កងចល័តតំបន់៣១

ជា សាយន្ត (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០)

កងចល័តតំបន់៣១ ភូមិភាគបស្ចិមនៃរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានយុវជន យុវនារី ប្រមាណ១០០០នាក់ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនៃរបបនេះកងចល័តតំបន់៣១ នៅសល់យុវជន យុវនារីប្រមាណ៣០០នាក់ប៉ុណ្ណោះ។ យុវជន យុវនារីជាច្រើនបានស្លាប់ដោយសារការងារពលកម្មធ្ងន់ធ្ងរខ្លាំង និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ជា សាយ័ន្ត អតីតយុវជនកងចល័តតំបន់៣១​ភូមិភាគបស្ចិមនៃរបបខ្មែរក្រហមបានរៀបរាប់បទពិសោធន៍ជីវិតលំបាកវេទនានៅក្នុងកងចល័ត៣១ដូចខាងក្រោម៖

ខ្ញុំឈ្មោះជា សាយ័ន្ត[1] ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងែរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍​សាត់។ ខ្ញុំមានស្រុកកំណើតនៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់​ឆ្នាំង។ ឪពុក​របស់ខ្ញុំ ឈ្មោះ វ៉ាន់ ជា និងម្តាយឈ្មោះ វ៉ន ចែម មានបងប្អូនបង្កើតចំនួន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់។ បងប្អូនខ្ញុំស្លាប់ស្រី១នាក់ និងប្រុស១នាក់ ​(ដោយសារតែធ្វើការពលកម្ម​ហួសកម្លាំង និងរបប​អាហារ​មិនគ្រប់គ្រាន់)។

កាលពីកុមារ ខ្ញុំរៀនដល់ថ្នាក់ទី៩​«ចាស់» ស្ថិតនៅក្នុងវត្តល្បើករង្សីក្នុងភូមិល្បើក។ ខ្ញុំបាន​ឈប់រៀននៅឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៧៤ដដែល ខ្ញុំបានសម្រេច​ចិត្ត​ចូល​ព្រៃតស៊ូជាមួយខ្មែរក្រហម ពីព្រោះតែមានការ​អំពាវ​នាវ​ពី​សម្តេចព្រះ នរោត្តម សីហនុ ឱ្យកូនចៅចូលព្រៃម៉ាគី ​ដើម្បី​តស៊ូប្រឆាំងពួកចក្រពត្តិនិយម ដើម្បីដណ្តើម​អំណាចមកឱ្យសម្តេច សីហនុ វិញ។ ខ្ញុំ ក៏បានចូល​ព្រៃ​ជាមួយខ្មែរក្រហម។ ចូលទៅក្នុងព្រៃបានប្រហែលកន្លះឆ្នាំ ខ្ញុំក៏ត្រឡប់មកក្នុង​ភូមិ​​វិញ​​ជួយធ្វើការងារស្រែចម្ការឪពុកម្តាយ ព្រោះ​នៅក្នុងព្រៃការលុតដំខ្លាំងក្លាពេក, មិន​សូវ​មានអាហារហូបចុក ហើយខ្ញុំនឹករឭកឪពុក​ម្តាយ​ក៏សម្រេចចិត្តត្រឡប់មក​ភូមិ​វិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពខ្មែរក្រហមបានយកជ័យជម្នះលើទាហាន លន់ នល់ ហើយក៏ជាការចាប់ផ្ដើមនៃរបបខ្មែរក្រហម។ ពេលនោះខ្មែរក្រហមបានជម្លៀស​ប្រជា​​​ជន​ចេញ​ពីទីក្រុងភ្នំពេញទៅកាន់ជនបទ ក្រោមហេតុផលខ្លាចអាមេរិកទម្លាក់​គ្រាប់បែក និងខ្លាចទាហាន លន់ នល់ បង្កប់ខ្លួនក្នុងផ្ទះប្រជាជននៅទីក្រុងភ្នំពេញ។ ខ្ញុំ និងក្រុម​គ្រួសារ ក៏ដូចជាអ្នកភូមិ​ផ្សេងទៀតក៏ត្រូវ​បានខ្មែរក្រហមជម្លៀសចេញពីភូមិល្បើក ទៅ​នៅ​ឃុំ​អញ្ចាញរូង។ ប្រសិនបើអ្នកភូមិណារឹងទទឹងមិនព្រមចេញពីផ្ទះទៅតាមខ្មែរក្រហម នឹង​ត្រូវ​ចាប់ចង​ និងបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ នៅពេលខ្មែរក្រហមជម្លៀសប្រជាជនភូមិខ្ញុំទៅដល់ដំបូង យើងអាចហូប​តាម​គ្រួសារនីមួយៗ។ ចំពោះការ​ដាំដុះ និងការប្រមូលផល យើងធ្វើរួមគ្នា។

នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំង ខ្ញុំទៅចូលក្នុងចល័តតំបន់៣១ ភូមិភាគបស្ចិម។ចំណែកឪពុក​ម្តាយរបស់ខ្ញុំ ត្រូវខ្មែរក្រហមចាត់តាំងឲ្យទៅលើកទំនប់ និងដឹកថ្ម។ ចាប់តាំងពីពេលនោះខ្ញុំបានបែកចេញ​ពី​ឪពុកម្តាយ។ នៅ​ក្នុង​កងចល័តតំបន់៣១ មានយុវជន និងយុវនារីប្រមាណជា១០០០នាក់​ ត្រូវបានចាត់តាំងឲ្យលើកទំនប់ ជីក​ប្រ​ឡាយនៅក្នុងតំបន់៣១។  ប្រធានកងចល័ត​មានឈ្មោះ ​តាហ៊ី។ ការងារកងចល័តមានការលំបាកខ្លាំង ក្នុងចំណោមយុវជន យុវនារី ប្រមាណ១០០០​នាក់ នៅចុងក្រោយនៅសល់ប្រមាណតែ៣០០នាក់ប៉ុណ្ណោះ។  យុវជន យុវនារីស្លាប់​ច្រើនដោយសារ​អត់​អាហារ។​ ពេលខ្លះខ្ញុំបាន​ទៅលួចរបបសម្រាប់​អ្នក​ជំងឺ និងពេលខ្លះ​ទៀតទៅលួចគមដូងមកកប់ដីទុកសម្រាប់ហូបនៅពេលយប់។ ថ្ងៃមួយខ្ញុំទ្រាំមិនបាន ខ្ញុំបានពិភាក្សាជាមួយនិង​មិត្ត​ម្នាក់​​ឈ្មោះ សាត នៅក្នុង​កងចល័ត​ជាមួយគ្នា ថាយើងត្រូវតែនាំគ្នាលួចរត់ ក្រែង​បានរស់ បើបន្តរស់នៅធ្វើការងារនៅក្នុងកងទៀត​នោះ​ប្រាកដ​ជាស្លាប់។

សាត និង​ខ្ញុំបាននាំគ្នាលួចរត់ទៅកាន់​ទន្លេសាប ពីព្រោះ សាត ​ស្គាល់ផ្លូវ ។ ពេលទៅដល់ទន្លេសាបនៅពេល​ថ្ងៃនាំគ្នាលាក់​ខ្លួន​នៅក្នុងព្រៃ និងពេល​យប់ទៅលួច​ចាប់​ត្រី​ក្នុង​ទន្លេសាបហូប។ ពេលខ្លះលួច​ដោះ​មងយក​ត្រី​មក​ហូប ហើយពេលខ្លះហូបមើមកំប្លោក។ ការ​រស់នៅបែបនេះ​មិនបាន​យូរទេ ខ្ញុំ និងសាត ត្រូវឈ្លបខ្មែរ​ក្រហម​ចាប់បាន ព្រោះកងឈ្លបបានឃើញភ្លើង​ដែលខ្ញុំ និងសាត បានដុតត្រីនៅពេល​យប់។ ពេលឈ្លបខ្មែរ​ក្រហមចាប់ខ្ញុំ និង សាត បានយកទៅកន្លែងឃុំឃាំង និងបានចោទថាខ្មាំង តែ​ខ្ញុំ និងសាត ប្រកែកថាមិនមែនខ្មាំងទេ។ ខ្ញុំ និង សាត ធ្លាប់និយាយគ្នា​ថា​បើ​ខ្មែរក្រហម​ចាប់​បាន​ឆ្លើយថា គឺជាទ័ពខ្មែរក្រហម​ដែល​​បានរត់​​ពី​ព្រំដែនកម្ពុជា-វៀត​ណាម​​មក។ ដំបូងឈ្លបខ្មែរ​ក្រហមចាប់ទៅដាក់ខ្នោះ និងឱ្យពួកយើងហូប​បាយ​ឆ្អែត ខ្ញុំ​នឹកឃើញថា បើខ្មែរក្រហមឱ្យហូប​ឆ្អែត​ច្បាស់ណាស់ ឈ្លបខ្មែរក្រហមនឹងយកខ្ញុំ និងសាត ទៅសម្លាប់ហើយ។ ខ្ញុំក៏ប្រឹង​ហូបឱ្យឆ្អែត ទោះជាស្លាប់ក៏បានហូប​ឆ្អែតដែរ។ តែដោយឃើញភាពស្មោះត្រង់ មិនមាន​ចិត្តចង់លួច​រត់​​ទៅណា ឈ្លបខ្មែរ​ក្រហមមានការទុកចិត្តក៏​លែង​ដាក់​ខ្នោះ ខ្ញុំ និង សាត ប៉ុន្តែស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​ឈ្លបដដែរ។ រយៈពេលយូរៗទៅឈ្លប​កាន់​តែ​ទុកចិត្ត ក្នុងរដូវទឹកឡើងឈ្លបខ្មែរក្រហមក៏​ឱ្យ ខ្ញុំ និង​សាត ចែវទូក​ជូនឈ្លប​ទៅនេះ ទៅនោះ តាមការបញ្ជារបស់ពួកគេ។

នៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងខែមករា ឆ្នាំ១៩៧៩ ខ្ញុំ និងសាត បានរត់ចូលព្រៃជាមួយនឹងខ្មែរ​ក្រហម​​ដែរ។ ខ្ញុំទៅលីស្រូវពីក្នុងភូមិទៅទុកលាក់ក្នុងក្នុងព្រៃ។ បើមានកងទ័ពវៀតណាមដេញដល់ណាពួកខ្ញុំដុតជង្រុក​ស្រូវនៅទីនោះចោលតែម្ដង។

នៅក្នុងខែមីនា ឆ្នាំ១៩៧៩ កងទ័ព​វៀត​ណាម​ចាប់​​ ខ្ញុំបាន ហើយយកខ្ញុំទៅដាក់នៅ​ជង្រុកស្រូវ។ ដៃខ្ញុំត្រូវបានកងទ័ពវៀតណាមចង​ស្លាបសេកទៅខាងក្រោយ។ សំណាងល្អខ្ញុំមានបងប្រុសម្នាក់ធ្វើទ័ព​ជាមួយ​វៀតណាម ហើយគាត់បានដើរ​កាត់មុខខ្ញុំ តែគាត់មិនចំណាំប្អូនទេ។ ខ្ញុំនៅចាំប្រហាក់​ប្រហែលបង ក៏ដាច់ចិត្តហៅបងថា បង​ហឿនៗ តែមិនសូវហ៊ានហៅឮទេ ខ្លាចក្រែងមានការភាន់ច្រឡំ ។ ហៅម្តងទៅ២ដង បងរបស់ខ្ញុំ ក៏ឈប់ ហើយងាកមកមើល​ខ្ញុំ ទើបចំណាំខ្ញុំបាន។ ពួកយើងបែកគ្នាយូរឆ្នាំ បងប្រុសខ្ញុំបានចេញ​ទៅ​ធ្វើកងទ័ពខ្មែរក្រហមតាំងពីឆ្នាំ១៩៧២ មិនដែលត្រឡប់មកលេងផ្ទះម្តងណាឡើយ។

នៅពេលនោះកងទ័ពវៀតណាមបានឱ្យខ្ញុំធ្វើការងារជាមួយ គឺធ្វើជាអ្នកស៊ើបការណ៍ ថាតើកងទ័ពខ្មែរក្រហម​ចុះមកភូមិ​ណាខ្លះ ហើយខ្ញុំត្រូវមករាយការណ៍ឱ្យកងទ័ពវៀតណាម។ ក្រោយ​មកខ្ញុំក៏បានផ្លាស់មកធ្វើកងទ័ពរបស់រដ្ឋាភិបាលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាវិញ។ ខ្ញុំបានឈរជើងប្រចាំការនៅម្តុំសំឡូត។ ក្រោយមកខ្ញុំ​​ស្ថិតនៅក្នុងកងពលលេខ២៤ និងកងពលតូចលេខ៧១ ដែលមានឈ្មោះ គឹម ពៅ ជាប្រធាន។ ចុងក្រោយខ្ញុំត្រូវបានផ្លាស់មកនៅក្នុងវរ​ព្រំដែន​៥០១ ដែលមាន ម៉ែន មាស ជាប្រធាន។

បន្ទាប់ពីកងទ័ពខ្មែរក្រហមនៅតំបន់សមរភូមិសំឡូត-កោះកុង បានសមាហរណ​កម្ម​ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅ​ឆ្នាំ១៩៩៦ ក្រុមគ្រួសារខ្ញុំផ្លាស់មករស់នៅឃុំថ្មដារហូតដល់សព្វថ្ងៃ៕

ឡុង ដានី៖ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ជា សាយន្ត ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ (PSI0198)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin