ជា គឹមឈន៖ កងកម្លាំងបោសសម្អាតភូមិភាពបូព៌ា និងវាយចូលខេត្តតៃនិញ នៃប្រទេសវៀតណាម
ការប៉ះទង្គិចជាមួយវៀតណាម ក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ បាននាំទៅដល់ការធ្វើបន្សុទ្ធកម្មដ៏ធំ ធេង។ នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលភាគភូមិបូព៌ា។ កងទ័ពវៀតណាមបានដកថយទៅវិញ ដោយបានកៀរយកប្រជាជនកម្ពុជារាប់រយនាក់ទៅជាមួយផង។ បន្ទាប់មកខ្មែរក្រហមបានចោទប្រជាជននិង កម្មាភិបាលភូមិភាគបូព៌ាថាបានចូលដៃជើងជាមួយវៀតណាម។ ហេតុការណ៍នេះបានជំរុញឲ្យមានការចាប់ខ្លួន និងការសម្លាប់មនុស្សជាច្រើននាក់។ [1]ខាងក្រោមជាសាច់រឿង ជា គឹមឈន ដែលបានឃើញទិដ្ឋភាពអង្គការ បោសសម្អាតប្រជាជនភូមិភាគបូព៌ា។
ខ្ញុំឈ្មោះ ជា គឹមឈន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងសាង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។[2] សព្វថ្ងៃខ្ញុំរស់នៅក្នុង ភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សួន ថុង អាយុ៦៨ឆ្នាំ និងម្ដាយឈ្មោះ គួន ឡាង។ សព្វថ្ងៃឪពុកម្ដាយខ្ញុំរស់នៅ ភូមិបឹងសាង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូន១០នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រីម្នាក់។ ប្រពន្ធខ្ញុំឈ្មោះ រៀម សុខុម អាយុ៤៣ឆ្នាំ មានកូនចំនួន៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រីម្នាក់។ កូនប្រុសទី១ ឈ្មោះ ថង់ គឹមឈឿន អាយុ២២ឆ្នាំ កូនប្រុសទី២ឈ្មោះ ថង់ សម្បត្តិ អាយុ១៨ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ថង់ ពន់នី អាយុ ១៦ឆ្នាំ។
កាលពីជំនាន់សម្ដេចឪ សង្គមរាស្ត្រនិយម ខ្ញុំរៀនសូត្របានតិចតួចណាស់ត្រឹមថ្នាក់កុមារដ្ឋាននៅសាលាថ្លុកជ្រៅ។ ខ្ញុំឈប់រៀនអំឡុងរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ខ្ញុំឈប់សិក្សាមកជួយធ្វើ ការងារឪពុកម្ដាយ។
ដល់ឆ្នាំ១៩៧១ ប្រធានឃុំឈ្មោះ វ៉ាត បានចុចឈ្មោះខ្ញុំយកទៅធ្វើទ័ព។ ម្ដាយខ្ញុំបានទៅសុំអង្វរឃុំតែ មិនបានសម្រេច។ ខ្ញុំនៅឆ្ងាយពីគ្រួសារនឹករលឹកដល់គ្រួសារខ្លាំងណាស់។ ខ្ញុំនៅពាមជីកង ជាមួយបងណាំ បានកន្លះខែ។ ខ្ញុំដើររុះរើផ្ទះប្រជាជនណាធំៗមានផ្ទះចាម និងផ្ទះចិន។ ពេលរុះរើផ្ទះនោះ ដៃខ្ញុំត្រូវក្បឿងដាច់ អស់ក្រចកដៃ។ ខ្ញុំធ្វើការបានកន្លះខែសុំមេមកលេងផ្ទះ ដើម្បីរកថ្នាំបិត។ លុះពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំទៅនៅ ឆ្លងស្រឡៅ ដើម្បីហ្វឹកហាត់ក្បួនទ័ព។ ពេលហ្វឹកហាត់ទ័ពនៅឆ្លងស្រឡៅមានទ័ពរាប់ពាន់ ចម្រុះជាតិសាសន៍។ ខ្ញុំហ្វឹកហាត់រយៈពេល៤ខែ អង្គការបញ្ជូនទៅស្រុកជើងព្រៃ។ នៅជើងព្រៃបានហូបបាយ ប៉ុន្តែខ្ញុំត្រូវហាត់ពត់ លត់ដំ កសាងខ្លួន ដើម្បីធ្វើទ័ព។ នៅទីនោះអង្គការជាអ្នកគ្រប់គ្រង។ អង្គការឲ្យកងទ័ពទាំងអស់ គោរព និងជឿលើអង្គការ ហើយត្រូវចេះមើលការខុសត្រូវ ឧបត្ថម្ភខ្លួនឯង។ ខ្ញុំហ្វឹកហាត់នៅជើងព្រៃបានរយៈពេល៤ខែ។
ចូលដល់ឆ្នាំ១៩៧២ អង្គការដកខ្ញុំពីស្រុកជើងព្រៃទៅនៅវត្តដងទង់ហៅថាវត្តតាមាង។ នៅវត្តតាមាង ខ្ញុំបានឡើង ជាវរសេនាតូច។ ពេលនោះខ្ញុំសុំ លឹម ឈាង ថា” បងអើយកុំអី ខ្ញុំមិនធ្វើទេ”។ ធម្មតាខ្ញុំមិន ទាន់ចេះគ្រប់គ្រងនឹងដឹកនាំទ័ព។ បើសិនជាមិនទាន់ចេះក្បួនច្បាប់រចនាដឹកនាំកម្លាំង ចេញចូលយ៉ាងម៉េច កើត។ ខ្ញុំនិយាយបន្តទៀតថា “ខ្ញុំមិនធ្វើទេ”។ បងលឹម ឈាងតបថា “បើប្អូនឯងមិនដឹកនាំ វរសេនាតូចទេចូល លោកប្អូនធ្វើពេទ្យ”។ ខ្ញុំតថា “មិនធ្វើទេ ព្រោះខ្ញុំមិនពូកែទ្រាំ”។ ដល់ពេលខ្ញុំមិនធ្វើ លឹម ឈាង ហៅខ្ញុំចុះមក វាយផ្ទាល់តែម្ដង នៅមុខទួលស្លែង។ វាយម្ដុំភ្នំប្រសិទ្ធ ស្ថិតក្នុងខេត្តកណ្ដាល។ ថ្ងៃនោះខ្មាំងវាយបុកមកចំពីមុខ ហើយខ្ញុំមានកម្លាំងប្រហែលជា៣០០នាក់វាយគ្នា។ ពេលនោះ លឹម ឈាង ប្រធានកងធំស្លាប់ អំឡុងពេលវាយ គ្នានៅវត្តដងទង់ ព្រែកក្ដាម។ អង្គការឲ្យខ្ញុំសម្រាក៤ខែ រហូតទាល់តែដាច់ភ្នំពេញ។
ដល់បែកភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅទីក្រុងភ្នំពេញ ផ្សារចាស់។ ខ្ញុំនៅក្នុងអង្គភាព អូ កងពល៣១០។ ប្រធានវរសេនាធំឈ្មោះ បងយ៉ានយ៉ាន់និង បងម៉ុន។ ប្រធានកងពល៣១០ តាអឿន។ ខ្ញុំនៅផ្សារថ្មី ដើម្បីសម្រាកហ្វឹកហ្វឺន។ ពេលនោះខ្ញុំឃើញខ្មែរក្រហមជម្លៀសប្រជាជន ដោយនិយាយថាឲ្យ ចេញមកក្រៅក្រុងសិន ដើម្បីរៀបចំទីក្រុង។ ខ្ញុំឃើញទិដ្ឋភាពពេលនោះ ប្រជាជនលំបាកវេទនាខ្លាំងណាស់ ព្រាត់ប្រាស់ឪពុម្ដាយនិងបងប្អូន។ ខ្ញុំនៅផ្សារចាស់បានរយៈពេល១ឆ្នាំ។ បងរិទ្ធបានឡើងជាប្រធានកងធំ និង មានអនុប្រធានកងធំ ឈ្មោះសាក់។ ខ្ញុំធ្វើជាយុទ្ធជនរហូត គ្មានតួនាទីអ្វីទេ។
ឆ្នាំ១៩៧៦ខ្ញុំផ្លាស់ទីលំនៅមកអូរបែកក្អម ដើម្បីមកធ្វើស្រែ។ អង្គការចង់ដោះស្រាយជីវភាពឲ្យបាន ថ្កុំថ្កើងរុងរឿង។ ខ្ញុំត្រូវអង្គការដកកាំភ្លើង រួចឲ្យខ្ញុំដឹកនាំប្រជាជនធ្វើស្រែគំរូ។ កាលនោះធ្វើស្រែបានស្រូវច្រើន ប៉ុន្តែអង្គការមិនឲ្យហូបឆ្អែត។មនុស្សមាឌប៉ុនៗដំរីឲ្យហូបកន្លះកំប៉ុងធ្វើម៉េចហ្នឹងឆ្អែត។ប្រជាជនខ្លះដោយសារតែហូបមិនឆ្អែតបាននាំគ្នាទៅលួចដំឡូង និងលួចបាយក្ដាំង អង្គការចាប់បានថាក្បត់សមូហភាព។ ខ្ញុំធ្វើស្រែ ដំបូងនៅបឹងបាយ៉ាប។
ដល់ចុងឆ្នាំ១៩៧៦ អង្គការហៅ វរ៣៣៧ ធ្វើការងារខ្លាំង ប៉ុន្តែស៊ីតិច។ ខ្ញុំសម្រាកមិនពេញភ្នែកទេ ដេកត្រឹមម៉ោង៣ អាគាំងដាស់ឡើងស្រែជយោ។ ខ្ញុំភ្ញាក់មកលីចបទៅកាប់ដី រែកដី ទាំងងងុយ។ ខ្ញុំស្គមស្គាំង រីងរៃ ព្រោះហូបមិនគ្រប់គ្រាន់។ ដល់អង្គការឃើញខ្ញុំស្គមខ្លាំង ក៏ដកខ្ញុំឲ្យទៅដេញចាបនៅជិតវត្តស្រែអំពិល ស្ថិតក្នុង ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ ពេលខ្ញុំនៅដេញចាប មានម៉ែធម៌ ប្អូនធម៌គគ្រឹកគគ្រេងណាស់។ ខ្ញុំសុំផ្ទះ ប្រជាជនណាធំៗស្នាក់អាស្រ័យ ព្រោះក្រុមខ្ញុំដេញចាបមានចំនួន៥នាក់ទាំងខ្ញុំ។ ខ្ញុំនៅដេញចាប ការហូបចុកពេញលេញល្អណាស់។ ថ្ងៃមួយមាននារីម្នាក់ចេញពីពេទ្យព្រែកព្នៅមកសុំខ្ញុំស្នាក់នៅ ហើយខ្ញុំក៏រពឹស មាត់ថាស្នាក់នៅមួយយប់ចុះ។ ដល់ពេលព្រឹកឡើងខ្ញុំឃើញនារីម្នាក់នោះនៅផ្ទះ ខ្ញុំក៏និយាយថារឿងប៉ុនឪទឹន ហើយអញ។ ទទួលនីរសាមក ឃើញមនុស្សស្រីហ្នឹងក៏បានរាយការណ៍ជូនវរ ប្រាប់ថាខ្ញុំឲ្យនារីម្នាក់ស្នាក់នៅ ហៅថាគ្មានក្រឹត្យក្រមច្បាប់ទម្លាប់។ វរ បានផ្ញើសំបុត្រមកវិញថា ឲ្យដកនិងដូរយកទៅតស៊ូឲ្យស្ទូងពេញ បន្ទុក។ អង្គការដកខ្ញុំចូលវរ៣១ឲ្យធ្វើស្រែវិញ។ ខ្ញុំនៅធ្វើស្រែបាន២ទៅ៣ខែ។
ចូលដល់ដើមឆ្នាំ១៩៧៧ អង្គការដកតា អឿន និងតារឿង ទៅឃុំឃាំង ហើយប្រកាសប្រាប់ថាក្បត់។ អង្គការយកភូមិភាគនិរតី[3]មកក្ដាប់ ដើម្បីពង្រឹងចំហវាយជាមួយយួន និង ក្ដាប់ឲ្យធ្វើស្រែ។ រួចបានប្ដូរឈ្មោះកង ពលមកដាក់២០៧ ដោយមានតា ញ៉ ជាប្រធាន និងតាផុន ជាអនុប្រធាន។ អំឡុងឆ្នាំដដែលនោះ អង្គការ បានបញ្ជូនខ្ញុំទៅវាយនៅព្រំដែនវៀតណាម។ នៅព្រំដែនខ្ញុំឃើញខ្មែរក្រហមសម្លាប់ប្រជាជនស្លូតត្រង់ ដោយ ផ្ទាល់ភ្នែក ព្រោះអង្គការដកខ្ញុំយកមកបោសសម្អាតភូមិភាគបូព៌ា[4] អង្គការចោទថាភូមិភាគបូព៌ាក្បត់។ ខ្ញុំមិន ដឹងថាក្បត់ឬមិនក្បត់ទេ ប៉ុន្តែអង្គការដកខ្ញុំមកទន្លេបិទ ស្ពានដែក។ អង្គការឲ្យខ្ញុំនៅក្រោម១២នាក់ និង ខាងលើ ១២នាក់។ អង្គការចាប់ផ្ដើមជម្លៀសប្រជាជនភូមិភាគបូព៌ា បោសសម្អាត។ ខ្ញុំឃើញអង្គការជម្លៀសប្រជាជន ភូមិភាគបូព៌ាទៅមកទាំងចាស់ក្មេង យុវជន និងយុវនារី យកទៅសម្លាប់។ ខ្ញុំឃើញផ្ទាល់ភ្នែកវាយប្រជាជននឹងខ្នងពូថៅ និងត្បូងចប។ ខ្ញុំឃើញទ័ពខ្មែរក្រហមសម្លាប់ប្រជាជនច្រើនដងណាស់។ ទ័ព ខ្មែរក្រហមវាយសម្លាប់នោះសុទ្ធតែជាជនដៃដល់។ តាមខ្ញុំចាំមាន ឈ្មោះជាន នៅខេត្តសៀមរាប នៅក្រុមជា មួយខ្ញុំ ប៉ុន្តែវាចិត្តដាច់។
ក្នុងឆ្នាំ១៩៧៨ នៅស្ពានដែក(ស្ពានខ្នុង)ទៅខាងក្នុងកន្លែងរណ្ដៅបេ ខ្មែរក្រហមវាយទម្លាក់ពេញ រណ្ដៅ រួចយកត្រាក់ទ័ររុញដីលុប។ ប្រជាជនមិនខុសអីទេ ប៉ុន្តែចោទតាមខ្សែរយៈថាក្បត់អង្គការបោស ម្អាតទាំងអស់ អង្គការយកទៅសម្លាប់ទាំងស្រស់ៗ។ កងកម្លាំងនៅក្នុងអង្គភាពខ្ញុំជាអ្នកវាយ កងកម្លាំងនោះចិត្តដាច់ ណាស់វាយគ្មានអាណិតអាសូរទេ។ ត្រឹមភូមិភាគបូព៌ាសម្លាប់ទាំងទ័ពគ្នាឯង ឲ្យតែកាន់សីលធម៌មិនល្អ។ ខ្ញុំឃើញផ្ទាល់ភ្នែក២-៣ដងហើយ។ សម្លាប់ទ័ពគ្នាឯង ដោយប្រើពាក្យថា ជាខ្សែស្រាវជ្រាវ។ ខ្ញុំឃើញសម្លាប់ នៅកន្លែងស្ទឹងប្រោស ស្ទឹងស្ពានដែក និងសម្លាប់នៅកន្លែងចំការកៅស៊ូជប់ ពញាក្រែក។ បើនិយាយទៅសម្លាប់ គ្រប់កន្លែងហ្នឹង។ ពេលខ្លះវាយ ហើយខ្លះទៀត ប្រើខ្សែភ្លើងឆក់។ ភាគច្រើនប្រើខ្សែភ្លើងឆក់ច្រើនជាង គ្រាន់តែ ឡើងអង្គុយក្នុងសំណាញ់ រួចកងកម្លាំងខ្មែរក្រហមឆក់ប្រៀបដូចយើងឆក់ត្រី ចុចឆក់២ទៅ៣ដងមនុស្សទន់ ខ្លួន ហើយសន្លប់។
ចុងឆ្នាំ១៩៧៨ តឹងតែងកាន់តែខ្លាំង មានការសម្លាប់កងកម្លាំងខ្មែរក្រហមកាន់តែច្រើន ព្រោះទ័ពកាន់ សីលធម៌មិនល្អ។ ទ័ពខ្មែរក្រហមច្រើនតែយកនារីទៅរំលោភ រួចអង្គការចាប់បានយកទៅសម្លាប់ចោល។ អង្គការថាយើងមិនកាន់សច្ចៈ ប្រព្រឹត្តិមិនល្អ និងមានគំនិតស្មោកគ្រោកត្រូវតែបោសសម្អាត។ ដល់ពេលបែកការប្រធានកងពល២០៧ ដកខ្ញុំទៅវាយវៀតណាមនៅព្រំដែន រួចដូរអង្គភាពផ្សេងមកបោសសម្អាតជំនួស វិញ។ ខ្ញុំនៅមុខព្រួញចំផ្សារក្រដាស់ ឡើងពីផ្សារក្រដាស់ទៅស្ទឹងតូច រួចទៅស្រឡៅ ចូលដល់ផ្សារស្មាច់។ ចេញពីស្រឡៅ ទៅដល់កន្លែងចម្ការសៅម៉ាវ ចម្ការម្រេច ចម្ការអំពៅ ធ្លុកយ៉ាង ភ្នំជើងដែង តៃនិញ។ ក្រុមខ្ញុំ ចូលវាយរុកពេញ ដុតផ្ទះសម្បែងល្មមៗចោល។ ខ្ញុំនៅខាងក្នុង ហៅថាផ្ការីក។ ខ្ញុំនៅទាល់តែដាច់ ឆ្នាំ១៩៧៩ បែករត់រប៉ាត់រប៉ាយ។ ពេលបាក់ទ័ពខ្ញុំរត់មកភូមិព្រៃក្របៅ។ នៅព្រៃក្របៅ កម្លាំងទ័ពខ្មែរក្រហម បានមកចោល ខ្ញុំនិងមិត្តទាំង៣នាក់។ ខ្ញុំបានធ្វើដំណើរមកដល់ ភូមិព្រៃរំពែង ស្រុកកំចាយមារ សុំចូលដកអាវុធ។ ខ្ញុំនៅភូមិព្រៃរំដេងបានមួយខែ។ ខ្ញុំបន្តដំណើរទៅនៅ ភូមិកកោះ ស្រុកកញ្ជ្រៀច។
ឆ្នាំ១៩៨០ ខ្ញុំចូលមកជួបជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៨១ ខ្ញុំរៀបការនិងរស់នៅជាមួយគ្រួសារ រហូតមកដល់បច្ចុប្បន្ន។ ក្រោយពីសម័យខ្មែរក្រហមបញ្ចប់ទៅ ខ្ញុំបាត់បងប្រុសម្នាក់ដែលធ្វើជាកងកម្លាំងខ្មែរក្រហម និងឪពុកមា ២នាក់។ បងប្រុសខ្ញុំ បាត់ខ្លួនពេលដែលកងកម្លាំងខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញឆ្នាំ១៩៧៥៕
វី ស៊ីថា ៖ មជ្ឈមណ្ឌលឯកសារកោះថ្ម
[1] ផេង ពង្សរ៉ាស៊ី,ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ នៅភ្នំពេញ ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០,ទំព័រទី៤៨។
[2]មជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសន៍ជាមួយ ជា គឹមឈន I02067, ថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៣, ភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
[3] ផេង ពង្សរ៉ាស៊ី,ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ នៅភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០,ទំព័រទី៣៤។ ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំ ដោយឈិត ជឿន ហៅតាម៉ុក។ ភូមិគានេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល,ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និង ស្រុកគងពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះ ចែកចេញជា៤តំបន់៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
[4] ផេង ពង្សរ៉ាស៊ី,ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ នៅភ្នំពេញ ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០,ទំព័រទី៣៣។ ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនាំ ដោយសោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់,ស្រុកឆ្លូងខេត្តក្រចេះ និងស្រុកចំនួន៣ទៀតក្នុង ខេត្តកណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។