឱ្យ ប៉ុនណា នៅក្នុងកងចល័ត ធ្វើការងារដូចជា ស្ទូងស្រូវតាមរដូវកាល (រដូវប្រាំង និងរដូវវស្សា), ដាំដំឡូង, កាប់ព្រៃ, ជីកប្រឡាយ និងលើកទំនប់។

 

សមាជិកគ្រួសារទាំងអស់ត្រូវរស់នៅបែកគ្នា។ ម្ដាយរបស់ ប៉ុនណា ធ្វើការងារនៅក្នុងកងស្រី្តដែលមានវ័យចំណាស់ចាំមើលថែទាំកុមារតូចៗ, ឪពុករបស់គាត់ធ្វើការងារនៅក្នុងកងបុរស វេញខ្សែគោ,​ ចំណែកប្ដី ត្រូវខ្មែរក្រហមចាត់តាំងឱ្យធ្វើការងារនៅក្នុងកងនេសាទ។ ប៉ុនណា បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពេលដែលគាត់ចេញទៅធ្វើការ គាត់ត្រូវតែយកកូនរបស់គាត់ទៅផ្ញើនៅក្នុងកងស្រ្តីចាស់ៗ។ ខ្មែរក្រហមមិនអនុញ្ញាតឱ្យយកកូនទៅកន្លែងធ្វើការឡើយ ព្រោះខ្លាចឪពុកម្ដាយមិនផ្តោតអារម្មណ៍លើការងារ។

 

រឿងរ៉ាវដែល ប៉ុនណា គិតថាពិបាកសម្រាប់គាត់ខ្លាំងនៅក្នុងរបបខ្មែរក្រហមគឺ នៅពេលដែលគាត់ទើបតែសម្រាលកូន។ ប៉ុនណា បានប្រាប់ថានៅអំឡុងពេលគាត់សម្រាកក្រោយពេលសម្រាលកូន មានពេលមួយគាត់ដើរមិនប្រយ័ត្នទាក់ជាមួយនឹងអង្រឹងដែលចងសម្រាប់ឱ្យកូនរបស់គាត់ដេក បណ្ដាលឱ្យដួលរបួសជង្គង់។ នៅពេលនោះគាត់មិនបានបារម្ភអំពីរបួសរបស់គាត់ឡើយ គឺគាត់ប្រញាប់ស្ទុះទៅមើលកូនខ្លាចកូនមានរបួស។ នៅពេលនោះ គាត់ត្រូវមើលថែកូនតូចម្នាក់ឯង ចំណែកប្ដីរបស់គាត់ រយៈពេល២ ទៅ៣ខែទើបបានមកលេងគ្រួសារម្ដង។ ប៉ុនណា តែងតែទន្ទឹងចាំមើលផ្លូវប្ដីរបស់គាត់ត្រឡប់មកផ្ទះ។ ក្នុងអារម្មណ៍របស់គាត់ខ្លាចថា ប្ដីមានបញ្ហានៅកន្លែងធ្វើការងារ។

 

របបខ្មែរក្រហមដួលរលំ ប៉ុនណា និងគ្រួសារបានត្រឡប់ទៅផ្ទះរស់នៅជួបជុំគ្នា និងប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាព៕

 

សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin