ចេវ ផាត ចែករំលែកបទពិសោធន៍នៅកងចល័តនារីខ្មែរក្រហម

ខ្ញុំឈ្មោះ ចេវ ផាត[1] អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្ដីឈ្មោះ ទូក ផៃ និងមានកូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ចេវ និងម្ដាយឈ្មោះ ស៊ិន។ ខ្ញុំមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ មានឈ្មោះ សឿន, បងស្រីទី២ មានឈ្មោះ ម៉ី, បងប្រុសទី៣ មានឈ្មោះ ប៊ឿន, បងស្រីទី៤ មានឈ្មោះ ម៉េត, បងស្រីទី៥ មានឈ្មោះ រ៉េត, ទី៦ គឺរូបខ្ញុំផ្ទាល់ និងប្អូនស្រីទី៧ មានឈ្មោះ ផុន។ ទីកន្លែងកំណើររបស់ខ្ញុំ គឺនៅខេត្តព្រៃវែង។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១១ (សង្គមចាស់) ហើយក្រោយមក ខ្ញុំបានឈប់រៀន ដើម្បីជួយការងារឪពុកម្ដាយ ដែលមានវ័យចាស់ជរា។ ដំណើរដំបូងដែលខ្ញុំមករស់នៅបុរីអូរស្វាយ គឺខ្ញុំមកលេងជាមួយឪពុកម្ដាយដែលចូលនិវត្តន៍ និងត្រូវបានបញ្ចូនមករស់នៅទីនេះ។ បន្ទាប់ពីមកដល់ ខ្ញុំក៏សម្រេចចិត្តថា បន្តរស់នៅទីនេះតែម្ដង។ នៅពេលនោះ ខ្ញុំឃើញមានការកសាងសមិទ្ធផល រួមមាន បន្ទាយទាហាន, ផ្សារសហគមន៍, សួនច្បារ និងផ្ទះកាឡុង (ផ្ទះនិគមន៍ជន) ដែលមានប្រជាជនរស់នៅច្រើន។ គ្រួសាររបស់ខ្ញុំក៏រស់នៅផ្ទះកាឡុង ដែលសម្ដេចព្រះបរមរតនកោដ្ឋ ប្រោសព្រះរាជទានសាងសង់ឲ្យដែរ។ បន្ទាប់មក សម្ដេចព្រះបរមរតនកោដ្ឋ យាងចុះមកសម្ពោធសមិទ្ធផលនានា នៅបុរីអូរស្វាយ ហើយខ្ញុំក៏បានទៅទទួលការយាងព្រះរាជដំណើររបស់ព្រះអង្គ និងទទួលបានក្រណាត់សមួយដុំដែលមានប៉ាក់ថា «សង្គមរាស្រ្តនិយម»។
នៅពេលដែលប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅខែមីនា ឆ្នាំ១៩៧០ ប្រជាជនរស់នៅបុរីអូរស្វាយ មិនអាចផ្លាស់ទីទៅកន្លែងណាបាននោះឡើយ ដោយត្រូវរស់នៅក្នុងភាពភ័យខ្លាច ពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងទាហានលន់ នល់ ជាបន្តបន្ទាប់។ ដោយគ្មានជម្រើសអ្វីទៀត ឪពុកខ្ញុំជីករណ្ដៅត្រង់សេរ នៅក្បែរផ្ទះ ដើម្បីគេចពីអំបែងគ្រាប់បែកដែលត្រូវបានទម្លាក់មក។ ខ្ញុំនៅចាំបានថា នៅថ្ងៃមួយ មានយន្តហោះបើកមកទម្លាក់គ្រាប់បែកនៅលើភូមិ ឪពុកម្ដាយខ្ញុំបាននាំកូនៗរត់ចូលសំងំនៅក្នុងរណ្ដៅត្រង់សេរ។ នៅក្នុងរណ្ដៅ មិនមានខ្យល់គ្រប់គ្រាន់ និងមានការថប់ៗដង្ហើម។ ការទម្លាក់គ្រាប់បែកកើតឡើងទាំងយប់ទាំងថ្ងៃ។ ដើម្បីទប់ទល់នឹងភាពអត់ឃ្លានរបស់គ្រួសារ ឪពុកម្ដាយរបស់ខ្ញុំក៏ចេញទៅច្រូតស្រូវនៅក្បែរមណ្ឌលសុខភាព និងផ្ដាំកូនៗកុំឲ្យចេញពីរណ្ដៅ។ ការទម្លាក់គ្រាប់បែកនៅគ្រានោះ បានបំផ្លិចបំផ្លាញសាលរៀន, ផ្លូវថ្នល់, ផ្ទះអ្នកភូមិ និងទីកន្លែងផ្សេងទៀត។
មិនយូរប៉ន្មាន កងទ័ពខ្មែរក្រហមបានចូលមកដល់ភូមិ និងរៀបចំឲ្យប្រជាជនធ្វើការងារ។ រហូតដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមរៀបចំឲ្យទៅធ្វើការងារនៅកងចល័ត ដើម្បីដកស្ទូង និងច្រូតស្រូវនៅគុជចំបក់។ បន្ទាប់មកទៀត ខ្ញុំត្រូវទៅធ្វើការងារកាន់តែឃ្លាតឆ្ងាយពីភូមិ ដោយត្រូវលើកទំនប់នានា។ ខ្ញុំធ្វើការជីករែកដីនៅការដ្ឋានទំបន់ ទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាក ហើយរបបអាហារវិញ គឺមានតែបបររាវលាយជាមួយគល់ចេកដើម្បីហូប។ គ្មាននរណាម្នាក់ហ៊ានប្រកែកអ្វីនោះឡើយ ពីព្រោះតែខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។ នៅក្នុងកងចល័តរបស់ខ្ញុំ មានជនជាតិចម្រុះ ដូចជាខ្មែរកាត់ឡាវ, ខ្មែរ និងជនជាតិភាគតិចផ្សេងទៀត។ ខ្ញុំត្រូវក្រោកពីព្រលឹមទៅធ្វើការលើកទំបន់ដល់ព្រលប់។ ខ្ញុំបានដឹងថា មិត្ត ឃាង និង មិត្ត ម៉ៅ (អ្នកនៅរួមក្រុមរបស់ខ្ញុំ) ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ពីព្រោះតែមិនមានកម្លាំងមកធ្វើការទាន់ពេលវេលា។ ខ្ញុំបន្តធ្វើការងារនៅទំនប់ រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា[2] ដែលបានរំដោះប្រជាជនពីទុក្ខវេទនា និងសេចក្ដីស្លាប់។ បន្ទាប់មក ខ្ញុំបានវិលត្រលប់មករស់នៅបុរីអូរស្វាយ រហូតដល់មកដល់ពេលបច្ចុប្បន្ននេះ។
អត្ថបទដោយ លី ដេវីត
[1] ចេវ ផាត «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ លី ដេវីត មជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង នៅខែមិថុនា ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១