ជៀម ម៉េង រំឭកអំពីបទពិសោធន៍នៅកងចល័តកុមារ ក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ជៀម ម៉េង មានអាយុ ៥៨ឆ្នាំ មានបងប្អូន២នាក់ កើតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ ខ្ញុំមានឪពុកឈ្មោះហ៊ុន សារ៉ន ម្ដាយឈ្មោះជីម ហន។ ការពីកុមារភាព ខ្ញុំ ក៏ដូចជាក្មេងៗ ផ្សេងទៀត មិនទទួលបានរៀនសូត្រអ្វីនោះទេ លុះក្រោយពីសម័យខ្មែរក្រហមបានដូលរលំទៅ ទើបខ្ញុំទទួលបានការសិក្សាត្រឹមថ្នាក់ទី៧ នៅក្នុងសម័យរដ្ឋកម្ពុជា។ មុនរបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ បានទៅរស់នៅខេត្តរតនគិរី។ ក្រោយមកទៀត ខេត្តរតនគិរីត្រូវបានរំដោះ។ ខ្ញុំ និងគ្រួសារបានផ្លាស់ទៅនៅទីក្រុងភ្នំពេញ ហើយឪពុករបស់ ខ្ញុំ ផ្ទាល់ក៏បានចូលបម្រើជានាយទាហាន នៅក្នុងរបបលន់នល់ តែត្រូវបានសម្លាប់នៅប៉ុន្មានខែក្រោយមក។

នៅថ្ងៃទី១៧ មេសា ១៩៧៥ ខ្ញុំក៏ដូចប្រជាជនផ្សេងទៀតផងត្រូវបាន ខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទៅតាមទីជនបទ ខ្ញុំ និងក្រុមគ្រួសារត្រូវបានគេជម្លៀសទៅកាន់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ នៅតាមផ្លូវពីទីក្រុងភ្នំពេញមកកំពង់ចាម ខ្ញុំបានឃើញមនុស្សជាច្រើននៅតាមដោយមានអ្នកខ្លះដួស និងអ្នកខ្លះទៀតត្រូវស្លាប់ទៀតផង។

នៅពេលមកដល់ក្រុងស្ទឹងត្រង់ ខ្ញុំ ត្រូវបានគេចាប់ឱ្យលើកអាចម៍គោ នៅព្រឹកព្រលឹម នៅពេលបានរួច ខ្ញុំត្រូវទៅមើលគោ នៅតាមវាល និងមកពីមើលគោវិញ ខ្ញុំក៏ត្រូវបានគេឱ្យទៅលើកទំបន់។  នៅក្នុងក្រុមរបស់ខ្ញុំមានគ្នាចំនួនជាង ៤០នាក់ ដែលមានប្រធានម្នាក់ឈ្មោះស្រ៊ាន។ នៅពេលខ្លះ ខ្ញុំក៏ត្រូវបានប្រធានធ្វើបាបផងដែរ ដោយសារខឹងហ្នឹងខ្ញុំជិះក្របីតាមភ្លឺស្រែ ។ ខ្ញុំបានធ្វើការនៅទីនោះរហូបដល់ចប់  សម័យខ្មែរក្រហម ខ្ញុំបានរស់នៅតំបន់ស្រុកស្ទឹងត្រង់ នោះរហូត។

នៅឆ្នាំ ១៩៧៩ នៅពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះ ខ្ញុំនិងក្រុមគ្រួសារ បានផ្លាស់ទៅនៅស្រុកកំណើត នៅឯស្រុកអូររាំងឪវិញ ដោយប្រកបរបរកសិកម្មធ្វើស្រែចម្ការនៅទៅនោះ។ នៅ ឆ្នាំ ១៩៨៧ ខ្ញុំបានចូលធ្វើទាហាន នៅពេលដែលឈប់រៀន នៅពេលនោះខ្ញុំត្រូវទៅរៀន និងហាត់ទាហាននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះដែលធ្វើឱ្យខ្ញុំពិការត្រជៀកខាងស្ដាំ រហូតដល់សព្វថ្ងៃនេះ។

អ្វីដែលខ្ញុំចាំមិនភ្លេចជាងគេក្នុងរបបខ្មែរក្រហម គឺ ទៅឃ្វាលគោ បែកឆ្លាយពីឪពុកម្ដាយ និងការដែលគេបង្ខំឱ្យធ្វើការងារផ្សេងទៀត ទាំងខ្ញុំនៅមានអាយុប្រមាណជាង ១០ឆ្នាំ និងពេលខ្លះទាំងខ្លួនមានជំងឺទៀតផង។ ខ្ញុំចង់ឱ្យក្មេងជំនាន់ក្រោយចងចាំពី ការលំបាករបស់អ្នកដែលបានឆ្លងកាត់សម័យនោះ។ អ្វីដែរត្រូវការគឺ ឧបករណ៍ជំនួយការស្ដាប់ សម្រាប់សម្រួលដល់ការស្ដាប់របស់ខ្ញុំឱ្យប្រសើរឡើង។[1]

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ជាមួយ ជៀម ម៉េង នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin