អង្គការបានប្រមាថជីវិតរបស់ខ្ញុំ
(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។
នៅក្នុងរបបខ្មែរក្រហម ម៉ន ស្ទើរតែត្រូវបានអង្គការសម្លាប់ដោយសារតែអង្គការបានគិតថា គាត់ជាប់សាច់ឈាមជាមួយនឹងជនជាតិវៀតណាម។ គាត់បានរួចខ្លួនអំពីការប៉ុនប៉ងសម្លាប់ពីអង្គការ ដោយសារតែគាត់បានប្រាប់ថា គាត់មានជាប់សាច់ឈាមជាមួយជនជាតិចិន និងក៏ដោយសារមានប្រជាជនជួយផងដែរ។ គាត់បាននិយាយថា គាត់នៅតែចង់ចាំមិនភ្លេចនៅពេលដែលអង្គការបានប្រមាថជីវិតរបស់គាត់ ដោយចង់យកគាត់ទៅសម្លាប់ចោល។ ម៉ន បានប្រាប់ថា៖
«គេថាចាំតែថ្ងៃ៣០ គេសម្លាប់យើងអស់ហើយ! ឲ្យហូបបាញ់ចានឿក គេជប់លៀងបាញ់ចានឿកឲ្យ។ កូនក្នុងអង្រឹងក៏ឲ្យយកទៅដែរ» ។
ការងារដែលអង្គការប្រើឲ្យ ម៉ន ធ្វើគឺ ជីកប្រឡាយ រែកដី ស្ទូងដក និងបង្កបង្កើនផល។ មួយឆ្នាំ អង្គការផ្ដល់សម្លៀកបំពាក់ឲ្យតែមួយសម្រាប់ទេ។ សម្លៀកបំពាក់ ត្រូវតែជាពណ៌ខ្មៅ ប្រសិនបើមិនមែនពណ៌ខ្មៅ គឺត្រូវជ្រលក់ពណ៌ទៅជាពណ៌ខ្មៅទាំងអស់។ រាល់សម្ភារៈទាំងអស់ត្រូវរាប់បញ្ចូលជារបស់អង្គការ មិនអាចយកធ្វើជារបស់ផ្ទាល់ខ្លួន មិនថាជាមាសប្រាក់ គោក្របី ដីស្រែ សូម្បីតែបន្លែ ផ្លែឈើដែលប្រជាជនដាំនៅជុំវិញផ្ទះ អង្គការមិនអនុញ្ញាតឲ្យបេះហូបឡើយ។
របបអាហារនៅក្នុងរបបនោះ ប្រជាជនមិនទទួលបានគ្រប់គ្រាន់នោះទេ។ នៅក្នុងមួយថ្ងៃប្រជាជនហូបអាហារបានត្រឹមតែពីរពេលប៉ុណ្ណោះ គឺ ពេលថ្ងៃ និងពេលល្ងាច។ ប្រជាជនត្រូវចេញទៅធ្វើការនៅម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបបានសម្រាកហូបអាហាររយៈពេលកន្លះម៉ោង។ អង្គការបង្រៀនអក្សរបានត្រឹមតែព្យញ្ជនៈ និងស្រៈបន្តិចបន្តួចប៉ុណ្ណោះ។
បើទោះបីជាមានការនឿយហត់ជានឹងការធ្វើការងារ ក៏មិនដែលមានប្រជាជនហ៊ានត្អូញត្អែរឡើយ ព្រោះខ្លាចអង្គការយកទៅដាក់ទោស។ ប្រជាជនទាំងអស់ត្រូវទ្រាំទៅធ្វើការទាំងឈឺមិនហ៊ានឈប់សម្រាកឡើយ។
ប្រជាជនដែលមានជំងឺធ្ងន់ធ្ងរ អង្គការបានឲ្យទៅសម្រាកនៅពេទ្យ រហូតបានធូរស្បើយបន្តិចត្រូវទៅធ្វើការធម្មតា។ នៅពេលមួយ ម៉ន បានទៅបេះជី គាត់បានប្រទះឃើញរណ្ដៅសាកសពដែលអង្គការបានសម្លាប់មនុស្សដាក់នៅទីនោះ។ គាត់មានការភ័យខ្លាចជាខ្លាំង ព្រោះខ្លាចអង្គការយកគាត់ទៅសម្លាប់ ប៉ុន្តែអង្គការមិនបានសម្លាប់គាត់នោះទេ ដោយគ្រាន់តែគំរាមមិនឲ្យគាត់យករឿងនោះនិយាយប្រាប់អ្នកដទៃ៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ