ឆាយ ធឿន៖ ធ្វើការនៅរោងចក្រផលិតរំសេវក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឆាយ ធឿន[1] កើតនៅឆ្នាំ១៩៤៨ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ពេន សឺន ស្លាប់នៅឆ្នាំ១៩៩៧ និងម្តាយឈ្មោះ ថោង ម៉ៅ ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៨នាក់ ហើយខ្ញុំគឺជាកូនទី៣។ បងប្អូនខ្ញុំនៅរស់៧នាក់ ចំណែកប្អូនម្នាក់បានស្លាប់នៅឆ្នាំ១៩៨៣។
កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៣នៅអនុវិទ្យាល័យប្រសូត្រ និងបានប្រឡប់ឌីប្លូមជាប់។ ក្រោយមក ខ្ញុំបានឈប់រៀនដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយសាលាបានបិទ។ ប្រសិនបើសិស្សចង់រៀនបន្តគឺត្រូវឡើងទៅរៀននៅក្រុងស្វាយរៀង។ នៅចុងឆ្នាំ១៩៧០ តា ឧសា និងប្រពន្ធរបស់គាត់យាយ សាអែម ត្រូវជាបងប្អូនរបស់ សោម ភឹម ដែលធ្វើការនៅមន្ទីរស្រុកបានចុះមកឃោសនានៅតាមភូមិ ឃុំ ជាញឹកញាប់ឱ្យប្រជាជនដើរតាមសម្តេចឪ ហើយគាត់ក៏បានជ្រើសរើសខ្ញុំឱ្យចូលធ្វើពេទ្យជាមួយកងទ័ពបដិវត្តន៍ខ្មែរក្រហមដែលប្រឆាំងនឹងរបប លន់ នល់ ដែរ។ ខ្ញុំបានសុំការអនុញ្ញាតពីឪពុកម្តាយខ្ញុំ និងប្រាប់គាត់ថាខ្ញុំចេញទៅធ្វើពេទ្យ ហើយក្នុងចំណោមអ្នកចូលបដិវត្តន៍ស្របាលខ្ញុំគឺខ្ញុំមានអាយុច្រើនជាងគេ។ ដំបូងខ្ញុំចូលធ្វើការនៅអង្គភាពនារីឃុំសំបួរ ដែលបានផ្លាស់ទីតាំងទៅនៅភូមិឈើទាលវាល ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមាន តាគង់ និង តាម៉ាញ គឺជាគណៈឃុំ ចំណែកឃុំសំបួរចាស់ដែលឪពុកម្តាយខ្ញុំរស់នៅគឺរដ្ឋាភិបាល លន់ នល់ នៅគ្រប់គ្រងដដែល។ ការងាររបស់ខ្ញុំគឺដើរស្រង់ឈ្មោះប្រជាជន និងឃោសនាប្រាប់ប្រជាជនឱ្យចូលធ្វើបដិវត្តន៍ ប៉ុន្តែមុនចេញទៅឃោសនា គឺតា ឧសា និង យាយសាអែម បានបង្រៀនខ្ញុំរយៈពេល៤ទៅ៥ថ្ងៃ។ ការឃោនាឃោសនាពេលនោះបានបែងចែកជាពីរក្រុម គឺក្រុមយុវជនមានមេឃុំដឹកនាំ ហើយខាងនារីមាននារីនៅក្នុងឃុំដឹកនាំ។ ខ្ញុំហូបបាយនៅផ្ទះ តាឧសា និងយាយ សាអែម តែម្តងដោយមិនត្រឡប់មកផ្ទះវិញទេ នៅពេលខ្ញុំចេញទៅឃោសនា។ ពេលខ្ញុំចេញទៅឃោសនាម្តងៗមានមនុស្សច្រើនណាស់បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម។ ខ្ញុំធ្វើការនៅអង្គភាពនារីបានរយៈពេល៣ខែ ខាងស្រុកក៏ប្រមូលយុវជនយុវនារីឱ្យទៅនៅភូមិណែង ដើម្បីបញ្ជូនឱ្យឡើងទៅរៀនពេទ្យនៅតំបន់២៣ ដែលមានទីតាំងនៅក្នុងខេត្តព្រៃវែង។ ពេលនោះ មានសិស្សស្រីនិងប្រុសប្រមាណ៤០នាក់ និងមានគ្រូជនជាតិវៀតណាមដែលចេះនិយាយភាសាខ្មែរបង្រៀនពីវិធីព្យាបាលជំងឺទូទៅ និងបង្រៀនពីរបៀបរុំរបួសដល់អ្នកជំងឺ។ ក្រៅពីគ្រូជនជាតិវៀតណាម ក៏មានគ្រូជនជាតិខ្មែរដែរ។ ខ្ញុំរៀនចូលរៀននៅម៉ោង៧ព្រឹក ហើយសម្រាកនៅម៉ោង១១ ដើម្បីហូបបាយ។ នៅពេលល្ងាចយើងពិភាក្សាពីមេរៀនពេទ្យ។ ជូនកាលមានមេរៀនច្រើន គឺខ្ញុំត្រូវរៀននៅពេលយប់ទៀត។ ខ្ញុំរៀនរយៈពេល៣ខែ ក៏ចេះចាក់ថ្នាំ និងរុំរបួសដល់អ្នកជំងឺ ទើបត្រឡប់មកធ្វើការនៅមន្ទីរពេទ្យស្រុកប្រសូត្រដែលខ្មែរក្រហមបានរៀបចំថ្មី ព្រោះនៅឆ្នាំ១៩៧២ កងទ័ពបដិវត្តន៍ខ្មែរក្រហមបានរំដោះបានទីប្រជុំជនប្រសូត្រ។
ខ្ញុំព្យាបាលឱ្យកងទ័ពបដិវត្តន៍ខ្មែរក្រហមដែលរងរបួសដោយសារវាយប្រយុទ្ធជាមួយកងទ័ព លន់ នល់ នៅក្រុងស្វាយរៀង និងប្រជាជននៅតាមភូមិមួយចំនួន។ នៅពេលនោះ មានប្រធានពេទ្យឈ្មោះ ហ៊ុល ចំណែកប្រធានក្រុមខ្ញុំឈ្មោះ ឈិត និង ឆាំ។ ពេលធ្វើពេទ្យ ខ្ញុំបានមកលេងម្តាយខ្ញុំនៅព្រៃទទឹង ព្រោះម្តាយខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតនៅព្រៃអង្គប់ទៅនៅព្រៃទទឹង។
ខ្ញុំធ្វើពេទ្យនៅស្រុកប្រសូត្រដល់ឆ្នាំ១៩៧៤ ទើបអង្គភាពដកខ្ញុំឱ្យទៅធ្វើពេទ្យនៅអង្គភាពទ័ពនារី ភូមិភាគបូព៌ា ក្រោមការដឹកនាំរបស់ឈ្មោះ ទាញ។ ទាញ បានបង្ហាត់យុទ្ធសាស្រ្តទ័ពដល់យុទ្ធនារីដើម្បីត្រៀមវាយនៅសមរភូមិ ដែលមាននារីទាំងអស់៣០០នាក់ ស្មើនឹងមួយវរសេនាតូច ដែលមានទីតាំងនៅផ្តៅ ក្នុងខេត្តកំពង់ចាម។ ខ្ញុំហ្វឹកហាត់ពីរបៀបដោះសោកាំភ្លើង ហើយពេលកំពុងហ្វឹកហាត់ ខ្ញុំទទួលបានព័ត៌មានថាកងទ័ពខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៦ ទើបខ្មែរក្រហមបានបញ្ជូនខ្ញុំ និងយុទ្ធនារីទៅក្រុងភ្នំពេញ ហើយបែងចែកកម្លាំងមួយចំនួនឱ្យទៅធ្វើការនៅតាមរោងចក្រ ចំណែកខ្ញុំទៅធ្វើការនៅរោងចក្រក្រឡឹងនៅទួលគោក ម្តុំផ្ទះរបស់ ឌុក រ៉ាស៊ី និងមានប្រធានរោងចក្រឈ្មោះ ហួរ ដែលកូនកាត់ចិននៅខេត្តកំពត។ រោងចក្រនោះក៏មានក្រឡឹងខ្ចៅកាំភ្លើងដែរ។ ពេលខ្ញុំធ្វើការហើយឈឺ អង្គភាពបញ្ជូនខ្ញុំទៅព្យាបាលនៅពេទ្យព្រះកេតុមាលា។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៧៦ អង្គភាពបានរៀបការឱ្យខ្ញុំតាមការស្នើរបស់ប្តីខ្ញុំឈ្មោះ ប៊ុត សីហា គឺជាប្រធានផ្នែកក្រឡឹងនៅរោងចក្រជាមួយគ្នា និងត្រូវជាក្មួយបង្កើតរបស់ ចក្រី (ចាន់ ចក្រី)។ ថ្ងៃរៀបការនោះមានទាំងអស់៣គូ រួមទាំងខ្ញុំ។ ចំណែកកម្មវិធីគឺគណអធិបតីឡើងរៀបរាប់ពីប្រវត្តិរូបរបស់សាមីខ្លួនប្រុសនិងស្រី បន្ទាប់មកទើបឱ្យសាមីខ្លួនចាប់ដៃគ្នា ហើយឡើងប្តេជ្ញាចំពោះមុខគណអធិបតី និងអ្នកចូលរួមទាំងអស់ដែលភាគច្រើនកម្មករនៅរោងចក្រ។
នៅចុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅរៀនផលិតរំសេវនៅចម្ការដូង ដែលមានទីតាំងនៅសាលាកសិកម្មចម្ការដូង ដែលមាន តាចាយ គឺជាអ្នកបង្រៀន។ តាចាយ មានវ័យចាស់ ចំណែកប្រពន្ធរបស់គាត់នៅក្មេង ហើយគាត់ក៏ស្រឡាញ់ចូលចិត្តខ្ញុំដែរ។ ខ្ញុំមើលតាចាយផ្សំធ្វើរំសេវដោយផ្ទាល់តែម្តង ដោយមិនមានសៀវភៅកត់ត្រាទេ។ រយៈពេលមួយសប្តាហ៍ ឬដប់ថ្ងៃ ទើបខ្ញុំទៅជួបប្តីខ្ញុំម្តង ហើយពេលខ្លះប្តីរបស់ក៏មកដេកនៅកន្លែងខ្ញុំធ្វើការនៅចម្ការដូង។ នៅថ្ងៃមួយប្រធានរោងចក្រ បានប្រាប់កម្មករថា តាលេខ២នឹងចុះមកមើលកន្លែងផលិតរំសេវ បន្ទាប់មកខ្ញុំក៏ឃើញតាលេខ២ដែលមានមាឌធំសប្បុរស ជាមួយកងការពាររបស់គាត់ម្នាក់បានមកដល់កន្លែងខ្ញុំធ្វើការ។ តាលេខ២មិនបាននិយាយជាមួយកម្មករនៅកន្លែងផលិតរំសេវទេ គឺគាត់ដើរមើលនៅតាមបន្ទប់ធ្វើរំសេវរយៈពេល១៥នាទី និងងក់ក្បាលដាក់កម្មករ រួចហើយក៏ចេញទៅវិញ។ បន្ទាប់ពីតាលេខ២ចេញផុត ទើប តាចាយ ប្រាប់ខ្ញុំថា តាលេខ២ គឺជា នួន ជា។
នៅពាក់កណ្តាលឆ្នាំ១៩៧៧ រោងចក្របានដកខ្ញុំពីកន្លែងផលិតរំសេវឱ្យមកធ្វើនៅរោងចក្រក្រឡឹងនៅទួលគោក ជាមួយប្តីរបស់ខ្ញុំវិញ ដោយសារខ្ញុំមានផ្ទៃពោះ៤ខែ។ ពេលមកដល់រោងចក្រក្រឡឹង ប្រធានរោងចក្រមិនឱ្យខ្ញុំធ្វើការទេ គឺឱ្យនៅផ្ទះ ហើយដល់ម៉ោងហូបអាហារ ខ្ញុំទៅហូបបាយជាមួយកម្មករ។ ក្រោយមក ខ្ញុំឮប្តីខ្ញុំនិយាយថា ពូរបស់គាត់ (ចក្រី) ចង់ទៅវៀតណាមដែរ ប៉ុន្តែទៅមិនរួច ហើយក្រោយមកត្រូវអង្គការចោទប្រកាន់ និងចាប់ខ្លួន។ ខ្ញុំក៏បានទាមទារប្តីរបស់ខ្ញុំទៅលេងផ្ទះម្តង ប៉ុន្តែប្តីខ្ញុំឆ្លើយថាទៅធ្វើអ្វី បើស្រុកមិនស្រួល។ ប្តីខ្ញុំបានប្រាប់ខ្ញុំថា «បើខ្ញុំបែកពីឯងទៅ គឺដឹងថាខ្ញុំងាប់ហើយ» ស្រាប់តែវេលាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧៧ ខ្មែរក្រហមមកហៅប្តីខ្ញុំទៅប្រជុំហើយបាត់ខ្លួនតែម្តង។ ខ្ញុំបានសួរឈ្មោះ ខាត់ មកពីខាងភូមិភាគនិរតីដែលស្នាក់នៅក្បែរខ្ញុំអំពីដំណឹងប្តីរបស់ខ្ញុំ ហើយគាត់ប្រាប់ថាទៅធ្វើការ។ រំលងបានពីរថ្ងៃ គឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៧៧ នីរសារបានបើករថយន្តមក និងហៅខ្ញុំឱ្យទៅតាមប្តីរបស់ខ្ញុំ ដោយមិនចាំបាច់យករបស់របរទៅជាមួយទេ។ អ្នកបើករថយន្តបានដឹកខ្ញុំមកដាក់នៅច្បារអំពៅ ដោយប្រាប់ខ្ញុំថាប្តីខ្ញុំធ្វើការនៅច្បារអំពៅ។ ខ្ញុំដាំដំណាំនៅច្បារអំពៅជាមួយប្រពន្ធកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ទៀត ហើយខ្ញុំក៏មិនដែលឃើញប្តីរបស់ខ្ញុំដែរ។ ថ្ងៃមួយប្រធានអង្គភាពនៅច្បារអំពៅបានហៅប្រពន្ធកម្មាភិបាលខ្មែរក្រហមទៅប្រជុំ លើកលែងតែខ្ញុំដែលមិនបានហៅ។ បន្ទាប់ពីរប្រជុំចប់ នារីម្នាក់នៅខេត្តពោធិ៍សាត់ដែលមានឪពុកម្តាយគឺជាកម្មាភិបាលខ្មែរក្រហមបានមកលួចខ្សឹបប្រាប់ខ្ញុំថា ប្តីឯងទៅបាត់ហើយ ហើយគាត់ផ្តាំថា បើកាលណាគេមកប្រាប់ខ្ញុំថានាំខ្ញុំទៅជួបគាត់ សូមកុំឱ្យខ្ញុំទៅតាមឱ្យសោះ»។
នៅខែតុលា ឆ្នាំ១៩៧៧ មានរថយន្តហ្សីបមកដឹកប្រពន្ធកម្មាភិបាល និងខ្ញុំចេញពីច្បារអំពៅ ដោយប្រាប់ថាទៅជួបប្តីដូច្នេះមិនបាច់យកអីវ៉ាន់ទៅទេ ហើយខ្ញុំក៏មិនហ៊ានប្រកែកដែរ។ អ្នកបើករថយន្តបានជិះកាត់តាខ្មៅ មកឈប់នៅផ្ទះមួយកន្លែងនៅព្រែកហូរ ដែលជាកន្លែងសម្រាប់ឱ្យកូន ប្រពន្ធកម្មាភិបាល និងយោធាស្នាក់នៅ។ ខ្ញុំត្រូវចេញទៅដាំដំណាំនៅម៉ោង៧ព្រឹក ហើយសម្រាកនៅម៉ោង១១ ដោយមានប្រធានគ្រប់គ្រងឈ្មោះ សុខ។ នៅកន្លែងខ្ញុំធ្វើការមានប្រពន្ធកម្មាភិបាលមកពីភូមិភាគបូព៌ា និងបស្ចិមចំនួន១៣នាក់។ ខ្ញុំធ្វើការគ្មានពេលឈប់សម្រាកនៅពេលថ្ងៃ ហើយថ្ងៃខ្លះខ្ញុំត្រូវធ្វើការរហូតដល់ម៉ោង១០យប់ទៀត។ រៀងរាល់យប់អ្នកគ្រប់គ្រងឱ្យខ្ញុំ និងនារី១៣នាក់ទៀតដេកនៅលើផ្ទះថ្មជាន់ខាងលើរួចហើយចាក់សោ មិនឱ្យដើរចេញក្រៅឡើយ។ ខ្ញុំលំបាកវេទនាខ្លាំងណាស់ ហើយរបបអាហារមានតែពីរពេលប៉ុណ្ណោះ។ នៅពេលប្រជុំប្រធានគ្រប់គ្រងបានប្រាប់ថា ខាងបូព៌ាក្បត់ ដូចេ្នះសូមសមមិត្តកុំយកគំរូតាម។ ខ្ញុំធ្វើការទាំងមានផ្ទៃពោះ រហូតខ្ញុំឈឺពោះឆ្លងទន្លេដោយមានពេទ្យឆ្មបឈ្មោះ ថាច ជួយបង្កើតកូនឱ្យខ្ញុំ។ បន្ទាប់ពីសម្រាលកូនរួច ប្រធានចម្ការនៅតាខ្មៅឱ្យខ្ញុំសម្រាកចំនួន១៥ថ្ងៃ។ បន្ទាប់មក ទើបខ្ញុំយកកូនខ្ញុំឱ្យយាយៗមើលថែទាំ រួចហើយខ្ញុំចេញទៅធ្វើការ។ ប៉ុន្តែសំណាងល្អប្រធានអង្គភាពចម្ការ ស្រឡាញ់កូនខ្ញុំដូចកូនបង្កើតដែរ។ នៅឆ្នាំ១៩៧៨ កូនខ្ញុំដែលមានអាយុជាងមួយឆ្នាំបានធ្លាក់ខ្លួនឈឺក្អួត ហើយក៏ស្លាប់ទៅ។
ពេលកងទ័ពវៀតណាមវាយចូលមក នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានកៀរខ្ញុំ និងក្រុមខ្ញុំទាំង១៣នាក់ទៅដល់ខេត្តបាត់ដំបង។ ប្រសិននរណារត់គេចខ្លួនគឺខ្មែរក្រហមបាញ់ចោលតែម្តង។ ខ្ញុំទៅរែកដីនៅស្រះតាព្រហ្ម ក៏បានជួបមិត្តភក្តិខ្ញុំម្នាក់ដែលធ្វើជាប្រធានកងនៅទីនោះ។ មិត្តភក្តិខ្ញុំតែងយកអាហារនិងដំឡូងដែលដាំបានមកឱ្យខ្ញុំហូប។ ក្រោយមក ប្រធានកងនារីខ្ញុំបានគៀងខ្ញុំបន្តទៅដល់ដែន ក៏ស្រាប់តែមានអ្នកលបកាប់ប្រធានកងនោះស្លាប់។ ខ្ញុំបន្តដំណើរទៅមុខទៀតក៏ជួបតាចាស់ម្នាក់ ហើយគាត់ក៏ប្រាប់ឱ្យខ្ញុំត្រឡប់មកស្រុកកំណើតវិញ ព្រោះកំពុងតែមានការវាយប្រយុទ្ធគ្នានៅតាមភ្នំ។ ក្រុមខ្ញុំបានស្នាក់នៅជាមួយតានោះ រហូតកងទ័ពវៀតណាមចូលមកដល់ ទើបត្រឡប់មកវិញ ហើយក្រុមរបស់ខ្ញុំ១៣នាក់ គឺនៅតែ៣នាក់ប៉ុណ្ណោះរួមទាំងខ្ញុំ។ នៅខែមិថុនា ឆ្នាំ១៩៧៩ ទើបខ្ញុំមកដល់ភូមិកំណើត និងជួបជុំឪពុកម្តាយនិងបងប្អូនវិញ៕
ដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, សម្ភាសន៍ ឆាយ ធឿន អាយុ៥៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥។