កុមារឈានមុខជញ្ជូនស្បៀងនៅសមរភូមិ

(ខេត្តស្វាយរៀង) ចាប សារឿន អាយុ ៥៩ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សារឿន មានបងប្អូនបង្កើតចំនួន៥នាក់ ក្នុងនោះបងប្រុសម្នាក់ដែលជាគ្រូពេទ្យ ត្រូវបានគេលួចសម្លាប់ នៅមន្ទីរពេទ្យ។
ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ១០ឆ្នាំ។ សារឿន និងកុមារ ៥នាក់ ក្នុងភូមិត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកុមារឈានមុខ។ ការងាររបស់កុមារឈានមុខគឺត្រូវទៅជញ្ជូនស្បៀងពីសហករណ៍ជ្រៃអោ យកទៅឲ្យកងទ័ពនៅតំបន់សមរភូមិគគីរ ស្រុកក្រសាំង តំបន់២៣។ នៅពេលនោះ សារឿន និងក្មេងៗដទៃទៀតគ្មានឱកាសបានចូលរៀនសូត្រទេ ព្រោះមានតែក្មេងៗនៅក្នុងភូមិប៉ុណ្ណោះដែលមានឱកាសរៀនបន្តិចបន្តួច។ ចំណែកកុមារដែលទៅតាមឪពុកម្តាយដែលធ្វើការ និងកុមារខ្លួនឯងទៅធ្វើការងារឆ្ងាយ គ្មានឱកាសបានរៀនសូត្រទេ។ ក្រៅពីការងារជញ្ជូនស្បៀង អង្គការតម្រូវឲ្យសារឿន និងកុមារឈានមុខ ឃ្វាលគោ-ក្របី និងដកស្ទូងសំណាប។ សារឿន ត្រូវក្រោកនៅម៉ោង៥ ទៀបភ្លឺ ដើម្បីកើបប្រមូលអាចម៍គោ-ក្របី យកទៅដាក់ក្នុងស្រែ បន្ទាប់មកយកគោក្របីឲ្យទៅស៊ីស្មៅ។ នៅពេលល្ងាច ក្នុងកងកុមារមានប្រជុំស្វ័យតិទៀនរៀងរាល់មួយសប្តាហ៍ម្តង ចំពោះកុមារដែលប្រមូលអាចម៍គោក្របី បានច្រើនត្រូវបានមេកងកុមារលើកសរសើរ ចំណែកកុមារឃ្វាលគោក្របី ដែលបណ្តាលឲ្យគោក្របីស៊ីស្រូវអង្គការនឹងត្រូវមេកងដាក់ទណ្ឌកម្ម បង្ខំឲ្យធ្វើការងារបន្ថែម និងមិនទទួលបានរបបអាហារ។ ក្មេងៗដែលធ្វើឲ្យបែកចែនបាយ មេកងបានយកចាននោះមកឲ្យក្មេងនោះ ចងពាក់នឹងក រួចឲ្យរត់ជុំវិញរោងបាយចំនួនបីជុំដើម្បីឲ្យប្រជាជនមើលកុំឲ្យយកតម្រាប់តាម។ ដល់ម៉ោងហូបអាហារ សារឿន ត្រូវយកចាន ស្លាបព្រា ដែលអង្គការចែកឲ្យ ទៅតម្រង់ជួរដើម្បីទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ រួមមាន ថ្ងៃត្រង់ និងល្ងាច។ គាត់ទទួលបានរបបអាហារហូបមិនគ្រប់គ្រាន់ ដែលជួនកាលមានរបរ និងជួនកាលមានបាយ ហូបលាយជាមួយសម្លម្ជូរព្រលឹតកូនត្រី។ សារឿន ភាគច្រើនទទួលបានបបរច្រើនជាងបាយ ព្រោះអ្នកគ្រប់គ្រងរោងបាយប្រាប់ថា អង្ករដែលអង្គការបើកឲ្យមានការខ្វះខាតដូចនេះ ដើម្បីហូបបានគ្រប់គ្នា ត្រូវយកអង្ករមកបបរ។ បន្លែបង្ការ និងមាន់ទា ដែលគ្រួសារសារឿន ធ្លាប់ចិញ្ចឹម ក៏គាត់មិនអាចហូបបានដែរ ព្រោះជារបស់អង្គការ។ ទ្រព្យសម្បតិទាំងអស់រួមទាំងផ្ទះសម្បែងរបស់សារឿន ត្រូវបានអង្គការយកទៅដាក់ជាទ្រព្យសម្បត្តិសមូហភាពតាំងពីរបបខ្មែរក្រហម ចូលមកគ្រប់គ្រងដំបូងម្ល៉េះ។ នៅក្នុងភូមិកំរ៉ែង សារឿន ធ្លាប់ឃើញមានប្រជាជនជម្លៀសថ្មីរស់នៅ ប៉ុន្តែអង្គការបានដាក់អ្នកទាំងនោះ ដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់។ ប្រជាជនថ្មីត្រូវបានអង្គការធ្វើបាបខ្លាំងជាងប្រជាជនមូលដ្ឋាន និងមួយចំនួនត្រូវបានអង្គការនាំទៅសម្លាប់ដោយចោទប្រកាន់ថាជាប់និន្នាការជាមួយរបបចាស់ជាដើម។ ក្រោយមកប្រជាជនទាំងនោះ បានបាត់ខ្លួនអស់។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សារឿន បន្តរស់នៅក្នុងភូមិកំរ៉ែងដែលជាស្រុកកំណើត និងបានរៀបការប្រពន្ធ ហើយប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

