ប្រធានយោធាភស្តុភារតំបន់៤១

ជា ឈឿន[1] ហៅ ពែក ភេទប្រុស មានអាយុ ៦៥ឆ្នាំ (២០១៦) ជាប្រធានយោធាភស្តុភារតំបន់៤១[2] នៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឈឿន មានស្រុកកំណើតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ហួត (ស្លាប់ក្នុងឆ្នាំ១៩៧១), ម្ដាយឈ្មោះ សាន ខូវ (ស្លាប់) និងមានបងប្អូន ៤នាក់, ស្រី ៣នាក់។ ឈឿន គឺជាកូនច្បងក្នុងគ្រួសារ។

នៅឆ្នាំ១៩៦៤ បន្ទាប់ពីសិក្សារយៈពេល ៤ឆ្នាំ ត្រឹមថ្នាក់ទី៩ (ចាស់) ឈឿន បានបោះបង់ការសិក្សា និងត្រលប់មកជួយធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ឈឿន ដែលមានអាយុ ១៩ឆ្នាំ បានបួសជាព្រះសង្ឃ គង់នៅវត្តខែលជ័យ ដើម្បីចៀសពីការចាប់បង្ខំយុវជនដូចរូបគាត់ឲ្យធ្វើជាទាហាន ក្រោមរបប លន់ នល់។ មិនយូរប៉ុន្មាន វត្តខែលជ័យ ត្រូវរងការបំផ្លិចបំផ្លាញដោយការប្រយុទ្ធរវាងទាហាន លន់ នល់ ជាមួយចលនាបដិវត្តន៍ខ្មែរក្រហម និងកងទ័ពវៀតកុង។

ការប្រយុទ្ធក្នុងភូមិ បានបណ្ដាលឲ្យប្អូនស្រីបង្កើត ដែលមានអាយុ ១១ឆ្នាំ និងប្អូនជីដូនមួយម្នាក់របស់ ឈឿន បាត់បង់ជីវិតដោយសារយន្តហោះទម្លាក់គ្រាប់បែក។ បន្ទាប់មក ឈឿន បានចាកចេញពីវត្តខែលជ័យ ទៅគង់នៅវត្តជយោ ភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងគ្រប់គ្រងដោយយោធាខ្មែរក្រហម។ ចំណែក ម្ដាយរបស់ ឈឿន និងប្អូនតូចៗ ទៅរស់នៅក្នុងភូមិជយោ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមវាយយកបានភូមិខែលជ័យ ឈឿន ក៏ធ្វើដំណើរត្រលប់ទៅភូមិកំណើតវិញ។ នៅពេលទៅថ្នល់បំបែកត្រើង ដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តខែលជ័យ ឈឿន ត្រូវបានយោធាខ្មែរក្រហមហាមឃាត់មិនឲ្យចូលភូមិវិញនោះទេ។ យោធា ប្រាប់គាត់ថាទីនោះជាមន្ទីរយោធាភូមិភាគរបស់ខ្មែរក្រហម និងដេញ ឈឿន ឲ្យទៅវត្តត្រពាំងលក្ខ័ ភូមិត្រពាំងលក្ខ័ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែក ម្តាយ និងប្អូនៗត្រូវទៅរស់នៅសហករណ៍កោះស្វាយ។ នៅវត្តត្រពាំងលក្ខ័ គឺមានព្រះសង្ឃតែបីអង្គប៉ុណ្ណោះ និងមានប្រជាជនមួយចំនួននៅសហករណ៍យកចង្ហាន់មកប្រគេន។

នៅឆ្នាំ១៩៧៦ បន្ទាប់ពី ឈឿន គង់នៅវត្តត្រពាំងលក្ខ័ បានមួយព្រះវស្សា ខ្មែរក្រហមបានប្រកាសបង្ខំឲ្យព្រះសង្ឃទាំងអស់សឹក។ តាមរយៈសេចក្តីប្រកាសរបស់ខ្មែរក្រហមដល់គណៈសង្ឃ ខ្មែរក្រហមដាក់កំហិតឲ្យព្រះសង្ឃទាំងអស់សឹកដោយខ្លួនឯងត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៦ និងប្រកាសថាអង្គការនឹងឈប់ទទួលស្គាល់ព្រះសង្ឃថាជាប្រជាជនខ្មែរ។ ឈឿន គិតក្នុងចិត្តថា បើមិនព្រមសឹកប្រាកដជាត្រូវខ្មែរក្រហមយកទៅសម្លាប់។ បន្ទាប់ពី ព្រះគ្រូ ម៉ម ជ្រឹង ដេញវេលា ទើប ឈឿន និងភិក្ខុមួយអង្គទៀត ព្រះនាម ញឹក ជឹម លាចាកសិក្ខាបទ ក្រោយថ្ងៃកំហិតមួយសប្តាហ៍។ ឈឿន បន្តថាដោយសារធ្លាប់បួស និងរៀនជាមួយប្រធានកងចល័តឃុំត្រពាំងព្រះ ឈ្មោះ ណាំ នៅវត្តត្រពាំងលក្ខ័ ពីមុនមក ទើប ណាំ អនុញ្ញាតឲ្យសឹកមួយសប្តាហ៍ក្រោយថ្ងៃដាក់កំហិត។

បន្ទាប់ពីសឹក ឈឿន ធ្វើជាកងចល័តឃុំត្រពាំងព្រះ ជាមួយប្រជាជនប្រហែល ២០០នាក់ ដោយធ្វើការលើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ ទូទាំងស្រុកព្រៃឈរ។ កងចល័ត ត្រូវធ្វើការរួមដោយគ្មានថ្ងៃសម្រាក។ លុះត្រាតែ ឈឿន ធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ ទើបខ្មែរក្រហមឲ្យសម្រាក។ តាំងពីនោះមក ឈឿន មានជំងឺស្រឺត និងតែងតែមានអាការហេវហត់ ដោយសារហូបចុកមិនគ្រប់គ្រាន់។ របបអាហារនៅកងចល័តមានតែបបរមួយវែក និងម្ហូបមានដូចជា ត្រីកញ្ចាញ់ច្រាស ឬត្រីកំភាញ សម្រាប់ធ្វើសម្លមួយខ្ទះត្នោត។ ឈឿន បញ្ជាក់ថាគ្មានសាច់ត្រីនោះទេ មានតែទឹកប៉ុណ្ណោះ។ ដើម្បីបំបាត់ភាពអត់ឃ្លាន នៅពេលសម្រាក ប្រហែលជាម៉ោង ១២ថ្ងៃត្រង់ ឈឿន ក៏ឆ្លៀតលួចទៅដាក់មង និងយកត្រីដែលចាប់បានលាក់ទុកក្នុងបំពង់ឫស្សី។ នៅពេលយប់ ឈឿន បានលួចយកត្រីទៅឲ្យម្ដាយ និងប្អូនៗសម្រាប់ទុកអាំងហូបដោយលួចលាក់។ នៅពេលយកត្រីទៅឲ្យម្ដាយ ម្ដាយរបស់ ឈឿន​ តែងតែបង្ហាញពីក្តីបារម្ភខ្លាចយោធាខ្មែរក្រហមចាប់យក ឈឿន ទៅសម្លាប់។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៨ ឈឿន មានអាយុ ២៧ឆ្នាំ ត្រូវបានប្រធានកងចល័តជ្រើសរើសឲ្យធ្វើយោធានៅសមរភូមិមុខប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ណាំ ប្រធានកងចល័ត បានស្នើចាត់តាំង ឈឿន ចំនួនបីលើក។ នៅលើកទី១ ឈឿន បានបដិសេធដោយសារមានសុខភាពមិនល្អ។ កន្លះខែក្រោយមក នៅលើកទី២ ឈឿន បានប្រាប់ប្រធានកងចល័ត ថាខ្លួនមិនចេះប្រើប្រាស់កាំភ្លើង។ ប្រធានកងចល័តរូបនោះ បាននិយាយថា «ចឹងមិនអីទេ បងឯងនៅសិនចុះ តែគង់តែទៅទេបង ខ្លាំងណាស់ពីលើមក»។ នៅលើកទីបី ដោយសារខ្លាចខ្មែរក្រហមយកខ្លួនទៅសម្លាប់ ឈឿន ក៏យល់ព្រមធ្វើជាយោធា។ ឈឿន បានប្រាប់ម្ដាយមុនពេលចាកចេញថា បើខ្មែរក្រហមមុខជានឹងវាយរូបគាត់ទម្លាក់អណ្ដូងដូច្នេះ គាត់គួរតែប្រថុយទៅធ្វើយោធាទៅចុះ ក្រែងបានរស់។ បន្ទាប់ពីបានឭដូច្នេះ ម្ដាយរបស់ ឈឿន បានបារម្ភជាខ្លាំង និងយំ ដោយសារ ម្ដាយរបស់ ឈឿន ដឹងថា ឈឿន មិនធ្លាប់ធ្វើចម្បាំងអ្វីពីមុននោះទេ គឺចេះតែធម៌អាថ៌ប៉ុណ្ណោះ។

ឈឿន ត្រូវប្រធានកងចល័តបញ្ជូនទៅមន្ទីរតំបន់​ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅពេលទៅដល់មន្ទីរតំបន់ ឈឿន មានអាការជំងឺស្រឺតនៅពេលកំពុងហ្វឹកហាត់។ កងចល័តដែលនៅទីនោះ បានទិតៀន ឈឿន ថា «ទុកមិនចំណេញ យកចេញមិនខាត»។ ថ្ងៃមួយ ឈឿន បានជួប តាអាន ដែលជាគណៈតំបន់៤១ នៃភូមិភាគនិរតី។ តាអាន បានបញ្ជាឲ្យកងការពារគ្រា ឈឿន ឡើងផ្ទះរបស់គាត់ ដើម្បីសួរនាំអំពីប្រវត្តិរបស់ ឈឿន។ ឈឿន បានកុហកប្រាប់ថាខ្លួនធ្លាប់បួសជាព្រះសង្ឃជិតមួយព្រះវស្សា និងមិនសូវចេះអក្សរអ្វីនោះទេ។ ក្រោយពីសួរនាំរួច តាអាន ក៏បញ្ជាឲ្យនីរសារបស់គាត់បញ្ជូន ឈឿន ទៅមន្ទីរពេទ្យតំបន់ ដើម្បីព្យាបាល។

ក្រោយពីសម្រាកនៅមន្ទីរពេទ្យ ឈឿន ត្រូវបន្តហ្វឹកហាត់ដើម្បីទៅប្រយុទ្ធនៅសមរភូមិ ប៉ុន្តែដោយសារ ឈឿន ជាអ្នកមានជំងឺប្រចាំកាយ ដូច្នេះយោធាមិនបានបញ្ជូន ឈឿន ឲ្យទៅប្រយុទ្ធនៅសមរភូមិមុខនោះទេ។ យោធា ក៏ប្រគល់រទេះគោមួយនឹមឲ្យ ឈឿន ទៅរកឧស និងឡើងដើមត្នោតនៅស្ទឹងប្រយោល ដែលមានចម្ងាយ ៣គីឡូម៉ែត្រពីភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលជាសហករណ៍ម្ដាយរបស់ ឈឿន រស់នៅ។

បីខែក្រោយមក យោធាក៏ចាត់តាំងឲ្យ ឈឿន ធ្វើការខាងភស្តុភារ នៅមន្ទីរយោធា ដែលមានការងារដូចជាចែកអង្ករ អង្រឹង ក្រមា ស្បែកជើង និងដាំដំណាំ។ នៅខែមិថុនា ឆ្នាំ១៩៧៨ ប្រធានកងវរសេនា តំបន់៤១ ភូមិភាគនិរតី ឈ្មោះ ហឿន បានចាត់តាំង ឈឿន ឲ្យធ្វើប្រធានភស្តុភារ នៅជិតវត្តតាមៈ (បច្ចុប្បន្នវត្តជណ្ឌនារាម)  នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីប្រធានភស្តុភារមុនៗត្រូវបានផ្លាស់ប្តូរ និងបាត់ខ្លួនជាបន្តបន្ទាប់។ ការងាររបស់ ឈឿន នៅភស្តុភារ គឺត្រូវចិញ្ចឹមមាន់ជ្រូក, ធ្វើស្ករ និងផ្គត់ផ្គង់ស្បៀងសម្រាប់កងវរសេនានេះ ដែលមានយោធាសរុបជាង ៦០០នាក់។ សម្រាប់ការផ្គត់ផ្គង់ អង្ករ ឲ្យទៅយោធាគឺ ឈឿន ត្រូវទៅបើកពីមន្ទីរភស្តុភារតំបន់។ ចំណែក ស្ករត្នោត ត្រូវប្រមូលតាមកន្លែងយោធា ដូចជានៅស្ទឹងប្រយោល និងផ្អាវជាដើម ដើម្បីទុកដាក់ក្នុងឃ្លាំង និងចែកទៅតាមកងនីមួយៗ។ នៅពេលដែល យោធា ត្រូវការអង្ករ គឺមានសមាជិកក្រុមឲ្យដំណឹងតាមអាយកូម (ទូរលេខ) ពីត្រើយម្ខាងនៃទន្លេមេគង្គ ដើម្បីឲ្យទូក ឬកាណូតមកដឹកអង្ករយកទៅចែក។ នៅមន្ទីរភស្តុភារ តាអាន តែងតែទៅពិនិត្យការងារ ដូច្នេះ ឈឿន ត្រូវមើលថែជ្រូក និងដាក់ចំណីដោយផ្ទាល់ ជាមួយសមាជិក ៨នាក់ទៀត។ ក្រៅពីនោះ ឈឿន ត្រូវឲ្យសមាជិកក្រុមមើលមាន់ទាកុំឲ្យទៅស៊ីស្រូវសហករណ៍ជាដើម។ សម្រាប់ការហូបចុកនៅភស្តុភារ គឺមានការហូបចុកគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នៅអាយុ ២៨ឆ្នាំ ឈឿន បានរៀបការជាមួយឈ្មោះ តូច យឿន មានកូន ៥នាក់ ក្នុងនោះស្រី ៣នាក់។ សព្វថ្ងៃ ឈឿន ដែលធ្លាប់ជាប្រធានយោធាភស្តុភារតំបន់៤១ក្រោមរបបខ្មែរក្រហម រស់នៅ និងប្រកបរបរជាកសិករ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

សរសេរដោយ ស្រ៊ាង លីហួរ


ឯកសារយោង

[1] ឯកសារលេខ BBI០១១៦. (២០១៦). សម្ភាសជាមួយ ជា ឈឿន ហៅ ពែក ដោយ ឡុង ដានី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] តាមរយៈ ឈឿន តំបន់៤១ មានចំនួន ៤ស្រុក គឺស្រុកព្រៃឈរ ស្រុកកំពង់សៀម ស្រុកកងមាស និងស្រុកបាធាយ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin