ជា ប៉ាក និងរឿងរ៉ាវក្នុងឃុំអង្គរស ក្នុងសម័យខ្មែរក្រហម

ជា ប៉ាក[1] កើតនៅក្នុងត្រកូលក្រីក្រមួយក្នុងភូមិស្រះតាអឹម នៅឆ្នាំ១៩៤៧។ ប៉ាក មានបងប្អូនបង្កើត៦នាក់(ស្រី២នាក់), មានឪពុកឈ្មោះ ជា ផាន់ (ស្លាប់ដោយជំងឺនៅឆ្នាំ១៩៤៨) និងម្តាយឈ្មោះ ញូ យ៉ាន់ (ស្លាប់ដោយជំងឺនៅអាយុ៧៩ឆ្នាំ)។ បងប្រុសបង្កើតពីរនាក់របស់ ប៉ាក ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៧ នៅក្នុងព្រឹត្តិការណ៍បះបោរសោភឹម។ ជា ប៉ាក បានរៀបការនៅឆ្នាំ១៩៧៦ ជាមួយនឹងគូស្រករ៦គូផ្សេងទៀតក្នុងភូមិជាមួយគ្នា។ ម្តាយរបស់គាត់ក៏បានចូលរួមក្នុងពិធីរៀបការនេះដែរ ប៉ុន្តែគាត់មិនមានឱកាសបានជូនពរកូនឡើយ។ គណៈឃុំឈ្មោះ សាក់ និងប្រធានមន្ទីរពេទ្យឃុំឈ្មោះ ឃួន ប៉េង គឺជាអ្នករៀបចំពិធិមង្គលការនេះ។ រហូតមកដល់សព្វថ្ងៃ ជា ប៉ាក និងប្រពន្ធ មានកូនចំនួន៦នាក់ ក្នុងនោះកូនរបស់គាត់៤នាក់ បានរៀបអាពាហ៍ពិពាហ៍រួចហើយ។ កូនស្រីម្នាក់ដែលកំពុងរស់នៅក្នុងបន្ទុកជាមួយគាត់ មានហាងលក់គ្រឿងទេស បោកអ៊ុត និងសំអាងការផ្ទាល់ខ្លួន ដែលអាចរកចំណូលមកចិញ្ចឹមជីវិតបានយ៉ាងល្អ។
ប្រវត្តិ ជា ប៉ាក
នៅអាយុ៨ឆ្នាំ ជា ប៉ាក ត្រូវម្តាយបញ្ជូនឲ្យចូលរៀននៅវត្តស្រះតាអឹម ជាមួយព្រះតេជគុណ ឃួន ពៅ, ហួត គ្រួច និង ម៉ី សាមៀន។ បីឆ្នាំក្រោយមក ប៉ាក បានបន្តការសិក្សាថ្នាក់ទី៩ នៅសាលាបឋមសិក្សា របោះព្រីង ស្ថិតនៅក្នុងឃុំស្វាយយារ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅទីនោះ ប៉ាក បានរៀនជាមួយគ្រូបីនាក់ទៀតគឺ ម៉ី ចន (ក្រោយឆ្នាំ១៩៧៩ រស់នៅខេត្តស្វាយរៀង។ បច្ចុប្បន្នមិនដឹង), ខែម (ស្លាប់ដោយសារ សង្គ្រាមឆ្នាំ១៩៧២) និង ពៅ (បច្ចុប្បន្នមិនដឹង)។ ប៉ាក បានឈប់រៀននៅឆ្នាំ១៩៦១ ហើយបានបួសជាសង្ឃនៅវត្តស្រះតាអឹមនៅឆ្នាំ១៩៦២។ ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៧ ព្រះតេជគុណ ប៉ាក បានបន្តការសិក្សានៅសាលាបាលីវត្តសិរីសាគរ ហៅវត្តដងក្តោង ស្រុកឆ្លូង ខេត្តក្រចេះ និងនៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៦៨ ប៉ាក បានលាចាកសិក្ខាបទ និងបានរស់នៅជាមួយម្តាយរហូតដល់ថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីថ្ងៃរដ្ឋប្រហារ ប៉ាក បានចូលបម្រើបដិវត្តន៍។ ការងារដំបូងរបស់ ប៉ាក គឺជាជំនួយការប្រធានឃុំអង្គរសឈ្មោះ ជុំ វ៉ា។ នៅឆ្នាំ១៩៧៤ ប៉ាក ត្រូវបានផ្លាស់ប្តូរទៅធ្វើការនៅពាណិជ្ជកម្មឃុំអង្គរស មានតួនាទីលក់ចេញនិងទិញចូលស្បៀងអាហារ និងស្រូវអង្ករក្នុងស្រុកមេសាង។
បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ាក ត្រូវអង្គការបញ្ជូនឲ្យទៅលើកទំនប់ប្រឡាយនៅភូមិស្រះតាអឹម និងនេសាទត្រី។ នៅឆ្នាំ១៩៧៨ ប៉ាក ត្រូវជាប់ឈ្មោះជម្លៀសទៅកាន់ភាគខាងលិចប្រទេស។ ប៉ុន្តែ ប៉ាក បានគេចខ្លួនរហូតទាល់តែព្រឹត្តិការណ៍ប្រយុទ្ធគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងទាហានខ្មែរក្រហម។
រចនាសម្ព័ន្ធគ្រប់គ្រងឃុំអង្គរស និងស្រុកមេសាង
ការគ្រប់គ្រងស្រុកនិងឃុំ មានភាពស្មុគស្មាញខ្លាំងចាប់ពីក្រោយថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ តាមការរៀបរាប់របស់ ជា ប៉ាក ការគ្រប់គ្រងដែលពិបាកជាងគេ គឺក្នុងចន្លោះឆ្នាំ១៩៧៧និងឆ្នាំ១៩៧៨។ ខាងក្រោមនេះ ជារចនាសម្ព័ន្ធគ្រប់គ្រងឃុំក្នុងចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៧ ដូចខាងក្រោម៖
១- ពុត ជ្រង ជាគណៈស្រុកមេសាង។ ជ្រង មិនមែនជាអ្នកស្រុកមេសាងទេ ប៉ុន្តែ ជ្រង បានមករស់នៅក្នុងស្រុកមេសាង ធ្វើជាអាចារ្យវត្តស្រះតាអឹម តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ។ ជ្រង ជាអ្នកចេះដឹងគ្រាន់បើមួយរួប ដែលទទួលបានការតែងតាំងជាគណៈស្រុកមេសាង ចាប់តាំងពីក្រោយរដ្ឋប្រហាររបស់ លន់ នល់។ ជ្រង គ្រប់គ្រងផ្ទាល់ទៅលើកងទ័ព (ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥) និងមន្ទីរសន្តិសុខ ទួលជើងចាប (ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧)។ ជ្រង ត្រូវបានចាប់ខ្លួន និងសម្លាប់ នៅក្នុងព្រឹត្តិការណ៍បះបោរសោភឹមឆ្នាំ១៩៧៧។
២- ជុំ វ៉ា ជាគណៈឃុំអង្គរសពីចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧២។ ជុំ វ៉ា គឺជាអតីតមេ៥០ខ្នងដែលតែងតាំងដោយរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ គាត់មានជំនាញខាងជាងឈើ។ វ៉ា គឺជាមនុស្សដំបូងបង្អស់ដែលបានបង្កើតកងឈ្លបនៅក្នុងឃុំអង្គរស។ នៅឆ្នាំ១៩៧២ ជុំ វ៉ា បានស្លាប់ដោយសារជំងឺ និងបានបន្សល់ទុកកូនប្រុស៣នាក់គឺ ជុំ អិន, ជុំ ខិន និង ជុំ ខាន់។ អ្នកទាំង៣ត្រូវបានបោសសម្អាតនៅក្នុងព្រឹត្តិការណ៍សោភឹមដូចគ្នា។
៣- ថឹង សាក់ ជាគណៈឃុំអង្គរសពីចន្លោះឆ្នាំ១៩៧២និងឆ្នាំ១៩៧៧។ សាក់ បានបញ្ចុះបញ្ចូលអ្នកភូមិជាច្រើនគ្រួសារក្នុងឃុំអង្គរស ឲ្យបញ្ជូនកូនៗចូលបម្រើបដិវត្តន៍ដើម្បីរំដោះប្រទេសចេញពីរបប លន់ នល់។ នៅឆ្នាំ១៩៧៧ សាក់ ត្រូវបានចាប់ខ្លួន និងសម្លាប់ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម។
៤- អ៊ុង ណៃ ជាគណៈឃុំត្រពាំងស្រែ (ស្លាប់ឆ្នាំ១៩៧៧)។
៥- ជា ឆាំ ជាប្រធានពាណិជ្ជកម្មឃុំអង្គរស (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
៦- កែប នួន ជាប្រធានភូមិអង្គរស (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
៧- ឃួន បេង ជាប្រធានមន្ទីរពេទ្យឃុំអង្គរស (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)
៨- ញូ ឈិន ជាប្រធានភូមិសំបួរ (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
៩- ជា ផុន ជាប្រធានភូមិពន្លៃ (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
១០- អៀង យឹម ជាមេភូមិគោកច្រេះ(ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
១១- ជុំ ខិន (កូនរបស់ ជុំ វ៉ា) ជាមេភូមិស្រះតាអឹម (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
១២- ជុំ ខាន់ (កូនរបស់ ជុំ វ៉ា) ជាកម្មាភិបាលពេទ្យស្រុកមេសាង (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
១៣- ជុំ អិន (កូនរបស់ ជុំ វ៉ា) ជាប្រធានមន្ទីរសន្តិសុខស្រុកមេសាង ទួលជើងចាប (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)។
១៤- រស់ ផុន ជាជំនួយការមេភូមិស្រះតាអឹម (ស្លាប់ឆ្នាំ១៩៧៧ ក្នុងព្រឹត្តិការណ៍បះបោរ សោភឹម)
ព្រឹត្តិការណ៍កើតមានក្នុងភូមិស្រះតាអឹម
របបសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
ផ្តើមចេញពីការធ្វើបាតុកម្មនៅក្នុងស្រុកមេសាង ប្រឆាំងនឹងការគ្រប់គ្រងរបស់ លន់ នល់ ក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយចំនួនបានកើតឡើងនៅក្នុងទឹកដីឃុំអង្គរស រាប់ទាំងការបាញ់ផ្លោងគ្រាប់រ៉ុក្កែតពីសំណាក់ទាហានធីវគី ការប្រយុទ្ធគ្នារវាងទាហានធីវគីនិងវៀតកុង ការទម្លាក់គ្រាប់បែក និងការធ្វើទុក្ខបុកម្នេញរបស់ទាហានធិវគីមកលើប្រជាជនស្លូតត្រង់។
បាតុកម្មមួយបានចាប់ផ្តើមឡើងនៅវត្តពោធិ៍កន្លែង ស្រុកមេសាង ដែលមានការចូលរួមពីសំណាក់ប្រជាជនរស់នៅតាមឃុំនានាក្នុងស្រុក និងសិស្សានុសិស្សជាច្រើនទៀត។ បាតុកម្មនេះ បានដង្ហែចេញកាត់តាមឃុំមួយចំនួន រហូតដល់គោលដៅចុងក្រោយមួយគឺឃុំបុស្សព្រីង មុននឹងត្រូវបានបំបែកដោយទាហាន លន់ នល់។ បាតុករជាច្រើននាក់បានរងរបួស និងស្លាប់។ ប្រមាណពី៣ទៅ៤ខែក្រោយមក គ្រាប់រ៉ុក្កែតប្រភេទ១០៥មីលីម៉ែត្រ និង១៥០មីលីម៉ែត្រជាច្រើនគ្រាប់ បានធ្លាក់នៅក្នុងទឹកដីភូមិមួយចំនួនក្នុងឃុំអង្គរស។ ព្រឹត្តិការណ៍នេះ ពុំបានសម្លាប់មនុស្សឡើយ ប៉ុន្តែបានបំផ្លាញស្រែចម្ការរបស់ប្រជាជន។ ក្នុងខែធ្នូ ឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៧១ ទាហាន ធីវគី បានចូលមកកាន់ភាគខាងកើតភូមិស្រះតាអឹម បន្ទាប់ពីក្រុមនេះបានបោះទីតាំងនៅក្នុងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីឃុំអង្គរស។ ការប្រយុទ្ធគ្នាម្តងម្កាល តែងកើតមានឡើងនៅជាយៗភូមិ។ ពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ វត្តមានរបស់កងទ័ពវៀតកុងក្នុងឃុំអង្គរសមានកាត់តែច្រើន ហើយការប្រយុទ្ធគ្នារវាងទាហានទាំងពីរក្រុម បានកើតឡើងជាញឹកញាប់។ បន្ទាប់ពីការប្រយុទ្ធគ្នាម្តងៗបានបញ្ចប់ទៅ ការទម្លាក់គ្រាប់បែកតែងតែកើតមានឡើង។ នៅឆ្នាំ១៩៧៤ ប៉ាក បានប្រាប់ថា ទាហានធីវគី បានចាកចេញពីទឹកដីឃុំអង្គរស។ ប្រជាជនក្នុងឃុំភាគច្រើន បានសរសើរ និងពេញចិត្តចំពោះសកម្មភាពរបស់វៀតកុង ព្រោះថាទាហានវៀតកុងមានវិន័យល្អ មិនដែលចាប់រំលោភស្រ្តីភេទ និងមិនដែលប៉ះពាល់របស់របរប្រើប្រាស់របស់ប្រជាជនក្នុងភូមិ ដូចទាហានធីវគីឡើយ។
របបខ្មែរក្រហម (១៩៧៥-១៩៧៨)
ថ្ងៃជ័យជម្នះ ១៧ មេសា ១៩៧៥ បានមកដល់។ ប្រជាជនគ្រប់ភូមិទាំងអស់ក្នុងឃុំអង្គរស បានចូលរួមប្រារព្ធពិធីអបអរសាទរចំពោះមហាជ័យជំនះរបស់ខ្មែរក្រហម នៅក្នុងបរិវេណវត្តស្រះតាអឹម។ គណៈឃុំ ថឹង សាក់ និងគណៈស្រុក ពុត ជ្រង បានថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។ ប៉ាក មិនបានចាំថា អ្នកទាំងពីរបានថ្លែងអ្វីខ្លះទេ ប៉ុន្តែគ្រាន់តែដឹងថា បន្ទាប់ពីថ្លែងសុន្ទរកថារួច ក្រុមឆៃយ៉ុំាបានចាប់ផ្តើមសម្តែងរហូតដល់ចប់ពិធី។
កិច្ចការងារលើកទំនប់ ជីកប្រឡាយ ដកស្ទូង ច្រូតកាត់ និងដាំដំណាំកសិកម្ម គឺជាកិច្ចការងារស្នូលសម្រាប់ប្រជាជនក្នុងឃុំអង្គរស។ ប្រជាជនភាគច្រើន ត្រូវបែងចែកឲ្យធ្វើការនៅក្នុងកងចល័ត ដែលតម្រូវឲ្យធ្វើការនៅតាមទីកន្លែងឆ្ងាយៗពីផ្ទះសម្បែង និងសម្រាកនៅក្បែរៗការដ្ឋានការងារ។ ប្រជាជនខ្លះទៀតដែលធ្វើការនៅក្នុងភូមិ ឬក្បែរៗភូមិ អាចមកសម្រាកជាមួយសមាជិកគ្រួសារនៅតាមផ្ទះរៀងខ្លួន។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ប្រជាជនទាំងអស់ ត្រូវហូបបាយរួមនៅតាមរោងបាយតាមភូមិនីមួយៗក្នុងឃុំ។
នៅចុងឆ្នាំ១៩៧៧ ព្រឹត្តិការណ៍បះបោរសោភឹមបានកើតមានឡើង។ ព្រឹត្តិការណ៍នេះ បាននាំដល់ហេតុការណ៍សម្លាប់មនុស្សជាច្រើននាក់។ គោលដៅសំខាន់ក្នុងព្រឹត្តិការណ៍នេះ គឺការបោសសម្អាតខ្មាំងអង្គការដែលបានក្បត់បដិវត្តន៍ទៅចុះចូលជាមួយវៀតណាម។ កម្មាភិបាលគ្រប់គ្រងឃុំអង្គរសទាំងមូល ត្រូវចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់។ ជាមួយគ្នានឹងព្រឹត្តិការណ៍នេះ សោភឹម ត្រូវអង្គការស្វែងរកចាប់ខ្លួន ហើយកម្មាភិបាលមកពីភូមិភាគនិរតីបានចូលមកកាន់កាប់ស្រុកមេសាងជាបណ្តោះអាសន្ន។ អ្នកទោសទាំងអស់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខទួលជើងចាប ត្រូវបានដោះលែង បន្ទាប់ពីអ្នកទាំងនោះត្រូវបានបំពាក់បំប៉នពីកម្មាភិបាលមកពីខាងភូមិភាគនិរតី ឲ្យសងសឹកទៅលើកម្មាភិបាលខ្មែរក្រហមខាងភូមិភាគបូព៌ាដែលធ្លាប់ធ្វើបាបខ្លួន។ ភ្លាមៗនៃការដោះលែងអ្នកទោស ហេតុការណ៍សម្លាប់គ្នាបានកើតឡើងពេញឃុំ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កម្មាភិបាលគ្រប់គ្រងឃុំអង្គរស និងភូមិមួយចំនួនក្នុងឃុំ ត្រូវបានចាប់ខ្លួន និងសម្លាប់។ បន្ទាប់ពីសងសឹកបានជោគជ័យរួច អតីតអ្នកទោសទាំងអស់ ត្រូវបានកុហកឲ្យធ្វើការជំនួសតំណែងកម្មាភិបាលទាំងអស់ដែលបានស្លាប់ទៅ ហើយតម្រូវឲ្យឡើងរថយន្តទៅកាន់មន្ទីរស្រុកដើម្បីប្រកាសតែងតាំង។ បន្តិចក្រោយមក អតីតអ្នកទោសទាំងនោះ ក៏ត្រូវបានសម្លាប់ចោលទាំងអស់នៅទីតាំងសម្លាប់ភ្នំកំប្លុក[2] ស្ថិតក្នុងស្រុកបាភ្នំ។ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ទៅ និងដើម្បីរៀបចំគ្រប់គ្រងឃុំអង្គរសសាជាថ្មីឡើងវិញ កម្មាភិបាលខ្មែរក្រហមខាងភូមិភាគនិរតី បានជ្រើសរើសអ្នកភូមិដែលនៅសេសសល់ពីស្លាប់មួយចំនួន ឲ្យធ្វើជាប្រធានភូមិ, ប្រធានសហករណ៍, ប្រធានរោងបាយ, គណៈឃុំ ប្រធានសេដ្ឋកិច្ច និងពាណិជ្ជកម្មឃុំ។ ស្ថិតក្នុងអំឡុងពេល៧ខែចុងក្រោយក្នុងឆ្នាំ១៩៧៨ ប្រជាជនសាមញ្ញមួយចំនួន ជាពិសេសអ្នកដែលជាប់សែស្រឡាយកម្មាភិបាលដឹកនាំឃុំកាលពីមុន ត្រូវបានជម្លៀសដោយបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ឆ្ពោះទៅទីខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងបាត់ដំបង ជាកន្លែងដែលមានការលត់ដំខ្លាំងក្លា ហើយសមាជិកគ្រួសារភាគច្រើនមិនអាចវិលត្រលប់មកកាន់ស្រុកកំណើតវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ទេ។ ក្រោយរបបខ្មែរក្រហម មានប្រជាជនត្រឹមតែប្រមាណ៤០០គ្រួសារប៉ុណ្ណោះ ក្នុងចំណោមប្រជាជនចំនួនជាង៧០០គ្រួសារ រស់នៅក្នុងភូមិស្រះតាអឹម ឃុំអង្គរសកាលពីមុនរបបខ្មែរក្រហម ដែលនៅរស់រានមានជីវិត ហើយភាគច្រើននៃអ្នកទាំងនោះ គឺជាស្រ្តីម៉េម៉ាយ និងកុមារកំព្រា។[3] ដើម្បីងាយស្រួលក្នុងការស្រង់ស្ថិតិ ស្រ្តីម៉េមាយភាគច្រើន ត្រូវបានស្នើសុំឲ្យស្នាក់នៅទីទួលមួយក្នុងភូមិពន្លៃ ហើយទីនោះត្រូវបានហៅថា «ភូមិស្ត្រីម៉េមាយ» នាពេលបន្ទាប់មក។
ដោយ ផេង ពង្សរ៉ាស៊ី
[1] ជា ប៉ាក (អតីតកម្មាភិបាលមូលដ្ឋានភូមិស្រះតាអឹម និងបច្ចុប្បន្នជាមេភូមិស្រះតាអឹម), បទសម្ភាសន៍ដោយ ផេង ពង្សរ៉ាស៊ី, ១៣ មីនា ២០២១។
[2] ឆាលីស បាយវ័រធើ និង ហាក់ សុផល, របាយការណ៍ផែនទីរណ្តៅសាកសព និងទីតាំងសម្លាប់របស់ខ្មែរក្រហម ឆ្នាំ១៩៩៥, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ របាយការណ៍នេះ បានបង្ហាញពីចំនួនមនុស្សដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមថា មានចំនួនច្រើនជាង១ម៉ឺន ៧ពាន់នាក់ ហើយការសម្លាប់មនុស្សច្រើនជាងគេ គឺស្ថិតនៅក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។
[3] ជា ប៉ាក (អតីតកម្មាភិបាលមូលដ្ឋានភូមិស្រះតាអឹម និងបច្ចុប្បន្នជាមេភូមិស្រះតាអឹម), បទសម្ភាសន៍ដោយ ផេង ពង្សរ៉ាស៊ី, ១៣ មីនា ២០២១។