អតីតកងដឹកជញ្ជូនសមរភូមិកំពង់ចាម

លោកតា ឆេង ទុយ ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ឆេង ទុយ[1] កើតនៅឆ្នាំ១៩៣៧ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រ៊ុន ណៃសៀប មានកូនប្រុសស្រីចំនួន៣នាក់ មានចៅ ប្រុសស្រីចំនួន៤នាក់ និងមានចៅទួតចំនួន២នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៣។ ដោយសារ តែ មានជីវភាពក្រីក្រ ខ្ញុំឈប់រៀននៅឆ្នាំ១៩៥៤ និងមកជួយធ្វើស្រែចំការជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦០ ខ្ញុំបានរៀបការប្រពន្ធ និងមានកូនស្រីម្នាក់ឈ្មោះ ឆេង គឹមនៅ។ បន្ទាប់ពីរដ្ឋប្រហារនៅដើមឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិ ផ្សព្វផ្សាយទាក់ទាញអ្នកភូមិចូលរួមបដិវត្តន៍។ នៅពេលនោះ ខ្ញុំបានស្ម័គ្រចិត្តចូលរួមបដិវត្តន៍ និងធ្វើជាប្រធានកងដឹកជញ្ជូន ដើម្បីប្រមូល និងដឹកស្បៀងឱ្យកងទ័ពរំដោះខ្មែរក្រហមនៅសមរភូមិមុខ។

នៅឆ្នាំ១៩៧២ កងដឹកជញ្ជូនរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅសមរភូមិវាយចូលកាន់កាប់ទីរួមខេត្តកំពង់ចាម ដែលនៅពេលនោះកងទ័ពរំដោះខ្មែរក្រហមបានដាក់កម្លាំងឈរជើងព័ទ្ធជុំវិញទីរួមខេត្ត។ នៅឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានវាយកាន់កាប់ដោយកងទ័ពរំដោះខ្មែរក្រហម។ មិនយូរប៉ុន្មានបន្ទាប់ពីការវាយចូលទីរួមខេត្ត កងទ័ពរំដោះខ្មែរក្រហម បានជម្លៀសប្រជាជនរស់នៅទីរួមខេត្តទៅទីកន្លែងគ្មានមនុស្សរស់នៅ គឺស្ថិតនៅក្នុងស្រុកកងមាស។ ប្រជាជនជម្លៀសចេញពីទីរួមខេត្តកំពង់ចាម ត្រូវបានកងទ័ពរំដោះខ្មែរក្រហមចាត់ទុកថា ជាប្រជាជនចុងកាណុងកាំភ្លើង។ នៅឆ្នាំ១៩៧៤ កងដឹកជញ្ជូនបានរំសាយ។ ខ្ញុំត្រូវបានបញ្ជូនទៅការដ្ឋានលើកទំនប់នៅភូមិរកាគយ ប៉ុន្តែក្រោយមក ទំនប់បានបាក់ដោយសារតែទឹកជំនន់។

នៅឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៦ កងឈ្លបបានកេណ្ឌខ្ញុំ និងអ្នកភូមិផ្សេងទៀតទៅធ្វើស្រែនៅទួលស្រែ។ ចាប់ពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីបានចូលមកគ្រប់គ្រង។ ខ្ញុំត្រូវបានបញ្ជូនទៅ លើកទំនប់វិញម្ដង។ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីមានចរិតកាចសាហាវ ពីព្រោះមានការកាប់សម្លាប់ អ្នកភូមិជាច្រើននាក់នៅវត្តគគរ។ បន្ទាប់ពីកងទ័ពវៀតណាមបានចូលមកដល់ កម្មាភិបាលខ្មែរក្រហមបានរត់ គេចខ្លួនទៅទិសខាងលិច។ ខ្ញុំបានវិលត្រឡប់មកជួបជុំជាមួយគ្រួសារ ហើយខ្ញុំបានប្រកបរបរជាកសិករ រហូតដល់ដើមទសវត្សរ៍ឆ្នាំ២០០០។ បច្ចុប្បន្ននេះ ខ្ញុំមិនអាចធ្វើស្រែបានទៀតទេ ពីព្រោះខ្ញុំមានសុខភាពខ្សោយ និងវ័យជរា។ ខ្ញុំមានជំងឺលើសឈាម និងលេបថ្នាំជាប្រចាំ។ ខ្ញុំមានចិត្តសប្បាយរីករាយដែលបានជួបជាមួយក្មួយៗក្នុងថ្ងៃនេះដើម្បីស្ដាប់រឿងរ៉ាវជីវិតរបស់ខ្ញុំសម្រាប់កត់ត្រា និងចងចាំទុកក្នុងគោលបំណងកុំឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមកើតឡើងម្ដងទៀត៕

អត្ថបទដោយ សាំង ចាន់ធូ

[1] ឆេង ទុយ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin