ឆែម គិះ ៖ ខ្ញុំតែងតែសំងំលួចយំនឹកដល់ឪពុកម្ដាយ នៅក្នុងជំនាន់ខ្មែរក្រហម

ឆែម គិះ[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមខេត្តសៀមរាប។ គិះ បច្ចុប្បន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
គិះ បានរំឭកពីប្រវត្តិការតស៊ូរបស់ខ្លួនកាលពីសម័យខ្មែរក្រហមថា៖ “កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារជួបការលំបាក។ សម័យនោះ គ្រួសារខ្ញុំក្រីក្រណាស់រកអាហារហូបចម្អែតក្រពះ បានត្រឹមតែមួយពេលៗតែប៉ុណ្ណោះ។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំនាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមកូនទាំងប្រាំនាក់។
ក្នុងជំនាន់ខ្មែរក្រហម គ្រួសាររបស់ខ្ញុំត្រូវបានបែកបាក់គ្នា ដោយឪពុកម្ដាយខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅតាមកងចល័ត ចំណែកឯបងៗរបស់ខ្ញុំត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅកន្លែងផ្សេងៗឆ្ងាយពីខ្ញុំ។ រីឯខ្ញុំ ត្រូវបានយកទៅដាក់នៅក្នុងកងកុមារជាមួយក្មេងៗដទៃទៀត ដែលត្រូវបានបំបែកចេញពីឪពុកម្ដាយដែរ។ កាលណោះ ខ្ញុំទើបតែមានអាយុ១០ឆ្នាំតែប៉ុណ្ណោះ។ ពេលដែលរស់នៅក្នុងកងកុមារ ខ្ញុំតែងតែសំងំលួចយំនឹកដល់ឪពុកម្ដាយ។ ការងារដែលខ្ញុំធ្វើនៅក្នុងកងកុមារមានដូចជា កាប់ទន្ទ្រានខែត្រ, ដើររើសអាចម៌គោយកទៅធ្វើជី សម្រាប់ដាក់ដំណាំស្រូវ និងបន្លែ។ កាលណោះ បងជីដូនមួយខ្ញុំ មានតួនាទីជាប្រធានកងកុមារ ប៉ុន្តែគាត់កាចណាស់។ ពេលខ្ញុំសុំទៅលេងផ្ទះម្ដងៗ គាត់តែងតែស្ដីឲ្យខ្ញុំប្រាប់មិនឲ្យនៅយូរប៉ះពាល់ដល់ការងារនោះទេ។ ចំពោះការហូបចុកនៅជំនាន់នោះ ខ្ញុំហូបមិនគ្រប់គ្រាន់បានតែបបរមួយកូនចាន សុទ្ធតែទឹកមិនមានគ្រាប់អង្ករដូចបបរធម្មតាឡើយ។ កុមារទាំងអស់ទទួលបានរបបអាហារដូចៗគ្នា។ ទោះបីជាហូបមិនឆ្អែត ក៏មិនមាននរណាហ៊ានសុំបងជីដូនមួយខ្ញុំថែមដែរ។ កាលណោះ កុមារទាំងអស់ត្រូវបានដាក់ឲ្យដេកជាមួយគ្នា ទាំងស្រីទាំងប្រុសមិនមានការបំបែកទេ។
បន្ទាប់ពីធ្វើការនៅក្នុងកងកុមារបានមួយរយៈ ខ្ញុំរួមទាំងកុមារដទៃទៀត ត្រូវបានបញ្ជូនឲ្យទៅជីកទំនប់ និងលើកប្រឡាយនៅស្រែពោធិ៍។ កាលណោះ អង្គការបែងចែកកម្លាំងកុមារជាក្រុមៗ ដោយក្នុងមួយក្រុមមានគ្នាចំនួន១០នាក់។ ការងារប្រចាំថ្ងៃក្នុងក្រុមកុមារនីមួយៗ គឺត្រូវលើកទំនប់ឲ្យបានប្រវែង៥ម៉ែត្រក្នុងមួយថ្ងៃ។ ដោយសារស្ថិតក្នុងភាពវ័យក្មេង កុមារនាពេលនោះ ជួបការលំបាកជាខ្លាំង ព្រោះត្រូវបង្ខំឲ្យធ្វើការហួសកម្លាំង។ កុមារខ្លះដើរលើកដីផងដួលផង ព្រោះមានភក់ច្រើន ឯអ្នកខ្លះទៀតក៏អស់កម្លាំងដួលសន្លប់អំកំឡុងពេលធ្វើការក៏មាន។ ក្រៅពីលើកទំនប់ជីកប្រឡាយ ខ្ញុំរួមទាំងកុមារទាំងអស់ ត្រូវទៅធ្វើស្រែប្រមូលផល, ដកស្ទូង និងច្រូតកាត់ ដូចទៅនឹងមនុស្សពេញវ័យដែរ។ ខ្ញុំរស់នៅធ្វើការក្នុងសហករណ៍មូលដ្ឋានរហូតដល់ឆ្នាំ១៩៧៩ ទើបមានការរំសាយសហករណ៍ចោល។
បន្ទាប់ពីមានការរំសាយសហករណ៍ ខ្ញុំក៏បានត្រលប់ទៅជួបជុំគ្រួសារនៅឯស្រុកកំណើតវិញ។ អំឡុងពេលនោះ ខ្ញុំ និងគ្រួសារបានចាប់ផ្ដើមរៀបចំផ្ទះសម្បែង និងដីធ្លី ដើម្បីត្រៀមសម្រាប់ការចាប់ផ្ដើមជីវិតរស់នៅជាថ្មី។ ជីវិតរស់នៅផ្ទះក្នុងភូមិរំដេងពេលនោះ ក៏គ្មានក្ដីសុខដែរ ពីព្រោះមានកងទ័ពវៀតណាមនៅយាមត្រៀបត្រា ហើយប្រជាជនមិនសូវហ៊ានធ្វើអ្វីពេញដៃពេញជើងនោះទេ។ ជាក់ស្ដែង ដូចជាការធ្វើស្រែចម្ការ ប្រជាជនមិនអាចចេញទៅធ្វើបានស្រួលដូចសម័យសង្គមរាស្រ្តនិយមនោះទេ។ ចំណែកឯ ប្រជាជនរស់នៅក្នុងភូមិ ក៏មិនអាចទំនាក់ទំនងជាមួយកូនៗ ឬសមាជិកគ្រួសាររបស់ខ្លួនដែលបានចូលខាងខ្មែរក្រហមពេញមុខនោះដែរ។ ការទំនាក់ទំនងគ្នាពេលនោះ គឺមានការលំបាកណាស់។ កាលណោះ សូម្បីតែបងប្រុសបង្កើតរបស់ខ្ញុំ ដែលបានចូលទៅខាងខ្មែរក្រហម ក៏គ្រួសារខ្ញុំមិនបានទទួលដំណឹងពីគាត់នោះដែរ។ ក្រោយមកទៀត គ្រួសារខ្ញុំបានដឹងថា បងប្រុសខ្ញុំនៅមានជីវិតរស់នៅក្នុងស្រុកអន្លង់វែង។
រហូតដល់ឆ្នាំ១៩៩១ បងប្រុសរបស់ខ្ញុំ ដែលបានរស់នៅអន្លង់វែង បានវិលត្រលប់ទៅស្រុកកំណើតវិញ។ បន្ទាប់ពីបងរបស់ខ្ញុំបានបានមកដល់ផ្ទះ ក្រុមគ្រួសារខ្ញុំពិតជាមានការសប្បាយចិត្តជាខ្លាំងក្នុងការជួបជុំគ្នាវិញ។ អំឡុងពេលនោះ យើងក៏បាននិយាយរឿងរ៉ាវដែលបានកើតឡើងប្រាប់គ្នាទៅវិញទៅមក ដើម្បីឲ្យបានដឹងពីស្ថានការណ៍។ បន្ទាប់ពីមកដល់មិនបានយូរប៉ុន្មាន បងប្រុសខ្ញុំក៏ត្រូវចាកចេញពីស្រុកកំណើតវិញ។ ពេលនោះ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរទៅតាមបងប្រុសរបស់ខ្ញុំទៅកាន់ស្រុកអន្លង់វែង។ ការធ្វើដំណើរនាពេលនោះ គឺដើរដោយថ្មើរជើង។ នៅតាមផ្លូវធ្វើដំណើរ ខ្ញុំឃើញមានដើមឈើធំៗណាស់។ នៅពេលធ្វើដំណើរហត់ យើងតែងតែនាំគ្នាឈប់សម្រាកនៅម្លប់ឈើធំៗទាំងអស់នោះ។ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលពីរយប់ពីរថ្ងៃ យើងបានធ្វើដំណើរទៅដល់ភ្នំដងរែក។ បងខ្ញុំ ក៏បានយកខ្ញុំទៅរស់នៅក្នុងជំរំភូណយ នៃទឹកដីប្រទេសថៃ។ នៅទីនោះ ខ្ញុំអាចទៅស៊ីឈ្នួលច្រូតស្រូវ និងដកដើមដំឡូងឲ្យប្រជាជនថៃ យកប្រាក់កម្រៃបាន។ ខ្ញុំរស់នៅក្នុងជំរំ បានមួយរយៈពេល តាម៉ុក ក៏បានរៀបចំឲ្យប្រជាជនចាកចេញពីប្រទេសថៃមករស់នៅក្នុងស្រុកអន្លង់វែង។ កាលណោះ បងរបស់ខ្ញុំ ត្រូវបានចាត់តាំងឲ្យចូលមករស់នៅក្នុងភូមិទួលប្រាសាទ។ ខ្ញុំក៏បានចូលមករស់នៅទីនេះជាមួយគាត់ដែរ។ ក្រោយមកទៀត ខ្ញុំក៏បានរៀបការ។ ប្រធានភូមិបានចែកដីមួយកន្លែងសម្រាប់សាងសង់ផ្ទះរស់នៅជាមួយប្ដី។ ចាប់ពីពេលនោះមក ខ្ញុំក៏បានបែកចេញពីបងរបស់ខ្ញុំមកធ្វើផ្ទះថ្មី និងខិតខំបង្កបង្កើនផលស្រែចម្ការទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ ឆែម គិះ នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៥។