ប្រធានកងចល័តនារីលើកទំនប់ត្រួយចេក

កងកុមារកំពុងរែកដីលើកទំនប់ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ ខ្មែរក្រហមបានបំបែកកុមារចេញពីឪពុកម្ដាយ និងបញ្ជូនអ្នកទាំងនោះទៅកាន់កងកុមារដើម្បីធ្វើការងារកសិកម្ម។ កុមារមិនទទួលបានការរៀនសូត្រ ការយកចិត្តទុកដាក់ផ្នែកសុខភាព និងហូបចុកគ្រប់គ្រាន់ឡើយ។ កុមាររាប់ម៊ឺននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម និរាប់ម៊ឺននាក់ទៀត ក្លាយជាក្មេងកំព្រាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ (មណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ចូវ សុខគង់[1] ភេទស្រី អាយុ៧៥ឆ្នាំ អតីតប្រធានកងចល័តនារីទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្ននេះរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ ហែម ឆេង និងម្តាយឈ្មោះ ចូវ លី។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់​ចំនួន​​១០​នាក់។ នៅវ័យកុមារ ខ្ញុំរៀនដល់ថ្នាក់ទី១១ចាស់ នៅសាលាបឋមសិក្សាគគរ។ នៅឆ្នាំ​១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិចំការសាមសិប  ហើយវត្តមាននៃកងទ័ពខ្មែរក្រហមបានធ្វើឲ្យមានការប្រយុទ្ធគ្នាពីសំណាក់ទាហានលន់ នល់។ ទាហានលន់ នល់ ដែលត្រូវបានដាក់ឲ្យឈរជើងនៅលើភ្នំស្រីភ្នំប្រុស តែងតែបើកការបាញ់កាំភ្លើងធំទៅលើកងទ័ពខ្មែរក្រហម។

នៅឆ្នាំ​១៩៧២ ខ្ញុំរត់ភៀសខ្លួនទៅរស់នៅជាមួយបងប្រុសនៅទីរួមខេត្តកំពង់ចាម។ នៅពាក់កណ្ដាលឆ្នាំ​១៩៧២ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិវិញ។ នៅឆ្នាំ​១៩៧៣ ផ្នែកខ្លះនៃទីរួមខេត្តកំពង់ចាមត្រូវបានរំដោះ​ ហើយខ្ញុំឃើញប្រជាជននៅទីរួមខេត្តកំពង់ចាមត្រូវបានជម្លៀសចេញ។

បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ខ្ញុំឃើញមានប្រជាជន១៧មេសាដើរកាត់តាមមុខផ្ទះ និងសុំផ្ទះអ្នកភូមិស្នាក់អាស្រ័យ១យប់ ទើបបន្តដំណើរទៅមុខទៀតនៅថ្ងៃបន្ទាប់។ នៅឆ្នាំ​១៩៧៦ ខ្ញុំត្រូវបានចាត់តាំងជាប្រធានកងចល័តនារីទៅធ្វើស្រែ និងលើកទំនប់ត្រួយចេក។ ខ្ញុំដឹកនាំកងចល័តនារីដើម្បីលើកទំនប់នៅខែប្រាំង និងធ្វើស្រែនៅខែវស្សា។

នៅឆ្នាំ១៩៧៧ សមមិត្ត យុទ្ធ និងសមមិត្តស៊ី ដែលមកពីភូមិភាគនិរតី គឺជាប្រធានក្ដាប់រួមនៅសហករណ៍។ នៅចុងឆ្នាំ​១៩៧៧ ខ្ញុំត្រូវបានផ្លាស់មកកងដាំស្លនៅរោងបាយរួម ដែលមានសមមិត្តទាំងអស់ចំនួន១០នាក់។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំសុំការអនុញ្ញាតពីសមមត្តិ ស៊ី ដើម្បីមកមើលថែទាំឪពុក និងប្អូនប្រុសដែលពិការភ្នែកទាំង២នាក់នៅភូមិវិញ។ នៅពេលមកដល់ភូមិកំណើតវិញ ខ្ញុំដឹងថាមានការកាប់សម្លាប់អ្នកភូមិចំការសាមសិប ភូមិកំពង់ក្របី ជាច្រើននាក់។

នៅពេលដែលរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ ខ្ញុំបន្តរស់នៅភូមិ ដោយប្រកបរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺសួត, ជំងឺភ្នែកឡើងបាយ និងបញ្ហាត្រចៀក។

អត្ថបទដោយ លី ដាវីត


[1] បទសម្ភាសន៍ជាមួយ ចូវ សុខគង់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin