ជីវិតជាយោធាខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត

ឈាង ជួ[1] អាយុ៦៥ឆ្នាំ(គិតត្រឹមឆ្នាំ២០១១)មានប្រពន្ធឈ្មោះ អ៊ុច នៀត អាយុ៦០ឆ្នាំ សព្វថ្ងៃមានកូនចំនួន៣នាក់(ស្រី១ប្រុស២) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្តាយឈ្មោះ អ៊ួង ហ៊ាន និងមានបងប្អូនចំនួន៤នាក់(ស្រី១ប្រុស៣)មានស្រុកកំណើតរស់នៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។
ខ្ញុំជាកូនច្បង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧(ពីសង្គមចាស់) នៅអនុវិទ្យាល័យជ្រៃ។ ឈប់រៀននៅឆ្នាំ១៩៦២ ដោយសារឪពុកស្លាប់ចោល ណាមួយគ្រួសារមានជីវភាពខ្វះខាត។ ខ្ញុំសម្រេចចិត្តមកជួយធ្វើស្រែចម្ការ និងជួយឃ្វាលគោក្របី ដើម្បីសម្រាលជីវភាពរស់នៅ។ នៅឆ្នាំ១៩៦៣ បន្ទាប់ពីឪពុកស្លាប់ចោល ម្តាយ ខ្ញុំ ពិបាករកស៊ី ណាមួយគ្មានដីស្រែចម្ការច្រើន ក៏សម្រេចចិត្តនាំកូនៗមករស់នៅភូមិស្វាយទាប ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់សិរិមតៈ ព្រមទាំងបក្ខពួកខាងស្តាំបានធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែងក្នុងពេលព្រះអង្គកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅធ្វើព្រះរាជទស្សនកិច្ចបណ្តាលប្រទេស ដើម្បីស្វែងរកជំនួយយកមកដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានវិបត្តិ[2]។ បន្ទាប់ពីកើតមានរដ្ឋប្រហារភ្លាម ប្រជាជនរស់នៅតាមទីជនបទស្រុកស្រែចម្ការភាគច្រើនមិនសប្បាយចិត្ត និងរដ្ឋប្រហារ ក៏បាននាំគ្នាចូលរួមធ្វើ បាតុកម្មតវ៉ា ដើម្បីទាមទារសម្តេចព្រះនរោត្តម សីហនុ យាងមកដឹកនាំប្រទេសជាតិវិញ តែត្រូវកម្លាំងកងទ័ពឧត្តមសេនីយ៍ លន់ នល់ បាញ់បង្រ្កាប និងចាប់ខ្លួនប្រជាជនមួយចំនួនយកទៅដាក់គុក។ នៅអំឡុងឆ្នាំ១៩៧០ ខ្ញុំ បានស្ម័គ្រចិត្តចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ប្រកាសតាមវិទ្យុពីទីក្រុងប៉េកាំងប្រទេសចិន ដើម្បីតស៊ូវាយអាមេរិក។ ខ្ញុំ ចូលដំបូងធ្វើជាយោធាខ្មែរក្រហម នៅក្នុងស្រុកចំការលើ និងបានជួបជាមួយកងទ័ពវៀតកុងខាងជើង(វៀតណាមខាងជើង)ដែលបានសហការជាមួយកម្លាំងយោធាខ្មែរក្រហម ដើម្បីវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ៍ លន់ នល់ និងកម្លាំងកងទ័ពធីវគីខាងត្បូង(វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៧១ កម្លាំងយោធាខ្មែរក្រហម បានបង្កើតកងពល ខ្ញុំ នៅក្នុងវរសេនាតូច១២០ កងពលទី១ ប្រធានកងពលឈ្មោះ កែវ សាន អនុឈ្មោះ សឿង។ នៅក្នុងសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ រយៈពេលប្រាំឆ្នាំ បានធ្វើឲ្យប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម ឡើងកាន់អំណាច បានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំ ឈរជើងនៅលង្វែក ក្នុងវរសេនាតូច១២០ កងពលទី១។ បន្ទាប់មកទៀត បានស្នើសុំអង្គការរៀបការជាយុទ្ធនារីពេទ្យឈ្មោះ អែម មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ភូមិភាគបស្ចិម។ បន្ទាប់ពីរៀបការរួច ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យចុះធ្វើស្រែចម្ការ លើកទំនប់ជីកប្រឡាយ នៅម្តុំក្រាំងពន្លៃ ដូចប្រជាជនដែរ។ លេខាភូមិភាគបស្ចឹមដឹកនាំដោយឈ្មោះ ចាន់ ស៊ី អនុលេខាឈ្មោះ ប៉ាល់។ នៅក្នុងឆ្នាំ១៩៧៧ កងពលទី១ ប្តូរទៅជាកងពល១១៧ ប្រធានកងពលឈ្មោះ រុំ អនុប្រធានឈ្មោះ លៀង។ ស្របពេលប្រទេសជាតិចាប់ផ្តើមមានជម្លោះប្រដាប់អាវុធជាមួយប្រទេសវៀតណាម ខ្ញុំត្រូវបានអង្គការបញ្ជូនទៅកាន់ព្រំដែនវៀតណាម ស្រុកស្នួល ខេត្តក្រចេះ បែកពីប្រពន្ធកូន។ នៅខេត្តក្រចេះលេខាតំបន់៥០៥ ឈ្មោះ យី និងឈ្មោះ គួន។ នៅអំឡុងឆ្នាំ១៩៧៧ សង្រ្គាម បានកើតឡើងជាមួយប្រទេសវៀតណាម កាន់តែខ្លាំងឡើង រីឯកម្លាំងយោធាខ្មែរក្រហម មិនមានភាពក្លាហានដូចសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០ ទេ ដូចនេះយោធាខ្មែរក្រហម បន្តចាញ់សង្រ្គាមវៀតណាម ជាបន្តបន្ទាប់ និងបានជម្លៀសប្រជាជនចេញពីព្រំដែនវៀតណាមខាងកើត មករស់នៅខាងលិចភូមិភាគពាយ័ព្យ ។
កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ[3]។ ខ្ញុំ បានរត់ភៀសខ្លួនតាមខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វ និងបន្តដំណើរឆ្លងកាត់ខេត្តកំពង់ធំ សំដៅទៅព្រំដែនដល់ប្រាសាទតាមាន់ តាក្របី រួចបានបន្តទៅខេត្តឧត្តរមានជ័យ បានជួបកែវ ពក។ នៅឆ្នាំ១៩៨១ ខ្ញុំ បានស្ម័គ្រចិត្តចូលធ្វើជាយោធាខ្មែរក្រហម ម្តងទៀតដើម្បីតស៊ូប្រឆាំងជាមួយវត្តមានកងទ័ពវៀតណាម នៅលើទឹកដីប្រទេសកម្ពុជា និងកងទ័ពរដ្ឋាភិបាលលោកហេង សំរិន។ នៅឆ្នាំ១៩៨២ ខ្ញុំ បានមកតស៊ូនៅសមរភូមិសំឡូត នៅម្តុំអូររថក្រោះ បរឡាង ដែលមានប្រធានកងពលឈ្មោះ ស៊ូ ម៉េត,តាទិត និងប្រធានសេដ្ឋកិច្ចនយោបាយឈ្មោះ ដន។
នៅឆ្នាំ១៩៩៣ កម្លាំងចលនាខ្មែរក្រហម មិនបានចូលរួមក្នុងការបោះឆ្នោតដែលបានរៀបចំដោយអង្គការសហប្រជាជាតិ (ហៅកាត់ថា អ៊ុនតាត់) ហើយកងកម្លាំងយោធាខ្មែរក្រហម នៅតែបន្តសង្រ្គាមជាមួយកម្លាំងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ នៅក្នុងឆ្នាំ១៩៩៥ កម្លាំងយោធាខ្មែរក្រហម មិនសូវបានទទួលជំនួយពីប្រទេសចិន។ យោធាខ្មែរក្រហមឈ្មោះ ដន ជាប្រធាននយោបាយទទួលបន្ទុកខាងសេដ្ឋកិច្ចក៏បាននាំគ្នាកាប់ឈើ និងជីករ៉ែត្បូងនៅបរឡាង ស្រុកសំឡូតលក់ឲ្យជនជាតិថៃ ដើម្បីបានថវិកាជួយដោះស្រាយផ្នែកយោធា និងជីវភាពប្រជាជនរស់នៅប្រចាំថ្ងៃ។
នៅឆ្នាំ១៩៩៨ កម្លាំងយោធាខ្មែរក្រហមទាំងអស់ បានធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសហការីឈ្លៀសវៃបានប្រើគោលនយោបាយឈ្នះឈ្នះ ទើបប្រទេសជាតិមានសុខសន្តិភាព ប្រជាជនរស់នៅប្រកបមុខរបរធ្វើស្រែចម្ការរកស៊ី និងប្រកបកាងារជាមន្រ្តីរាជការរៀងៗខ្លួន និងបានធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំឪពុកម្តាយបងប្អូន។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ (ឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ ឈាង ជួ ភេទប្រុស អាយុ៦៥ឆ្នាំ (អតីតជាយោធាខ្មែរក្រហម) មានស្រុកកំណើតនៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃឈ្មោះឈាង ជួ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លេខឯកសារ (PTI 0063)មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ដកស្រង់ចេញពីសៀវភៅកំណត់ហេតុ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពិនិត្យកែសម្រួល ដោយ ឯកឧត្តម សាយ ឈុំ ឯកឧត្តម នៃ ប៉េណា ឯកឧត្តម ស៊ឺម កា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀម ឯកឧត្តម វង សូត ឯកឧត្តម យី យ៉ូន និងឯកឧត្តម កែវ ពិសិដ្ឋ។ បោះពុម្ពលើកទី២ (ឆ្នាំ២០១៦) ទំព័រ៤៩។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ព ឆ្នាំ២០២៥,ទំព័រ៤១។