បងប្រុស៣នាក់ជាទាហានបានស្លាប់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ជ័យ សាវង់ ហៅ វង់ ជាកសិករអាយុ៦៥ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វង់ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់។
វង់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា សង្រ្គាមពីអតីតកាលបានបន្សល់ទុកនូវស្នាមរបួសលើខ្លួនបង្កឡើងដោយអំបែងគ្រាប់បេដែលទម្លាក់ពីយន្តហោះ។
នៅឆ្នាំ១៩៧០ សង្គ្រាមបានបង្កជាភាពអសន្តិសុខនៅក្នុងភូមិធ្លក ដោយ វង់ បានឆ្លងកាត់ផ្ទាល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គាត់បានដឹងថាប្រទេសកម្ពុជាមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់លោកសេនាប្រមុខ លន់ នល់។ នៅក្នុងអំឡុងពេលនោះ វង់ ស្ថិតក្នុងវ័យជាកុមារ គាត់ឃើញប្រជាជនក្នុងភូមិបានរត់គេចពីភូមិកំណើតទៅរស់នៅកន្លែងផ្សេង ដើម្បីសុខសុវត្ថិភាព។
នៅឆ្នាំ១៩៧១ មានយន្តហោះទម្លាក់គ្រាប់បែកមកលើភូមិឃុំជាញឹកញាប់បានធ្វើឲ្យមានការខូចខាតនូវផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនផ្សេងៗទៀតព្រមទាំងបង្កឲ្យមនុស្ស សត្វ រងរបួស និង ស្លាប់។
នៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ក្នុងភូមិ។ ពេលនោះ វង់ បានឃើញគ្រួសារគាត់ និងប្រជាជនអបអរសាទរព្រោះ សង្ឃឹមថាអាចរស់នៅមានសេចក្តីសុខ និងសុភមង្គល។ ប៉ុន្តែអ្វីៗត្រូវប្រែផ្លាស់ប្តូរទាំងស្រុងដោយសារតែយោធាខ្មែរក្រហមបានបង្ខំប្រជាជនឲ្យចេញពីផ្ទះសម្បែងដែលខ្លួនធ្លាប់រស់នៅកាលពីរបបខ្មែរក្រហម ទៅរស់នៅ ធ្វើការ និងហូបចុករួមគ្នាក្នុងសហករណ៍និងបានបង្ខំឲ្យប្រជាជនប្រមូលទ្រព្យសម្បត្តិឯកជនដាក់ជាសមូហភាពរបស់អង្គការ។
នៅពេលនោះ វង់ មានអាយុប្រហែល១៧ ឆ្នាំ ត្រូវបានខ្មែរក្រហមចាប់តាំងឲ្យធ្វើការក្នុងនាមជាប្រជាជនចាស់។ គាត់ត្រូវទៅធ្វើការងារនៅឆ្ងាយៗពីផ្ទះដើម្បីលើកប្រព័ន្ធភ្លឺស្រែ និងទំនប់ នៅបោះព្រីង និងនៅដូនសរ។
នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ ១៩៧៧ ខ្មែរក្រហមបានចាត់ឲ្យ វង់ ទៅលើកទំនប់ នៅទំនប់អូរសំដី ពេលនោះគាត់ មានជំងឺហើមដៃ ហើមជើង និងខ្លួនដោយសារតែហូបអាហារមិនគ្រប់គ្រាន់។ ក្រោយមកវង់ ត្រូវបានខ្មែរក្រហមចាត់ ឲ្យទៅធ្វើជាទាហាន បានប្រហែលជាងមួយឆ្នាំទើបរបបខ្មែរក្រហមបានដួលរំលំ។
រឿងរ៉ាវដែល វង់ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺពេលឈឺគ្មានថ្នាំព្យាបាលត្រឹមត្រូវ ការហូបអាហារមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារធ្ងន់ហួសកម្លាំង។ នៅខាងជើងវត្តធ្លក វង់ ធ្លាប់ឃើញឈ្លបខ្មែរក្រហមចាប់រំលោភស្ត្រីមុនពេលយកស្ត្រីនោះទៅសម្លាប់។ គាត់ក៏ធ្លាប់ឃើញឈ្លបបណ្តើរប្រជាជនទាំងខ្សែៗយកទៅធ្វើទារុណកម្ម មុននឹងសម្លាប់នៅមន្ទីសន្តិសុខ វត្តធ្លក។ វង់ ក៏បានដឹងថាខ្មែរក្រហមបាន លុបបំបាត់ប្រពៃណី វប្បធម៌ និងសាសនាដោយបានកម្ទេចវត្តអារាម ផ្សឹកព្រះសង្ឃ ហើយបានយករូបព្រះពុទ្ធបដិមាករទៅទម្លាក់ចូលក្នុងទឹកស្រះ។
នៅក្នុងរបបខ្មែរក្រហម វង់ បានបាត់បង់បងប្រុស៣នាក់ ដោយសារតែធ្វើជាយោធាខ្មែរក្រហម(ស្លាប់ដោយសារការបោសសម្អាតផ្ទៃក្នុង ក្នុងរបបខ្មែរក្រហម)។
ក្រោយរបបខ្មែរក្រហមបានដួលរលំ វង់ បានត្រឡប់ពីធ្វើទាហានមករស់នៅស្រុកកំណើតវិញ។ ឆ្នាំ១៩៨៣ គាត់បានរៀបការមានគ្រួសារ។
សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥