ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ

(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។

គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល ស្រ៊ាង បានដាំនៅជុំវិញផ្ទះរបស់គាត់ គឺគាត់មិនអាចដក ឬបេះហូបឡើយ។

អង្គការបានចាត់តាំងកងសន្តិសុខសម្រាប់តាមដាន នៅពេលដែលមានប្រជាជនជនណាម្នាក់បេះផលដំណាំទាំងអស់នោះ អង្គការនឹងយកទៅសម្លាប់ចោល។ ប្ដីរបស់ ស្រ៊ាង ត្រូវអង្គការចាត់ឲ្យកងឈ្លបតាមដាន ដោយអង្គការបានគិតថាគាត់ជាជនក្បត់ជាតិ ស្របពេលនោះកងឈ្លបម្នាក់ដែលជាមិត្តភក្ដិប្ដីរបស់ ស្រ៊ាង បានប្រាប់ទៅកាន់អង្គការថា ប្ដីរបស់ស្រ៊ាង ជាមនុស្សល្អ ត្រឹមត្រូវ មិនមានបញ្ហាអ្វីឡើយ អង្គការក៏បានដោះលែងប្ដីរបស់គាត់វិញ។

នៅក្នុងអំឡុងឆ្នាំ១៩៧៩ អង្គការបានដាក់ទិសឲ្យ ស្រ៊ាង ផ្លាស់ប្ដូរទីកន្លែងរស់នៅ គោលបំណងនៃការផ្លាស់ប្ដូរទីកន្លែងគឺចង់យកទៅសម្លាប់ចោល។ នៅពេលដែលជម្លៀសទៅនោះ កងឈ្លបបានប្រាប់គាត់ថាមិនចាំបាច់ដាក់ទ្រព្យរបស់អ្វីទៅតាមខ្លួនទេ ព្រោះនៅទីនោះអង្គការបានរៀបចំត្រៀមគ្រប់សព្វអស់ហើយ។ ស្រ៊ាង បានប្រាប់ទៅកាន់ឈ្លបនោះថា៖

«អត់ទាន់ទៅទេ សុំច្បាប់សិនចាំមួយថ្ងៃទៀតខ្ញុំទៅតាមក្រោយ ចាំតា!មកពីកងនេសាទចាំគាត់មកចាំគាត់ជូនទៅ»។

កងឈ្លបមិនបានយល់ព្រមតាមសំណើររបស់គាត់ឡើយ ក្នុងករណីមាននរណាម្នាក់ទៅដោយខ្លួនឯងគឺត្រូវទទួលខុសត្រូវដោយខ្លួនឯង។ ពេលនោះគាត់បានឡើងជិះរទេះទៅជាមួយកងឈ្លប និងប្រជាជនប៉ុន្មាននាក់ទៀតទៅកាន់រណ្ដៅអូរបេង។ គាត់បាននិយាយបន្ថែមថា៖

«ខ្ញុំ និងអ្នកផ្សេងទៀតភ័យលេចនោមសើមសំពត់អស់ហើយ។ លើកដៃបន់ លោកអ្នកមានបុណ្យអ៊ើយ! លោកណាក៏ដោយឲ្យតែមកជួយសង្រ្គោះប្រជាជនបានរស់នៅ ខ្ញុំមិនភ្លេចគុណលោកអស់មួយជីវិត»

នៅពេលដែលរទេះគោបានបរទៅជិតដល់រណ្ដៅអូរបេង មានកងនេសាទម្នាក់បានជិះកង់ក្នុងគោលបំណងចង់ជួយរំដោះប្រជាជនដែលកងឈ្លបយកទៅទាំងប៉ុន្មានទៅវិញ។ ជួនពេលនោះមានកងទ័ពវៀតណាមបានវាយដល់តំបន់ជិតរណ្ដៅអូរបេងនោះ ដូច្នេះហើយ ស្រ៊ាង និងប្រជាជនផ្សេងទៀតបានរួចពីសេចក្ដីស្លាប់ ហើយបានវិលទៅផ្ទះសម្បែងវិញ។

ប៉ុន្តែមិនទាន់បានទៅដល់ផ្ទះផង គាត់ក៏ត្រូវកងទ័ពខ្មែរក្រហមជម្លៀសចេញទៅជាបន្តទៀត ដោយសារតែមានកងទ័ពវៀតណាមចេះតែចូលវាយកម្ទេចកងទ័ពខ្មែរក្រហមមកជាបន្តបន្ទាប់៕

សម្ភាសន៍ដោយ ដួង មុនី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin